Saturday, May 4, 2024
Homeព័ត៌មានជាតិខ្លោងទ្វារសង្ក្រាន្ត ផ្សាយគ្រឿងស្រវឹង អ្នកវិភាគថា ប៉ះពាល់គុណតម្លៃវប្បធម៌ជាតិ

ខ្លោងទ្វារសង្ក្រាន្ត ផ្សាយគ្រឿងស្រវឹង អ្នកវិភាគថា ប៉ះពាល់គុណតម្លៃវប្បធម៌ជាតិ

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា ខ្លោងទ្វារសង្រ្កាន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលមានភ្ជាប់ជាមួយរូបភាពនៃការផ្សាយគ្រឿងស្រវឹង ធ្វើឲ្យប៉ះពាល់គុណតម្លៃវប្បធម៌ជាតិ ។ ដូច្នេះគួរតែដកចេញ ហើយជំនួសមកវិញនូវអ្វីដែលជាមរតកវប្បធម៌ខ្មែរ ពីដូនតា ក្បូរក្បាច់រចនានៃព្រលឹងជាតិ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ថា រាជធានីភ្នំពេញ កំពុងតែបង្ហាញខ្លោងទ្វារ ដ៏ស្រស់ស្អាត ជាច្រើនកន្លែង សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ឬសង្ក្រាន្ត។ ប៉ុន្តែខ្លោងទ្វារខ្លះ នៅមានភ្ជាប់ការផ្សាយស្រាបៀរ។ ដូច្នេះសម្រាប់បុណ្យប្រពៃណីជាតិ ដូចចូលឆ្នាំថ្មី អាជ្ញាធរ គួរតែដកការផ្សាយគ្រឿងស្រវឹងទាំងនោះចេញ ពីព្រោះវាប៉ះពាល់ដល់គុណតម្លៃនៃវប្បធម៌ជាតិ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ប្រាប់”នគរធំ” នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ថា “បាទ! ជាទូទៅ ប្រហែលជាខ្ញុំ និងប្រជាពលរដ្ឋយើងមួយចំនួន ដែលរស់នៅក្នុងរាជធានីភ្នំពេញ ឬក៏ឆ្លងកាត់ផ្លូវធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញនេះ បានឃើញនូវការដាក់តាំងខ្លោងទ្វារដែលមានក្បូរក្បាច់រចនា ដោយសាលារាជធានីភ្នំពេញ ដើម្បីអបអរនិងទទួលឆ្នាំថ្មី នៅពេលខាងមុខនេះ ឃើញថា មានការដាក់តាំងច្រើនកន្លែង ហើយគុណភាពនិងទឹកដៃនៃការរចនាហ្នឹង ក៏មានភាពស្រស់ស្អាត ទាក់ទាញជាងលើកមុនៗ ដែលជារឿងល្អ ដើម្បី ទី១ ទាំងការអភិរក្ស អភិវឌ្ឍស្នាដៃសិល្បៈរបស់ខ្មែរយើងហ្នឹង។ ទី២ ជាការតាំងលម្អដើម្បីបង្កបង្កើតឲ្យមានទេសភាព ទិដ្ឋភាពបែបប្រពៃណី បែបវប្បធម៌ ដើម្បីអបអរសាទរពិធីចូលឆ្នាំខ្មែរយើងហ្នឹង ។ ប៉ុន្តែអ្វីដែលជារឿងមិនគួរគប្បីនោះ ខ្ញុំក៏សង្កេតឃើញខ្លោងទ្វារមួយចំនួនហ្នឹង ក៏មានការភ្ជាប់ទៅនឹងឡូហ្គោ និងខិត្តបណ្ណ ផ្ទាំងផ្សព្វផ្សាយរបស់ក្រុមហ៊ុនស្រាបៀរ ដែលការដាក់តាំងនេះ សម្រាប់ខ្ញុំ ក៏ដូចជាពលរដ្ឋមួយចំនួនទៀតដែលបានបញ្ចេញមតិតាមហ្វេសប៊ុក អីជាដើមហ្នឹង ឃើញថា វាមិនគួរទេ ការដាក់តាំងស្លាកស្រាបៀរ ឬក៏ផ្ទាំងផ្សព្វផ្សាយស្រាបៀរភ្ជាប់ជាមួយនឹងខ្លោងទ្វារបែបប្រពៃណី បែបវប្បធម៌ ដើម្បីអបអរទិវាបុណ្យចូលឆ្នាំថ្មីហ្នឹង គឺជារឿងមិនគួរគប្បី ពីព្រោះ ទី១ ពិធីនេះ ជាពិធីបុណ្យជាតិ។ ទី២ ខ្លោងទ្វារហ្នឹង វាបង្កប់នូវលក្ខណៈសិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់យើង ។ អ៊ីចឹងទៅ ការភ្ជាប់ទៅនឹងស្រាបៀរ គ្រឿងស្រវឹង ទៅនឹងខ្លោងទ្វារលម្អហ្នឹង វាធ្វើឲ្យបាត់បង់គុណតម្លៃនៃវប្បធម៌ ហើយបន្ថែមទៅលើហ្នឹងទៀត ក៏វាទៅជារបស់តាំងបង្ហាញ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយគ្រឿងស្រវឹង ជាពិសេសស្រាបៀរ នៅក្នុងសង្គម ហើយដូចយើងដឹងស្រាប់ហើយ នៅក្នុងស្រុកខ្មែរ សព្វថ្ងៃនេះ គ្រឿងស្រវឹង ជាពិសេសគឺស្រាបៀរហ្នឹង កំពុងតែជោរជន់នៅក្នុងសង្គមយើង ហើយការសេពគ្រឿងស្រវឹងដ៏ជោរជន់នៅក្នុងសង្គមហ្នឹង កូនខ្មែរហ្នឹង ក៏ប្រឈមមុខទៅនឹងបញ្ហាជាច្រើនផងដែរ ដោយសារតែគ្រឿងស្រវឹង ព្រមទាំងពីអំពើហិង្សាកើតនៅក្នុងគ្រួសារ អំពើហិង្សានៅក្នុងសង្គម រហូតទៅដល់បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យមនុស្សបាត់បង់ជីវិតជាច្រើននាក់ ក្នុង១ថ្ងៃ និងខូចខាតសម្ភារៈ អស់រាប់រយលាន ក្នុង១ឆ្នាំៗ ។ ហេតុនេះហើយ ការកាត់បន្ថយ និងលុបបំបាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង ស្រាបៀរ តាមទីសាធារណៈហ្នឹង គឺជារឿងចាំបាច់ ដើម្បីកុំឲ្យការផ្សព្វផ្សាយហ្នឹង ក្លាយជាការជំរុញបន្ថែម ពីព្រោះសព្វថ្ងៃនេះ ស្រាបៀរយើងកំពុងតែជោរជន់ស្រាប់ហើយ មិនបាច់រុញថែមទៀតទេ ហើយសម្រាប់ខ្ញុំ ក៏មើលឃើញថា ក្រុមហ៊ុនស្រាបៀរហ្នឹង ក៏មិនខ្វះកន្លែង និងខ្វះពេលវេលាផ្សព្វផ្សាយទេ គួរតែដកចេញ ឬក៏លើកលែងការដាក់តាំងបង្ហាញនូវភ្ជាប់ជាមួយនឹងខ្លោងទ្វារ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ឬពិធីបុណ្យសាសនា ក៏ដូចពិធីបុណ្យជាតិដទៃទៀត កុំឲ្យគេមើលឃើញថា យើងគឺជាប្រទេសស្រវឹង មើលឃើញស្អីក៏គ្រឿងស្រវឹង ។ តាមពិត បរទេស គេចម្លែកចិត្តស្រាប់ទៅហើយ នៅពេលដែលគេដើរទៅណា ក៏ឃើញតែស្លាកស្រាបៀរ គ្រប់តែទិសទីនៅក្នុងស្រុកយើង ដោយសារតែការផ្សព្វផ្សាយគ្រឿងស្រវឹងហ្នឹង វាសឹងតែហួសចន្ទោល វាហួសវិស័យ ។ យើងអត់មានច្បាប់នៅក្នុងការគ្រប់គ្រងស្រវឹង ហើយក្រមសីលធម៌នៅក្នុងការផ្សព្វផ្សាយគ្រឿងស្រវឹង ក៏យើងអត់មានទៅទៀត ។ ដូច្នេះមានតែការអំពាវនាវជាសាធារណៈ ហើយនិងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ និងក្រុមហ៊ុនឯកជន ។ ខ្ញុំមិនដឹងថា ខ្លោងទ្វារមួយចំនួនដែលភ្ជាប់ស្រាបៀរនៅជាមួយហ្នឹង ផ្សព្វផ្សាយស្លាកសញ្ញាស្រាបៀរជាមួយហ្នឹង ជាការឧបត្ថម្ភរបស់ក្រុមហ៊ុនស្រាបៀរ ឬក៏យ៉ាងណាទេ ប៉ុន្តែសម្រាប់ខ្ញុំ រដ្ឋនៅក្នុងសម័យនេះ មិនជាខ្វះលុយទេ សម្រាប់ការសាងសង់ខ្លោងទ្វារ ពីព្រោះរដ្ឋមួយឆ្នាំៗ ប្រមូលពន្ធពីរាស្រ្តទៅហ្នឹង ក៏មិនតិចដែរ ។ ហេតុដូច្នេះហើយ គ្រាន់តែខ្លោងទ្វារបួនប្រាំហ្នឹង មិនចាំបាច់ក្រុមហ៊ុនឯកជន ជាពិសេសក្រុមហ៊ុនស្រាបៀរ ឧបត្ថម្ភដែរហ្នឹង អាហ្នឹងវាមិនជាការគប្បីទេ ។ ហើយទី២ ក្រុមហ៊ុនឯកជនហ្នឹង ដែលជាក្រុមហ៊ុនស្រាបៀរហ្នឹង មិនខ្វះកន្លែងផ្សព្វផ្សាយទេ នៅពេលបច្ចុប្បន្នហ្នឹង ។ ដូច្នេះបើសិនជាជ្រុលតែជួយហើយ ក៏មិនបាច់ចង់បានសគុណអីពីការដាក់តាំងស្លាកផ្បព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួននៅលើ ឬក៏ភ្ជាប់ទៅនឹងខ្លោងទ្វារដែលមានលក្ខណៈជាវប្បធម៌ សម្រាប់លម្អពិធីបុណ្យជាតិ ដូចជាពិធីបុណ្យចូលឆ្នាំថ្មី ជាដើម“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “តាមពិត ខ្មែរយើងមានក្បូរក្បាច់រចនាច្រើនណាស់ រាប់មិនអស់ទេ យើងឃើញមានទាំងក្បូរក្បាច់ ដែលអាចរំលេចចងជារំយោលក៏មាន ជាក្បូរក្បាច់ដែលដាក់តាំងក៏មាន ។ ដូច្នេះជំនួសឲ្យរបាំងផ្សព្វផ្សាយស្រាបៀរហ្នឹង យើងមានក្បូរក្បាច់ច្រើនណាស់ ទាក់ទងនឹងប្រពៃណីបុណ្យចូលឆ្នាំថ្មី ដែលអាជ្ញាធរហ្នឹងអាចយកមកតាំងជំនួសបាន ហើយជាពិសេសបើពិបាកទៅរកនៅឯណាទេ ទៅរកនៅសាលាភូមិន្ទវិចិត្រសិល្បៈនោះ យើងឃើញសាស្រ្តាចារ្យ និងនិស្សិតនៅសាកលវិទ្យាល័យ គេធ្វើពិធីអបអរចូលឆ្នាំថ្មីហ្នឹង មានក្បូរក្បាច់រចនា ការដាក់តាំងរបស់គេហ្នឹងស្អាតណាស់ ដែលសាលារាជធានីភ្នំពេញ ឬក៏អាជ្ញាធរពាក់ព័ន្ធហ្នឹង អាចទៅដកស្រង់យកមកដាក់តាំងបង្ហាញ ទី១ ដើម្បីឲ្យកូនខ្មែរយើង សាធារណជនបានដឹង ហើយទី២ ក៏ជួយផ្សព្វផ្សាយវប្បធម៌យើង ដល់ជនបរទេសដែលគេនឹងមកលេងស្រុកយើង ឬក៏ឆ្លងកាត់ពីរាជធានីភ្នំពេញហ្នឹង ។ រឿងការដាក់តាំងក្បូរក្បាច់រចនា មរតកវប្បធម៌នេះ គឺជារឿងចាំបាច់ ។ តាមពិតយើងមានច្រើនណាស់ មិនបាច់ទៅរកឯណាទេ សព្វថ្ងៃយើងគាស់កកាយតែក្បូរក្បាច់រចនាទៅតាមជញ្ជាំងប្រាសាទ គំរូបុរាណហ្នឹង យកមកដាក់តាំងហ្នឹង