ភ្នំពេញ ៖ រថយន្តដឹកដីបើកលឿនដូចហោះទៅបុកស្រ្តីម្នាក់កំពុងតែជិះម៉ូតូស្របទិសគ្នា បណ្តាលឲ្យដួលបាក់ដៃនិងបាក់ជើងខាងឆ្វេងហើយរថយន្តបង្កបន្ថែមល្បឿនរត់គេចត្រូវ ឃាត់ខ្លួនដែលគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៤និង១៥នាទីថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ ២០១៧តាមបណ្ដោយផ្លូវ៣៧១ស្ថិតនៅក្នុងភូមិត្នោតជ្រុំ២សង្កាត់បឹងទំពុនខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះរស់ថាវីភេទស្រីអាយុ៤៧ឆ្នាំមុខរបរចុងភៅស្នាក់នៅភូមិព្រែក
តាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យជិះម៉ូតូម៉ាកTodayពណ៌ស្លាទុំអត់មានស្លាកលេខ ។
ប្រភពព័ត៌មានពីកូនស្រីជនរងគ្រោះបានអោយដឹងថាម្ដាយរបស់ខ្លួនចេញពីផ្ទះជិះម៉ូតូម៉ាក Today ពណ៌ស្លាទុំដើម្បីទៅធ្វើចុងភៅនៅបុរីពិភពថ្មីចំការដូង ដោយធ្វើដំណើរពីទិសដៅពីកើតទៅលិចលុះមិនបានប៉ុន្មានម៉ោងផងស្រាប់តែមានគេទូរស័ព្ទមកប្រាប់ថាម្ដាយគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្ដម៉ាកហ៊ីណូពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 3C-2060 ជារថយន្តដឹកដីចេញមកពីកោះពេជ្របើកទៅបុកពីក្រោយពេញទំហឹងបណ្ដាលអោយរងរបួសបាក់ភ្លៅខាងឆ្វេងនឹងដៃខាងឆ្វេង ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថាបន្ទាប់ពីរថយន្តបើកបុកម៉ូតូរបស់គាត់បណ្តាលឲ្យដួលរង របួសហើយរថយន្តបង្កបានព្យាយាមបើករត់គេចរហូតទៅដល់ផ្លូវ៣៧១ ភូមិឬស្សីសង្កាត់ ស្ទឹងមានជ័យខណ្ឌមានជ័យទើបឃាត់រថយន្តនិងអ្នកបើកបរបាន ។
ក្រោយពេលកើតហេតុស្ដ្រីរងគ្រោះត្រូវបានបញ្ជូនទៅកាន់គ្លីនិកសួគ៌ាចំណែករថយន្ដរួមជាមួយអ្នកបើកបរនិងម៉ូតូជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅចរាចរណ៍ក្រុងដើម្បីដោះស្រាយគ្នាជាក្រោយ៕
ណន អ៊ាត