Saturday, May 4, 2024
Homeព័ត៌មានជាតិឧក្រិដ្ឋជនព្រៃឈើ ដុតម៉ូតូចោល៤គ្រឿង គំរាមកំហែង ផ្តាច់ជើងអ្នកការពារព្រៃឈើ

ឧក្រិដ្ឋជនព្រៃឈើ ដុតម៉ូតូចោល៤គ្រឿង គំរាមកំហែង ផ្តាច់ជើងអ្នកការពារព្រៃឈើ

ខេត្តកំពង់ស្ពឺ ៖ សកម្មជនព្រៃឈើ ដែលបានចុះល្បាតនៅតំបន់ភ្នំឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានអះអាងថា ឧក្រិដ្ឋជនព្រៃឈើ បានដុតម៉ូតូរបស់ពួកខ្លួនចោល ចំនួន៤គ្រឿង ដើម្បីគំរាមកំហែង និងផ្ដាច់ជើងអ្នកការពារព្រៃឈើ កុំឲ្យនៅរំខានការកាប់បភ្លាញព្រៃឈើរបស់ពួកគេ។

លោកតាន់ គឹមសួរ សកម្មជនព្រៃឈើ បរិស្ថាន និងសង្គម បានលើកឡើងតាមរយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា ម៉ូតូរបស់លោក និងរបស់ក្រុមការងារ ចំនួន៤គ្រឿង ត្រូវបានជនល្មើសព្រៃឈើ នៅតំបន់សំរោង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដុតកម្ទេចចោលអស់ហើយ។ លោកចាត់ទុកថា នេះគឺជាការគំរាមកំហែងមួយ តែលោកក៏សង្ឃឹមថា ស្ថាប័នពាក់ព័ន្ធ នឹងជួយអន្តរាគមន៍។

លោកតាន់ គឹមសួរ បានបង្ហោះម៉ូតូ ១គ្រឿង ពណ៌ក្រហម របស់លោក ពេលមិនទាន់ដុត និងពេលដុតក្លាយជាខ្មោច ជាមួយសំណេរថា “អ្វីដែលធ្លាប់គិតថា នឹងអាចកើតឡើង ឥឡូវនេះបានកើតឡើងមែនហើយ។ ខ្ញុំស្រណោះណាស់ ខ្ញុំស្ដាយណាស់ សេះក្រហម ដែលតែងតែតាមខ្ញុំទៅគ្រប់ទីកន្លែង ទោះបីជាលំបាក មានឧបសគ្គយ៉ាងណា ក៏មិនរាថយដែរ ឥឡូវនេះឯងបានសម្រាកហើយ។ អ្វីដែលធ្វើឲ្យខ្ញុំកាន់តែស្រណោះទៅទៀតនោះ ម៉ូតូ ២គ្រឿងរបស់យុវជនដែលបានមកចូលរួមជាមួយគ្នា និង១គ្រឿង របស់សមាជិកក្រុមអ្នកតាភ្នំ ក៏ត្រូវបានដុតកម្ទេចចោលដែរ ខ្ញុំខ្លាចក្រែងទៅថ្ងៃខាងមុខទៀត នឹងមិនមានអ្នកហ៊ានចូលរួមបន្តទៀត។ រូបភាពនេះ គឺជារូបភាពដ៏គួរឲ្យខ្លាច នេះគឺជាការគំរាមដ៏ពិតប្រាកដ នេះគឺជាស្នាដៃរបស់មេឈ្មួញឈើដ៏ធំនៅសំរោង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឈ្មោះអាមាន“ ។

លោកតាន់ គឹមសួរ បានបន្ថែមថា “ពីចុងភូមិដល់ដើមភូមិ អ្នកណាក៏ល្បី អ្នកណាក៏ដឹងដែរថា អាមាន គឺជាមេឧក្រិដ្ឋជនព្រៃឈើនៅសំរោង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើចាប់អាមាន ដាក់គុក មិនបានទេ គឺស្មើអាមាន មានស្បែកខ្លាពាក់“ ។

