Sunday, May 26, 2024
Homeព័ត៌មានជាតិកូនធម៌សម រង្ស៊ី រំលឹករឿងកឹម សុខា ឲ្យស្រីមុំ ៥០០ដុល្លារ ស៊ើបចោទចាប់

កូនធម៌សម រង្ស៊ី រំលឹករឿងកឹម សុខា ឲ្យស្រីមុំ ៥០០ដុល្លារ ស៊ើបចោទចាប់

ភ្នំពេញ ៖ លោកសុភ័ណ្ឌ ឡារី ប្រធានបណ្ដាញយុវជនកម្ពុជាសកល និងជាកូនធម៌លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) និងអតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង ដែលកំពុងរស់និរទេសនៅក្រៅប្រទេស បានលើកឡើងថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ពិតជាមានស្តង់ដារ២ ស្តែងចេញតាមរយះសំណុំរឿងលោកកឹម សុខា អតីតប្រធាននៃគណបក្សសង្រ្គោះជាតិ ដែលរងការចោទប្រកាន់ពាក់ព័ន្ធស្នេហាជាមួយកញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ បានឲ្យលុយនាង ត្រឹមតែ៥០០ដុល្លារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតឈានដល់ការចាប់ខ្លួនមនុស្ស ៥នាក់ ដាក់គុក ដែលក្នុងនោះ មានអតីតមេឃុំបក្សប្រឆាំង និងមន្រ្តីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ផងដែរ ។ ប៉ុន្តែសំណុំរឿងថ្មីៗនេះ ករណីគ្រូជោគជ័យ ក្រុមហ៊ុនមួយ បោកលុយពលរដ្ឋ ដល់ទៅ ៣០០លានដុល្លារ ល្បីពេញផ្ទៃប្រទេស បែរជាលោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សំងំស្ងាត់ឈឹង មិនឃើញមានចំណាត់ការអ្វី ។

លោកសុភ័ណ្ឌ ឡារី បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា រំលឹកដល់រឿងលោកកឹម​ សុខា និងស្រីមុំ នោះថា “ឱម យ៉ិនទៀង កាលលុយ $500 លោកកឹម សុខា ឲ្យស្រី តាមស៊ើប ស្រាវជ្រាវ ចោទ ចាប់មនុស្ស ៤-៥នាក់ ដាក់គុកលេង ។ ឥឡូវនេះ គ្រូជោគជ័យមួយក្រុម ល្បីល្បាញពេញប្រទេស បោកប្រាស់លុយពលរដ្ឋខ្មែរ ជិត ១០០លានដុល្លារ ឱម យ៉ិនទៀង ស្ងាត់ឈឹង ដូចបាត់ពីផែនដីអ៊ីចឹង“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកសុភ័ណ្ឌ ឡារី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ថា ការដែលថា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស្ងាត់ឈឹង មិនចាត់ការគ្រូជោគជ័យបោកលុយពលរដ្ឋ ជិត១០០លានដុល្លារនោះ គឺលោកចង់បញ្ជាក់ថា ការដោះស្រាយបញ្ហានៅស្រុកខ្មែរ បច្ចុប្បន្ននេះ បក្ខពួកនិយម គ្រួសារនិយម ។ បើអ្នកមានខ្សែនៅខាងក្រោយធំ គឺពិបាកក្នុងការដោះស្រាយណាស់ ហើយអង្គភាពប្រឆាំងអំពើពុករលួយ ឬក៏តុលាការ មិនដោះស្រាយតែម្ដង បើរឿងក្ដីខ្លះ ។

លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍ថា “អ្វីដែលសំខាន់បំផុតហ្នឹង គឺយើងចង់បញ្ជាក់ ហើយយើងលើកទឡ្ហីករណ៍ដែលជាក់ស្ដែង ដើម្បីឲ្យប្រជាពលរដ្ឋបានថា ការដែលបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ មកហ្នឹង គឺការដោះស្រាយបញ្ហាសម្រាប់ឲ្យស្មើភាពគ្នាហ្នឹង វាអត់មានទេ ។ អ៊ីចឹងហើយ បានខ្ញុំលើកឡើងទាក់ទងទៅនឹងរឿងក្ដីរបស់លោកកឹម សុខា ដែលពាក់ព័ន្ធនឹងថវិកា ៥០០ដុល្លារហ្នឹង គឺមើលទៅអង្គភាពប្រឆាំងអំពើពុករលួយហ្នឹង ស្វះស្វែងណាស់ ខំប្រឹងប្រែងណាស់ រហូតស្រាវជា្រវមន្រ្តីពីអង្គការអាដហុក ៤ទៅ៥នាក់ ចាប់ដាក់គុក តែថ្មីៗនេះ ក្រុមមួយចំនួននេះ ដែលគាត់មានចំណេះដឹង ហើយគាត់នាំគ្នាបង្កើតព្រឹត្តិការណ៍មួយ បោកលុយប្រជាពលរដ្ឋ ជិត ១០០លានដុល្លារ ហើយអង្គភាពប្រឆាំងអំពើពុករលួយ គឺស្ងាត់ឈឹង មិនព្រមដោះស្រាយទេ ។ អាហ្នឹងយើងចង់បញ្ជាក់ឲ្យប្រជាពលរដ្ឋគាត់ដឹងថា ការដោះស្រាយបញ្ហានៅស្រុកខ្មែរ បច្ចុប្បន្ននេះ គឺវាបក្ខពួកនិយម គ្រួសារនិយម ។ អ៊ីចឹងហើយបានថា អ្នកមានខ្សែនៅខាងក្រោយធំ គឺពិបាកក្នុងការដោះស្រាយណាស់ ហើយអង្គភាព ឬក៏តុលាការហ្នឹង គឺមិនដោះស្រាយតែម្ដង បើរឿងក្ដីខ្លះ ។ បានន័យថា វាជាការពិត វាស្ដង់ដារពីរ ជាក់ស្ដែងដូចរឿងនយោបាយដែរ យើងដឹងស្រាប់ហើយ បើរឿងអ្នកនយោបាយវិញ តុលាការកាត់ក្ដីពន្យារពេលរហូតហ្នឹង ទោះបីជារឿងនោះមិនពិតក៏ដោយ តុលាការខំពន្យារពេលរហូតដល់រាប់សិបឆ្នាំ ហើយរឿងខ្លះ កាត់កំបាំងមុខ រឿងខ្លះចោទប្រកាន់ដោយអត់មានភ័ស្តុតាងត្រឹមត្រូវផង ដូចជារឿងលោកកឹម សុខា ជាដើម ចោទរឿងដែលមានបរទេសនៅពីក្រោយហ្នឹង រហូតដល់ប៉ុន្មានឆ្នាំហើយ ដោះស្រាយមិនទាន់ចេញទេ នៅតែចោទប្រកាន់ដដែលៗហ្នឹង ប៉ុន្តែរកភ័ស្តុតាងមិនឃើញអ្នកដែលនៅពីក្រោយហ្នឹង ។ អ៊ីចឹងហើយបានយើងក្រឡេកមកវិញថា ការដោះស្រាយបញ្ហានៅស្រុកខ្មែរ គឺជាស្ដង់ដារពីរ ។ សម្រាប់ជនស្លូតត្រង់ អ្នកទន់ទាប អ្នកដែលគ្មានអំណាច ឬអ្នកដែលមិនមែនជាបក្ខពួករបស់របបមួយហ្នឹង ត្រូវគេចោទប្រកាន់ ត្រូវគេលាបពណ៌ ត្រូវគេធ្វើបាបសេរី ប៉ុន្តែបើសិនជាអ្នកណាម្នាក់ដែលមានខ្នងធំ ពីរបបមួយហ្នឹង ឬក៏កាងដោយក្រុមគ្រួសារមួយហ្នឹង ត្រូវជារួចខ្លួន ត្រូវជាអត់មានបញ្ហាអីពន្យារពេលរហូតមកដល់ឥឡូវក៏មានដែរ“ ។

លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍បន្តថា “ធម្មតាទេ ថវិកាដែលយើងរកចំណូលពីប្រជាពលរដ្ឋមក ដើម្បីបោះវិនិយោទុនទៅលើរឿងអីមួយ ដើម្បីបានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ហើយនេះមិនថាជារឿងអង្គការ ឬក៏សមាគម ឬក៏ក្រុមហ៊ុនមួយបង្កើតមកគ្មានច្បាប់ទម្លាប់ដែរ គឺមានការទទួលខុសត្រូវចេញពីរដ្ឋ ។ អ៊ីចឹងដែលចូលរដ្ឋ គឺរដ្ឋត្រូវតែដឹងហើយ ព្រោះក្រុមហ៊ុនដែលចុះបញ្ជីនៅក្នុងរដ្ឋ គឺរដ្ឋជាអ្នកទទួលខុសត្រូវ ។ ដូច្នេះហើយ បើសិនជារឿងនេះកើតឡើងចំពោះប្រជាពលរដ្ឋ ដូចបច្ចុប្បន្ននេះ ហើយអង្គភាពដែលពាក់ព័ន្ធ មិនអើពើ យើងគិតមើលទៅ តើវាត្រឹមត្រូវដែរឬទេ? អ៊ីចឹងខ្ញុំនៅតែមានគំនិតចង់ឲ្យអង្គភាពពាក់ព័ន្ធហ្នឹងស្រាវជ្រាវ ដើម្បីតាមដានមើលថា តើប្រភពថវិកាដែលអ្នកណាមានសិទ្ធិដក មានសិទ្ធិប្រមូលហ្នឹង កោះហៅមក ដើម្បីដោះស្រាយបញ្ហាហ្នឹង ឲ្យវាឆាប់ចាប់ ពីព្រោះអ្នកទាំងអស់គ្នា ដូចដឹងស្រាប់ហើយ ទាំងរឿងឧកញ៉ាមួយចំនួនតូច រឿងអ្នករកស៊ីមួយចំនួនតូច បោកប្រាស់ប្រជាពលរដ្ឋ ចុងក្រោយឡុងចុង អត់មានលុយសងប្រជាពលរដ្ឋ ហើយលុយត្រូវចំណាយទៅក្រុមអ្នកនៅពីក្រោយខ្នងផង ចំណាយសម្រាប់ខ្លួនឯងផង ហ៊ឺហាផង ហើយអ្នកដែលរងគ្រោះ គឺពលរដ្ឋ អ្នកដែលនៅជំពាក់ធនាគារ អ្នកដែលនៅវ័ណ្ឌក ដែលត្រូវសម្លាប់ខ្លួន ឬក៏ចំណាកស្រុក ដោយសារតែគ្មានលុយសងបំណុលគេ គឺពលរដ្ឋ ឯអ្នកដែលបោកប្រាស់លុយគេហ្នឹង អ្នកដែលរស់ស្រួលហ្នឹង ត្រឹមតែជាប់គុក ត្រឹមតែធ្វើឆ្កួត ធ្វើជា ឬក៏មួយរយៈខ្លី ដែលមានខ្នងបង្អែក អាហ្នឹងយើងមិនឲ្យឃើញអាទិដ្ឋភាពហ្នឹងកើតឡើងក្នុងសង្គមខ្មែរយើងតទៀត“ ។

លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំសុំសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺជនរងគ្រោះ ដោយសារគេបោកប្រាស់ថវិកា ដោយសារគេបោកប្រាស់ទំនុកចិត្តរបស់ខ្លួន  ដំណាក់កាលកាលពេលនេះ គឺជាការដែលពួកយើងត្រូវរស់នៅក្រោមសម្ពាធមួយ បើសិនជាសម្ពាធមួយហ្នឹងជាការបោកប្រាស់ ហើយថវិកាយើងខំទៅខ្ចីឲ្យគេបោកបានជាបន្តបន្ទាប់អ៊ីចឹង វាពិតជាពិបាកនៅក្នុងការរស់នៅក្នុងសង្គមមួយហ្នឹងណាស់ ហើយយើងពិបាកដោះស្រាយបញ្ហាណាស់ ព្រោះធនាគារ គេអត់ទុកពេលឲ្យយើងទេ ធនាគារ ឬកន្លែងដែលគេឲ្យយើងខ្ចីលុយហ្នឹង គេមិនទុកពេល គេមិនពន្យារពេលឲ្យយើងទេ។ ប៉ុន្តែអ្វីដែលសំខាន់ លុយដែលគេបោកប្រាស់ហើយនោះ សូមឲ្យជនរងគ្រោះហ្នឹង ចេះចងជាសមាគម ចេះប្រមូលផ្ដុំគ្នា ចេះតវ៉ា កុំខ្លាច ។ បើសិនជាពេលណាដែលយើងពន្យារពេល ឬក៏យើងនៅតែខ្លាច ខ្លាចគេធ្វើបាប ខ្លាចទៅជាសាច់រឿងស្អីផ្សេងអ៊ីចឹង អ៊ីចឹងអាបំណុលហ្នឹង យើងនៅតែជំពាក់គេអ៊ីចឹងឯង ហើយយើងក៏ផ្ដល់ឱកាសឲ្យជនដែលទុច្ចរិតមួយក្រុមហ្នឹង ដើរតែបោកគេ ដើរធ្វើបាបគេជាបន្តបន្ទាប់ហ្នឹងឯង វាអត់បានទេ បើសិនជាយើងនៅស្ងៀម ។ ដូច្នេះហើយ យើងត្រូវចេះចងក្រងជាសមាគម ចេះទទូច ហើយចេះចូលរួម ដើម្បីទាមទារឲ្យរកយុត្តិធម៌សម្រាប់ខ្លួនឯង និងសង្គមជាតិ កុំឲ្យមានរងគ្រោះ បន្តនូវអំពើអាក្រក់តទៀត“ ។ 

