Saturday, May 4, 2024
Homeព័ត៌មានជាតិអាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សកម្លាំងជាតិ ធ្វើបាតុកម្មទាមទារដោះលែងថ្នាក់ដឹកនាំបក្ស

អាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សកម្លាំងជាតិ ធ្វើបាតុកម្មទាមទារដោះលែងថ្នាក់ដឹកនាំបក្ស

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សកម្លាំងជាតិ ធ្វើបាតុកម្មទាមទារដោះលែងថ្នាក់ដឹកនាំបក្សរបស់ខ្លួននោះទេ ដោយបញ្ជាក់ថា អាចធ្វើការសម្ដែងមតិនៅទីស្នាក់ការរបស់គណបក្សខ្លួនបាន ដោយមិនត្រូវប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហើយការសម្ដែងមតិទាមទារឲ្យតុលាការដោះលែងនេះ គឺផ្ទុយនឹងមាត្រា៥២២ និងមាត្រា៥២៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

គួរបញ្ជាក់ថា គណបក្សកម្លាំងជាតិ និងក្រុមស្រ្តីថ្ងៃសុក្រ បានប្រកាសរៀបចំការជួបជុំសម្តែងមតិ ដោយសន្តិវិធីរួមគ្នា ទាមទារឱ្យដោះលែងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ចំនួន២រូប គឺលោក អ៊ុំ វីរៈរដ្ឋ និងលោកមឺ សេងហ៊ ហៅគា វិសាល ដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។ ការរៀបចំការជួបជុំសម្តែងមតិនេះ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២២-២៤ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង៩.០០ព្រឹក ដល់ម៉ោង ១១.០០ព្រឹក នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

គណបក្សកម្លាំងជាតិ បានចេញលិខិតជូនដំណឹងទៅអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ថានឹងមានអ្នកចូលរួមចំនួនប្រមាណ១៥០នាក់។ អ្នកតវ៉ានឹងមានការលើកបដា និងរូបថតរបស់អ្នកកំពុងជាប់ពន្ធនាគារ គឺលោក អ៊ុំ វីរៈរដ្ឋ និងលោក មឺ សេងហ៊ ។ ប៉ុន្តែលទ្ធផលនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ និងអាជ្ញាធររាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យជួបជុំសម្តែងមតិ នៅទីលានប្រជាធិបតេយ្យនោះទេ គឺឲ្យធ្វើនៅទីស្នាក់ការរបស់គណបក្សខ្លួនវិញ ។

យោងតាមកំណត់ហេតុប្រជុំ ស្ដីពីការជូនដំណឹងជួបជុំសម្ដែងមតិ នៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យដោះលែងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលជាគណៈអធិបតីក្នុងការប្រជុំនោះ បានធ្វើការកត់សម្គាល់ចំនួន០២ចំណុច ទី១ រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្ដាយចំពោះថ្នាក់ដឹកនាំរបស់គណបក្សកម្លាំងជាតិ បានធ្វើសម្ភាសន៍ជាមួយសារព័ត៌មាន ដោយពុំទាន់បានប្រជុំពិភាក្សាជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅឡើយ។ ទី២ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ តែងតែមានគោលការណ៍ប្រជុំពិភាក្សានៅពេលដែលមានការជូនដំណឹងពីម្ចាស់សំណើ ដើម្បីធានាបានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសាធារណៈ ។ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យរៀបចំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យនោះទេ ប៉ុន្តែអាចសម្ដែងមតិនៅទីស្នាក់ការរបស់គណបក្សខ្លួនបាន ដោយមិនត្រូវប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហើយការសម្ដែងមតិទាមទារឲ្យតុលាការដោះលែងនេះ គឺផ្ទុយនឹងមាត្រា៥២២ និងមាត្រា៥២៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ ហើយសំណុំរឿងនេះកំពុងស្ថិតនៅក្នុងដំណើរនីតិវិធីរបស់តុលាការ ។

