Tuesday, April 30, 2024
Homeសង្គម និងជីវិតពលករខ្មែរ ជិត៧០០នាក់ សម្រុកចេញពីថៃ តាមច្រកអូរស្មាច់

ពលករខ្មែរ ជិត៧០០នាក់ សម្រុកចេញពីថៃ តាមច្រកអូរស្មាច់

ខេត្តឧត្តរមានជ័យ ៖ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែកៀកខិតជិតចូលមកដល់ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាពលករចំណាកស្រុក ចេញទៅធ្វើការនៅប្រទេសថៃ ជាច្រើនរយនាក់ បានសម្រុកវិលត្រឡប់មកកាន់ស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ស្ត្រីជាពលករម្នាក់ ឈ្មោះឈុន ទូច អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប បានរៀបរាប់ប្រាប់នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ថា ក្រុមគ្រួសារគាត់ មានគ្នា៦នាក់ បានធ្វើចំណាកស្រុក ទៅធ្វើការងារនៅប្រទេសថៃ ស្របច្បាប់ អស់រយៈពេលជិត ១០ឆ្នាំមកហើយ ដោយធ្វើការងារផ្នែកសំណង់ នៅក្រុងបាងកក ប្រទេសថៃ ហើយការវិលមកលេងស្រុក នារដូវបុណ្យចូលឆ្នាំខ្មែរនេះ បន្ទាប់ពីថៅកែ បានអនុញ្ញាតច្បាប់ឲ្យពួកគាត់ឈប់សម្រាក រយៈពេលជាង១០ថ្ងៃឯណោះ។ ចំពោះការធ្វើដំណើរពីថៃ មកដល់ច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់  ឃើញថា ខាងអាជ្ញាធរ សមត្ថកិច្ច ទាំងភាគីថៃ និងសមត្ថកិច្ចនគរបាលអន្តោសប្រវេសន៍ខ្មែរ ប្រចាំការនៅមាត់ច្រកអូរស្មាច់ បានជួយរៀបចំសណ្តាប់ធ្នាប់ សម្រួលក្នុងការបោះត្រា វាយលើលិខិតឆ្លងដែនបានយ៉ាងរលូន ហើយទាំងសមត្ថកិច្ចខ្មែរ និងថៃ ពុំមានការយកប្រាក់ពីបងប្អូន ពលករ សូម្បីតែ១រយលុយខ្មែរ ខុសប្លែកពីឆ្នាំកន្លងទៅ។

លោកអ៊ុន សុភ័ក្រ អភិបាលរងខេត្ត តំណាងឱ្យលោកប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្ទីរជំនាញព័ន្ធកងកម្លាំងប្រដាប់អាវុធ ជួយសម្រួលការងាររៀបចំសណ្តាប់ធ្នាប់ ដោយរង់ចាំទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងធ្វើការជួបសំណេះសំណាលជាមួយបងប្អូន ពលករដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ហើយបាននាំគ្នាវិលត្រឡប់មកលេងស្រុកកំណើតវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលដ៏ខ្លីខាងមុខនេះ។

ជាមួយនេះដែរ លោកអ៊ុន សុភ័ក្រ អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានជួបក្រុមតៃកុងឡានតាក់ស៊ី ដែលរង់ចាំដឹកជញ្ជូនបងប្អូនពលករដែលចេញពីប្រទេសថៃ ចូលមកតាមច្រកអូរស្មាច់ ឆ្ពោះទៅកាន់ខេត្តផ្សេងៗ ដោយបានធ្វើការអប់រំពន្យល់ណែនាំដល់ពួកគាត់ កុំឱ្យឆ្លៀត ដំឡើងថ្លៃឡាន នាពេលរដូវបុណ្យទាន គឺរក្សាតម្លៃដូចថ្ងៃធម្មតា ហើយមួយទៀត កុំផ្ទុកលើសចំណុះ និងនៅពេលបើកបរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងបង្កគ្រោះថ្នាក់ជាយថាហេតុ។

យោងតាមរបាយការណ៍តួលេខជាបឋមពីសមត្ថកិច្ចនគរបាលអន្តោប្រវេសន៏ ដែលប្រចាំការ នៅមាត់ច្រកអន្តរជាតិ អូរស្មាច់ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ពលករចូលមកលេងស្រុកកំណើត តាមច្រកអូរស្មាច់ មានចំនួនសរុប ៦៨៥នាក់ ក្នុងនោះ ពលករមានប្រើប៉ាស្ព័រស្របច្បាប់ ៤៦១នាក់ ពលករប្រើប៉ាស្ព័រហួសសុពលភាព ៣១៦នាក់ ដោយឡែក ពលករអត់មានឯកសារទាល់តែសោះ ១៤១នាក់៕

RELATED ARTICLES