Friday, March 28, 2025
Homeព័ត៌មានជាតិរបងមជ្ឍ​មណ្ឌល​ម៉ុងឌីយ៉ាល់ ក្លាយជាកន្លែងចាក់សំរាម​​របស់​​អាជីវករ​ផ្សារ​នាគមាស

របងមជ្ឍ​មណ្ឌល​ម៉ុងឌីយ៉ាល់ ក្លាយជាកន្លែងចាក់សំរាម​​របស់​​អាជីវករ​ផ្សារ​នាគមាស

ភ្នំពេញ៖ នាឆ្នាំ២០១៧ថ្មីៗនេះរបង​មជ្ឍមណ្ឌល​ម៉ុងឌីយ៉ាល់​ខាង​ត្បូង ដែលស្ថិតនៅផ្លូវ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួល​គោក រាជធានីភ្នំពេញ បានក្លាយទីជាកន្លែងផ្ទុកសំរាមរបស់ អាជីវករផ្សារនាគមាស ដែលមានក្លិនស្អុយរលួយពិបាកដង្ហើម រងការរិះគន់ពីសំណាក់ប្រជា ពលរដ្ឋដែលរស់នៅជុំវិញនិងអ្នកដំណើរឆ្លងកាត់ជាប្រចាំថ្ងៃផងដែរ ។

ប្រភពពីប្រជាពលរដ្ឋបានខ្សឹបប្រាប់ថា របងមជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ខាងត្បូងក្បែរច្រកចេញ ចូលមានកន្លែងផ្ទុកសំរាម​របស់អាជីវករលក់ផ្លែឈើមួយកន្លែងដែលតែងតែបង្កអោយមានក្លិនស្អុយស្ទើរទ្រាំមិនបានពេលឆ្លងកាត់ និង មានសោភ័ណ្ឌភាពមើលទៅផ្ទុយពីពាក្យស្លោក ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ ។ មកដល់ដើមឆ្នាំ​២០១៧​នេះ នៅតាមរបងមាន កន្លែងផ្ទុកសំរាមចំនួន៣ទៅ៤កន្លែង តាមមាត់លូបង្ហូរទឹក មានឃើញកម្មករអូសរទេះ​ដឹក សំរាមបន្លែផ្លែឈើខូចស្អុយរលួយយកមកចាក់ចោលយ៉ាងអាណាធិបតេយគ្មានមើលផ្លាកហាមចោលសំរាម និង សេចក្តីជូនដំណឹងពីអាជ្ញាធរសង្កាត់ខណ្ឌនិងមន្ត្រីបរិស្ថាន ដើម្បីចូលរួមជួយថែរក្សាអនាម័យក្នុងមូលដ្ឋាន តាមពាក្យស្លោកខាងលើ ។
ដោយសង្កេតឃើញថាទោះជាមានផ្លាកហាមចាក់សំរាម ( ប្រកាសអន្តរក្រសួងមហាផ្ទៃ និង បរិស្ថាន ) ប្រការ៤៖ ការបោះចោល ឬ ចាក់ចោលសំរាមសំណល់រឹងរាយប៉ាយតាមផ្លូវ ទីសាធារណៈ ទីប្រជុំជន ទីផ្សារ កន្លែងកំសាន្ត រមណីយដ្ឋាន ច្រាំងទន្លេ ប្រភពទឹកប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកលូ ប្រព័ន្ធប្រឡាយ ត្រូវហាមឃាត់ជាដាច់ខាត ។ និង ប្រការ១៦៖ ជនណាដែលប្រព្រឹត្តល្មើសនិងប្រការ៤ ប្រការ៥ ប្រការ៨ និង ប្រការ៩ នៃសេចក្តីប្រកាស នេះត្រូវទទួលការពិន័យជាប្រាក់ពី ១ម៉ឺនរៀលទៅ១០ម៉ឺនរៀល ក្នុងករណីមិនរាងចាល ត្រូវទទួលការពិន័យជាប្រាក់ទ្វេដង ។ ហើយចំពោះសេចក្តីប្រកាសនេះមានគណៈកម្មាធិការអភិវឌ្ឍន៍ក្រុងភ្នំពេញ គណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការអភិវឌ្ឍន៍ខណ្ឌទួលគោក ដើម្បីមន្ត្រីអាជ្ញាធរអនុវត្តន៍ ។
ពាក់ព័ន្ធបញ្ហាបរិស្ថាននៅក្នុងខណ្ឌទួលគោក ស្ថិតនៅផ្សារនាគមាសខាងលើនេះ គណៈកម្មការសាលាខណ្ឌទួលគោក រួមទាំងគណៈកម្មការផ្សារនាគមាស ដូចជាគ្មានប្រសិទ្ធិភាពក្នុងការដោះស្រាយបញ្ហាសំរាមដែលក្រុមអាជីវករយកទៅចាក់ចោលយ៉ាងអាណាធិបតេយដូចឃើញជាក់ស្តែងនេះ ៕ ង៉ូវ ឌីណា

RELATED ARTICLES