Saturday, May 4, 2024
Homeព័ត៌មានជាតិក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋ ការពារសុខភាព អំឡុងអាកាសធាតុក្តៅ

ក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋ ការពារសុខភាព អំឡុងអាកាសធាតុក្តៅ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំ ឡុងពេលអាកាសធាតុក្តៅ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសជាច្រើន។យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ស្តីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ មានខ្លឹមសារទាំងស្រុងថា « ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានអាកាស ធាតុក្តៅខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសជាច្រើន។ បុគ្គលគ្រប់រូប អាចធ្លាក់ខ្លួនឈឺដោយសារកម្តៅ ជាពិសេស បុគ្គលដែលមានហានិភ័យខ្ពស់គឺ មនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការ ងារនៅលម្អខាងក្រៅ អត្តពលិក អ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ។ ពេលអា កាសធាតុក្តៅខ្លាំង អាចបណ្តាលឱ្យមានរោគសញ្ញាមួយចំនួន ដូចជា ការបែកញើសខ្លាំង ខុសពីធម្មតា អស់កម្លាំង ឈឺរមូលក្រពើ ឈឺក្បាល ចង្អោរ កួត វិលមុខ ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាល ជាដើម។

 ក្រសួងសុខាភិបាល សូមអំពាវនាវនិងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយអនុវត្តដូចខាងក្រោម ៖

– ពិសាទឹកឱ្យបានច្រើននិងញឹកញាប់ លើសពី២លីត្រ ក្នុងមួយថ្ងៃ ទោះបីជាមិនស្រេកទឹកក៏ដោយ។

 – បង្ការជំងឺរាករូស និងជំងឺផ្សេងៗ ដែលធ្វើឱ្យមានការបាត់បង់ជាតិទឹកក្នុងរាងកាយ ដោយរក្សាអនាម័យខ្លួនប្រាណ អនាម័យម្ហូបអាហារ និងពិសាទឹកឆ្អិនឬទឹកចម្រុះ។

– ចៀសវាងការពិសាជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិស្ករច្រើន ជាតិអំបិលច្រើន ពីព្រោះបណ្តាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ។

 – ស្លៀកសម្លៀកបំពាក់ដែលជួយការពារកម្តៅនិងការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ដូចជា សម្លៀកបំពាក់រលុង ស្រាល មានពណ៌ស្រាល ពាក់មួកដែលមានតែមធំ ឬប្រើឆត្រធ្វើជារបាំងការពារកម្តៅថ្ងៃ និងផ្លាស់ប្តូរសម្លៀកបំពាក់ប្រសិនបើវាសើមខ្លាំង។

 – ចៀសវាងការស្លៀកពាក់ឱ្យទារក ឬកុមារតូច នូវសម្លៀកបំពាក់ក្រាស់ៗពេក ឬរំពួកគេក្នុងភួយ ដែលធ្វើឱ្យមានកម្តៅឡើងបន្ថែមទៀត។

– ចៀសវាងស្ថិតនៅក្រោមកមម្តៅថ្ងៃដោយផ្ទាល់យូរពេក ដោយត្រូវស្វែងរកម្លប់ជ្រក ឬប្រើរបាំងការពារកម្តៅព្រះអាទិត្យ។

– កាត់បន្ថយកម្តៅចូលក្នុងផ្ទះ ដោយបិទទ្វារឬបាំងវាំងនននៅពេលថ្ងៃ និងបើកបង្អួច នៅពេលយប់។

– ប្រសិនបើអ្នកចេញទៅខាងក្រៅផ្ទះ ត្រូវរៀបចំកាលវិភាគសកម្មភាពសម្រាប់ព្រឹកព្រលឹម បើអាចធ្វើបាន ឬពេលល្ងាច នៅពេលដែលសីតុណ្ហភាពចុះមកត្រជាក់។ ចៀសវាងសកម្មភាពនៅពេលថ្ងៃត្រង់ ឬនៅពេលព្រះអាទិត្យកំពុងពេញកម្តៅ។ ហាត់បន្សំខ្លួនជាបណ្តើរៗជាមួយ លក្ខខណ្ឌអាកាសធាតុក្តៅ។

