Friday, March 21, 2025
Homeព័ត៌មានជាតិព្រះបណ្តាំ​សម្តេច​រាជ​កនិដ្ឋា ព្រះម​ហេសីទី៤​ ព្រះបរមរតន​កោដ្ឋ

ព្រះបណ្តាំ​សម្តេច​រាជ​កនិដ្ឋា ព្រះម​ហេសីទី៤​ ព្រះបរមរតន​កោដ្ឋ

ភ្នំពេញ ៖ សម្តេចរាជកនិដ្ឋា នរោត្តម ថាវិត នរល័ក្ស ដែលជាព្រះមហេសីទី៤ របស់ សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិ ខ្មែរ ព្រះបរមរតនកោដ្ឋ បានយាងសោយទិវង្គត កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈាន​ចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ ក្នុងព្រះរាជដំណាក់ឯទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយបន្សល់នូវ ព្រះបណ្តាំក្តុកក្តួលជូនចំពោះជនរួមជាតិខ្មែរ។

យោងតាមទំព័រហ្វេសប៊ុក Vuthya Lim Sisowath បានបញ្ជាក់ឱ្យដឹងថា សម្តេចព្រះរាជកនិដ្ឋា នរោត្តម ថាវិត នរល័ក្ស ទ្រង់ជា បុត្រីនៃព្រះអង្គម្ចាស់នរោត្តម សិង្ហរា ជាមួយ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ថាវេត បងស្រី បង្អស់នៃព្រះមហាក្សត្រី ស៊ីសុវត្ថិ កុសុមៈ នារីរតន៍ សេរីវឌ្ឍនា។ សម្តេចព្រះរាជកនិដ្ឋា ទ្រង់ ជាព្រះរាជនត្តាក្សត្រី នៃព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ។

មុនពេលយាងសោយទិវង្គតសម្តេចរាជ- កនិដ្ឋា នរោត្តម ថាវិត នរល័ក្ស ទ្រង់មានព្រះ- រាជបន្ទូលផ្តាំផ្ញើដល់ប្រជារាស្ត្រខ្មែរទាំងប្រុស ស្រី ទាំងក្តុកក្តួលសោកអាល័យថា “ខ្ញុំម្ចាស់ពៅ សូមជូនពរទៅខ្មែរៗទាំងប្រុសទាំងស្រីទាំងក្មេង ទាំងចាស់ ឱ្យបានប្រកបចម្រើន នៅស្រុកខ្មែរ ក្តី នៅបរទេសក្តី ឱ្យស្គាល់តែឈ្នះ មារសត្រូវ គ្រប់ពេលវេលាមានថ្កុំថ្កើងរុងរឿង នៅក្នុងការ ធ្វើការទាំងអម្បាលម៉ាន ទៅត្រង់ណាឱ្យគេ គ្រប់គ្នាស្រលាញ់ គេថ្នាក់ថ្នមគ្រប់ កន្លែងទាំង អស់ ហើយកុំឱ្យមានជំងឺឈឺថ្កាត់មកបៀតបៀន ឱ្យសោះ ចង់បានអីឱ្យបានដូចបំណងសូមទេវតា ទាំង៨ទិស ៨សន្តាន ព្រះអង្គជយវរ្ម័នទី៧ នាង- គង្ហីងព្រះធរណី ទេវតា ស្វេតច្ឆត្រគ្រប់កន្លែង ព្រះអង្គណាដែលស័ក្តិសិទ្ធិ ទាំងអម្បាលម៉ាន សូមឱ្យលោក ស្តេចយាងមកថែរក្សាខ្មែរៗទាំង អស់ ឱ្យស្គាល់តែស្រលាញ់ជាតិ ស្រលាញ់ស្រុក ជាទីបំផុត ទុកជាការសេចក្តី គោរពនៅក្នុងជីវិត របស់ខ្មែរទាំងមូលទាំងអស់គ្នា សូមឱ្យបានប្រកប ដូចក្តីប្រាថ្នាទាំងអស់ លោកទាំងអស់គ្នា ទាំង ស្រីទាំងប្រុស ទាំងអ្នកតូច អ្នកធំ ណា៎លោក ណា៎! ខ្ញុំនៅឯណេះ សព្វថ្ងៃ ប៉ុន្តែខ្ញុំនឹកស្រុក មិនភ្លេច សូមទាំងអស់គ្នា ឱ្យមានចិត្តសេចក្តីស្រលាញ់តាំងនៅជាប់ក្នុងជីវិតម្នាក់ៗទាំងអស់។ ជម្រាបលាហើយ! ហើយសុំថើប សុំឱបយ៉ាងខ្លាំង ដោយសេចក្តីស្រលាញ់”។

