Saturday, May 4, 2024
Homeព័ត៌មានជាតិអ្នកប្រជាធិបតេយ្យសេរី អ្នកវិភាគថា មិនចាត់ទុកអ្នកនយោបាយបក្សផ្សេង ជាសត្រូវ

អ្នកប្រជាធិបតេយ្យសេរី អ្នកវិភាគថា មិនចាត់ទុកអ្នកនយោបាយបក្សផ្សេង ជាសត្រូវ

ភ្នំពេញ ៖ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងអ្នកវិភាគ បានលើកឡើងថា អ្នកប្រជាធិបតេយ្យសេរីពិតប្រាកដ មិនចាត់ទុកអ្នកនយោបាយបក្សផ្សេង ឬបុគ្គលដែលមិនចូលបក្សរបស់ខ្លួន ជាសត្រូវឡើយ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា «ជំហរនយោបាយខុសគ្នា មិនគួរចាត់ទុកគ្នាជាសត្រូវឡើយ ពីព្រោះវាជាសេរីភាព។ អ្នកប្រជាធិបតេយ្យសេរីពិតប្រាកដ នឹងមិនចាត់ទុកអ្នកនយោបាយបក្សផ្សេង ឬបុគ្គលដែល​មិន​ចូលបក្សរបស់ខ្លួន ជាសត្រូវឡើយ»។បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើ លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ថា “ បាទ! ខ្ញុំសង្កេតឃើញតាមរយៈបទពិសោធន៍នៃការភប់ប្រសព្វជាមួយនឹងយុវជន ជាមួយនឹងសកម្មជន ប្រជាពលរដ្ឋទូទៅ ក៏ដូចជាបទពិសោធន៍នៃការធ្វើដំណើរជាច្រើនខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា កន្លងមក ខ្ញុំសង្កេតឃើញជារួម សង្គមយើងហាក់បីដូចជាមានការអត់ឱន ឬក៏យើងហៅថា ខន្តីនយោបាយហ្នឹងទាប នៅក្នុងទម្រង់ថា សង្គមនេះ ហាក់បីដូចជាទាមទារឲ្យពលរដ្ឋនៅក្នុងសង្គមហ្នឹងត្រូវតែប្រកាន់គណបក្ស ត្រូវតែប្រកាន់ពួក ហើយអ្នកណាដែលជាបុគ្គលដែលមិនចូលជាមួយបក្សនេះ ឬក៏បក្សនោះហ្នឹង នឹងត្រូវបានគេចាត់ទុកថាជាសត្រូវ ហើយនៅក្នុងថា ទី១ គេមិនសូវជាទុកចិត្ត ទី២ គេមានការរើសអើង ទី៣ ក៏មានលាបពណ៌អ៊ីចេះអ៊ីចុះ ហើយជាពិសេសគឺនៅក្នុងការចាត់ទុកគ្នា សឹងតែវាលែងទៅជាជនរួមជាតិដែលមានឈាមជ័រ មានប្រវត្តិសាស្រ្ត មានវប្បធម៌ មានទឹកដីរួមគ្នា វាឈានទៅដល់ការប្រកាន់ទោសអូសដំណើរ ហើយនិងសឹងតែអ្នកខ្លះហ្នឹង ដែលមាននិន្នាការនយោបាយជ្រុលនិយមខ្លាំងហ្នឹង សឹងតែចាត់ទុកគ្នាហ្នឹងគឺជាមនុស្សក្រៅសង្គម ឬក៏ក្រៅតម្រា ហើយធ្វើអីហ្នឹងមិនសូវជាបង្ហាញនូវសេចក្ដីស្រលាញ់ ការគោរព ការជឿជាក់ និងការជួយគ្នានៅក្នុងសង្គមទេ ដែលការប្រតិបត្តិបែបនេះ សម្រាប់ខ្ញុំជាអ្នកធ្វើការងាររឿងអភិវឌ្ឍសង្គម និងរឿងប្រជាធិបតេយ្យ សិទ្ធិមនុស្សហ្នឹង មើលឃើញថា វាគឺជាគ្រោះថ្នាក់សម្រាប់សង្គម ពីព្រោះប្រសិនបើនៅក្នុងសង្គមមួយដែលមានចរន្តនៃការចាត់ទុកបុគ្គលដទៃដែលមិនមែនជាអ្នកដើរតាមឬទក៏ជឿជាក់លើគណបក្សរបស់យើង ឬក៏មិនចូលជាមួយគណបក្សណាមួយជាសត្រូវហើយ សង្គមនោះ វានឹងបែកបាក់ប្រេះឆា រកសាមគ្គីជាតិមិនឃើញ រកការជឿទុកចិត្តគ្នា និងការរួបរួមជាតិមិនឃើញទេ មានតែធ្វើឲ្យការបែកបាក់ហ្នឹងកាន់តែខ្លាំងទៅ ហើយបើសិនជាការបែកបាក់ហ្នឹងវាដល់កម្រិតមួយ វាអាចទៅដល់បង្កើតឲ្យមានបញ្ហាសង្គមធ្ងន់ធ្ងរ ពីព្រោះពាក្យថា សត្រូវនេះ គឺថា វាអត់មានអីទុកឲ្យនៅរស់ ឬក៏ធ្វើការជាមួយគ្នាកើតតទៅទៀតទេ ។ បើចាត់ទុកគ្នាត្រឹមតែជាគូប្រកួតប្រជែង ដូចអ្វីដែលខ្ញុំធ្លាប់ផ្ដល់បទសម្ភាសលើកមុននោះ អាហ្នឹងជាការប្រសើរ ប៉ុន្តែនៅពេលដែលសង្គមនេះ ឈានទៅដល់ការចាត់ទុកគ្នាជាសត្រូវហើយ គឺអន្តរាយនៃសង្គមហ្នឹង វាអាចកើតមានឡើងគ្រប់ពេល ពីព្រោះសត្រូវ មានន័យថា កម្ទេចហើយ ហើយតែកាលណាសង្គមមួយដែលមានប្រជាពលរដ្ឋចាត់ទុកគ្នាជាសត្រូវ ហើយគិតតែរកវិធីដើម្បីកម្ទេចគ្នា កម្ទេចទៅ កម្ទេចមក គឺខ្ទេចទាំងអស់គ្នា ដែលការអនុវត្តបែបនេះ តាមពិតទៅ វាផ្ទុយអំពីរបៀបនៃការធ្វើការ និងការរស់នៅបែបសង្គមប្រជាធិបតេយ្យសេរី ។ នៅក្នុងសង្គមប្រជាធិបតេយ្យសេរី ការជ្រើសរើសគណបក្សណាមួយ ការចូល ឬការមិនចូលរួមជាមួយគណបក្សណាមួយនោះ វាគឺជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ ដែលមិនអាចមានអ្នកណាបង្ខិតបង្ខំគេបានទេ“ ។

            លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ដូច្នេះបើប្រជាពលរដ្ឋណាចូលគណបក្សណាក៏ចូលទៅ មិនចូលក៏អត់ទៅ ប៉ុន្តែគេនៅតែចាត់ទុកថា ទាំងអស់គ្នាហ្នឹងជាជនរួមឈាមនៅក្នុងប្រទេសមួយ ។ ដូច្នេះហើយគេចេះបែងចែកអាណាជាសកម្មភាពទាក់ទងនឹងសេរីភាពនយោបាយរបស់ខ្លួន។ និយាយទៅ សេរីភាពនយោបាយ វាដូចជាសេរីភាពនៅក្នុងការជ្រើសរើសម្ហូបអាហារនៅកន្លែងដែលយើងទៅទស្សនាដែរ បើប្រៀបធៀបទៅ អ្នកចូលចិត្តអី ទៅខាងហ្នឹងទៅ ប៉ុន្តែត្រលប់ពីសកម្មភាពនយោបាយហ្នឹង ការរួមរស់នៅជាមួយគ្នា ការធ្វើការងារជាមួយគ្នាហ្នឹង នៅក្នុងក្រុមហ៊ុន នៅក្នុងស្ថាប័នសង្គមទូទៅហ្នឹង គឺគេបែងចែកអាហ្នឹង