ក៏យើងតាំងមិនអស់ផង វាខុសពីស្រុកខ្លះ រកតែស្អីមួយដែលជារបស់បុរាណរបស់ខ្លួន មិនមានផង យើងហ្នឹងវាសម្បូរហើយ ។ ដូច្នេះសំខាន់គឺចេះយកវាមកដាក់តាំងបង្ហាញ ហើយយកមកបង្ហោះ យកមកបង្ហាញ ដើម្បីមានការចាប់អារម្មណ៍ និងចេះប្រើមរតកក្បូរក្បាច់រចនាហ្នឹង ដើម្បីជាទុននៅក្នុងការរចនាឧបករណ៍ ឬសម្ភារៈប្រើប្រាស់នៅក្នុងសម័យទំនើបនេះ ដោយបង្កប់ទាំងអត្តសញ្ញាណរបស់ខ្មែរហើយ វាមានតម្លៃ មានសម្រស់ផ្នែកសិល្បៈទៀតផង“ ។

ជុំវិញការលើកឡើងរបស់អ្នកវិភាគ ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការឆ្លើយតបពីលោកមេត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានទេ កាលពីល្ងាចម្សិលមិញ ដោយលោកមិនលើកទូរស័ព្ទ ។

ចំណែកលោកស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា លោកសុំមិនមានមតិ ឬធ្វើការបកស្រាយ ជុំវិញរឿងនេះទេ គឺសុំឲ្យសួរទៅសាលារាជធានីភ្នំពេញ ព្រោះនេះជាការរៀបចំរបស់សាលារាជធានីភ្នំពេញ ។

ទោះបីយ៉ាងណា លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ថា បើតាមការស្មានរបស់លោក សាលារាជធានីភ្នំពេញ ទទួលបានឧបត្ថម្ភពីក្រុមហ៊ុនស្រាបៀរ ក្នុងការរៀបចំខ្លោងទ្វារសង្កា្រន្តឆ្នាំថ្មី ។ ដូច្នេះដើម្បីជាការតបស្នងនឹងការជួបរៀបចំ ឧបត្ថម្ភគាំទ្រជាថវិកានេះ ទើបសាលារាជធានីភ្នំពេញ ចាំបាច់ត្រូវដាក់ភ្ជាប់ជាមួយនូវការផ្សព្វផ្សាយគ្រឿងស្រវឹង នៅលើខ្លោងទ្វារសង្រ្កានទាំងនោះ ។

លោកបណ្ឌិត ឈត ប៊ុនថង បានមានប្រសាសន៍ថា “បើតាមខ្ញុំស្មានហ្នឹង គឺក្រុមហ៊ុនស្រាបៀរហ្នឹង គេជួយឧបត្ថម្ភហើយ ក្នុងការធ្វើខ្លោងទ្វារ ធ្វើអីទាំងអស់ហ្នឹង ឬក៏ឧបត្ថម្ភផ្នែកណាមួយ នៃការប្រារព្ធពិធីសង្រ្កាន្ត ដែលរៀបចំដោយសាលារាជធានីភ្នំពេញ ហ្នឹងហើយ ។ អ៊ីចឹងហើយបានជាមានការដាក់ឡូហ្គោ ។ ខ្ញុំថា វាជាការពិបាកដែរមើលទៅ បើសិនជាសាលារាជធានីភ្នំពេញ គាត់មានលុយខ្លួនឯង សម្រាប់ធ្វើខ្លោងទ្វារ សម្រាប់រៀបចំអី គាត់មិនត្រូវការភ្ជាប់នូវការផ្សព្វផ្សាយគ្រឿងស្រវឹងហ្នឹងទេ ប៉ុន្តែបើសិនជាគាត់ខ្វះលុយ គាត់អត់មានលុយ អ៊ីចឹងពិបាកនឹងចៀសហើយ ព្រោះអ្នកឧបត្ថម្ភហ្នឹង ចង់មិនមិនចង់ ត្រូវបង្ហាញឈ្មោះគេខ្លះ ដើម្បីជាការតបស្នងទៅនឹងការជួយនៅក្នុងការរៀបចំអីជាដើម ហើយកន្លងមកក៏មានការលើកឡើងដែរថា ទូរទស្សន៍អីផ្សេងៗ សារព័ត៌មានផ្សេងៗហ្នឹង ចេះតែផ្សាយគ្រឿងស្រវឹង