លោកតាន់ គឹមសួរ បានសរសេរបន្ថែមទៀតថា “ឧក្រិដ្ឋជនព្រៃឈើ ព្យាយាមផ្ដាច់ជើងពួកយើងចោល ។ ឧក្រិដ្ឋជនព្រៃឈើ នៅតំបន់សំរោង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ព្យាយាមផ្ដាច់ជើងពួកយើងចោល តែពួកយើងនៅតែមានការជឿជាក់យ៉ាងមុតមាំថា បងប្អូនដែលមានសេចក្ដីស្រលាញ់ និងខ្វាយខ្វល់ជាមួយសម្បត្តិធនធានធម្មជាតិ មិនបណ្តាយឲ្យពួកយើងបញ្ឈប់ទាំងបែបនេះទេ។ អរគុណដែលតែងតែបង្ហាញការខ្វាយខ្វល់ និងចូលរួមជាមួយគ្នា“ ។

ក្រោយអស់ម៉ូតូ ៤គ្រឿង ជាមធ្យោបាយជិះល្បាតព្រៃ លោកតាន់ គឹមសួរ តំណាងឲ្យមិត្តសកម្មជនការពារព្រៃឈើមួយចំនួនទៀត បានអំពាវនាវសុំជំនួយពីមជ្ឈដ្ឋានស្រលាញ់ធនធានធម្មជាតិ ចូលរួមរៃអង្គាសប្រាក់គ្នាជួយទិញម៉ូតូ ឲ្យពួកលោក ហើយប្ដេជ្ញាចិត្តថា នៅតែចូលព្រៃបន្តទៀត មិនខ្លាចការគំរាមកំហែងរបស់ឧក្រិដ្ឋជនព្រៃឈើនោះទេ ។

លោកតាន់ គឹមសួរ បានសរសេរថា “ពួកយើងត្រូវការម៉ូតូថ្មី ដើម្បីបន្តកិច្ចការងារនេះទៀត ជាពិសេសខ្ញុំត្រូវបង្ហាញការទទួលខុសត្រូវប៉ះប៉ូវសងការខូចខាតរបស់យុវជនដែលបានចូលរួមជាមួយគ្នា តើបងប្អូនទាំងអស់គ្នាអាចចូលរួមបានទេ? ទោះបីនេះគឺជាការគំរាមកំហែងក៏ដោយ ក៏ពួកយើងមិនរារែកចិត្តក្នុងការបន្តកិច្ចការងារនេះទៀតដែរ“ ។

បន្ថែមលើការឡើងតាមគណនីបណ្ដាញសង្គមហ្វេសប៊ុក ខាងលើនេះ លោកតាន់ គឹមសួរ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ថា លោកបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចថ្នាក់ស្រុក និងថ្នាក់ខេត្តរួចហើយ ដើម្បីចាត់វិធានការលើឧក្រិដ្ឋជនព្រៃឈើ ដែលបានដុតបំផ្លាញម៉ូតូរបស់ពួកលោក ហើយលោកក៏សូមផ្ញើសារទៅកាន់យុវជនដែលស្រលាញ់ធនធានធម្មជាតិព្រៃឈើ បើចង់ចូលរួមការពារព្រៃឈើ សូមកុំមានការភ័យខ្លាច ក្រោយឃើញពួកលោកត្រូវទទួលរងការគំរាមកំហែងពីជនល្មើស តាមរយៈការដុតបំផ្លាញម៉ូតូពួកលោកនោះ ។