យោងតាមទំព័រហ្វេសប៊ុក Royal du Cambodge កាលពីរសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ បានសរសេររំលឹកពីខ្សែជីវិតដ៏កម្សត់ ក្នុងជីវិតស្នេហាដ៏ជូរចត់ រវាងសម្តេចរាជកនិដ្ឋា នរោត្តម ថាវិត នរល័ក្ស ជាមួយសម្តេចព្រះនរោត្តម សីហនុ ដែលមានខ្លឹមសារ ទាំងស្រុង ថា “សម្តេចព្រះរាជកនិដ្ឋា ទ្រង់ប្រសូត នារាជធានីភ្នំពេញ ទ្រង់បានរួមរស់តាំងតែពីវ័យកុមារ ភាព សឹងតែមិនអាចបំបែកបានឡើយ ជាមួយ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងព្រះបរមរាជវាំង មកម៉្លេះ ព្រោះថា ព្រះមាតារបស់សម្តេចព្រះរាជកនិដ្ឋា និងព្រះបរមរតនកោដ្ឋ ជាបងប្អូនបង្កើត នឹងគ្នា ពោលគឺបុត្រីនៃព្រះករុណា ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស ព្រះខត្តិយកោដ្ឋ។

លុះចម្រើនវ័យធំពេញរូបពេញរាងទៅ សម្តេចព្រះរាជកន្និដ្ឋា នរោត្តម ថាវិត នរល័ក្ស បានស្ម័គ្រចិត្តរួមរស់ចំណងស្នេហាជាមួយព្រះ- អង្គម្ចាស់នរោត្តម វាគ្រីវណ្ណ ទ្រង់ទាំងពីរបាន រៀបអភិសេកជាមួយនឹងគ្នា។ ពេលនោះព្រះបាទ នរោត្តម សីហនុ ទ្រង់ធ្វើជាមេអណ្តើក ចែចូវ សម្តេចព្រះរាជកនិដ្ឋាពីព្រះមាតា ទ្រង់មកព្រះអង្គម្ចាស់ នរោត្តម វាគ្រីវណ្ណ បើទោះបីជាព្រះ បាទ នរោត្តម សីហនុ ដឹងថា ទ្រង់វាគ្រីវណ្ណ មានស្រីច្រើនយ៉ាងណាក្តី។ ក្រោយពីរួមរស់ ក្រោមចំណងអភិសេករួចមក សម្តេចព្រះរាជកនិដ្ឋា ទ្រង់បានរស់នៅដោយវេទនាចិត្ត ដោយ ហេតុថា ទ្រង់វាគ្រីវណ្ណ នៅតែលួចមានចំណង ស្នេហាជាមួយស្រីដទៃ ដែលនេះជាអំពើមិន ស្មោះត្រង់ចំពោះសម្តេចព្រះរាជកនិដ្ឋា ទ្រង់ ពិបាកទ្រាំខ្លាំងណាស់។ ព្រះរាជកនិដ្ឋា នរោត្តម ថាវិត នរល័ក្ស ទ្រង់ជាម្ចាស់ក្សត្រីមួយអង្គ ប្រកបដោយគុណសម្បត្តិ ទាំងកាយ ទាំងចិត្ត ក្រោយមក សម្តេចព្រះរាជកនិដ្ឋា បានលែងលះជាមួយទ្រង់វាគ្រីវណ្ណ។