 – ប្រើកន្សែងសើម ជូតមុខរបស់អ្នក ពេលនៅក្នុងម្លប់ ឬដាក់វានៅជុំវិញករបស់អ្នក ប្រសិនមានអារម្មណ៍ថាក្តៅខ្លាំង។ ងូតទឹកត្រជាក់ ឬទឹកធម្មតា ឱ្យបានញឹកញាប់ ប៉ុន្តែត្រូវចៀសវាងការធ្វើឱ្យមានការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំង គឺចៀសវាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់មកពីកន្លែងដែលមានសីតុណ្ហភាពក្តៅ ដែលអាចបណ្តាលឱ្យមានការថយចុះកម្តៅភ្លាមៗ និងអាចមានគ្រោះថ្នាក់ ជាពិសេសចំពោះមនុស្សចាស់ ឬកុមារ។

 – ដឹងពីដែនកំណត់ និងសមត្ថភាពផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងការធ្វើការប្រកបដោយសុវត្ថិភាពក្នុងកម្តៅដែលអាចទ្រាំទ្របាន ហើយធ្វើការសន្សឹមៗកុំប្រញាប់ប្រញាល់។

– ចំណាយពេលសម្រាក និងជ្រកនៅកន្លែងដែលមានម្លប់ កន្លែងត្រជាក់ ឬស្នាក់នៅក្នុងផ្ទះ តាម ដែលអាចធ្វើទៅបាន លុះត្រាតែអ្នកប្រាកដថា រាងកាយរបស់លោកអ្នក មានភាពធន់ខ្ពស់ អាចទប់ទល់ចំពោះកម្តៅក្នុងកម្រិតណាមួយ។

– កំណត់ការប្រើប្រាស់ចង្ក្រាន និងឡ ពីព្រោះវានឹងធ្វើឱ្យអ្នក និងផ្ទះរបស់អ្នកកាន់តែក្តៅ។

 – សមាជិកគ្រួសារ ត្រូវឧស្សាហ៍តាមដាន និងត្រួតពិនិត្យមើលឱ្យបានញឹកញាប់ លើអ្នកងាយ រងគ្រោះដោយសារអាកាសធាតុក្តៅ រួមមានមនុស្សចាស់ អាយុចាប់ពី៦០ឆ្នាំ អ្នកកំពុងមានជំងឺ កុមារអាយុតិចជាង២ឆ្នាំ អ្នកមានជំងឺរ៉ាំរ៉ៃ និងអ្នកមានជំងឺផ្លូវចិត្ត ពីព្រោះពួកគេអាច ត្រូវការ ជំនួយយ៉ាងតិចណាស់ពីរដង ក្នុងមួយថ្ងៃ ក្នុងអំឡុងពេលអាកាសធាតុក្តៅ។ សូមកុំទុកពួកគាត់ចោល ដោយមិនបានសួរសុខទុក្ខពួកគាត់។

ប្រសិនបើមានរោគសញ្ញា ដូចជា ៖ វិលមុខ ចង្អោរឬក្អួត ឈឺក្បាល រមូលសាច់ដុំ (រមួលក្រពើ) ដែលជាសញ្ញាដំបូងនៃផលប៉ះពាល់នៃកម្តៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ និងត្រូវសម្រាកពីរបីនាទី ហើយពិសារភេសជ្ជៈត្រជាក់យឺតៗ កុំបន្តសកម្មភាព ព្រោះអាចនាំឱ្យមានហានិភ័យខ្ពស់។ ចៀសវាងដាច់ខាតនូវការចោមរោមជុំជិតអ្នកដែលមានបញ្ហាសុខភាព។ សូមស្វែងរកការព្យាបាលភ្លាមៗ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក ប្រសិនបើមិនធូរស្រាល។

 ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមឆាណែល តេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ»៕

RELATED ARTICLES