ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចប្រាក់ និងទូរស័ព្ទដៃគេតាមបង្អូច បាន សម្រេច និងប៉ុនប៉ងយកទៅលក់ តែចំថ្ងៃស៊យ ប៉ះទូរស័ព្ទបំពាក់ប្រព័ន្ធ GPS ក៏ត្រូវម្ចាស់ប្តឹង សមត្ថកិច្ចឱ្យចាប់វាយខ្នោះ កាលពីម៉ោង៨និង ៣០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្លូវបេតុងស្តង់លក់ទូរស័ព្ទ ផ្សារបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា។
ជនសង្ស័យដែលលួចទូរស័ព្ទដៃ ត្រូវម្ចាស់ ប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួននេះ មានឈ្មោះ អិន សី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៧១ ផ្លូវលេខ៣៦០ សង្កាត់ បឹងកេងកង២ ខណ្ឌចំការមន មានស្រុកកំណើត ភូមិដំណាក់ធ្នង់ ឃុំដំណាក់ធ្នង់ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកម្ចាស់ទូរស័ព្ទ មានឈ្មោះជា ចាន់សីហា អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិកធនាគារ ស្នាក់ផ្ទះលេខ៣៦អា ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពពីជនរងគ្រោះជាម្ចាស់ទូរស័ព្ទ ដៃ បានឱ្យដឹងថា នៅយប់មុនពេលកើតហេតុ គាត់បានទុកលុយចំនួន២០០ដុល្លារ និងទូរស័ព្ទ ដៃ២គ្រឿង នៅក្នុងកាបូបខ្មៅ ដោយ១គ្រឿង ម៉ាកអាយហ្វូន៥ និង១គ្រឿងទៀត ម៉ាកអាយ- ហ្វូន៦ ដោយទុកក្នុងបន្ទប់ឡៅតឿផ្នែកខាង ក្រោយ ហើយក៏ដេកលង់លក់ទៅ។ លុះព្រឹក ឡើងក្រោយ គាត់ភ្ញាក់ពីដេក រកមើលកាបូប ទុកលុយ និងទូរស័ព្ទនោះ ស្រាប់តែត្រូវចោរឆ្កឹះ តាមបង្អួចយកទៅបាត់។
ប្រភពដដែលបន្តថា ក្រោយពីដឹងថា បាត់ ទូរស័ព្ទដៃ និងលុយខាងលើ គាត់បើក GPS ដែលភ្ជាប់និងទូរស័ព្ទដៃទាំង២គ្រឿង ស្រាប់តែ GBS បង្ហាញទីតាំងទូរស័ព្ទគាត់ ហើយគាត់ បានធ្វើដំណើរទៅដល់ទីនោះ ក៏ជួបជនសង្ស័យ កំពុងយកទូរស័ព្ទគាត់ទៅលក់ ទើបប្តឹងសម្ថកិច្ច ឱ្យចាប់ឃាត់ខ្លួនយមទៅសាកសួរតែម្តង។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយ ចាប់ឃាត់ខ្លួន និងធ្វើការសាកសួរ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចយកលុយ និងទូរស័ព្ទរបស់ជនរងគ្រោះពិត ប្រាកដមែន ហើយពេលកំពុងយកទូរស័ព្ទមក លក់ ក៏ត្រូវម្ចាស់ទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង។ បន្ទាប់មកសមត្ថកិច្ចបានដកហូត លុយចំនួន២០០ដុល្លារ និងទូរស័ព្ទទាំង២គ្រឿង យកមកប្រគល់ឱ្យម្ចាស់ដើមវិញ។ ចំណែកជន សង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំ រឿងចាត់ការទៅតាមផ្លូវច្បាប់៕