លោកយឹម ឃុនឃឿន តំណាងប្រធានគណបក្សកម្លាំងជាតិ បានជម្រាបជូនអង្គប្រជុំថា លោកសូមអធ្យាស្រ័យចំពោះការយឺតយ៉ាវមកចូលរួមប្រជុំពិភាក្សានេះ ។ ឆ្លើយតបទៅនឹងសំណួររបស់លោកមាន ចាន់យ៉ាដា ប្រធានអង្គប្រជុំ ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយជាមួយអ្នកសារព័ត៌មាន លោកសូមទទួលយកការណែនាំ គឺត្រូវប្រជុំពិភាក្សា មុននឹងធ្វើការសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ។ ចំពោះការមិនអនុញ្ញាតឲ្យរៀបចំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ប៉ុន្តែអាចសម្ដែងមតិនៅទីស្នាក់ការរបស់គណបក្សនោះ លោកសូមឯកភាពទទួលយក ប៉ុន្តែស្នើសុំលោកមាន ចាន់យ៉ាដា អនុញ្ញាតឲ្យលោកយកទៅប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់គណបក្សកម្លាំងជាតិ ជាមុនសិន ។ លោកយឹម ឃុនឃឿន សូមសួរសំណួរទៅលោកមាន ចាន់យ៉ាដា ថា តើមូលហេតុអ្វីដែលមិនអនុញ្ញាតឲ្យធ្វើការសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ?

លោកមាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានឆ្លើយថា មូលហេតុដែលរដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យធ្វើការសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ នោះដោយសារទីលានប្រជាធិបតេយ្យ ជាទីតាំងសម្រាប់បម្រើឲ្យប្រយោជន៍រួម ជាពិសេសការសម្ដែងមតិទាមទារឲ្យតុលាការដោះលែងនេះ គឺផ្ទុយនឹងមាត្រា៥២២ និងមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ ។ ប៉ុន្តែលោកអាចទាមទារតាមនីតិវិធីតុលាការ ឲ្យស្របទៅតាមច្បាប់ ដែលមានចែងជាធរមាន ។

ក្រោយពីពិភាក្សាគ្នារួចមក អង្គប្រជុំបានសម្រេចដូចខាងក្រោម ៖

រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការរៀបចំសម្ដែងមតិ រយៈពេលចំនួន០៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីលានប្រជាធិបតេយ្យ ដោយមូលហេតុដូចខាងក្រោម ៖

១. ការស្នើសុំសម្ដែងមតិ ដើម្បីទាមទារឲ្យដោះលែងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ រួមមាន លោកអ៊ុំ វីររដ្ឋ និង មី សេងហ៊ ហៅ គា វិសាល របស់គណបក្សកម្លាំងជាតិនេះ គឺផ្ទុយទៅនឹងមាត្រា៥២២ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ ដោយករណីនេះកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការនៅឡើយ ។

២. រដ្ឋបាលរាជធានីភ្នំពេញ សួមណែនាំឲ្យគណបក្សកម្លាំងជាតិ ធ្វើការសម្ដែងមតិនៅទីស្នាក់ការគណបក្សរបស់ខ្លួន ដោយមិនត្រូវឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈឡើយ ហើយធ្វើយ៉ាងណាឲ្យស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

៣. ករណីម្ចាស់សំណើមិនឯកភាពតាមខ្លឹមសារដែលអង្គប្រជុំសម្រេចនោះ តំណាងគណបក្សកម្លាំងជាតិ អាចបន្តនីតិវិធីទៅស្ដាប់ស្ថាប័នមានសមត្ថកិច្ចដែលមានឋានានុក្រមខ្ពស់ជាង ។

ទោះបីយ៉ាងណា លោករ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ថា គណបក្សកម្លាំងជាតិ នៅតែរក្សាជំហរក្នុងធ្វើការសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ។ ដូច្នេះលោកសុំឲ្យសាលារាជធានីភ្នំពេញ ពិចារណាឡើងវិញ ក្នុងការសម្រួលឲ្យគណបក្សកម្លាំងជាតិ បានជួបជុំគ្នាសម្ដែងមតិទាមទារដោះលែងថ្នាក់ដឹកនាំរបស់ខ្លួន ព្រោះបើឲ្យធ្វើនៅទីស្នាក់ការគណបក្ស ដែលជាផ្ទះលែ្វងតូចមួយ មិនអាចផ្ទុកមនុស្សដល់ទៅ១៥០នាក់បានទេ គឺមានតែទីលានប្រជាធិបតេយ្យទេ ដែលធំទូលាយ ហើយជាទីសម្រាប់ប្រជាពលរដ្ឋគ្រប់រូបសម្ដែងមតិ ទើបមានឈ្មោះថា ទីលានប្រជាធិបតេយ្យ ។

