Wednesday, May 1, 2024
Homeព័ត៌មានជាតិផ្គើនសម្តេចហ៊ុន សែន ថាឈប់បានឈប់ទៅ គឹម សុខ ថាទ័ពវៀតណាម នៅកម្ពុជា ៣កងពលធំ

ផ្គើនសម្តេចហ៊ុន សែន ថាឈប់បានឈប់ទៅ គឹម សុខ ថាទ័ពវៀតណាម នៅកម្ពុជា ៣កងពលធំ

ភ្នំពេញ ៖ បន្ទាប់ពីសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មនឹងមជ្ឈដ្ឋានមួយចំនួនដែលប្រឌិតរឿងបង្កាច់បង្ខូចថា ព្រែកជីកតេជោហ្វូណន សម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាម ហើយសម្តេច បានស្នើទៅអ្នកប្រឌិតរឿងទាំងនោះថា «ឈប់បានឈប់ទៅ» នោះមក លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម ដែលកំពុងរស់និរទេសនៅប្រទេសហ្វាំងឡង់ បានលើកឡើងក្នុងន័យផ្គើនទៅសម្តេចថា អ្នកប្រឆាំងការសង់ព្រែកជីកហ៊្វូណន ព្រោះខ្លាចកងទ័ពចិន ចូលជ្រៅក្នុងកម្ពុជា ចុះគេមិនខ្លាចកងទ័ពវៀតណាម ៣កងពលធំ បំពាក់អាវុធជាសម្ងាត់នៅកម្ពុជា ទេឬ?

លោកគឹម សុខ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ថា “អ្នកប្រឆាំងការសង់ព្រែកជីកហ៊្វូណន តាមបំណងវៀតណាម គឺព្រោះខ្លាចកងទ័ពចិន ចូលជ្រៅក្នុងកម្ពុជា។ ចុះគេមិនខ្លាចកងទ័ពវៀតណាម ៣កងពលធំ បំពាក់អាវុធជាសម្ងាត់ ទូទាំងកម្ពុជា រួចជាស្រេចហើយឬ?“ ។

ជុំវិញការលើកឡើងរបស់លោកគឹម សុខ ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំមតិយោបល់ ប្រតិកម្មឆ្លើយតប និងការបំភ្លឺពីអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទេ កាលពីម្សិលមិញ ។

ទោះបីយ៉ាងណា លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ថា ការដែលថា កងទ័ពវៀតណាម នៅលើទឹកដីកម្ពុជា ជាង៣សែននាក់ បំពាក់អាវុធរួចជាស្រេចនោះ វាជារឿងមួយប្រមាថដល់ប្រទេសជាតិរបស់ខ្លួនឯង ពីព្រោះយើងជារដ្ឋអធិបតេយ្យមួយ ហើយបែរទៅនិយាយថា កម្ពុជា មានវៀតណាម បំពាក់អាវុធហើយស្រេចនោះ វាជារឿងមួយដែលមិនគួរកើតមានទាល់តែសោះ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ពាក់ព័ន្ធនឹងចំណុចនេះ ខ្ញុំយល់ឃើញថា អ្វីជាមូលដ្ឋាននៅក្នុងការបញ្ចេញមតិរបស់យើង គឺគួរតែផ្ដោតសំខាន់លើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាយើង ដែលចែងថា កម្ពុជា មិនអនុញ្ញាតឲ្យរដ្ឋបរទេស ដាក់កងទ័ពនៅលើទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងរដ្ឋណាផ្សេងទៀតនោះទេ ។ អ៊ីចឹងត្រង់ចំណុចនេះ ខ្ញុំគិតថា ការនិយាយដោយគ្មានមូលដ្ឋាន និយាយតាមការនឹកឃើញនេះ វាមិនមានអ្វីចំណេញសម្រាប់ប្រជាជាតិយើងទេ ។ ចំពោះការជីកព្រែកហ្វូណនតេជោ នេះ ខ្ញុំមើលឃើញពីតម្លៃសេដ្ឋកិច្ចខ្ពស់ជាងភូមិសាស្រ្តនយោបាយ ដោយសារផលប្រយោជន៍សេដ្ឋកិច្ចហ្នឹងឯង ដែលធ្វើឲ្យវៀតណាម ដែលជាដៃជើងរបស់អាមេរិក ហ្នឹង គឺកង្វល់ខ្លាំង ដោយសារយើងដឹងស្រាប់ហើយ តាំងពីក្រោយរំដោះ ៧មករា ១៩៧៩ រហូតដល់បច្ចុប្បន្ននេះ រាល់ទំនិញរបស់កម្ពុជា ដែលផលិតបានទាំងប៉ុន្មាន គឺមានតែវៀតណាម ហើយនិងថៃ ទេ ដែលក្រឡុកទីផ្សារប្រជាកសិករយើង“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តថា “អ៊ីចឹងមធ្យោបាយជីកព្រែកហ្វូណន ដើម្បីយើងនាំទំនិញរបស់យើងទៅកាន់ទីផ្សារអន្តរជាតិនេះបាន គឺធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ពួកគេ ដែលវាធ្វើឲ្យដុះស្លែហ្នឹងយូរហើយ ។ អ៊ីចឹងការប៉ះពាល់ផលប្រយោជន៍នេះហើយ ដែលធ្វើឲ្យមានការប្រតិកម្មពីសំណាក់សារព័ត៌មានបរទេស ដែលតាមបំណងរបស់វៀតណាម តាមបំណងរបស់ថៃ តាមបំណងរបស់អាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់គេនោះ ។ អ៊ីចឹងការប្រឆាំងគ្នា រវាងអាមេរិក ហើយនិងចិន នេះ វាមិនមែនទើបកើតទេ វាកើតយូរហើយ ។ អ៊ីចឹងទាក់ទងនឹងចំណុចថា កងទ័ពវៀតណាម នៅលើទឹកដីកម្ពុជា បំពាក់អាវុធ ៣កងពលធំ ជាង៣សែននាក់ ព្រោះមួយកលពលធំ វាមាន ១០ម៉ឺន២ពាន់ អ៊ីចឹងវាជាង ៣សែននាក់ បំពាក់អាវុធរួចជាស្រេចហ្នឹង គឺខ្ញុំយល់ឃើញថា វាជារឿងមួយប្រមាថដល់ប្រទេសជាតិរបស់ខ្លួនឯង ពីព្រោះយើងជារដ្ឋអធិបតេយ្យមួយ ហើយយើងទៅនិយាយថា កម្ពុជា មានវៀតណាម បំពាក់អាវុធហើយស្រេចនោះ វាជារឿងមួយដែលមិនគួរកើតមានទាល់តែសោះ“ ។