លោកតាន់ គឹមសួរ បានមានប្រសាសន៍ថា “បាទ! ពាក់ព័ន្ធនឹងការដុតម៉ូតូពួកយើងនេះ ដើមហេតុហ្នឹង តាមការសន្និដ្ឋានរបស់ប្អូន ដោយសារនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកហ្នឹង ប្អូនធ្លាប់បានចូលរួមជាមួយខាងកងរាជអាវុធផ្ទៃប្រទេស និងមន្រ្តីជំនាញពីក្រសួងបរិស្ថាន ចុះទៅតំបន់ហ្នឹង ហើយក៏បានចុះទៅល្បាត ហើយក៏ប្រទះឃើញមានឡានច្នៃដឹកឈើធំៗនៅលើហ្នឹង ហើយមន្រ្តីជំនាញរបស់យើងក៏ធ្វើការដុតកម្ទេចចោលភ្លាមៗតែម្ដង ហើយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ ដោយពួកយើងយល់ឃើញថា មិនមានបញ្ហាអី ហើយដោយសារធ្លាប់ចុះទៅ ឃើញនៅតំបន់ហ្នឹងមានសក្ដានុពលទេសចរណ៍ច្រើន ក៏ដឹកនាំចុះទៅលេងទីនោះ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យមានទេសចរណ៍ មកលេងបន្តបន្ទាប់ថែមទៀត ហើយជាការយល់ឃើញមួយ បើសិនជាមានទេសចរណ៍មកលេងច្រើន នៅតំបន់ហ្នឹងក៏នឹងលែងសូវមានបទល្មើសព្រៃឈើ ហើយបទល្មើសព្រៃឈើមួយចំនួនក៏មានការខ្លាចរអាដែរ ។ អ៊ីចឹងហើយ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១ព្រឹក យើងបានទៅដល់ទីហ្នឹង ហើយក៏ធ្វើការទម្លាក់ម៉ូតូ ហើយក៏បន្តដំណើរឡើងទៅបោះជំរំនៅខាងលើភ្នំ ឲ្យបានមើលទេសភាពអ៊ីចឹង ហើយចុះមកវិញនៅថ្ងៃទី៦ ដល់ក្រោម នៅម៉ោង៥ ក៏ប្រទះឃើញម៉ូតូរបស់ពួកយើងត្រូវបានដុតបំផ្លាញ ។ ដោយសារបែបនេះហើយ ធ្វើឲ្យពួកយើងយល់ឃើញថា បើសិនជាគាត់មកចូលព្រៃរកឃ្មុំ រកអីផ្សេងៗ ប្រហែលជាគាត់មិនទៅប៉ះពាល់ម៉ូតូយើង ឬក៏បើជនចង់ឆក់ឱកាសយកម៉ូតូ ដើម្បីជាផលប្រយោជន៍ ក៏ប្រហែលជាពួកគាត់មិនដល់ថ្នាក់ដុតអ៊ីចឹងដែរ ។ អ៊ីចឹងអាចសន្និដ្ឋានបានថា នេះគឺជាការបង្ហាញការខឹងសម្បាពីឈ្មួញឈើធំ ដែលពួកយើងធ្លាប់បានចុះទៅធ្វើការបង្រ្កាបសកម្មភាពគាត់ ដែលគាត់បានធ្វើនៅលើហ្នឹង“ ។

លោកតាន់ គឹមសួរ បានរៀបរាប់បន្តថា “ចំពោះខ្ញុំបញ្ជាក់ថា ស្គាល់ឈ្មោះ “អាមាន” នោះ ខ្ញុំអាចហ៊ានសន្និដ្ឋានថា ជាបុគ្គលហ្នឹងតែម្ដង ដោយសារខ្ញុំអាចកំណត់បាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ហ្នឹង គឺក្រោយពេលយើងចុះទៅបង្រ្កាបបទល្មើសនៅខាងលើហ្នឹង យើងចុះមកវិញ គឺបោះជំរំនៅវាលគ្រិច ភូមិសំរោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហ្នឹង ក៏មានកម្មករម្នាក់ ដែលគាត់ជាអ្នកយកឡានឡើងទៅលើហ្នឹង ជិះម៉ូតូចុះមកវិញ ក៏ពួកយើងសួរនាំថា ប្អូនបើកឡានទៅយ៉ាងម៉េច អីយ៉ាងម៉េច ហើយអ្នកណាជាអ្នកបញ្ជាប្អូនពីក្រោយអ៊ីចេះមួយ អ៊ីចេះពីរ? ហើយយុវជនហ្នឹង ក៏ធ្វើការឆ្លើយសារភាពមកថា ម្ចាស់ឡានខាងលើ ដែលយើងចុះបង្រ្កាបបានហ្នឹង គឺឈ្មោះ មាន ហើយឥឡូវនេះ គាត់កំពុងតែរស់នៅភូមិសំរោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហ្នឹងតែម្ដង ។ និយាយជារួមទៅ ក្រោយពេលដែលពួកយើងធ្វើការរាយការណ៍ទៅខាងសមត្ថកិច្ច ជាពិសេសគឺខាងថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុកតែម្ដង ហើយយើងទទួលបានចំណាត់ការ ការអន្តរាគមន៍ភ្លាមៗ ដោយគណៈបញ្ជាការឯកភាពស្រុកចុះមកដល់ទីតាំងកើតហេតុភ្លាមៗតែម្ដង ហើយថ្ងៃនេះ (៨ មេសា) យើងបានធ្វើការដាក់ពាក្យបណ្ដឹងរួចជាស្រេចហើយ ដើម្បីស្នើសុំឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេត ស្វែងរកនូវជនដៃដល់ ដែលធ្វើការដុតកម្ទេចនូវម៉ូតូប៉ុន្មានគ្រឿងរបស់ពួកយើងតែម្ដង ។ ចំពោះលទ្ធភាពរកម៉ូតូថ្មី មកដល់ឥឡូវនេះ គឺពួកយើងទទួលបានការចូលរួមខ្លះៗដែរ ពីមហាជន តែដោយសារម៉ូតូមានចំនួនច្រើន ដែលខ្ញុំគិតថា ខ្ញុំនឹងទទួលខុសត្រូវក្នុងការរកទៅឲ្យយុវជនដែលគាត់ខិតខំប្រឹងប្រែងចំណាយទាំងពេលវេលា កម្លាំងកាយចិត្ត ហើយទាំងសុវត្ថិភាពទៀត ចុះមកជាមួយគ្នានេះ ។ អ៊ីចឹងខ្ញុំនឹងព្យាយាមបន្តទៀត នៅក្នុងការធ្វើយ៉ាងណាកៀរគរឲ្យបានគ្រប់ថវិកាក្នុងការទិញម៉ូតូថ្មីសម្រាប់ពួកគាត់តែម្ដង ហើយនេះជាការបង្ហាញមួយឲ្យឃើញថា ទោះបីមានរឿងកើតឡើងយ៉ាងណាក៏ដោយ ក៏មានមហាជននៅចាំគាំទ្រ ជំរុញលើកទឹកចិត្តឲ្យពួកយើងបន្តការងារនេះទៀតដែរ“ ។