លោករ៉ុង ឈុន បានមានប្រសាសន៍ថា “ចំពោះគណបក្សកម្លាំងជាតិ យើងសម្ដែងការសោកស្ដាយ ជុំវិញសាលារាជធានី មិនឲ្យទីលានប្រជាធិបតេយ្យ ធ្វើការប្រមូលផ្ដុំសម្ដែងមតិ ព្រោះយើងដឹងហើយ ទីលានប្រជាធិបតេយ្យ បង្កើតឡើងដើម្បីទុកជូនប្រជាពលរដ្ឋ ហើយក៏មិនថាគណបក្សនយោបាយ ឬប្រភេទណាដែរ ឲ្យតែប្រជាពលរដ្ឋមិនសប្បាយចិត្ត ត្រូវតែផ្ដល់ទីកន្លែងហ្នឹង ឲ្យពួកគាត់សម្ដែងមតិ ដោយមិនត្រូវរើសអើង ប្រកាន់និន្នាការនយោបាយនោះទេ ។ ប៉ុន្តែសាលារាជធានីភ្នំពេញ មិនបានផ្ដល់ឲ្យគណបក្សកម្លាំងជាតិ យកទីលានប្រជាធិបតេយ្យ ធ្វើការសម្ដែងមតិ ហើយលើកហេតុផលទាក់ទងទៅនឹងក្រមព្រហ្មទណ្ឌមាត្រា៥២២ ៥២៣ មិនមែនជាហេតុផលយកអាប៉ុណ្ណឹងមកធ្វើជាឧបសគ្គ ហើយមិនផ្ដល់ទីកន្លែងឲ្យគណបក្សកម្លាំងជាតិសម្ដែងមតិ វាមិនមែនជាហេតុផលសមរម្យនោះទេ ហើយដូចខ្ញុំបានលើកខាងដើមអ៊ីចឹង ទីលានប្រជាធិបតេយ្យ បង្កើតឡើងសម្រាប់ប្រជាពលរដ្ឋធ្វើការប្រមូលផ្ដុំ មិនគិតអំពីនិន្នាការនយោបាយនោះទេ ។ រូបភាពដែលមិនផ្ដល់ឲ្យ បង្ហាញថា អាជ្ញាធររាជធានីភ្នំពេញ មានការចង្អៀតចង្អល់ ហើយក៏មិនបានបង្ហាញអំពីការបើកលំហសេរីភាពជូនប្រជាពលរដ្ឋក្នុងការសម្ដែងមតិ ដើម្បីទាមទារយុត្តិធម៌ឲ្យមានការដោះលែងអ្នកដែលកំពុងតែជាប់ឃុំយ៉ាងអយុត្តិធម៌នោះ“ ។

លោករ៉ុង ឈុន បានមានប្រសាសន៍បន្តថា “តាមការពិត កន្លែងទីស្នាក់ការ វាមិនអាចផ្ទុកមនុស្សបានរាប់រយនាក់នោះទេ ។ អ៊ីចឹងបើធ្វើ វាត្រូវតែហៀរទៅដល់ផ្លូវ ឬបិទផ្លូវហើយ អាហ្នឹងជាគោលការណ៍ យើងមិនអាចចៀសផុតទេ ។ សំណួរសួរថា ហេតុអ្វីបើឲ្យដូចគ្នា ឲ្យទីលានប្រជាធិបតេយ្យទៅ វាមិនប៉ះពាល់ដល់ចរាចរណ៍របស់ប្រជាពលរដ្ឋ បែរជាមកឲ្យធ្វើនៅទីស្នាក់ការ អាហ្នឹងវានឹងប៉ះពាល់ហើយ អាហ្នឹងសូមជម្រាបអ៊ីចឹងទៅ ហើយបើឲ្យទីលានទៅ វាដូចតែគ្នា ហើយអត់មានប៉ះពាល់ចរាចរណ៍ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ព្រោះយើងដឹងហើយស្នាក់ការផ្ទះលែ្វងមួយ មិនអាចផ្ទុកមនុស្សរាប់រយនាក់បាន អ៊ីចឹងវានឹងហៀរនៅនឹងថ្នល់ ។ អាហ្នឹងអាជ្ញាធរកុំបន្ទោស ជម្រាបមុនឲ្យហើយ ហើយទោះបីយកមកដាក់បន្ទុកអី វាអត់មានទេ ។ អ៊ីចឹងដើម្បីបញ្ចៀសកុំឲ្យមានការកកស្ទះចរាចរណ៍ អាជ្ញាធរត្រូវពិនិត្យមើលឡើងវិញ ត្រូវតែផ្ដល់ទីកន្លែងទីលានប្រជាធិបតេយ្យ ឲ្យគណបក្សកម្លាំងជាតិ ធ្វើការប្រមូលផ្ដុំសម្ដែងមតិដោយសន្តិវិធី“ ។

