Saturday, May 4, 2024
Homeព័ត៌មានជាតិប្រពន្ធតូចឈឺ ដេកពេទ្យ អត់លុយព្យាបាល ប្តីសុំជំនួយ

ប្រពន្ធតូចឈឺ ដេកពេទ្យ អត់លុយព្យាបាល ប្តីសុំជំនួយ

ភ្នំពេញ ៖ ក្រោយរៀបការរួច ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលពីរឿងគូស្នេហ៍ខុសមាឌនិងកម្ពស់ (ស្រីតូចទាប កម្ពស់​១ម៉ែត្រ២តឹក ប្រុសកម្ពុជា ១ម៉ែត្រ ៧តឹក) មិនដល់១ខែផង ពេលនេះស្ត្រីជាប្រពន្ធតូចល្អិតនោះ បានធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសង្រ្គោះនៅមន្ទីរពេទ្យ មិនទាន់បានជាធូរស្បើយនៅឡើយ និងដោយមានការខ្វះខាតថវិកាព្យាបាល ទើបបុរសជាប្តី បានប្រកាសសុំជំនួយពីសប្បុសជន។

ស្ត្រីជាប្រពន្ធតូច ដែលធ្លាក់ខ្លួនឈឺ មានឈ្មោះយ៉ិន ស្រីចា ហៅសុខជា អាយុ២៩ឆ្នាំ ។ ចំណែកបុរសជាប្ដី មានឈ្មោះណាវ ដារ៉ា អាយុ២៦ឆ្នាំ មុខរបរកសិករ និងដើរស៊ីឈ្នួលលើកស្រូវឲ្យគេ ។ សព្វថ្ងៃ បុរសជាប្ដី រស់នៅខាងប្រពន្ធ នៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ប្ដីប្រពន្ធមួយគូនេះ បានរៀបកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ។ ប៉ុន្តែក្រោយរៀបការបាន ៩ថ្ងៃ គឺនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ស្រ្តីជាប្រពន្ធ បានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត តាំងពីថ្ងៃ១៦ មីនា ឆ្នាំ២០២៤ ហើយមកដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅមិនទាន់បានចេញពីមន្ទីរពេទ្យនៅឡើយ ដោយក្រុមវេជ្ជបណ្ឌិត នៅតាមដានអាការបន្តទៀត ។

បើតាមបុរសជាប្ដី បានបញ្ជាក់ប្រាប់ «នគរធំ» នៅថ្ងៃទី០២ ខែមេសា​ឆ្នាំ២០២៤ ថា ការដែលប្រពន្ធរបស់ខ្លួនត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យយូរ ដោយសារស្ថានភាពជំងឺសួត និងបេះដូងរបស់នាងធ្ងន់ធ្ងរ ធ្វើឲ្យនាងហត់ដង្ហក់ខ្លាំង ពិបាកដកដង្ហើម ដោយសារធាតុអាកាសក្ដៅខ្លាំងពេក ។ ឯបេះដូង ធ្វើឲ្យនាងថប់ៗដង្ហើម ចុកតឹងណែនក្នុងទ្រូង ខ្វះខ្យល់ ត្រូវដាក់អុកស៊ីហ្សែនជំនួយ ។ ប៉ុន្តែបុរសជាប្ដីថា បញ្ហាបេះដូងនេះ លោកមិនដឹងថា កើតឡើងដោយសារអ្វីទេ ព្រោះក្រុមគ្រួសារនាង មិនដែលស្ដីថាអ្វីឲ្យនាងទេ ។ ជាពិសេសរូបលោកជាប្ដី​ តាំងពីមុននិងរៀបការហើយមក មិនដែលធ្វើឲ្យនាងពិបាកចិត្ត ឬអាក់អន់ចិត្តនាងម្ដងណាទាល់តែសោះ មានតែព្យាយាមធ្វើឲ្យនាងសប្បាយចិត្ត និងតាមចិត្តនាងទាំងអស់ ។