ស្របនឹងការលើកឡើងរបស់លោកសុភ័ណ្ឌ ឡារី ខាងលើនេះ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅក្រៅប្រទេស បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ថា ករណីគ្រូជោគជ័យ ឆបោកប្រជាពលរដ្ឋ គួរតែអង្គភាពប្រឆាំងអំពើពុករលួយ តុលាការ ក៏ដូចជារដ្ឋាភិបាល ចាត់ការតាមច្បាប់ កុំនៅស្ងៀមដូចរាល់ថ្ងៃនេះ ។ បើមិនអ៊ីចឹងទេ ប្រាកដជាគេនិយាយថា ទាំងអង្គភាពប្រឆាំងអំពើពុករលួយ តុលាការ ក៏ដូចរដ្ឋាភិបាល អនុវត្តស្ដង់ដារពីរហើយ ព្រោះសូម្បីតែសំណុំរឿងលោកកឹម សុខា លុយតែ ៥០០ដុល្លារ ក៏ចោទ ចាប់ដាក់គុក តែដល់លុយរាប់រយលានដុល្លារ បែរជាមិនចាប់ដាក់គុកទៅវិញ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “ជាភាពខុសគ្នា ដែលកាលលោកកឹម សុខា ហ្នឹង ត្រូវបានគេថា មានស្នេហាជាមួយខុម ចាន់តារ៉ាទី ហៅស្រីមុំ ហើយនិងអង្គការអាដហុកហ្នឹង សួកលុយ ៥០០ដុល្លារ ទៅនាងស្រីមុំ ហ្នឹង ក៏ប៉ុន្តែអង្គភាពប្រឆាំងអំពើពុករលួយ បែរជាស៊ើបអង្កេតទៅវិញ ក៏ប៉ុន្តែដល់ក្រុមហ៊ុនស៊ីអាយស៊ី នេះ បោកប្រាស់ប្រជាពលរដ្ឋ រហូតដល់បោកឧកញ៉ាទៀតហ្នឹង ជិត​ ១​០០លានដុល្លារ ក៏ប៉ុន្តែបែរជាអង្គភាពប្រឆាំងអំពើពុករលួយ មិនស៊ើបអង្កេតទៅវិញ ។ អាហ្នឹងវាខុសគ្នាអ៊ីចឹងឯង ព្រោះអង្គភាពប្រឆាំងអំពើពុករលួយហ្នឹង គឺធ្វើការបម្រើតែត្រកូលហ៊ុន បម្រើគណបក្សប្រជាជន តែប៉ុណ្ណោះឯង មិនមែនដើម្បីប្រឆាំងអំពើពុករលួយពិតប្រាកដនោះទេ ហើយយើងមើលអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកស៊ាន បូរ៉ាត ហ្នឹង ក៏គប់គិតជាមួយអតីតឧកញ៉ា ឡេង ចាន់ណា បោកលុយប្រជាពលរដ្ឋហ្នឹង ហើយអង្គភាពប្រឆាំងអំពើពុករលួយ អត់មានទៅចាត់ការលោកស៊ាន បូរ៉ាត ផង ព្រោះគាត់ជាអនុប្រធានរបស់លោកឱម យ៉ិនទៀង រឿងអីគេទៅចាត់ការគ្នាគេ ។ គ្នាគេបោកប្រជាពលរដ្ឋ គេបានលុយដែរ គេត្រូវគាំទ្រគ្នាគេ ។ អាហ្នឹងអង្គភាពប្រឆាំងអំពើពុករលួយហ្នឹង មិនធ្វើការដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិទេ គឺបម្រើបក្ស ហើយនិងត្រកូលហ៊ុន តែប៉ុណ្ណោះឯង“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “ហើយគ្រូជោគជ័យហ្នឹង បោកប្រាស់ដល់ឧកញ៉ា ដល់ប្រជាពលរដ្ឋហ្នឹង រហូតដល់ប្រហែល ១០០លានជាងហ្នឹង ក៏ប៉ុន្តែបែរជាលោកឱម យ៉ិនទៀង នៅសំងំស្ងាត់ឈឹង អត់មានចាត់ការអីសោះ ដោយសារតែគ្រូជោគជ័យហ្នឹង ទាំងលោកគុយ វ៉ាត ហ្នឹង ដែលផ្ទេរលុយចេញពីក្រុមហ៊ុនស៊ីអាយស៊ី ទៅដាក់ក្រុមហ៊ុនរបស់ខ្លួនហ្នឹង ៨៧លានដុល្លារហ្នឹង ដែលផ្ទេរចូលទៅក្នុងក្រុមហ៊ុនរបស់ខ្លួនហ្នឹង ក៏ប៉ុន្តែអត់មានចំណាត់ការអីនោះទេ ព្រោះគាត់មានខ្នងក្រាស់ ហើយពាក់ព័ន្ធទៅនឹងលោកយ៉ង់ ប៉ាក់ ដែលបានចោទថា លោកគុយ វ៉ាត ហ្នឹង ប្រធានក្រុមប្រឹក្សាភិបាលពីមុនរបស់ស៊ីអាយស៊ី ហ្នឹង សហការជាមួយនឹងលោកព្រាប កុល ផ្ទេរលុយចេញទៅដាក់នៅក្រុមហ៊ុនផ្ទាល់ខ្លួនហ្នឹង ។ អ៊ីចឹងមានន័យថា រឿងហ្នឹង វាពាក់ព័ន្ធទៅនឹងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ហើយនិងមានអ្នកនៅពីក្រោយខ្នងធំៗ ។ ដូច្នេះហើយ បានជាតុលាការ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយហ្នឹង មិនហ៊ានចាត់ការចំពោះរឿងហ្នឹងនោះទេ ។ លោកគុយ វ៉ាត ហ្នឹង បានផ្ទេរលុយ ចំនួន៨៧លានដុល្លារ ចូលទៅក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់ ឈ្មោះសែលឡែននៀម គ្រុប ទៅវិនិយោគនៅក្រុមហ៊ុនរបស់គាត់ហ្នឹង ដែលផ្ទុយទៅនឹងច្បាប់ ផ្ទុយទៅនឹងបទប្បញ្ញត្តិនៅក្នុងក្រុមហ៊ុនស៊ីអាយស៊ី ។ អ៊ីចឹងលោកគុយ វ៉ាត ហ្នឹង ប្រាកដជាមានខ្នងក្រាស់ហើយ បានជាតុលាការ ទាំងអង្គភាពប្រឆាំងអំពើពុករលួយហ្នឹង ទាំងរដ្ឋាភិបាលហ៊ុន ម៉ាណែត ហ្នឹង មិនហ៊ានចាត់ការចំពោះរឿងហ្នឹង នៅស្ងាតស្ងៀមរហូតដល់ថ្ងៃនេះ ព្រោះមានពាក់ព័ន្ធនៅពីក្រោយខ្នងធំៗ ហើយនិងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលផងដែរ“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តទៀតថា “យ៉ាងណា ខ្ញុំថាអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាតុលាការ ក៏ដូចជារដ្ឋាភិបាលហ្នឹង ត្រូវតែស៊ើបអង្កេតលើរឿងហ្នឹង ហើយចាប់អ្នកផ្ទេរលុយចេញពីក្រុមហ៊ុនស៊ីអាយស៊ី ទៅក្រុមហ៊ុនផ្ទាល់ខ្លួន ក៏ករណីដែលឆបោកប្រជាពលរដ្ឋ ឬហៅថា ករណីគ្រូជោគជ័យឆបោកប្រជាពលរដ្ឋហ្នឹង គួរតែអង្គភាពប្រឆាំងអំពើពុករលួយ តុលាការ ក៏ដូចជារដ្ឋាភិបាល ចាត់ការរឿងហ្នឹង កុំនៅស្ងៀមដូចរាល់ថ្ងៃនេះ ។ បើមិនអ៊ីចឹងទេ ប្រាកដជាគេនិយាយថា ទាំងអង្គភាពប្រឆាំងអំពើពុករលួយ តុលាការ រដ្ឋាភិបាលហ្នឹង អនុវត្តស្ដង់ដារពីរហើយ សូម្បីតែសំណុំរឿងលោកកឹម សុខា លុយ ៥០០ដុល្លារ ឬក៏ចោទចាប់ដាក់គុក ដល់លុយរាប់រយលានដុល្លារ បែរជាមិនចាប់ដាក់គុកទៅវិញ អាហ្នឹងជារឿងមួយ ដែលប្រជាពលរដ្ឋថា តុលាការ ឬអង្គភាពប្រឆាំងអំពើពុករលួយហ្នឹង អនុវត្តច្បាប់ស្ដង់ដារពីរហ្នឹង គឺមិនខុសនោះទេ“ ។

