ខេត្តកំពត ៖ យុវជនម្នាក់ ធ្លាប់ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈកូនក្រមុំអ្នកភូមិម្នាក់ ដែលរស់នៅជាប់របងផ្ទះគ្នា លុះខឹងនឹង ឪពុកនារីរងគ្រោះប្តឹងទាមទារសំណងជំងឺចិត្ត អស់ជិត៣លានរៀល ក៏ចងគំនុំទុកក្នុងចិត្ត រហូត ដល់ជួបជុំផឹកស៊ីជាមួយមិត្តភក្តិស្រវឹងធ្លាក់ភ្នែក នឹកឃើញរឿងចាស់ក៏ព្រួតគ្នាកាប់ប្រហារទៅ លើជនងគ្រោះ បណ្តាលឱ្យបាក់ធ្មេញគ្មានសល់ និងរងរបួសយ៉ាងធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិតូច ឃុំក្រាំង ស្រុកឈូក។
ជនរងគ្រោះ ដែលត្រូវក្រុមជនដៃដល់ ព្រួតកាប់បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះ អៃ ថា អាយុ៥៦ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់ រួមមានទី១–ឈ្មោះង៉ែត ទីត្រ រស់នៅផ្ទះជាប់ គ្នា ទី២–ឈ្មោះសុខ សន ទី៣–ឈ្មោះឃឿន និងទី៤–ឈ្មោះធី វណ្ណៈ រស់នៅភូមិជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៧ គេឃើញជនបង្ក ឈ្មោះង៉ែត ទីត្រ និងបក្ខពួក៣នាក់ទៀត បាន ជួបជុំគ្នាអង្គុយផឹកស្រានៅផ្ទះរបស់ខ្លួន ដែល ជាប់របងផ្ទះជាមួយជនរងគ្រោះ។ លុះក្រោយ ពេលស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ជនបង្កហេតុ ឈ្មោះង៉ែត ទីត្រ បាននិយាយឌឺដងទៅកាន់ជន– រងគ្រោះទាក់ទងទៅនឹងរឿងចាស់កន្លងមក ដែលជនបង្កហេតុធ្លាប់ចាប់រំលោភសេពសន្ថវៈ កូនស្រី និងត្រូវជនរងគ្រោះជាឪពុកនារីរងគ្រោះ ប្តឹងឱ្យសងលុយ។
ប្រភពដដែលបន្តថា លុះបន្តិចក្រោយមក ក្រុមជនបង្កដែលប្រដាប់ដោយដំបងជ្រុង និង ពូថៅ បានស្ទុះចូលទៅវាយដំ និងកាប់ប្រហារ ជនរងគ្រោះទាំងកំរោល បណ្តាលឱ្យជនរងគ្រោះ បាក់ធ្មេញទាំងអស់ និងរងរបួសសុសខ្លួន សន្លប់ ស្តូកស្តឹងក្នុងថ្លុកឈាម និងត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។ ចំណែកក្រុមជនដៃដល់ បាននាំគ្នារត់គេចខ្លួន បាត់ស្រមោលអស់។
ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី០៤ ខែ កុម្ភៈ ឆ្នាំ២០១៧ ក្រុមគ្រួសារជនរងគ្រោះបាន ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលក្រាំង ដើម្បី ឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ជូនជនរងគ្រោះ ខណៈដែលក្រុមជនបង្កហេតុបាននាំគ្នារត់ចេញ ពីភូមិបាត់ស្រមោលអស់ទៅហើយ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យ ដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីភាគី ជនរងគ្រោះ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចបានកោះហៅភាគីក្រុមគ្រួសារជន– បង្កហេតុឈ្មោះង៉ែត ទីត្រ មកធ្វើការដោះស្រាយ ជាមួយភាគីរងគ្រោះ តែខាងជនបង្កហេតុបាន យល់ព្រមផ្តល់សំណងដល់ជនរងគ្រោះចំនួន ១លានរៀល ប៉ុន្តែភាគីជនរងគ្រោះបដិសេធ ដោយសំអាងថា ជនរងគ្រោះរងរបួសធ្ងន់ស្ទើរ ស្លាប់ស្ទើររស់ បែរជាសងសំណងត្រឹម១លាន រៀល ហេតុនេះខាងជនរងគ្រោះ សម្រេចដាក់ ពាក្យប្តឹងពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា និងស្នើឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង។
តាមសម្តីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ បានបញ្ជាក់ថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ជនសង្ស័យឈ្មោះង៉ែត ទីត្រ ដែល រស់នៅជាប់របងផ្ទះគ្នាបានធ្វើសកម្មភាពចាប់ រំលោភសេពសន្ថវៈកូនស្រីរបស់គាត់ និងត្រូវ បានក្រុមគ្រួសារគាត់ធ្វើការប្តឹងផ្តល់ ដោយអូស បន្លាយអស់រយៈពេលរាប់ខែ ចុងក្រោយត្រូវ បានធ្វើការសម្របសម្រួលដោយខាងជនបង្កហេតុឈ្មោះង៉ែត ទីត្រ បានសងជំងឺចិត្តចំនួន២ លាន និង៦០ម៉ឺនរៀល ដើម្បីបញ្ចប់រឿង។ ចំណែក រឿងដែលជនសង្ស័យលើកគ្នាមកកាប់ប្តីគាត់ ឱ្យរងរបួសធ្ងន់ស្ទើរស្លាប់នេះ គាត់សង្ស័យថា ជនសង្ស័យគុំកួនរឿងចាប់រំលោភកូនស្រីគាត់ ត្រូវពួកគាត់ប្តឹងទាមទារសំណង ទើបលើកគ្នា មកកាប់ប្តីគាត់ប៉ងសម្លាប់ចោល ដើម្បីជាការសងសឹកតែម្តង៕