ដោយឡែក លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ថា លោកសុំមិននិយាយពីរឿងកងទ័ពវៀតណាម ៣កងពលធំ ជាង៣សែននាក់ បំពាក់អាវុធរួចជាស្រេចនៅលើទឺកដីកម្ពុជា ដូចលោកគឹម សុខ បានលើកឡើងទេ លោកគ្រាន់តែដឹងថា ជាការចាំបាច់ទៅហើយ រឿងកងទ័ពវៀតណាម នៅក្នុងប្រទេសកម្ពុជា វាមានតាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន គេនៅតែក្នុងកម្ពុជា រហូតពួកចារកិច្ចវៀតណាមខ្លះ ក្លាយជាមានសញ្ជាតិខ្មែរ ក្លាយជាឧត្ដមសេនីយ៍ នៅក្បែរៗនាយករដ្ឋមន្រ្តីកម្ពុជា ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “ចំពោះគម្រោងព្រែកហ្វូណនហ្នឹង ពួកយើងបានជជែកគ្នាច្រើនហើយ តាំងពីដើមខែ១ មកម៉្លេះ ថាកម្ពុជា ក៏មានគម្រោងហ្នឹង យើងជីកទៅ យើងយល់ស្របថាល្អ ប៉ុន្តែយកល្អ កុំឲ្យវាពាក់ព័ន្ធជាមួយក្រុមហ៊ុនចិន ក្រុមហ៊ុនអី និយាយជាមួយខាងចិន ខាងអីឲ្យស្រួលបួល ហើយម្យ៉ាងទៀត រកថវិកាឯករាជ្យណា រដ្ឋបាលជាអ្នកធ្វើខ្លួនឯង ឬក៏ក្រុមហ៊ុនក្នុងស្រុក ឬក៏ក្រុមហ៊ុនណាដែលមិនពាក់ព័ន្ធចិន ដើម្បីជីកព្រែកហ្នឹងតាមគម្រោងអ៊ីចឹងទៅ ។ ប៉ុន្តែខ្ញុំលើកចំណុចនេះ វាយឺតពេលទៅហើយ ដោយសារតែរដ្ឋាភិបាលកម្ពុជា ហ្នឹងបានឡាក់ឡាំងជាមួយខាងចិន ទៅហើយថា ជាកញ្ចប់ថវិការបស់ចិន ហើយការដែលវៀតណាម ចោទប្រកាន់ថា វាមានពាក់ព័ន្ធនឹងចិន ហ្នឹង កម្ពុជា ពិបាកដោះសាណាស់ ពីព្រោះកម្ពុជា មានរឿងជំពាក់ជំពិនច្រើនជាមួយចិន ជាពិសេសគឺកម្ចី ។ កម្ចីមួយចំនួន ទៅលើគម្រោងខ្សែក្រវាត់និងផ្លូវរបស់ចិន នោះ ក្នុងយន្តការហ្នឹង ហើយវៀតណាម គេមើលឃើញចំណុចហ្នឹងដែរ ។ ប៉ុន្តែទោះបីវៀតណាម ប្រតិកម្មយ៉ាងណាក៏ដោយ ភាគីកម្ពុជាបញ្ជូនអ្នកការទូត ដើម្បីជជែកទៅ កុំឲ្យវាមានរកាំរកូសខ្លាំងជាមួយខាងវៀតណាម ហើយរដ្ឋាភិបាលកម្ពុជា មិនគួរមានប្រតិកម្មអីឆ្លើយឆ្លងដូចអាយ៉ៃ ឬចាប៉ីដងវែង ជាមួយខាងវៀតណាមទេ បញ្ជូនជជែកគ្នាស្ងាត់ៗទៅ ហើយកម្ពុជា នៅតែបន្តយន្តការជីកព្រែកហ្នឹងដដែល ហ្នឹងមួយ។ ហើយបើយកល្អ មួយទៀត គឺជីកព្រែកហ្នឹង ឲ្យដល់ស្ដង់ដារតែម្ដង គឺជម្រៅ ៨ម៉ែត្រ ជាមធ្យម ប៉ុន្តែកម្ពុជា ឃើញនៅក្នុងគម្រោងគេហ្នឹង តែ៥ម៉ែត្រជាងទេ ឬក៏ជីកមិនទាន់ដល់ស្ដង់ដារអ៊ីចឹង ចាំកែកុនតាមក្រោយក៏បានដែរ វាគ្មានជាបញ្ហាអីទេ អាហ្នឹងតាមបច្ចេកទេស ប៉ុន្តែក្នុងផ្លូវនយោបាយ គឺថាយើងត្រូវដោះស្រាយជាមួយវៀតណាម“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “ហើយមួយទៀត ពាក់ព័ន្ធនឹងទស្សនៈថា វៀតណាម កងទ័ពសម្ងាត់អីនៅស្រុកខ្មែរ ដូចលោកគឹម សុខ លើកឡើងហ្នឹង អាចសួរលោកគឹម សុខ ទៅ ខ្ញុំសុំមិនឆ្លើយសំណួរហ្នឹងទេ គ្រាន់តែដឹងថា ជាការចាំបាច់ទៅហើយ រឿងកងទ័ពវៀតណាម នៅក្នុងប្រទេសកម្ពុជាហ្នឹង វាមានតាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន គេនៅតែក្នុងកម្ពុជា ហ្នឹងឯង ពួកចារកិច្ចវៀតណាមខ្លះ ក្លាយជាមានសញ្ជាតិខ្មែរ ក្លាយជាឧត្ដមសេនីយ៍ នៅក្បែរៗលោកហ៊ុន ម៉ាណែត នៅក្បែរៗលោកហ៊ុន សែន អីហ្នឹង មួយគំនរនោះ ។ ប៉ុន្តែកម្ពុជា គួរតែមានសេចក្ដីក្លាហាន ធ្វើទៅតាមជំហររបស់កម្ពុជា ទៅ ពីព្រោះព្រែកជីកហ្នឹង វាមានផលប្រយោជន៍សម្រាប់ខ្មែរ ដោយយើងមិនចាំបាច់បើកកប៉ាល់ បើកនាវាមួយចំនួនហ្នឹង ដែលមានកម្រិតស្រាលហ្នឹង ឆ្លងកាត់ប្រទេសវៀតណាម បង់ពន្ធឲ្យប្រទេសវៀតណាម ទេ យើងឆ្លងកាត់ព្រែកជីកយើងទៅកំពត តែម្ដងក៏វាស្រួលដែរ អាហ្នឹងផលប្រយោជន៍មួយ ក្នុងចំណោមផលប្រយោជន៍ច្រើនទៀត ខ្ញុំសុំមិនលើកលម្អិតទេ គ្រាន់តែថា យ៉ាងហោចណាស់ក៏វាបានផលប្រយោជន៍មួយ ក្នុងចំណោមផលប្រយោជន៍ជាច្រើនទៀត សម្រាប់កម្ពុជា ហើយពាក់ព័ន្ធអារឿងចារកិច្ចវៀតណាម មានកម្រិតតូច កម្រិតធំ ជុំវិញលោកហ៊ុន សែន ឬលោកហ៊ុន ម៉ាណែត ហ្នឹង អាហ្នឹងវាចៀសមិនផុតទេ ប៉ុន្តែគ្រាន់តែថា គំនិតខ្ញុំ យើងបារម្ភ យើងនៅតែបារម្ភ ប៉ុន្តែរដ្ឋាភិបាល ខ្លួនឯងដឹងច្បាស់ថា ត្រូវធ្វើយ៉ាងម៉េច ហើយបន្តយន្តការហ្នឹងតទៅទៀតទៅ កុំញញើតញញើមជាមួយនឹងសម្ពាធប្រទេសជិតខាង ដែលយើងធ្វើក្នុងដែនផលប្រយោជន៍របស់យើង យើងមានសម្ពាធ យើងនាំគ្នាដោះស្រាយទៅ ហើយនាំគ្នាធ្វើទៅ ។ យើងគិតមើលអ៊ីចេះ! បើវៀតណាមវិញ កន្លងទៅហ្នឹង ទៅបោះតង់ក្នុងដីកម្ពុជា គ្មានទាំងសួរកម្ពុជា មួយម៉ាត់ផង បញ្ជូនកងទ័ព បញ្ជូនអីមកល្បាតព្រំដែនចូលដីខ្មែរ បំពានព្រំដែនខ្មែរ គ្មានដែលខ្លាចរដ្ឋាភិបាលខ្មែរ មួយម៉ាត់ទេ ហើយរដ្ឋាភិបាលខ្មែរ ញញើតញញើម មិនហ៊ានទាំងតតាំង មិនហ៊ាននឹងមាត់ ហើយទៅជួយការពារគេថែមទៀត ។ ដូច្នេះខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជា ត្រង់ចំណុចហ្នឹង គួរមានការភ្ញាក់រលឹក ធ្វើអ្វីដែលជាប្រយោជន៍ខ្មែរ ជាប្រយោជន៍ប្រជាពលរដ្ឋទៅ…” ។

គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកវិភាគ និងអ្នកឃ្លាំមើល ខាងលើនេះ បានធ្វើឡើងក្រោយពីសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មនឹងមជ្ឈដ្ឋានមួយចំនួន ដែលកន្លងមក បន្ទាប់ពីចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់ អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹក រាម ពេលនេះគេបានប្រឌិតរឿងព្រែកជីក តេជោហ្វូណន ម្តង ដោយលើកឡើងទាំងល្ងឹតល្ងង់ថា ព្រែកជីកនេះ នឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាម បន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគម្រោងនៅឡើយ។ សម្តេចហ៊ុន សែន បញ្ជាក់ថា ការមួលបង្កាច់ទាំងនេះ ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយ ហើយសម្តេច បានស្នើថា ឈប់បានឈប់ទៅ។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ថា «បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់ អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹក រាម ពេលនេះគេមកប្រឌិតរឿងព្រែកជីក តេជោហ្វូណន ម្តង ដែលលើកឡើងទាំងល្ងឹតល្ងង់ថា ព្រែកជីកនេះ នឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាម បន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគម្រោងនៅឡើយ។

ថ្ងៃនេះ ខ្ញុំចង់ដាស់តឿនដល់មិត្តភក្ដិ ឬមិនមែនមិត្តភក្ដិ លើចំណុចមួយចំនួន ដូចខាងក្រោម ៖

១. តើកម្ពុជា ត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី?

២. កម្ពុជា និងវៀតណាម ជាប្រទេសជិតខាង ប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ។

៣. ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

៤. តើកម្ពុជា ឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញ របស់ខ្លួនឬ? និងតើចិន ឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការណ៍គោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិន ឬ?

៥. ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់ មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញ បានលុបចោលរួចទៅហើយ។

៦. ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពុជា ទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្រ បន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជួយឲ្យប្រជាជននៅតាមព្រែកនេះ មានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននូវផលត្រីទឹកសាប នៅតាមព្រែកនេះ ។ល។

ព្រែកជីកនេះ មិនប៉ះពាល់ដល់លំហូរទឹកនៃទន្លេមេគង្គ នោះឡើយ ព្រោះម្យ៉ាងព្រែកនេះ មិនតភ្ជាប់ពីទន្លេមេគង្គ នោះទេ តែចេញចេញពីទន្លេបាសាក់ និងម្យ៉ាងទៀត យើងមានទ្វារទឹក មិនឲ្យទឹកសាប ធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ។ យើងអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ ១៩៩៥ សូមនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះយើងបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការទន្លេមេគង្គ រួចហើយ។

យើងសូមអំពាវនាវ សូមកុំមួលបង្កាច់យើង ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ។ យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើង ដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯង ក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ»៕ កុលបុត្រ

RELATED ARTICLES