ក្រោយពីបានលែងលះជាមួយព្រះស្វាមី សម្តេចព្រះរាជកនិដ្ឋា បានរស់នៅដោយភាព ឈឺផ្សា។ ចំណេរក្រោយមក ព្រះបាទសម្តេច នរោត្តម សីហនុ និងម្ចាស់ក្សត្រី នរោត្តម នរ- ល័ក្ស បានផ្តើមមានចំណងស្នេហានឹងគ្នា រួចទ្រង់ បានរៀបរាជាភិសេកជាមួយគ្នានាឆ្នាំ១៩៥៥។ ក្រោយពីរៀបអភិសេករួច ក្លាយជាមហេសី ទី៤ នៃសម្តេចឪរួចមក ទ្រង់ទាំងពីរបានរួមរស់ ជាមួយគ្នា ប៉ុន្តែជាអកុសល ទ្រង់ពុំមានបុត្រ នោះទេ។ ត្រង់ចំណុចនេះ ព្រះនរោត្តម សីហនុ បានឡាយក្នុងសៀវភៅរបស់ទ្រង់ថា ព្រះអង្គ បានលើកតម្កើងសម្តេចព្រះរាជកនិដ្ឋា មាន ព្រះឋានៈជាព្រះមហេសីទី១ ឯអ្នកម្នាង ម៉ូនិក ក្លាយជាព្រះមហេសីទី២។ ទ្រង់បន្តឡាយទៀត ថា សេចក្តីស្នេហារបស់ទ្រង់ ចំពោះមហេសី ទាំង២ ពិតជាធំធេងណាស់ មិនអាចកាត់ថ្លៃបាន”។

ទំព័រហ្វេសប៊ុកដដែល បានសរសេរបន្តថា “ព្រះបាទ នរោត្តម សីហនុ បានបញ្ជាក់ប្រាប់ ទៀតថា នៅអំឡុងឆ្នាំ​១៩៦០ ទំនាក់ទំនងរបស់ ទ្រង់ជាមួយព្រះរាជកនិដ្ឋា មានភាពរង្គោះរង្គើ ព្រោះតែភ្លើងប្រចណ្ឌរបស់ម្ចាស់ក្សត្រី នរោត្តម នរល័ក្ស ចំពោះសម្តេចតា និងអ្នកម្នាងម៉ូនិក។ ព្រះបាទ នរោត្តម សីហនុ បានឡាយនូវឃ្លា ចុងក្រោយនៃសំណេរទ្រង់ថា ទ្រង់ទទួលកំហុស និងទទួលស្គាល់ថា ការប្រចណ្ឌរបស់នរល័ក្ស ចំពោះទ្រង់ និងអ្នកម្នាងម៉ូនិក ពិតជាសមហេតុផល។

ដោយឈឺចាប់ខ្លាំងពេក សម្តេចព្រះរាជកនិដ្ឋា នរោត្តម ថាវិត នរល័ក្ស បានសម្រេច ចិត្តចាកចេញពីសម្តេចនរោត្តម សីហនុ ទៅ រស់នៅក្នុងជីវភាពសាមញ្ញមួយក្នុងមណ្ឌលចាស់ ជរា នាទីក្រុងប៉ារីស ព្រោះទ្រង់ពុំមានបុត្រទេ។ ជីវិតឯកោរបស់ទ្រង់បានរស់នៅក្នុងមណ្ឌលចាស់ ជរានៃប្រទេសបារាំង ទ្រង់បានរស់នៅលាក់ខ្លួន យ៉ាងស្ងប់ស្ងៀមនៅបារាំង តាំងពីឆ្នាំ១៩៧៥ ទ្រង់មិនវិលមកកម្ពុជា វិញទេ ទ្រង់បានសោយ ពិលាល័យនៅទីក្រុងប៉ារីស នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

មុនសោយពិលាល័យទ្រង់បានទុកនូវព្រះ រាជបណ្តាំជាចុងក្រោយមួយ ថ្លែងពីភាពឈឺ ចាប់នៅក្នុងការនឹកមាតុភូមិ”។

គួរបញ្ជាក់ថា សម្តេចរាជកនិដ្ឋា នរោត្តម ថាវិត នរល័ក្ស ប្រសូតនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ១៩២៧ ហើយទ្រង់សោយទិវង្គត នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា៕

RELATED ARTICLES