Saturday, May 4, 2024
Homeព័ត៌មានជាតិក្រសួងអប់រំ ហាមដាច់ខាត សិស្សលេងបាញ់ទឹក ប៉ាតម្សៅ

ក្រសួងអប់រំ ហាមដាច់ខាត សិស្សលេងបាញ់ទឹក ប៉ាតម្សៅ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំស្តីពីការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារឰពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ជាមួយនេះ ក្រសួងអប់រំ បានហាមឃាត់និងទប់ស្កាត់រាល់​ល្បែងទាំងឡាយណាដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិ​ភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុតឬបាញ់ផាវ បាញ់ទឹក ជះទឹក និងប៉ាតម្សៅ។

សេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជននិងកីឡា ស្តីពីការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន មានខ្លឹមសារទាំងស្រុងថា «ដើម្បីចូលរួមអភិរក្សនិងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ ឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងគ្រោះថ្នាក់ផ្សេងៗ នៅក្នុងឱកាសត្រៀមអបអរសាទរនិងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងអប់រំ យុវជននិងកីឡា សូមធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដូចខាងក្រោម ៖

១- បង្កលក្ខណៈឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជនយើង លេងល្បែងនិងរបាំប្រជាប្រិយខ្មែរ នៅមុននិងក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ដូចជារបាំ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ៘ និងល្បែងប្រជាប្រិយខ្មែរមួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រ ជាដើម។

២- ណែនាំដល់លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ជួយជំរុញលើកទឹកចិត្ត និងសម្របសម្រួលឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែងនិងរបាំប្រជាប្រិយខ្មែរ ទាំងឡាយ ដូចក្នុងចំណុចទីមួយ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

៣- ហាមឃាត់និងទប់ស្កាត់រាល់ល្បែងទាំងឡាយណាដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជា ដុតឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ៘

៤- សហការជិតស្និទ្ធជាមួយមាតាបិតា ឬអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្តល់និងទទួលព័ត៌មាន ដើម្បីរួមគ្នាទប់ស្កាត់និងដោះស្រាយបញ្ហាទាន់ពេលវេលា។

ទទួលបានសេចក្តីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការផ្សព្វផ្សាយនិងអនុវត្តតាមសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាព ដោយស្មារតីទទួល​ខុសត្រូវខ្ពស់»៕

RELATED ARTICLES