Wednesday, May 1, 2024
Homeសង្គម និងជីវិតរកឃើញស្វាកន្ទុយស នៅដែនជម្រកសត្វព្រៃ លំផាត់

រកឃើញស្វាកន្ទុយស នៅដែនជម្រកសត្វព្រៃ លំផាត់

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីជំនាញ បានរកឃើញស្វាកន្ទុយស មានឆោមស្រស់ស្អាត និងរស់នៅដែនជម្រកសត្វព្រៃ លំផាត់ ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី។

ក្រសួងបរិស្ថាន បានបញ្ជាក់ថា ស្វាកន្ទុយស ជាប្រភេទពានរ ដែលមានពណ៌សម្បុរស្រស់ស្អាត ដោយមានលក្ខណៈខុសប្លែកពីប្រភេទស្វាដទៃទៀត។ នៅកម្ពុជា ដែនជម្រកសត្វព្រៃ លំផាត់ ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី គឺជាទីតាំងដ៏សំខាន់មួយដែលបានគាំទ្រដល់ការរស់នៅរបស់សត្វស្វាកន្ទុយស។

គួរបញ្ជាក់ថា ស្វាកន្ទុយស គឺជាប្រភេទជិតផុតពូជបំផុត អាស្រ័យចំនួនវាមានការចុះជាលំដាប់។ ការបរបាញ់និងការបាត់បង់ទីជម្រក គឺជាកត្តាប្រឈមចម្បងរបស់អំបូរពានរនេះ។

អង្គការ Wonders of the Mekong កន្លងទៅធ្លាប់បានផ្សាយព័ត៌មានផ្លូវការរបស់ខ្លួនថា សត្វស្វាកន្ទុយស ដែលស្ថិតនៅក្នុងប្រភេទសត្វកំពុងរងគ្រោះថ្នាក់ ត្រូវបានរកឃើញនៅតាមប្រទេសឡាវ វៀតណាម និងប្រ ទេសកម្ពុជា។

ក្នុងនោះដែនជម្រកសត្វព្រៃ កែវសីមា ខេត្តមណ្ឌលគិរី ជាទីតាំងដែលសត្វស្វាប្រភេទនេះ រស់នៅច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើការអភិរក្សដោយអង្គការ WCS Cambodia ។ ប្រភេទសត្វពានរនេះ រស់នៅជាក្រុម តាមដើមឈើខ្ពស់ៗ នៅក្នុងព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។

អង្គការអេកូយុវទូត Wonders of the Mekong បានបញ្ជាក់ទៀតថា សត្វស្វាកន្ទុយស នេះ នៅពេលដែលមានអាសន្ន ឬក៏ការគំរាមកំហែងកើតឡើង វាតែងតែបន្លឺសំឡេងជាសញ្ញាឱ្យគ្នាវាគេចរកន្លែងសម្ងំលាក់ខ្លួននៅលើចុងឈើខ្ពស់ៗ៕

RELATED ARTICLES