Saturday, December 28, 2024
Homeសេដ្ឋកិច្ចជាតិតម្លៃ​​កូន​​​ក្រពើ​​ធ្លាក់​​ឡើង​ៗ ​​​​​កសិករ​​ខ្មែរ​​បន្ត​​ផឺត​​ពោះ

តម្លៃ​​កូន​​​ក្រពើ​​ធ្លាក់​​ឡើង​ៗ ​​​​​កសិករ​​ខ្មែរ​​បន្ត​​ផឺត​​ពោះ

បន្ថែមពីលើការព្យាករណ៍ត្រឹមត្រូវ១០០ភាគរយថាតម្លៃកូនក្រពើក្នុងឆ្នាំ២០១៦នេះ ធ្លាក់ចុះ លោកលី ហ្វេន ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើធំមួយនៅខេត្តសៀមរាបបានអះអាងថា ទីផ្សារកូនក្រពើនៅក្នុងឆ្នាំនេះ ក៏ឡើងចុះៗធ្វើអ្នកប្រកបអាជីពផឺតពោះផងដែរ។ ផ្អែកតាមបរិយាកាសម្ចាស់កសិដ្ឋានដែលមានកូនក្រពើលក់ចេញនឹងខាតដើមទុន ដោយសារតែផលក្រពើបានតិចខុសពីឆ្នាំធម្មតាហើយថែមទាំងឈ្មួញចុះទិញក្នុងតម្លៃឡើងចុះៗ ក្នុងតម្លៃទាបទៀត។