បុរសជាប្ដី ថ្លែងទាំងក្រៀមក្រំថា ខ្លួនពិតជាមានក្ដីបារម្ភចំពោះប្រពន្ធខ្លាំងណាស់ ។ ក្ដីបារម្ភទី១ បើទោះបីបានឮគ្រូពេទ្យប្រាប់ថា នាងនៅមានសង្ឃឹមបានជាសះស្បើយ គ្រាន់តែត្រូវការថ្នមថែ កុំធ្វើឲ្យហត់ សូម្បីតែបត់ជើងតួច បត់ជើងធំ មិនឲ្យប្រឹងដូចមុនក៏ដោយ ក៏គេគិតថា ពិតជាលំបាកសម្រាប់នាងណាស់ នៅពេលឃើញនាងត្រូវជំងឺធ្វើទុក្ខមួយសាៗ គេអាណិតប្រពន្ធខ្លាំងណាស់ ជាសេចក្តីអាណិតផុសចេញពីក្ដីស្រលាញ់ពិតប្រាកដ មិនមែនអាណិតក្លែងក្លាយទេ ហើយក៏បានតាំងចិត្តរួចហើយថា បើទោះបីសុខភាពរបស់ប្រពន្ធមិនប្រសើរឡើង ឬមានបញ្ហាអ្វីក៏ដោយ ក៏រូបគេនឹងមើលថែនាង ដោយមិនបោះបង់ចោលនាងទេ ។ ចំណែកក្ដីបារម្ភទី២ ទោះបីរូបគេមានបណ្ណបេឡាសន្តិសុខសង្គម (ប.ស.ស) ក្ដី ក៏នៅតែចំណាយទៅលើការហូបចុក និងបន្ទប់សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្នុង ១ថ្ងៃ ជាង៨០០០០រៀលដែរ ដែលជាចំនួនមួយច្រើនសម្រាប់ក្រុមគ្រួសារគេដែលកំពុងអត់ ។ ម្យ៉ាងទៀត ចាប់តាំងពីប្រពន្ធ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ អស់ជាច្រើនថ្ងៃនេះ គេមិនអាចចេញទៅធ្វើការងារអ្វីបានទៀតទេ គឺត្រូវនៅក្បែរនាងជាប់ជានិច្ច បើទោះមានម្ដាយនាងមកជួយមើលថែដែរ ក៏នាងមិនឲ្យលោកជាប្ដី ទៅណាឆ្ងាយពីនាង គឺនាងត្រូវការប្តីនៅក្បែរ ផ្ដល់កម្លាំងចិត្ត ។ ដូច្នេះហើយ ធ្វើឲ្យពិបាករកលុយមកចំណាយ ដោយដំបូងលុយដែលខ្ចីគេមក ក៏ចំណាយអស់ ទើបរូបគេដាច់ចិត្តប្រកាសសុំជំនួយសប្បុរសជន តាមបណ្ដាញសង្គម ហ្វេសប៊ុក ហើយជាការលើកទឹកចិត្តដ៏ល្អ ក៏មានសប្បុរសជនខ្លះ បានជួយមកជាហូរហែដែរ ដែលធ្វើឲ្យគេអាចបន្តចំណាយព្យាបាលជំងឺប្រពន្ធតូចរបស់គេនៅក្នុងមន្ទីរពេទ្យ តទៅមុខទៀត ។

ទោះយ៉ាងណា លោកណាវ ដារ៉ា បញ្ជាក់ថា គេនៅតែត្រូវការអំណោយសប្បុរសជនបន្តទៀត ដើម្បីមានលទ្ធភាពមើលថែប្រពន្ធ រហូតបានជាសះស្បើយ។ ដូច្នេះបើបងប្អូនជិតឆ្ងាយ ចង់ជួយឧបត្ថម្ភតាមកម្លាំងសទ្ធា អាចផ្ទេរចូលតាមរយៈគណនីធនាគារ ABA 008863548  ឬអាចទាក់ទងតាមលេខទូរស័ព្ទ 097 7023652 និង 0965489844 ។ ជាមួយនេះ រូបគេនិងប្រពន្ធតូច ក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានជួយ។

ជាចុងក្រោយ ក្រៅពីសំណូមពរ និងអរគុណសប្បុរសជនដែលបានជួយដល់ប្រពន្ធរបស់ខ្លួន លោកណាវ ដារ៉ា ក៏មានពាក្យបញ្ជាក់ចេញពីដួងចិត្តស្មោះពិតប្រាកដទៅកាន់ប្រពន្ធតូចថា “ពាក្យដែលខ្ញុំប្រាប់ទៅគាត់ ជាប្រចាំរាល់ថ្ងៃ គឺជូនពរឲ្យអូនឆាប់ជា ឆាប់បានទៅផ្ទះយើងវិញ ហើយក៏សុំបញ្ជាក់ប្រាប់អូនថា មិនបាច់គិតច្រើនទេ បងអត់ដែលមានចិត្តក្បត់អូនឯងទេ បងស្រលាញ់តែអូនឯង សូមឲ្យអូនឯងឆាប់ជាវិញមក បងរកលុយមើលថែអូន ហើយបងរកលុយមើលជំងឺអូនឲ្យជា មិនឲ្យអូនឈឺទៀតទេ“ ៕ កុលបុត្រ

RELATED ARTICLES