ទោះបីយ៉ាងណា ជុំវិញការលើកឡើងរបស់កូនធម៌ និងសហការីលោកសម រង្ស៊ី ខាងលើនេះ “ នគរធំ” មិនអាចទាក់ទងសុំប្រតិកម្ម ការបកស្រាយឆ្លើយតបពីលោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកសយ វិចិត្រតារា អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានទេ កាលពីម្សិលមិញ ។

ចំណែកអ្នកនាំពាក្យតុលាការ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលជាស្ថាប័នពាក់ព័ន្ធ ក៏មិនអាចទាក់ទងសុំមតិយោបល់បានដូចគ្នា នៅថ្ងៃដដែលនោះ ។

ដោយឡែក មន្រ្តីអង្គការស៊ីវិល ក៏ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេតស្រាវជ្រាវករណីគ្រូជោគជ័យ បោកលុយប្រជាពលរដ្ឋ រាប់រយលានដុល្លារ ដូចដែលបានធ្វើចំពោះករណីលោកកឹម សុខា និងកញ្ញាស្រីមុំ រឿងលុយ ៥០០ដុល្លារ កាលពី៨ឆ្នាំមុននោះដែរ ។

លោកអំ សំអាត  នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ប្រាប់ ”នគរធំ” នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ថា “បាទ! ខ្ញុំយល់ឃើញថា ករណីទាំងពីរនេះ វាអាចខុសគ្នានឹងករណីកន្លងមកអ៊ីចឹង ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏វាត្រូវតែអនុវត្តច្បាប់ហ្នឹង ឲ្យវាមានលក្ខណៈស្ដង់ដារមួយ ។ ជាពិសេសបើសិនករណីជាមួយនឹងក្រុមហ៊ុនដែលឆបោកទៅលើប្រជាពលរដ្ឋ ដែលយើងឃើញហើយ កន្លងមក មានដូចជារឿងឧកញ៉ាឡេង ចាន់ណា ឧកញ៉ាជា សារ៉ន ហើយក្រុមហ៊ុនផ្សេងៗទៀត ក៏គេមានការចាប់ដាក់ពន្ធនាគារអ៊ីចឹងដែរ ។ អ៊ីចឹងក្រុមហ៊ុនផ្សេងៗទៀត អាជ្ញាធរដែលពាក់ព័ន្ធ សមត្ថកិច្ចដែលពាក់ព័ន្ធហ្នឹង បើទទួលនូវព័ត៌មាន ឬបណ្ដឹងហ្នឹងហើយ គួរតែធ្វើការស៊ើបអង្កេតទៅលើរឿងហ្នឹងឲ្យបានច្បាស់លាស់ ហើយនិងត្រូវចាត់វិធានការ បើរកទៅឃើញថា មានការពាក់ព័ន្ធបទល្មើសមែន អាហ្នឹងត្រូវអនុវត្តឲ្យមានតម្លាភាព ហើយនិងតាមផ្លូវច្បាប់“ ។