លោករ៉ុង ឈុន បានមានប្រសាសន៍បន្តទៀតថា “ជំហរគណបក្សកម្លាំងជាតិ មកដល់ម៉ោងនេះ នៅតែប្រកាន់ជំហរថា នឹងយកទីលានប្រជាធិបតេយ្យធ្វើការសម្ដែងមតិ ព្រោះយើងក៏មិនទានបានប្រជុំសម្រេចថ្នាក់ដឹកនាំនៅឡើយដែរ ប៉ុន្តែជំហរគឺថា ចង់បានទីលានប្រជាធិបតេយ្យ ធ្វើការប្រមូលផ្ដុំ ចៀសវាងធ្វើការប្រមូលផ្ដុំនៅទីស្នាក់ការរបស់ខ្លួន ពីព្រោះទីស្នាក់របស់ខ្លួនមិនមែនជាភូមិគ្រឹះ ឬមួយថា ដីធំទូលាយឯណា គឺគ្រាន់តែផ្ទះល្វែង ទទឹង៤ម៉ែត្រ ឬក៏ផ្ទះបីបួនម៉ែត្រហ្នឹង ហើយយើងមិនអាចផ្ទុកមនុស្ស ១៥០នាក់បានទេ ។ អ៊ីចឹងមានតែទីលានប្រជាធិបតេយ្យទេ ដែលជាទីកន្លែងដ៏ល្អប្រសើរ ហើយវាស្របទៅតាមរដ្ឋាភិបាល បានបង្កើតឡើង ហើយទុកឲ្យប្រជាពលរដ្ឋសម្ដែងមតិ ប៉ុន្តែបើបង្កើតឡើងហើយ មិនឲ្យប្រជាពលរដ្ឋសម្ដែងមតិ បង្កើតធ្វើអី? ឈូសទីលានប្រជាធិបតេយ្យចោលតែម្ដងទៅ“ ។

លោករ៉ុង ឈុន បានមានប្រសាសន៍បន្ថែមថា “ជំហរគណបក្សកម្លាំងជាតិ អត់បានស្នើអីទៅខាងណាទៀតទេ ព្រោះអីយើងស្នើទៅរដ្ឋបាលរាជធានីភ្នំពេញ ហ្នឹងវាគ្រប់គ្រាន់ហើយ ។ អ៊ីចឹងយើងនៅតែប្រកាន់ជំហរឲ្យរដ្ឋបាលរាជធានីភ្នំពេញ ពិចារណាឡើងវិញ ជុំវិញបញ្ហាទាំងអស់នេះ ។ យ៉ាងណា ជំហរគណបក្ស នៅតែធ្វើដដែលទេ អត់មានអីប្រែប្រួលទេ ពីព្រោះបើយើងមើលច្បាប់បាតុកម្ម វាអត់មានអីត្រូវការសុំការអនុញ្ញាតពីរដ្ឋាភិបាលទេ គឺឲ្យតែជូនដំណឹងហើយ នឹងធ្វើហើយ អាជ្ញាធរសហការសម្រួលសណ្ដាប់ធ្នាប់ សន្តិសុខជូនប្រជាពលរដ្ឋដែលធ្វើការប្រមូលផ្ដុំ»។

គួរបញ្ជាក់ថា សមាជិកគណបក្សកម្លាំងជាតិ លោក អ៊ុំ វីរៈរដ្ឋ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ពីបទរួមគំនិតក្បត់ ដែលជាបទចោទពាក់ព័ន្ធនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់អតីតមេបក្សប្រឆាំង លោកសម រង្ស៊ី កាលពីឆ្នាំ២០១៩។ រីឯលោក  មឺ សេងហ៊ ហៅ គា វិសាល អនុប្រធានបណ្តោះអាសន្ន នៃគណបក្សកម្លាំងជាតិ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទញុះញង់ កាលពីពាក់កណ្តាលខែមីនា ចំពោះការបង្ហោះសារលើហ្វេសប៊ុក ឈ្មោះ Kea Visal និយាយអំពីរបបផ្តាច់ការ ឆ្ពោះទៅប្រជាធិបតេយ្យ ៕ កុលបុត្រ

RELATED ARTICLES