ម្ចាស់កសិដ្ឋានរូបនេះបានថ្លែងប្រាប់«នគរធំ»ថា កាលពីដើមឆ្នាំ២០១៥កូនក្រពើបើកក្បាលលក់បានតម្លៃ១៨ដុល្លារ បន្ទាប់មកក៏ឡើង២៥ដុល្លារ និងកៀកជិតចប់រដូវគឺ២៨ដុល្លារ ដោយសឹងមិនមានកូនក្រពើដែលឈ្មួញត្រូវការដ៏គំហ៊ុកនោះផង។ ដោយឡែកសម្រាប់ការចរាចរលក់កូនក្រពើឆ្នាំនេះ គឺបើកក្បាលឡើងលក់១៨ដុល្លារក្នុងមួយក្បាល ដូចគ្នានឹងឆ្នាំមុនដែរ ដោយគ្រាន់តែតម្លៃដែលទាបស្រាប់នោះ គឺបែរជាបន្តឡើងចុះហើយទៅមុខលើសនឹងមិនរួច។ លោកថាប្រជាកសិករជាអ្នកចិញ្ចឹមក្រពើ នឹងប្រឈមបង់ខាតដោយសារតែកូនក្រពើឆ្នាំនេះ ទទួលផលបានតែពាក់កណ្ដាលធៀបនឹងរាល់ឆ្នាំ ហើយតម្លៃដែលបានលក់ចេញក៏សឹងតែទាបជាង ពាក់កណ្ដាលនៃតម្លៃកូនក្រពើកាលពីឆ្នាំមុនដូចគ្នា។ លោកថារដូវលក់កូនក្រពើ បានដំណើរការឡើងកាល ពីដើមខែមិថុនា ដោយក្រោយពីឈ្មួញហ៊ានទិញក្នុងតម្លៃ១៨ដុល្លារក្នុងមួយក្បាល ស្រាប់តែធ្លាក់មកត្រឹម១៤ដុល្លារ និង១៥ដុល្លារអស់រយៈពេលយ៉ាងយូរ។ យ៉ាងណាមិញ លោកក្នុង២៣ថ្ងៃចុងក្រោយនេះ តម្លៃកូនក្រពើបានឡើងដល់១៨ដុល្លារវិញហើយ ដោយមិនដឹងថាទៅមុខទម្រាំតែចប់រដូវទិញកូនតើឈានឡើងទៀត ឬធ្លាក់ចុះទៀតនោះទេ។ លោកនិយាយថា«ក្រពើឆ្នាំនេះចប់ហើយអូនអើយ ព្រោះផលយើងទទួលបានតែពាក់កណ្ដាលទេសម្រាប់កសិដ្ឋាននីមួយៗ ដោយសារកាលក្រពើបង្កាត់ពូជ និងភ្ញាស់កូនគឺស្រុកក្ដៅនោះក្ដៅ ដល់ពេលឈ្មួញចុះទិញ គឺបានតែ១៨ដុល្លារតែមួយខ្យល់ក៏ធ្លាក់មកនៅ១៤ ១៥ដុល្លារចុះឡើងៗចឹងទៀត ចឹងហើយទើបម្នាក់គ្រវីក្បាលដោយសារតែចិញ្ចឹមមួយរដូវគឺប្រហែលបានតែទប់ដើមទេដោយសារឆ្នាំនេះផលក៏បានតិច ហើយឈ្មួញចុះទិញក៏ថោក!»។ លោកកាលពីឆ្នាំ២០១៥ តម្លៃកូនក្រពើចាប់ផ្ដើមលក់បានជាង២០ដុល្លារតាំងពីពាក់កណ្ដាលខែ៦ម្ល៉េះ គឺមិនដូចក្នុងឆ្នាំ២០១៦នេះ ដែលជិតចប់រដូវលក់កូនទៅហើយ នៅតែតម្លៃ១៨ដុល្លារ ហើយម្ដងក៏ធ្លាក់ជាងនេះចុះឡើងៗ ព្រោះតែតម្លៃហាងឆេងស្ថិតនៅលើមាត់ភ្ញៀវនោះទេ។ លោកថាយ៉ាងយូរនៅពាក់កណ្ដាលខែ៨ខាងមុខ បណ្ដាកសិដ្ឋានចិញ្ចឹមក្រពើទាំងអស់នឹងអស់កូនក្រពើបញ្ចេញលក់ ប៉ុន្តែបើក្រឡេកទៅមើលតម្លៃវិញ គឺដូចជាស្ទុះឡើងមិនរួចតែម្ដង ទើបធ្វើអោយបណ្ដាអ្នកចិញ្ចឹមក្រពើវិលមុខ។ លោកនិយាយថា«ដោយសារក្នុងពេលបង្កាត់ពូជនឹងវាក្ដៅពេក ចឹងកូនក្រពើគឺម្នាក់ៗបានមិនលើសពីពាក់កណ្ដាលទេ(ធៀបនឹងឆ្នាំចាស់) ហើយវាចម្លែកត្រង់ថាមកដល់ពាកកណ្ដាលខែ៧នេះ គឺជាចុងរដូវលក់កូនទៅហើយ នៅតែតម្លៃចុះឡើងៗត្រឹមតែ១៨ដុល្លារនឹងទៀត!»។ លោកថាសមាគមចិញ្ចឹមក្រពើកម្ពុជា មិនមានជម្រើសណាផ្សេងក្រៅពីរង់ចាំឈ្មួញវៀតណាម និងឈ្មួញថៃ ចុះទិញដោយផ្ទាល់នោះទេ ដោយសារតែពេលកន្លងមកបណ្ដាកសិដ្ឋានចិញ្ចឹមក្រពើទាំងអស់អស់ស្គាល់អ្នកត្រូវការកូនក្រពើ ក្រៅពីពឹងទាំងស្រុងលើឈ្មួញកណ្ដាល និងមិនអាចដំអក់ទុកកូនក្រពើហួសកាលកំណត់ក្នុងពេលបណ្ដាឈ្មួញចុះទិញបានទេ ដើម្បីកុំអោយកូនក្រពើមានអាយុច្រើនឈ្មួញអត់ទិញ និងបណ្ដាលអោយបង់ខាតរឿងចំណី។ លោក លី ហ្វេន បញ្ជាក់ថា បើតម្លៃ១៨ដុល្លារកុំមានការធ្លាក់ទៀត នោះអាជីវកម្មចិញ្ចឹមកូនក្រពើអាចថានឹងទប់ការចំណាយកាលពីដើមរដូវបានខ្លះ បើទោះជាទិន្នផលកូនក្រពើដែលញាស់ជាក់ស្ដែងគឺតិចជាងមុនមិនក្រោម៥០ភាគរយ។ យ៉ាងណាក៏ដោយ លោកហាក់រំពឹងថាតម្លៃចុងក្រោយ នឹងអាចឈានឡើងដោយសារតែបទពិសោធន៍ គឺអោយតែចុងរដូវនៅអំឡុងចុងខែកក្ដដា និងដើមខែ៨ដែលដំណាក់កាលចុងប៉ូចនៃការលក់កូនក្រពើគឺហោចណាស់ក៏ឡើងបានតិចតួចបន្ថែមពីលើតម្លៃចាស់។ លោកនិយាយថា«រកស៊ីវាអត់ទៀងទេ ជួនកាលវាធ្លាក់ជាងនឹងក៏ថាបាន ប៉ុន្តែបើតាមរាល់ថ្ងៃ គឺចុងខែ៧ និងដើមខែ៨ គឺច្រើនតែឡើងខ្ពស់ជាងដើមរដូវ និងពាក់កណ្ដាលកណ្ដាល!»។

