ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីក្រីក្រម្នាក់ បានដាច់ចិត្តសម្លាប់ខ្លួនឯងចោលកូនស្រីប្រុសចំនួន៤នាក់ ដែលរស់នៅក្នុងកូនខ្ទមប្រក់សង្ក័សីមួយ ស្ថិត នៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្អេរ បានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះឈឹម លី អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិ–ឃុំកើតហេតុខាង លើ មានកូនស្រីប្រុសចំនួន៤នាក់ ចំណែកឯប្តី របស់ស្ត្រីរងគ្រោះរស់នៅបែកគ្នាឯខេត្តកំពង់ធំ។
បើតាមឈ្មោះស៊ន ហាក់ ជាកូនប្រុស របស់ស្ត្រីរងគ្រោះបានឱ្យដឹងថា ខ្លួនមិនដឹងថា ម្តាយរបស់ខ្លួនបានចងកស្លាប់តាំងពីពេលណា នោះទេ ព្រោះពួកគេបានទៅធ្វើការអស់ហើយ ស្រាប់តែនៅវេលាម៉ោងប្រមាណជា៩និង៣០នាទី ខណៈដែលរូបគេត្រឡប់មកពីធ្វើការនោះ ក៏ស្រាប់តែប្រទះឃើញម្តាយចងកស្លាប់នៅ នឹងធ្នឹមផ្ទះបាត់ទៅហើយ និងហៅសមត្ថកិច្ចឱ្យ ចុះមកធ្វើកោសល្យវិច័យសាកសព។
ក្រោយពីធ្វើកោសល្យវិច័យរួចសមត្ថកិច្ច បានសន្និដ្ឋានថា ស្ត្រីរូបនេះ ពិតជាបានចងក ធ្វើអត្តឃាតពិតមែន និងប្រគល់សពឱ្យក្រុម គ្រួសារ និងអ្នកភូមិជួយរៀបចំពិធីបុណ្យតាម ប្រពៃណី។
ប្រជាពលរដ្ឋដែលនៅក្បែរខាង បានប្រាប់ ថា គ្រួសារនេះគឺកម្សត់ខ្លាំងណាស់ រស់នៅក្នុង ជីវភាពក្រលំបាក និងមានកូនខ្ទមប្រក់សង្ក័សីតូច មួយជាទ្រនំ ដែលសង់លើដីរបស់គេ។ ដោយសារ តែកត្តាជីវភាពលំបាកខ្លាំងពេក ស្ត្រីរូបនេះ តែងតែអង្គុយសំកុក ហើយពេលខ្លះបាននិយាយ ប្រាប់អ្នកជិតខាងថា ខ្លួនចង់ស្លាប់ព្រោះរស់នៅ វេទនាជាងស្លាប់ទៅទៀត។
ជាក់ស្តែង សូម្បីតែលុយសម្រាប់ធ្វើបុណ្យ សពម្តាយក៏សឹងគ្មានដែរ តែបានអ្នកជិតខាង ប៉ុណ្ណោះ ដែលជួយទំនុកបំរុងធ្វើបុណ្យសពនេះ ហើយសង្ឃឹមអាជ្ញាធរមូលដ្ឋាន និងអង្គការ កាកបាទក្រហមកម្ពុជា នឹងចូលរួមក្នុងការឆ្លើយ ឧបត្ថម្ភក្នុងពិធីបុណ្យសពនេះ៕