លោកអំ សំអាត បានមានប្រសាសន៍បន្តថា “ទោះជាយ៉ាងណាក៏ដោយ បើយើងគិតថា លុយរាប់លាន ហើយទោះបីថាលុយហ្នឹងវាទាក់ទងជាមួយកិច្ចសន្យា រឿងវិនិយោគ ឬក៏អីផ្សេងក៏ដោយ ប៉ុន្តែត្រូវពិនិត្យមើលឲ្យច្បាស់លាស់ថា តើករណីហ្នឹង វាជាបទល្មើស ឬមួយយ៉ាងម៉េច? ហើយត្រូវការធ្វើការស៊ើបអង្កេត ស្រាវជ្រាវឲ្យបានច្បាស់លាស់ ហើយចាត់វិធានការទៅតាមផ្លូវច្បាប់ ដើម្បីឲ្យមានតម្លាភាព ហើយនិងយុត្តិធម៌ផង ។ ចំណុចនេះ ក៏វាពាក់ព័ន្ធនឹងសិទ្ធិមនុស្សដែរ គឺអាហ្នឹងវាជាការត្រឹមត្រូវហើយ ព្រោះតែកាលណាមានការឆបោក ហើយវាប៉ះពាល់ដល់ទ្រព្យសម្បត្តិ លុយកាក់របស់ពលរដ្ឋ ហើយវាប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋខ្លះ ឬក៏អ្នកវិនិយោគ ដែលគាត់យកលុយមកវិនិយោគ កាលណាបើគាត់ខាតបង់ មិនមែនតែជាការខាតបង់ទ្រព្យសម្បត្តិដែលគាត់មានទេ គាត់អាចនឹងជំពាក់ធនាគារផ្សេងទៀត ។ យ៉ាងណា យើងស្នើទៅអង្គភាពប្រឆាំងអំពើពុករលួយ ឬយ៉ាងណា ខ្ញុំគ្រាន់តែលើកឡើងអ៊ីចេះទេ ព្រោះយើងមិនដឹងថា រឿងហ្នឹងវាចូលទៅសមត្ថកិច្ចណាមួយ បើសិនជាសមត្ថកិច្ចណាដែលពាក់ព័ន្ធ អាហ្នឹងគួរតែអនុវត្តតាមវិធានការផ្លូវច្បាប់ ។ អាហ្នឹងខ្ញុំមិនទាន់ច្បាស់លាស់ថាយ៉ាងម៉េចទេ ព្រោះអាស្រ័យទៅលើអង្គហេតុ ហើយនិងមើលទៅលើកម្មវត្ថុនៃការកើតឡើងហ្នឹង តើវាអាចពាក់ព័ន្ធនឹងអង្គភាពណា ។ ក្នុងន័យនេះ ការដាក់ពាក្យបណ្ដឹង អាហ្នឹងវាអាស្រ័យទៅលើជនរងគ្រោះ ប៉ុន្តែវានៅលើការពិនិត្យទៅលើសមត្ថកិច្ចដែលត្រូវអនុវត្ត ដែលត្រូវទទួលទៅតាមពាក្យបណ្ដឹងហ្នឹងដែរ ។ បើសិនជាចូលទៅលើសមត្ថកិច្ចណាមួយ អាហ្នឹងសមត្ថកិច្ចហ្នឹង គឺអនុវត្តបាន“ ៕ កុលបុត្រ

RELATED ARTICLES