លោកលី ហ្វេន បានបន្តបញ្ជាក់ថា ហេតុផលដែលកសិដ្ឋានភាគច្រើនទទួលផលមិនលើសពីពាក់កណ្ដាលបើធៀបនឹងឆ្នាំ២០១៥ គឺបណ្ដាលមកពីអាកាធាតុក្ដៅ បណ្ដាលអោយមេក្រពើក្លាយជាក្រពើអារមិនមានលទ្ធភាពពងកូន ហើយសម្រាប់មេក្រពើដែលមានលទ្ធភាពពងកូន ក៏ពងបានចំនួនមិនលើសពី៥០ភាគរយ និងញាស់ទៀតសោតក៏រស់មិនបានច្រើនកូន។ លោកថាអាជីវកម្មចិញ្ចឹមក្រពើឆ្នាំនេះ ខាត៤តង់ គឺតង់មិនសូវមានមេក្រពើអាចបង្កកូន តង់ពងក្រពើបានតិចជាងមុន តង់បរិមាណកូនក្រពើមិនច្រើនដូចមុន និងតង់ចុងក្រោយគឺកូនក្រពើធ្លាក់ថ្លៃ ដែលធ្វើអោយម្ចាស់កសិដ្ឋានរកចំណេញដែលបានបង់ខាតនៅដើមរដូវមិនបាន។ លោកនិយាយថា«ឆ្នាំនេះផលក្រពើ(កូនក្រពើ)ធ្លាក់ចុះមែន គឺធ្លាក់មិនក្រោម៥០ភាគរយទេ ដោយសារខែ២ខែ៣អាកាសធាតុមានសភាពក្ដៅពេលធ្វើអោយក្រពើទៅជាអារ(អត់កូន) ហើយបើពង និងញាស់កូនក៏បានរង្វង់តែពាក់ៗកណ្ដាលប៉ុណ្ណោះទើបតម្លៃមិនបាន២៨ដុល្លារដូចឆ្នាំមុន ដឹងតែអត់ចំណេញ»។ លោកថាការចំណាយលើចំណីក្រពើក៏ច្រើនជាងមុនផងដែរ ដោយសារតែត្រីដែលប្រើសម្រាប់អោយក្រពើស៊ីមានតម្លៃកាន់តែខ្ពស់។  មកទល់ពេលនេះ កសិដ្ឋានមួយចំនួនត្រូវលោកបញ្ជាក់ថាលក់កូនអស់ហើយ ហើយពងក្រពើដែលមិនទាន់ញាស់ក៏សល់មិនច្រើននោះដែរ ទើបលោករំពឹងថាតម្លៃចុងរដូវអាចល្អជាង១៨ដុល្លារនាពេលនេះ ដើម្បីទប់នឹងខាតបង់៕

ប៉េងលី

DSC05255 DSC00155 11057298_1656219094664046_4598294434279481582_n

RELATED ARTICLES