ខេត្តកោះកុង៖លោកគួច ខេវិន បានបង្ហាញអារម្មណ៍សោកសា្ដយចំពោះដើមសំរងដែលដុះកណ្ដាលព្រៃខ្លះមានអាយុពី៤០ ទៅ៥០ឆ្នាំ ត្រូវគេកាប់ផ្ដួលរាបដល់ដី ដើម្បីបេះផ្លែយកលក់ឲ្យឈ្មួញ ដែលសកម្មភាពបែបនេះប្រសិនបើគ្មានការទប់ស្កាត់ទេ ប្រាកដជានឹងវិនាសហិនហោចដើមរុក្ខជាតិដ៍មានប្រយោជន៍នេះនាពេលខាងមុខជាមិនខាន។លោកគួច ខេវិន ដែលជាញឹកញាប់បានចុះទៅតំបន់ទេសចរណ៍ជីផាកនៅខេត្តកោះកុង នោះក៍សង្កេតឃើញដែរថាប្រជាពលរដ្ឋរស់នៅទីនោះខែនេះភាគច្រើនស្ងាត់បាត់ពីផ្ទះ ចូលព្រៃបេះសំរង ប៉ុន្ដែលោកមិនចង់ឃើញពលរដ្ឋបន្ដកាប់ដើមយកផ្លែបែបនេះទៀតឡើយ។



អតីតអគ្គនាយករងទូរទស្សន៍CTN ,SEA TV និងETV លោកគួច ខេវិន បានថ្លែងសារថា”ផ្ទះប្រជាជននៅតាមភូមិឃុំជាច្រើនក្នុងស្រុកថ្មបាំងខេត្តកោះកុងហាក់ស្ងាត់ជ្រងំព្រោះពួកគាត់បានដឹកកូនជញ្ជូនចៅចូលទៅក្នុងព្រៃជ្រៅៗប៉ុន្តែមិនមែនជាការភៀសខ្លួនឬចាកចោលស្រុកនិងរិតតែមិនមែនជាការដើរកំសាន្តដែរ តែគេនាំគ្នាទៅរក សំរង(សំរ៉ង់)យកមកលក់ព្រោះម៉ូយយួន ម៉ូយសៀមដើប្រមូលទិញទាំងស្រស់ទាំងស្ងួតយ៉ាងគគ្រឹក។ដោយសារតែម៉ូយទិញ សំរង ទាំងផ្លែចាស់ស្ទើរៗធ្វើឲ្យអ្នកស្រុកកាប់ផ្តួលដើមសំរងដែលមានអាយុលើសពី៤០ទៅ៥០ឆ្នាំបេះយកផ្លែទាំងខ្ចីទាំងទុំមកលក់ឲ្យឈ្មួញ ។ពួកអ្នកស្រុកដែលចូលព្រៃរក សំរង និយាយថាពីមុនៗយើងដើររើសតែ សំរង ចាស់ទុំដូនតាជ្រុះក្រោមដើមយកមកលក់ឬទុកហូបតែឥឡូវកាប់រំលំដើមប្រមូលផ្លែទាំងអស់តែម៉្រង ធ្វើចឹងទើបបានច្រើន។ ឆ្នាំនេះអ្នកស្រុកភ្នំប្រមូលផល សំរង់បានច្រើនលក់បានលុយសន្ធឹក តែដើមសំរង់ធំៗអាយុរាប់សិបឆ្នាំក៏ពាយពីព្រៃដែរ តើឆ្នាំក្រោយៗបានសំរងឯណារើសទៀត? ខ្ញុំមានអារម្មណ៍ថា”ស្តាយ”តែប៉ុណ្ណោះ!🙏🙏”។




គួរបញ្ជាក់ថាសំរងជារុក្ខជាតិម្យាងដែល៥ឆ្នាំទើបផ្លែម្ដង ហើយផ្លែរបស់វាមានបែងចែកជាសំរងបាយ ដែលជាគ្រាប់តូចល្អិតៗ និងសំរងភ្លុកដែលជាគ្រាប់ធំៗ។សំរងស្រស់១០០គីឡូ ហាលឲ្យស្ងួតសល់តែ៣០គីឡូប៉ុណ្ណោះដើម្បីយកទៅលក់នៅលើទីផ្សារហើយតាមព័តមានថាវាតម្លៃចាប់ពីក្បែ២ទៅ៦ម៉ឺនរៀបក្នុង១គីឡូ ពោលគឺទៅតាមប្រភេទផ្លែសំរង។ឈ្មួញដែលចាំទិញសំរងមាននាំយកទៅចិន ថៃ និងវៀតណាមជាដើមដែលផ្លែសំរងគេយកទៅសម្រាប់ធ្វើបង្អែម ញាំទៅត្រជាក់សាច់ និងធ្វើឲ្យក្មេងជាងវ័យជាដើម ។ចំណែកកាលពីពេលថ្មីៗនេះដែរក៍មានពលរដ្ឋនៅតំបន់អូរចាដង់យ៉ល ខេត្តរតនៈគិរី បានសម្រុកទៅបេះផ្លែសំរងលក់ឲ្យឈ្មួយវៀតណាមដែលគេសង្ស័យថាចូលកម្ពុជាដោយខុសច្បាប់ដែរ។សម្រាប់លោកគួច ខេវិន លោកចង់ឲ្យពលរដ្ឋប្រមូលផលសំរង ដោយមិនកាប់បំផ្លាញដើម ទើបអាចប្រមូលផលបានក្រោយៗទៀតនិងដើម្បីរក្សារធនធានធម្មជាតិក្នុងស្រុកកុំឲ្យវិនាសនាថ្ងៃខាងមុខ ៕



