Thursday, May 2, 2024
Homeសង្គម និងជីវិតស្ត្រីឈឺពោះ ដើរទៅពេទ្យ កើតកូនតាមផ្លូវ

ស្ត្រីឈឺពោះ ដើរទៅពេទ្យ កើតកូនតាមផ្លូវ

ភ្នំពេញ ៖ ស្ត្រីម្នាក់ មានផ្ទៃពោះគ្រប់ខែ បានសុំព្រះសង្ឃស្នាក់នៅក្នុងវត្ត លុះឈឺពោះសម្រាលកូន ទាំង កណ្តា លអធ្រាត្រ មិនហ៊ានប្រាប់ព្រះសង្ឃ ក៏ដើរទៅរកមន្ទីរពេទ្យ ដើម្បីសម្រាលកូនដោយខ្លួនឯង ប៉ុន្តែដើរដល់ពាក់ កណ្តាលផ្លូវ ក៏សម្រាលកូននៅលើស្មៅ ជិតបញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿន និងត្រូវបានសន្តិសុខប្រចាំការក្បែរនោះ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍ស្ត្រីមានផ្ទៃពោះ សម្រាលកូនលើស្មៅតាមផ្លូវនេះ បានកើតឡើងកាលពីវេលាទៀបភ្លឺ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅជាប់នឹងផ្លូវល្បឿនលឿន (ភ្នំពេញ-ព្រះសីហនុ) ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល។ស្ត្រីកើតកូនតាមផ្លូវនោះ មានឈ្មោះពួន សៀកម៉ី អាយុ២៥ឆ្នាំ មុខរបរស៊ីឈ្នួលលាងចានឱ្យគេ ស្នាក់នៅក្នុងវត្តស្រះស្រង់ ស្ថិតក្នុងភូមិសាឡូង សង្កាត់កំបូល ខណ្ឌកំបូល។

តាមប្រភពស្ត្រីខាងលើ បានរៀបរាប់ប្រាប់ថា កន្លងមក នាងគ្មានកន្លែងស្នាក់នៅពិតប្រាកដនោះទេ ប៉ុន្តែមួយ រយៈចុងក្រោយនេះ នាងបានចូលទៅសុំព្រះសង្ឃ ស្នាក់នៅក្នុងវត្តស្រះស្រង់ ភូមិសាឡូង សង្កាត់កំបូល ខណ្ឌកំបូល ចំណែកប្តីរបស់នាង ធ្វើជាទាហាន នៅឯព្រំដែនខេត្តស្ទឹងត្រែង ឯណោះ។ យ៉ាងណា ស្ត្រីរូបនេះ មិនបានប្រាប់ឱ្យដឹងពីស្រុកកំណើត ឬឈ្មោះរបស់ប្តីនាងនោះទេ គ្រាន់តែនិយាយថា ប្តីនាង គឺជាមន្ត្រីយោធាដែលកំពុងបំពេញការងារនៅឯខេត្តស្ទឹងត្រែង។

ស្ត្រីខាងលើ បានបន្តថា មុនពេលកើតហេតុ នាងបានចាប់ផ្តើមឈឺពោះតិចៗ តាំងពីវេលាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ តែក្រោយពីហូបបាយល្ងាចរួច ក៏បានសម្រាកនៅក្នុងវត្ត និងសម្ងំដេក រហូតដល់ម៉ោងជាង៣ទៀបភ្លឺ  ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ស្រាប់តែឈឺពោះ កាន់តែខ្លាំងឡើងៗ តែនាងមិនហ៊ានទូលប្រាប់ព្រះសង្ឃ ឬប្រាប់អ្នកនៅក្នុងវត្តឡើយ ទើបសម្រេចចិត្តដើរចេញពីវត្ត តែម្នាក់ ឯង សំដៅទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាលកូន។

ស្ត្រីដដែល បានបញ្ជាក់ថា នាងបានក្រោកដើរចេញពីក្នុងវត្តស្រះស្រង់ ដើម្បីទៅរកមន្ទីរពេទ្យសម្រាលកូនទាំងយប់តែម្នាក់ឯង លុះពេលដើរបានចម្ងាយប្រមាណជាង ១គីឡូម៉ែត្រ ដឹងថាខ្លួនមិនអាចទៅមុខទៀតបាន នាងក៏បានដើរទៅជិតបញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿន (ភ្នំពេញ-ព្រះសីហនុ) ឱ្យសន្តិសុខប្រចាំការនៅទីនោះជួយ ហើយក៏សម្រាលកូននៅលើស្មៅ ក្បែរនោះតែម្តង។  ពេលនោះសន្តិសុខដែលប្រចាំការនៅផ្លូវល្បឿនលឿន បានមកជួយ និងរាយការណ៍ជូននគរបាលប៉ុស្តិ៍កំបូល ឱ្យចុះអន្តរាគមន៍ និងទាក់ទងហៅក្រុមសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ភ្លាមៗ។

ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសម្រាលឱ្យស្ត្រីខាងលើ បានកូនប្រុសម្នាក់ ដែលជាកូនដំបូង ដោយជោគជ័យ ហើយទារកនោះមានសុខភាពល្អ ទម្ងន់៣គីឡូក្រាម៕

RELATED ARTICLES