លោកតាន់ គឹមសួរ បានបញ្ជាក់សង្កត់ធ្ងន់ថា “ខ្ញុំបានត្រៀមចិត្តរួចរាល់ហើយ ហើយក៏ខ្ញុំបានប្រកាសនៅក្នុងបណ្ដាញសង្គមដែរថា ខ្ញុំបូជាជីវិតខ្ញុំ សម្រាប់សម្បត្តិធនធានធម្មជាតិនេះហើយ តាំងពីដំបូងទីមកម៉្លេះ តាំងពីចាប់ផ្ដើម គឺខ្ញុំត្រៀមចិត្តទទួលយកគ្រប់ហេតុការណ៍ដែលកើតឡើង ទោះបីថាត្រូវប៉ះពាល់អាយុជីវិត ក៏ខ្ញុំនៅតែមិនរួញរាចិត្តនៅក្នុងការបន្តបេសកកម្មមួយនេះ ។ ជាមួយនេះ សារខ្ញុំទី១ ខ្ញុំសុំស្នើសុំទៅសមត្ថកិច្ចដែលកំពុងតែកាន់សំណុំរឿងនេះ សូមប្រើឆន្ទៈ ឧត្ដមគតិនៅក្នុងការដោះរឿងនេះឲ្យចេញ ព្រោះថារឿងនេះ ដូចជាមិនពិបាកដោះទេ ដោយសារមានតម្រុយជាច្រើនហើយ ហើយសារទី២ហ្នឹង គឺជាសារសំខាន់ ដែលខ្ញុំចង់ផ្ញើទៅកាន់យុវជនដទៃទៀត ដែលកំពុងតែមានការខ្លាចរអា មិនហ៊ានចូលរួមជាមួយកិច្ចការងារទាំងអស់នេះ បន្ទាប់ពីឃើញរូបភាពដ៏គួរឲ្យភ័យខ្លាចទាំងអស់នេះហើយ ។ ខ្ញុំចង់លើកទឹកចិត្តពួកគាត់ថា កុំឲ្យភ័យខ្លាច បើសិនជានៅតែបន្តការភ័យខ្លាចទៀត ពួកយើងពិតណាស់គឺមិនអាចចួលរួមថែរក្សាធនធានធម្មជាតិយើងបានទេ ហើយរូបភាពដែលបង្កើតឡើងដោយជនល្មើស គឺក្នុងគោលបំណងមិនឲ្យមានយុវជនចូលរួម ។ កាលណាមានយុវជនចូលរួម ជាការរំខានទៅដល់កិច្ចការងាររបស់ពួកគាត់ ។ អ៊ីចឹងបើសិនជាយើងឃើញរូបភាពទាំងអស់នេះហើយ យើងមិនហ៊ានចូលរួម យើងមានការខ្លាចរអា នោះហើយគឺសេចក្ដីបំណងរបស់ជនល្មើស ឧក្រិដ្ឋជនព្រៃឈើហ្នឹង គឺបានសម្រេចដូចបំណងតែម្ដង“ ។