គេអត់ទៅកន្លែងណាបំពាក់ស្លាកគណបក្សនយោបាយ មនោគមន៍វិជ្ជានយោបាយគ្រប់តែពេល គ្រប់តែទីកន្លែងជាមួយនឹងមនុស្សគ្រប់គ្នាទេ ។ អាការដែលគេធ្វើអ៊ីចឹងបានហើយ បានធ្វើឲ្យសង្គមគេវាមានភាពចម្រុះ វាមានភាពខុសគ្នា វាមានគំនិតជឿនលឿន វាមានអ្នកមើលឃើញច្រើនជ្រុង វាអាចនាំឲ្យមានដំណោះស្រាយច្រើនបែបចំពោះបញ្ហាមួយ ឬក៏បញ្ហាជាច្រើននៅក្នុងសង្គមគេ គេអត់ងាប់ក្រឡា និយាយភាសាសាមញ្ញថា កាលណាគេផ្ដល់សិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋហ្នឹងជ្រើសគណបក្សនយោបាយ ចូល មិនចូល ជាសិទ្ធិរបស់គេ អ្នកឯងចូលជាមួយគណបក្សមួយ អ្នកឯងត្រូវធ្វើតាមគណបក្សហ្នឹងទៅ អ្នកមិនចូលហ្នឹង គឺគេធ្វើរបស់គេទៅ សម្រាប់កិច្ចការងារបក្សហ្នឹង គេធ្វើក្នុងចំណោមសមាជិកគ្នាគេទៅ ប៉ុន្តែសម្រាប់កិច្ចការងារសង្គមជួយចូលរួមគ្នា ។ ដូច្នេះវាធ្វើឲ្យសង្គមហ្នឹងវាមានលក្ខណៈរស់រវើក វាអត់ទៅតែមួយបទទេ អត់មានពេលណាលេងតែមួយបទហ្នឹងដែរ ពាក្យខ្មែរយើងថា ទៅទាំងប៉ី ទៅទាំងទ្រ ។ អ៊ីចឹងពេលណាសង្គមគេវាមានសិទ្ធិសេរីភាពខាងនយោបាយហ្នឹងខ្ពស់ទៅ ហើយមិនប្រកាន់ទោសអូសដំណើរជាមួយនឹងអ្នកមិនចូលរួម មិនគាំទ្រគណបក្សណាមួយ ឬក៏អ្នកដែលមិនមានគណបក្សនយោបាយហ្នឹង អាហ្នឹងវាធ្វើឲ្យសង្គមគេហ្នឹងមានភាពជឿនលឿន ហើយវាអាចជួយគ្នាទៅវិញទៅទៀត វាអាចជួយអ្នកដែលនៅក្រៅបក្ស ឬក៏អ្នកដែលនៅបក្សផ្សេងហ្នឹងអាចមានទស្សនៈ មានដំណោះស្រាយ មានគោលនយោបាយ មានផែនការ និងរបៀបនៃការធ្វើការហ្នឹងខុសអំពីអ្នកនៅក្នុងគណបក្សមួយ ឬក៏អ្នកដែលមិនមានៅក្នុងគណបក្ស ។ អ៊ីចឹងទៅ សង្គមគេហ្នឹងវាសម្បូរធនធាន វាសម្បូរគំនិត វាសម្បូរទស្សនវិស័យ យើងនិយាយថា វាជាសង្គមដែលមានសេរីភាពសាស្រ្ត សេរីភាពនយោបាយច្រើនទៅ សម្បូរតួអង្គនយោបាយ ទាំងអ្នកនៅក្នុងបក្សកាន់អំណាច អ្នកនៅក្នុងបក្សប្រឆាំង អ្នកមិនមែននៅក្នុងគណបក្សទាំងពីរហ្នឹង ។ អ៊ីចឹងសង្គមគេ វាប្រៀបធៀបប្រព័ន្ធនយោបាយ ដំណើរការនយោបាយនៅស្រុកគេហ្នឹង វាប្រៀបបានទៅនឹងផ្ទះមួយដែលមានសសរច្រើន ដើម្បីជ្រោង វាខុសគ្នាពីអាផ្ទះមួយដែលមានសសរតែមួយ ។ អាផ្ទះមួយដែលមានសសរតែមួយហ្នឹង ពេលដែលសសរមួយហ្នឹងវាដួល វាពុក វាផុយ វាកើតបញ្ហាទៅ មិនដឹងអ្នកណាជួយទប់អ្នកណាទេ ។ អ៊ីចឹងហើយបានជានៅក្នុងសង្គមប្រជាធិបតេយ្យសេរីជឿនលឿនដែលវាស្ថាប័នរដ្ឋគេរឹងមាំ មានដំណើរការមានប្រសិទ្ធភាពហ្នឹង វាមានគណបក្សច្រើន ហើយគេបើកសិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋ គេមិនចាប់បង្ខំឲ្យប្រជាពលរដ្ឋហ្នឹងត្រូវតែចូលបក្សទេ ជាពិសេសគឺគេមានការបែងចែករវាងតួនាទី ហើយនិងភាពអព្យាក្រឹតនៃមន្រ្តីរាជការទៅទៀត ។ យើងមិនបាច់ទៅមើលឯណាឆ្ងាយទេ មើលតែនៅសិង្ហបុរីនៅក្បែរយើងនេះ គឺមន្រ្តីសាធារណៈ ដែលមិនមែនតួនាទីនយោបាយហ្នឹង គឺគេមិនឲ្យទៅចូលរួមជាមួយនឹងគណបក្សនយោបាយណាទេ គេធានអព្យាក្រឹតភាព ឯករាជ្យភាព និងសេរីភាពនៅក្នុងការធ្វើកិច្ចការងារដើម្បីបម្រើរដ្ឋ មិនគ្រាន់តែចូលជាមួយនឹងគណបក្សណាមួយ ដើម្បីបម្រើប្រយោជន៍ឲ្យតែបក្សនោះទេ“ ។

            លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “ចំពោះការសួរថា អ្នកប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា មានប៉ុន្មានភាគរយនោះ សំណួរនេះជាសំណួរល្អ ប៉ុន្តែពិបាកវាស់វែង ពីព្រោះដោយសារតែសង្គមយើង បើសិនជាខ្ញុំមើលទៅ យើងប្រកាន់បក្ស ប្រកាន់ពួកហ្នឹងវាច្រើនជាងប្រកាន់ក្នុងនាមជាប្រជាពលរដ្ឋនៅក្នុងប្រទេសរួមគ្នាមួយ ។ អ៊ីចឹងសម្រាប់ខ្ញុំមើលផ្ទាល់ ជាការវិនិច្ឆ័យ ជាការសង្កេតរបស់ខ្លួនឯងផ្ទាល់ ខ្ញុំអាចនិយាយថាសង្គមយើងរាល់ថ្ងៃនេះ អ្នកដែលមានលក្ខណៈជាអ្នកនយោបាយប្រជាធិបតេយ្យសេរី មិនមានច្រើនប៉ុន្មានទេ យើងសម្បូរអ្នកនយោបាយដែលមានលក្ខណៈជាអ្នកនិយមច្រើនជាងប្រជាធិបតេយ្យសេរីនិយម ។ ជាការពិត គឺការធ្វើនយោបាយ វាត្រូវតែមានបក្ស មានពួកហើយ ប៉ុន្តែធ្វើម៉េចដើម្បីឲ្យដំណើរនយោបាយហ្នឹងវាមានលក្ខណៈបរិយាប័ន្ន វាមានលក្ខណៈប្រជាធិបតេយ្យសេរីហ្នឹង វាគួរតែកុំប្រកាន់បក្សខ្លាំងពេក កុំប្រកាន់ពួកខ្លាំងពេក ហើយកុំប្រកាន់ទាល់តែអ្នកឯងចូលបក្សខ្ញុំ បើមិនចូលបក្សខ្ញុំទេ មិនគាំទ្របក្សមួយទេ មិនគាំទ្របក្សរបស់ខ្លួនទេ ជាសត្រូវ ។ យើងឃើញនៅក្នុងស្រុកយើង អ្នកខ្លះហ្នឹងគឺប្រជាពលរដ្ឋមួយចំនួនដែលខ្ញុំបានទៅជួបហ្នឹង គាត់មិនចង់ទៅចូលបក្សនេះ បក្សនោះ ប៉ុន្តែបើមិនទៅចូលជាមួយគេហ្នឹង គឺគេអត់ទុកចិត្ត គេអត់ជឿជាក់ គេអត់រាប់រក គេអត់អនុញ្ញាតឲ្យចូលរួមនៅក្នុងសកម្មភាព នៅក្នុងសង្គម ឬក៏អ្នកខ្លះទៀតហ្នឹង គឺពិបាកនៅក្នុងការរកស៊ី ទទួលទាន បើមិនចូលបក្ស“ ។

            លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្ថែមថា “ដូច្នេះហើយបានជានៅប្រទេសប្រជាធិបតេយ្យសេរីហ្នឹង គេមិនទៅបង្ខំទេ រឿងការចូលបក្សហ្នឹង អ្នកឯងចូល មិនចូល ជាសេរីភាព ហើយក៏គេមិនដាក់គំនាបគាបសង្កត់ ដាក់សម្ពាធអីទៅដល់អ្នកដែលមិនចូល ឬអ្នកដែលមិនគាំទ្របក្សរបស់គេដែរ ហើយពេលដែលមន្រ្តី អ្នកនយោបាយហ្នឹងជាប់ឆ្នោតទៅ ភាគច្រើន គេប្រកាសថា គេហ្នឹងគឺជាអ្នកដឹកនាំរបស់ប្រទេសទាំងមូល របស់ជាតិទាំងមូល មិនមែនគ្រាន់តែជាអ្នកដឹកនាំរបស់គណបក្សតែមួយទេ ។ អ៊ីចឹងនៅពេលដែលការអនុវត្តរបស់គេវាមានលក្ខណៈបើកចំហ ទូលាយ ផ្ដល់សេរីភាពគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋអ៊ីចឹងទៅ វាធ្វើឲ្យប្រជាពលរដ្ឋហ្នឹងអត់មានអារម្មណ៍ថាធុញថប់ ស្ថិតនៅក្រោមសម្ពាធ ស្ថិតនៅក្រោមការគាបសង្កត់ដែរ ហើយកាលណាសង្គមដែលប្រជាពលរដ្ឋមានសេរីភាពពេញលេញហើយ យើងឃើញថា ប្រជាពលរដ្ឋហ្នឹង ទី១ មានឱកាសគ្រប់គ្រាន់នៅក្នុងការចូលរួមអភិវឌ្ឍ អនុវត្តនូវផែនការ សកម្មភាព គោលនយោបាយរបស់រដ្ឋ ដែលបានដាក់ចេញមក ហើយកាលណាប្រជាពលរដ្ឋមានសេរីភាព រួមទាំងសេរីភាពនៅក្នុងការធ្វើនយោបាយ ចូលរួមនយោបាយហ្នឹង ក៏វាជាចំណែកមួយ វាជះឥទ្ធិពលទៅដល់ប្រជាពលរដ្ឋមានសុភមង្គលនៅក្នុងសង្គមដែរ ដែលការសិក្សាស្រាវជ្រាវមួយចំនួនគេបានរកឃើញថា នៅក្នុងប្រទេសដែលប្រជាពលរដ្ឋមានសេរីភាពខ្ពស់ហ្នឹង គឺលំដាប់នៃសុភមង្គលរបស់ប្រជាជននៅក្នុងសង្គមគេហ្នឹងក៏ខ្ពស់ដូចគ្នាដែរ ដូចជាករណីប្រជាពលរដ្ឋនៅប្រទេសស៊ុយអែដ នៅប្រទេសហ្វាំងឡង់ នៅប្រទេសស្វីស នៅប្រទេសណែវ៉ែលហ្សេឡង់ អីជាដើម។ ដូច្នេះសម្រាប់ខ្មែរយើង ខ្ញុំគិតថា យើងគួរតែនាំគ្នាផ្លាស់ប្ដូរផ្នត់គំនិត ផ្លាស់ប្ដូរការគិត ងាកពីការប្រកាន់បក្សខ្លាំងពេក មកបើកលំហប្រជាធិបតេយ្យ គោរពសិទ្ធិនយោបាយនៅក្នុងការជ្រើសរើសការចូលរួមជាមួយគណបក្ស ឬក៏មិនចូលរួម ពីព្រោះរឿងការធ្វើនយោបាយនេះ បើសិនជាយើងខំប្រឹងកៀរសមាជិក ឬក៏បង្ខំឲ្យគេជឿ ឲ្យគេចូលជាមួយយើង មិនសូវបានផលប៉ុន្មានទេ» ។

លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍បន្ថែមទៀតថា «ការចូលរួមនយោបាយ វាទាល់តែជាការចូលរួមដោយការជឿជាក់ ចូលរួមដោយការស្ម័គ្រចិត្ត ការពេញចិត្ត ពេញថ្លើម ការទទួលយកនូវគោលនយោបាយ ឬក៏យុទ្ធសាស្រ្ត កម្មវិធីនយោបាយរបស់គណបក្សនយោបាយ មាគ៌ានយោបាយ ចក្ខុវិស័យរបស់គណបក្សនយោបាយហ្នឹង អាហ្នឹងទើបការចូលរួមដែលមានប្រយោជន៍ ដែលធ្វើឲ្យគណបក្សហ្នឹងវាចម្រើនរុងរឿងទៅមុខ ធ្វើឲ្យជាតិហ្នឹងមានការវិវត្ត ។ ប្រសិនបើការចូលគណបក្សមួយដោយការបង្ខំ យើងស្រមៃមើល នៅពេលដែលធ្វើអីមួយដោយការមិនពេញចិត្តហ្នឹង តើធ្វើបានអស់ពីចិត្ត ពីថ្លើមឬអត់ទេ? ភាគច្រើនគឺអត់ច្រើនជាង ។ ការចូលរួមដោយការបង្ខិតបង្ខំ ដោយការភ័យខ្លាច ដោយការដាក់សម្ពាធហ្នឹង វាច្រើនតែបានផលមកវិញតាមរយៈការបំពេញកិច្ចការងារហ្នឹងដោយការបង្ខិតបង្ខំ ដោយគ្រាន់ធ្វើជាចូលរួម ធ្វើជាពេញចិត្តទៅហ្នឹង ។ ដូច្នេះហើយបើចង់ឲ្យគណបក្សនយោបាយមួយរឹងមាំ វាគួរតែផ្ដោតទៅលើគុណភាព និងការចូលរួម និងការជឿជាក់ ជាជាងបរិមាណនូវការចូលរួម ឬក៏ការចាប់អារម្មណ៍ទៅលើគណបក្សនយោបាយ ។ ជារួម ដើម្បីក្លាយជាអ្នកនយោបាយប្រជាធិបតេយ្យពិត ហើយមិនចាត់ទុកគ្នាជាសត្រូវ វិធីសាមញ្ញ គឺទី១ ត្រូវគោរពសិទ្ធិ គោរពសេរីភាពរបស់បុគ្គលគ្រប់រូបនៅក្នុងសង្គម ក្នុងការចូលរួម ឬក៏មិនចូលរួម ដោយមិនមានការបង្ខិតបង្ខំ ដោយមិនមានការធ្វើទុក្ខបុកម្នេញ ដោយមិនមានការដាក់សម្ពាធ ហើយត្រូវចៀសវាងនូវការរើសអើង ការលាបពណ៌ ឬក៏ការទុកនរណាម្នាក់ចោលនៅក្នុងសង្គម ដោយសារតែបុគ្គលម្នាក់នោះ ឬក៏ក្រុមនោះមិនគាំទ្រ ឬក៏មិនចូលរួមជាមួយគណបក្សរបស់ខ្លួន ។ មិនថានៅក្នុងគណបក្សកាន់អំណាច ឬនៅក្នុងគណបក្សក្រៅរដ្ឋាភិបាល ឬក៏គណបក្សប្រឆាំងទេ ក៏ត្រូវតែអនុវត្តដូចគ្នា ។ បើសិនជាធ្វើបានដូច្នេះ សង្គមយើងនឹងមានសុខដុមរមនាជាងមុន ហើយការចូលរួមរបស់ប្រជាពលរដ្ឋហ្នឹងនឹងមានភាពស្រសា្រក់ស្រស្រាំជាងមុន ។ បើតាមពិតទៅ នៅពេលដែលបើកចំហឲ្យមានលំហប្រជាធិបតេយ្យ ឲ្យមានសេរីភាពនយោបាយគ្រប់គ្រាន់ទៅ វាជាឱកាសដែលអាចផ្ដល់ឲ្យប្រជាពលរដ្ឋហ្នឹងកាន់តែច្រើនចាប់អារម្មណ៍ចូលរួម និងចេះចូលរួមទៅតាមលទ្ធភាព តាមសមត្ថភាព ចូលរួមដោយសុទ្ធចិត្ត ចូលរួមដោយការពេញចិត្ត ពេញថ្លើម ដែលធ្វើឲ្យដំណើរការប្រជាធិបតេយ្យហ្នឹងមានសុខភាពល្អទៅវិញទេ“ ៕ កុលបុត្រ

RELATED ARTICLES