Wednesday, May 1, 2024
Homeព័ត៌មានជាតិលទ្ធផល ៥០%+១ ក្រុមកឹម សុខា បន្ទោសសម រង្ស៊ី ជួយសម្ដេចហ៊ុន សែន ក្ដោបអំណាច

លទ្ធផល ៥០%+១ ក្រុមកឹម សុខា បន្ទោសសម រង្ស៊ី ជួយសម្ដេចហ៊ុន សែន ក្ដោបអំណាច

ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំ នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលជាសហការីលោកកឹម សុខា អតីតមេបក្សប្រឆាំង បានបន្តរំលឹកពីកំហុសរបស់លោកសម រង្ស៊ី ដែលចូលរួមកែរដ្ឋធម្មនុញ្ញ ប្តូររូបមន្តពី ២ភាគ៣ មក៥០+១ នៃសំឡេងតំណាងរាស្រ្តនៅក្នុងរដ្ឋសភា ដែលជាការជួយឲ្យសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) អាចក្ដោបអំណាចបានពេញដៃ ជិះសេះលែងដៃ ប៉ុន្តែទោះបីសហការីលោកសម រង្ស៊ី មួយចំនួន បានត្អូញត្អែរពីផលលំបាកនៃការកែរដ្ឋធម្មនុញ្ញ ពី២ភាគ៣ មក៥០%+១ នេះក៏ដោយ ក៏ពួកគេមិនហ៊ានបន្ទោសលោកសម រង្ស៊ី ដែរ ព្រោះសម រង្ស៊ី ពិតជាចាញ់ប្រាជ្ញាសម្ដេចហ៊ុន សែន ប្រាកដមែន។

លោកបោយ រើយ អតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ផលអាក្រក់នៃ 50%+1 = ហ៊ុន សែន មានអំណាច 100% = ប្រជាធិបតេយ្យជិតស្មើសូន្យ = សម រង្ស៊ី ចាញ់ប្រាជ្ញាហ៊ុន សែន  !

១- យប់ថ្ងៃ ០២ មេសា ២០២៤ លោកម៉ែន សុថាវរិន្រ្ទ អតីតអ្នកតំណាងរាស្រ្ត និងជាមន្រ្តីគណបក្សប្រឆាំង ស្និទ្ធជាមួយលោកសម រង្ស៉ី បានត្អូញក្នុងវិទ្យុអាស៊ីសេរី ថាក្រោយការបោះឆ្នោតជាតិ ឆ្នាំ១៩៩៣, ១៩៩៨, ២០០៣ មានប្រជាធិបតេយ្យខ្លះ ព្រោះមានគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងរដ្ឋាភិបាលចម្រុះ ។

២- ក្រោយខែមីនា ២០០៦ លោកសម រង្ស៉ី បានចាញ់ប្រាជ្ញាលោកហ៊ុន សែន រួមដៃគ្នាកែច្បាប់ 2/3 មក 50+1 ដូចប្រគល់អំណាចឲ្យលោកហ៊ុន សែន ពេញដៃ ធ្វើអ្វីបានតាមចិត្ត ដូចជាធ្វើច្បាប់រម្លាយគណបក្សសង្រ្គោះជាតិ ការបង្កើតច្បាប់ផ្សេងៗ តាមច្រក 50+1 ។

៣. នៅមុនកែច្បាប់ 2/3 មក 50+1 ក្រោយបោះឆ្នោតម្តងៗ លោកហ៊ុន សែន នៃគណបក្សប្រជាជន ទទួលបានសំឡេងមិនគ្រប់ 2/3 ដើម្បីបង្កើតរដ្ឋសភា រដ្ឋាភិបាល ស្របច្បាប់រដ្ឋធម្មនុញ្ញ ទទួលស្គាល់ដោយសហគមន៍អន្តរជាតិនោះទេ ។

៤- ដោយសារលោកសម រង្ស៉ី ជាអ្នកស្និទ្ធស្នាលជាមួយគាត់នោះ លោកម៉ែន សុថាវរិន្រ្ទ មិនហ៊ាននិយាយបន្ទោសថា ការរលាយប្រជាធិបតេយ្យនៅកម្ពុជា បណ្តាលមកពីលោកសម រង្ស៉ី ចាញ់ប្រាជ្ញាលោកហ៊ុន សែន នោះទេ ។ កាលនៅច្បាប់ 2/3 ជាច្បាប់ដែលលោកហ៊ុន សែន មានអំណាចប្រមាណ 50% ប៉ុណ្ណោះ ក្នុងការសម្រេចការងារធំៗរបស់ជាតិ ព្រោះបើគ្មានសំឡេងសភាគណបក្សប្រឆាំង បង្រ្គប់ជាមួយសំឡេងសភាឲ្យបាន 2/3 នោះទេ កុំថាឡើយលោកហ៊ុន សែន កែច្បាប់ ឬធ្វើច្បាប់ រំលាយគណបក្សសង្រ្គោះជាតិ បាន សូម្បីចង់ប្រជុំសភា ក៏មិនអាចរកសំឡេងឲ្យគ្រប់កូរ៉ុម 2/3 បានដែរ ។ នេះហើយដែលជាអំណាច 2/3 “ ។