ជាមួយគ្នានោះដែរ លោកម៉ា ចិត្រា សកម្មជនបរិស្ថាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ថា ពាក់ព័ន្ធទៅនឹងការដុតម៉ូតូរបស់សកម្មជនបរិស្ថាន លោកតាន់ គឹមសួរ នេះ លោកមើលឃើញថា វាជាការគំរាមកំហែង ហើយនិងភាពគឃ្លើនរបស់ជនល្មើសដែលទៅកាប់ព្រៃឈើ ។ ដូច្នេះអ្វីដែលសំខាន់ បើគាត់អះអាងថា បានស្គាល់ទាំងជនល្មើសថែមទៀតនោះ វាគួរតែត្រូវបានប្ដឹងផ្ដល់ឲ្យមានការចាប់ខ្លួន ដើម្បីជាការព្រមានទៅដល់ជនល្មើសផ្សេងទៀត កុំឲ្យគាត់ហ៊ានក្នុងការគំរាមកំហែងអ្នកការពារព្រៃឈើ ។

លោកម៉ា ចិត្រា បានមានប្រសាសន៍ថា “បាទ! ពាក់ព័ន្ធទៅនឹងការដុតម៉ូតូរបស់សកម្មជនបរិស្ថាន លោកតាន់ គឹមសួរ នេះ ខ្ញុំមើលឃើញថា វាជាការគំរាមកំហែង ហើយនិងភាពគឃ្លើនរបស់ជនល្មើសដែលទៅកាប់ព្រៃឈើហ្នឹង ហើយបើសិនជាលោកតាន់ គឹមសួរ គាត់ស្គាល់ទាំងឈ្មោះទៀតនោះ ខ្ញុំគិតថា ករណីនេះ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសប៉ូលិសអីហ្នឹងអាចទៅចាប់ខ្លួន ព្រោះអានេះវាជាបទឧក្រិដ្ឋ ដោយសារតែពាក់ព័ន្ធនឹងការគំរាមសម្លាប់អីផងនោះ អាហ្នឹងវាជាបទល្មើសជាក់ស្ដែង ហើយបើសិនជាអាជ្ញាធរពាក់ព័ន្ធបណ្ដែតបណ្ដោយឲ្យជនល្មើសកាប់ឈើ ហើយហ៊ានក្នុងការប្រើប្រាស់ពាក្យពេចន៍មួយចំនួន គំរាមកំហែងមកអ្នកការពារព្រៃឈើទៀត អាហ្នឹងវាមើលឃើញថា វាជាកម្សោយរបស់អាជ្ញាធរពាក់ព័ន្ធ ហើយពាក់ព័ន្ធទៅនឹងម៉ូតូរបស់គាត់ ខ្ញុំគិតថា គាត់អាចមានលទ្ធភាពក្នុងការកៀរគរថវិកាពីសប្បុរសធម៌ ព្រោះកន្លងមកហ្នឹង គាត់ស្គាល់ច្រើន ជាអ្នកសិល្បៈអីមួយចំនួនហ្នឹង ខ្ញុំគិតថា គេអាចនឹងជួយគាត់បានហើយ គ្រាន់តែថា អ្វីដែលសំខាន់នោះ គឺរឿងជនល្មើសដែលគាត់អះអាងថាបានស្គាល់ហ្នឹង វាគួរត្រូវបានប្ដឹងផ្ដល់ឲ្យមានការចាប់ខ្លួន ដើម្បីជាការព្រមានទៅដល់ជនល្មើសផ្សេងទៀត កុំឲ្យគាត់ហ៊ានក្នុងការគំរាមកំហែងអ្នកការពារព្រៃឈើ“ ៕ កុលបុត្រ

RELATED ARTICLES