ភ្នំពេញ ៖ ស្រ្តីវ័យ៤១ឆ្នាំម្នាក់រត់ទៅប្តឹងអាជ្ញាធរសង្កាត់កាកាប កាលពីវេលាម៉ោង២ រសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីសុំធ្វើការលែងលះជាមួយប្តី បន្ទាប់ពីប្តីរូបនេះ តែងតែប្រព្រឹត្តប្រើប្រាស់គ្រឿងញៀន បង្កហឹង្សាក្នុងគ្រួសារ ហាមលែងស្តាប់ ប្រាប់មិនតាម ។
ភាគីខាងប្តីមានឈ្មោះ សុខ សុីឌឿន អាយុ៣៨ឆ្នាំ មុខរបរលក់ទឹកកក ។ ភាគីខាងប្រពន្ធមានឈ្មោះ ឃិន ប៉ុន អាយុ៤១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិព្រៃចារ ឃុំជើងព្រៃ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ គ្រួសារខាងលើមានកូនចំនួន៦នាក់ ប្រុស៤នាក់ ស្រី២នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ។
តាមការរៀបរាប់ពីស្រ្តីជាប្រពន្ធបានឲ្យដឹងដា គាត់បានគនាជាប្តីប្រពន្ធអស់រយៈពេល ជាង២០កន្លងមកហើយ រហូតមកដល់ពេលនេះដោយសារតែប្តី មួយថ្ងៃៗ គិតតែដើរផឹក សុី ឈានដល់ប្រើប្រាស់គ្រឿងញៀន កាលបើស្រវឹងហើយតែងតែ បង្កហឹង្សាក្នុងគ្រួសារ ហាមក៏មិនស្តាប់ ប្រាប់ក៏មិនតាម ទើបសម្រេចចិត្ត សុំការអន្តរាគមន៍ ពីសមត្ថកិច្ចបុ៉ស្តិ៍ ហៅនាំគ្នា មកធ្វើការលែងលះ ផ្តាច់សង្វាស់ រវាងប្តីនិងប្រពន្ធ ។
តាមនគរបាលបានឲ្យដឹងថា ប្តីប្រពន្ធខាងលើ ដោយសារ ការរស់នៅមិនចុះសម្រុងគ្នា ភាគីខាងប្រពន្ធសុំទទូចធ្វើការលែងលះ ទើបឲ្យទៅខាងសាលាសង្កាត់ ដើម្បីធ្វើកិច្ចសន្យា ព្រមព្រៀង ដោយឆន្ទៈផ្ទាល់ខ្លួន ផ្តិតមេដៃ លែងលះ ៕