ជាមួយគ្នានោះដែរ លោកលិម គិមយ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា មួយរូបទៀត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ថា មូលហេតុដែលធ្វើឲ្យលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) យល់ព្រមកែប្រែរដ្ឋធម្មនុញ្ញ ពី២ភាគ៣ មក៥០% បូក១ ដោយសារតែចង់ឡើងកាន់អំណាច តាមការរៀបចំរបស់វៀតណាម នៅពីក្រោយ ដោយយល់ថា វៀតណាមចោលសម្ដេចហ៊ុន សែន ហើយយកខ្លួនម្ដង ប៉ុន្តែចុងក្រោយ វៀតណាម នៅជ្រើសយកសម្ដេចហ៊ុន សែន ដដែល ហើយទាត់ចោលលោកសម រង្ស៊ី ។

លោកលិម គិមយ៉ា បានមានប្រសាសន៍ថា “ត្រង់ចំណុច ២ភាគ៣ និង៥០% បូក១ យើងទៅតាមមើលបរិបទប្រទេស និងបរិបទអ្នកនយោបាយប្រទេសនីមួយៗ មានប្រទេសខ្លះគេសម្រេចយក ៥០% បូក១ ថាសម្រួលក្នុងការដឹកនាំជាតិ ហើយប្រទេសខ្លះ ដូចជាប្រទេសជាច្រើន ដែលយករូបមន្ត ២ភាគ៣នេះ គឺទៅតាមបរិបទប្រទេស និងបរិបទអ្នកនយោបាយ ។ ហេតុដូច្នេះហើយ ក្រោយពីកិច្ចព្រមព្រៀងក្រុងប៉ារីស ដោយយើងឃើញបរិបទប្រទេសយើង ហើយនិងចរិតអ្នកនយោបាយ បានគេស្នើឲ្យមានសម្រេចអ្វីៗ ២ភាគ៣ ។ ហេតុអ្វីបានលោកសម រង្ស៊ី បានដូរពី ២ភាគ៣ មក៥០% បូក១ ឬមួយដោយឲ្យលេសផ្សេងៗដែលសម រង្ស៊ី ធ្វើយ៉ាងដូច្នេះ? ប៉ុន្តែត្រូវដឹងថា លោកសម រង្ស៊ី នេះ គឺចាញ់បោកយួន ។ ហេតុអ្វីបានខ្ញុំថា លោកសម រង្ស៊ី ចាញ់បោកយួន? ពីព្រោះលោកសម រង្ស៊ី នឹកស្មានតែយួនហ្នឹង យកគាត់មកប្រើជំនួសហ៊ុន សែន ។ ហេតុអីបានសម រង្ស៊ី យល់យ៉ាងដូច្នេះ? ពីព្រោះសម រង្ស៊ី ឃើញចិន ចាប់ដៃហ៊ុន សែន ពីឆ្នាំ១៩៩៦ ហើយឆ្នាំ១៩៩៧ ដែលផ្ទុះអាវុធក្ដី អ្នកខ្លះហៅថា រដ្ឋប្រហារក្ដី ។ ពេលដែលផ្ទុះអាវុធនោះ គឺរដ្ឋប្រហារហ្នឹង ពីថ្ងៃទី៦-៧ កក្កដា ១៩៩៧ ។ ពេលនោះសហគមន៍អន្តរជាតិ គឺជួយដោះស្រាយបញ្ហារបស់ប្រទេសកម្ពុជាយើង ពីព្រោះគេជាហត្ថលេខីនៃកិច្ចព្រមព្រៀងអស់នេះ គេសុំឲ្យអ្នកដែលរត់ទៅបាងកក រតទៅប្រទេសថៃ ដែលគេចខ្លួនពីរដ្ឋប្រហារនេះ សុំឲ្យនៅឲ្យស្ងៀម គេនឹងរកវិធីដោះស្រាយ ។ ប៉ុន្តែនៅដាច់ខែកក្កដា ឆ្នាំ១៩៩៧ ចិន បានចុះមកប្រទេសកម្ពុជាយើង ធ្វើកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់បែបយ៉ាង ធ្វើឲ្យសម រង្ស៊ី យល់ថា ពេលនេះហើយដែលហ៊ុន សែន និងចិន ចាប់ដៃគ្នា នឹកថាពេលនេះ យួន នឹងដោះដៃចេញពីហ៊ុន សែន ។ ហេតុដូច្នេះហើយ បានសម រង្ស៊ី ហ្នឹង ក្បត់អ្នកទាំង៤នាក់ ទាំង៤ក្រុមហ្នឹង ដូចជាក្រុមសម្ដេចក្រុមព្រះ ហ៊្វុនស៊ិនប៉ិច លោកសឺន សាន ហើយនិងលោកប៊ូ ហែល រត់ទៅប្រទេសកម្ពុជា វិញ នៅខែវិច្ឆិកា ឆ្នាំ១៩៩៧ គឺ៤ខែក្រោយពីការចុះសន្ធិសញ្ញាទាំង៤ក្រុមហ្នឹង គឺតាមខ្ញុំចាំ នៅថ្ងៃ២៨ វិច្ឆិកា ឆ្នាំ១៩៩៨ ចូលទៅជួបហ៊ុន សែន នៅផ្ទះហ៊ុន សែន ចំនួន៣ម៉ោង មិនដឹងនិយាយអីខ្លះទេ។ ប៉ុន្តែក្រោយមកទៀត សម រង្ស៊ី ហ្នឹងបានចូលរួមបោះឆ្នោត ដែលធ្វើឲ្យសហគមន៍អន្តរជាតិ ប្រទេសលោកសេរីហ្នឹង ខកចិត្តជាខ្លាំង ដើម្បីជួយរកដោះស្រាយបញ្ហានេះ ។ នៅតមកទៀត នៅឆ្នាំ២០០៦ ពេលនោះ ប្រធានសភាចិន បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា នៅខែឧសភា ២០០៦។ មួយខែក្រោយពីប្រធានសភាចិន មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា នៅខែឧសភា យួន បានអញ្ជើញសម រង្ស៊ី នៅខែមិថុនា ឆ្នាំដដែលហ្នឹង ទៅក្រុងហូជីមិញ ព្រមទាំងសម រង្ស៊ី បានកញ្ចប់លុយ ដែលអ្នកដឹកនាំយួនហាណូយហ្នឹង ផ្ដល់ឲ្យសម រង្ស៊ី ។ ពេលនោះសម រង្ស៊ី បានមកដល់វិញ ក៏រៀបចំធ្វើយ៉ាងម៉េចដូររដ្ឋធម្មនុញ្ញ នៅខែកុម្ភៈ ឆ្នាំ២០០៦ ដោយបានពិគ្រោះជាមួយនឹងហ៊ុន សែន ដូររដ្ឋធម្មនុញ្ញ គឺខ្ញុំជឿថា លោកសម រង្ស៊ី ចាញ់បោកយួន ដោយយួន ផ្ដល់យោបល់ឲ្យដូររដ្ឋធម្មនុញ្ញ ក្នុងគំនិតថា យួនហ្នឹង គាំទ្រខ្លួនឲ្យឡើងកាន់អំណាច ហើយមិនមែនចាញ់បោកហ៊ុន សែន ទេ គឺចាញ់បោកយួន ។ ហេតុដូច្នេះហើយ បានតមកទៀតហ្នឹង ហ៊ុន សែន បានខឹងសម រង្ស៊ី ។ ក៏ប៉ុន្តែយួន អត់បានបោះបង់ចោលហ៊ុន សែន ទេ ពីព្រោះយួន គេយល់ថា ហ៊ុន សែន កាន់អំណាចជាប់ជាងសម រង្ស៊ី ។ សម រង្ស៊ី អត់មានអ្វីទៅជួយការពារអំណាចរបស់ខ្លួនទេ មានសម្ដីតែខ្លួនឯងម្នាក់ទេ ។ ហេតុដូច្នេះយួន គេគ្រាន់តែប្រើសម រង្ស៊ី បោកសម រង្ស៊ី ឲ្យកែរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ ។ និយាយទៅ រឿងបញ្ញាសម រង្ស៊ី និងបញ្ញាហ៊ុន សែន រឿងមួយទៀត ប៉ុន្តែត្រូវដឹងថា សម រង្ស៊ី ចាញ់បោកយួន ព្រោះយួន ចង់ឲ្យហ៊ុន សែន កាន់អំណាចតែឯង ។ ហេតុដូច្នេះហើយ យួន គេរៀបចំយ៉ាងម៉េចដើម្បីពង្រឹងអំណាចហ៊ុន សែន តាមរយៈការដែលប្រើបោកសម រង្ស៊ី“ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំស្គាល់លោកម៉ែន សុថាវរិន្រ្ទ ច្បាស់ណាស់ ព្រោះម៉ែន សុថាវរិន្រ្ទ ធ្វើតំណាងរាស្រ្តនៅមណ្ឌលកំពង់ធំ ជាមួយខ្ញុំដែរ ។ ខ្ញុំស្គាល់លោកថាវរិន្រ្ទ ដែលគឺជាមនុស្សបម្រើលោកសម រង្ស៊ី ដាច់ថ្លៃ ទៅទីកន្លែងណា ក៏ឃើញម៉ែន សុថាវរិន្រ្ទ បម្រើសម រង្ស៊ី គ្រប់ទីកន្លែង ។ ហេតុដូច្នេះខ្ញុំអត់មានអីភ្ញាក់ផ្អើលទេ គឺមានក្នុងចិត្តថា សម រង្ស៊ី បានកែរដ្ឋធម្មនុញ្ញ ពី២ភាគ៣ មក៥០បូក១ គឺផ្ដល់អំណាចពេញលេញឲ្យទៅហ៊ុន សែន ។ សម រង្ស៊ី ខ្លួនឯងក៏និយាយដែរ ក៏មិនហ៊ានបន្ទោសសម រង្ស៊ី ។ ហេតុអ្វី? បើបន្ទោស គឺដូចជាស្ដោះទឹកមាត់ដាក់ដើមទ្រូងខ្លួនឯងអ៊ីចឹង ព្រោះដឹងថា សម រង្ស៊ី ធ្វើអ៊ីចឹង ហេតុអ្វីនៅតែគាំទ្រសម រង្ស៊ី ដដែល? យើងឃើញហើយ បើនិយាយពីបរិបទអ្នកនយោបាយខ្មែរ គឺបើយើងធ្វើយ៉ាងដូច្នេះ បានសេចក្ដីថា គេនឹងរកល្បិចយ៉ាងម៉េចដើម្បីនឹងក្ដោបអំណាច ដូចលោកហ៊ុន សែន អ៊ីចឹង ដូចគណបក្សប្រជាជន គេក្ដោបអំណាច មិនឲ្យមានប្រជាធិបតេយ្យប្រទេសកម្ពុជា យើងទេ ។ បើសិនជាបុគ្គលអ្នកនយោបាយស្រុកខ្មែរ មានចរិតអ្នកប្រជាធិបតេយ្យ មានចរិតសេរី មានចរិតផលប្រយោជន៍ប្រជាពលរដ្ឋ ការដែល៥០បូក១ មិនជាបញ្ហាទេ គឺនឹងរៀបចំរចនាសម្ព័ន្ធនយោបាយខ្មែរយើងហ្នឹង ឲ្យបានសមសួនសម្រាប់ប្រទេស ប៉ុន្តែយ៉ាងដូច្នេះ គេឆ្លៀតឱកាសដែលបាន ៥០បូក១ហ្នឹង ដើម្បីក្ដោបអំណាច កាន់អំណាចរបៀបផ្ដាច់ការ ។ ការដែលសម រង្ស៊ី សម្រេចយ៉ាងដូច្នេះ គឺជាមនុស្សល្ងីល្ងើ ។ ខ្ញុំហ៊ានអះអាងថា សម រង្ស៊ី ល្ងីល្ងើ ចាញ់បោកយួន ដោយសង្ឃឹមថា យួន នឹងលើកបន្តុបខ្លួនឲ្យកាន់អំណាចជំនួសហ៊ុន សែន ។ ម៉្លោះហើយការលោភលន់របស់សម រង្ស៊ី នេះហើយ ដែលធ្វើឲ្យប្រទេសកម្ពុជា យើងធ្លាក់នៅក្នុងរបបមួយផ្ដាច់ការ ដែលយើងឲ្យប្រជាពលរដ្ឋ គ្មានក្ដីសង្ឃឹមទៅអនាគត ។ នេះហើយជាមេរៀនចំពោះអ្នកនយោបាយទៅអនាគត មុននឹងសម្រេចអ្វីធំៗ សំខាន់ៗ ត្រូវតែពិចារណា ពិភាក្សាគ្នាឲ្យច្បាស់លាស់ ដើម្បីចៀសវាងហានិភ័យអ្វីមួយទៅអនាគត“ ។