ប៉ុន្តែខាងទូរទស្សន៍វិញ គាត់លើកថា ការផ្សព្វផ្សាយគ្រឿងស្រវឹងហ្នឹង វាជាចំណូលមួយធំសម្រាប់ទ្រទ្រង់ដំណើរការប្រតិបត្តិការរបស់ទូរទេស្សន៍គាត់ហ្នឹង ។ បើសិនជាឲ្យឈប់ផ្សាយទៅ វាប៉ះពាល់ អ៊ីចឹងសុទ្ធតែជារឿងដែលបាតដៃក៏សាច់ ខ្នងក៏សាច់ ។ ឥឡូវនេះរឿងដែលសំខាន់ យើងបង្កើនការអប់រំរឿងប្រជាពលរដ្ឋយើងវិញ បង្កើនការអប់រំប្រជាពលរដ្ឋទាំងពេញវ័យ ទាំងកុមារ យុវជនអីទាំងអស់ហ្នឹង ទាក់ទងនឹងការសេពស្រាបៀរ អីទៅវិញទៅ ។ បើមិនអ៊ីចឹងទេ វានៅតែកើតមានការសេពសុរា សេពគ្រឿងញៀនអីហ្នឹង ព្រោះការផ្សាយហ្នឹងវាជាប់ពាក់ព័ន្ធ។ មែនទែនទៅ តាំងពីសម័យយូរលង់មកហើយហ្នឹង កាលដែលមិនទាន់មានការផ្សព្វផ្សាយទូលំទូលាយដូចបច្ចុប្បន្នហ្នឹង តាំងពីជំនាន់ព្រះនោះ គេរកឃើញថា អ្នកសេពសុរា សេពគ្រឿងស្រវឹងហ្នឹង ក៏មានដូចគ្នា ។ អ៊ីចឹងយើងពិតជាមានការលំបាកមែនរឿងអស់ហ្នឹង អ៊ីចឹងបើយើងមិនអាចទប់មិនឲ្យការភ្ជាប់គ្រឿងស្រវឹងហ្នឹងទៅរឿងផ្សេងៗទេ គឺយើងធ្វើម៉េចពន្យល់ប្រជាពលរដ្ឋយើង ឲ្យកាត់បន្ថយការសេពគ្រឿងស្រវឹង ហ្នឹងក៏ជាវិធីល្អម្យ៉ាងដែរ“ ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ បាននិងកំពុងរៀបចំតែងលម្អខ្លោងទ្វារ ភ្លើងលម្អ នៅបរិវេណរមណីយដ្ឋានវត្តភ្នំ និងតាមដងវិថីនានា នៅរាជធានីភ្នំពេញ ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងកាលពីចុងខែមីនា ថា «សង្ក្រាន្តវត្តភ្នំ» នឹងត្រូវបានរៀបចំឡើង ជាមួយនឹងកម្មវិធីកម្សាន្ត ប្រពៃណីជាតិ រួមមាន កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ និងការកម្សាន្ត ល្បែងប្រជាប្រិយជាតិជាច្រើន ដូចជា ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ។ បន្ថែមលើសពីនេះ ក៏មានការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេងកម្សាន្ត ការតាំងពិព័រណ៍គំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌ផងដែរ។

ក្រៅពីរដ្ឋបាលរាជធានីភ្នំពេញ រៀបចំ «សង្ក្រាន្តវត្តភ្នំ» នៅតាមបណ្តាខណ្ឌនានា ក៏រៀបចំសង្ក្រាន្ត តាមបណ្តាខណ្ឌដែរ ។ ចំណែកនៅតាមបណ្តាខេត្តនានា ក៏បានរៀបចំសង្ក្រាន្ត ខេត្តរបស់ខ្លួន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ​២៥៦៨ គ្រិស្តសករាជ ២០២៤ ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយផងដែរ ៕ កុលបុត្រ

RELATED ARTICLES