គួរបញ្ជាក់ថា រូបមន្ត ២ភាគ៣ (២/៣) ត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ពីឆ្នាំ១៩៩៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៦ ជារូបមន្តដ៏ស្មុគស្មាញ សម្រាប់គណបក្សនយោបាយ ដែលឈ្នះការបោះឆ្នោតជាតិ ជាប់លំដាប់ទី១ ពិបាកបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន ម្ល៉ោះហើយត្រូវរកចាប់ដៃគូចរចាជាមួយគណបក្សជាប់ឆ្នោតផ្សេងទៀត ដើម្បីបង្គ្រប់កូរ៉ុម ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដែលហៅថា «រដ្ឋាភិបាលចម្រុះ» ដែលអាចធានាបាននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ រក្សាតុល្យភាពអំណាច និងធ្វើឲ្យមានភាពប្រសើរឡើងនូវការគោរពច្បាប់។ រូបមន្តនេះ គឺគេយកចំនួនសមាជិកសភាសរុប គុណនឹង ២ រួចចែកនឹង ៣។ ឧទាហរណ៍ នៅអាណត្តិទី៣ (២០០៣-២០០៨) ៖ ១២៣ x ២ = ២៤៥ ។ រួចយកលទ្ធផល ២៤៦/៣ = ៨២។ ដូច្នេះគណបក្សឈ្នះឆ្នោត ទាល់តែរកបានសំឡេង ៨២ យ៉ាងតិច ដើម្បីបង្កើតរដ្ឋាភិបាលបាន។ ជាមួយគ្នានេះ នៅមានលក្ខខណ្ឌបន្ទាប់សន្សំមួយចំនួនទៀត ដើម្បីបង្គ្រប់យន្តការផ្លូវការ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ។

ចំណែករូបមន្ត ៥០បូក១ ឬ ៥០%+១ (រដ្ឋធម្មនុញ្ញ មាត្រា៩០ ថ្មី) ត្រូវបានរដ្ឋសភា អនុម័តដោយសំឡេងគាំទ្រ ១០១ ក្នុងចំណោមសមាជិកសភាសរុប ១២៣ នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០០៦។ ការឈានទៅរកការអនុម័តរូបមន្តនេះ បានកើតឡើងដោយកិច្ចប្រជុំសម្ងាត់ តែ ២ នាក់ រវាងសម្ដេចហ៊ុន សែន និងលោកសម រង្ស៊ី រយៈពេល ៣ម៉ោង ក្នុងរដ្ឋសភា ថ្ងៃទី១២ កុម្ភៈ ២០០៦។ ការអនុម័តកែប្រែរដ្ឋធម្មនុញ្ញនោះ មានការចូលរួមពីបក្សប្រឆាំង (២៤អាសនៈ) ដឹកនាំដោយលោកសម រង្ស៊ី, គណបក្សប្រជាជនកម្ពុជា (៧៣អាសនៈ) ដឹកនាំដោយសម្ដេចជា ស៊ីម និងសម្ដេចហ៊ុន សែន និងគណបក្សហ៊្វុនស៊ិនប៉ិច (២៦អាសនៈ) ដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ (ប៉ុន្តែព្រះអង្គខ្លួនឯង បានលាលែងពីប្រធានរដ្ឋសភា តាំងពីថ្ងៃទី០៣ ខែមីនា ដោយសារការខ្វែងគំនិតគ្នា ក្នុងរឿងកែប្រែរូបមន្តនេះ)។ រូបមន្ត ៥០%+១ នេះ គឺគេយកចំនួនអាសនៈសរុបរបស់រដ្ឋសភា ចែកជា ២ រួចបូក ១បន្ថែម។ ឧទាហរណ៍៖ ១២៣/២ = ៦១,៥ គឺគេកំណត់យក ៦២+១ = ៦៣ ។ ដូច្នេះគណបក្សដែលឈ្នះការបោះឆ្នោត ទទួលបានអាសនៈរដ្ឋសភា ចាប់ពី ៦៣កៅអីឡើងទៅ អាចបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន ដោយគ្រាន់តែបំពេញលក្ខខណ្ឌមួយចំនួន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

អាសនៈរដ្ឋភា ត្រូវបានបង្កើនឡើងរហូត ១២៥ តាមការអនុម័តរបស់រដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។ ការអនុម័តនេះ ត្រូវបានអនុវត្តចាប់ពីការបោះឆ្នោតជាតិ ឆ្នាំ២០១៨ រហូតមក ៕ កុលបុត្រ

RELATED ARTICLES