Saturday, May 4, 2024
Homeសង្គម និងជីវិតខឹងក្របីចូលស៊ីដំណាំ បា...ញ់...ងា...ប់...២...ក្បាល

ខឹងក្របីចូលស៊ីដំណាំ បា…ញ់…ងា…ប់…២…ក្បាល

ខេត្តព្រះវិហារ ៖ បុរសម្នាក់ ខឹងសត្វគោ ក្របី របស់អ្នកភូមិ ចូលស៊ីដំណាំនៅក្នុងចម្ការរបស់ខ្លួន ស្ទើរជារៀងរាល់ថ្ងៃ ក៏បែកគំនិតធ្វើសកម្មភាពលបបាញ់ បណ្តាលឱ្យងាប់សត្វក្របីរបស់អ្នកភូមិ ចំនួន២ក្បាល លុះម្ចាស់ក្របីដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវ ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចក្បែរចម្ការ ១កន្លែង ស្ថិតក្នុងភូមិកេរ ឃុំរតនៈ ស្រុករវៀង។ រហូតមកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ទើបម្ចាស់ក្របី បានមកដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពីសមត្ថកិច្ច និងឈានដល់ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហេង ចេតនា ហៅចែវ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិកេរ ឃុំរតនៈ ស្រុករវៀង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរតនៈ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋម្នាក់ មុខរបរជាកសិករ រស់នៅភូមិកេរ ឃុំរតនៈ ស្រុករវៀង បានប្តឹងពីករណី សត្វក្របីរបស់គាត់ ចំនួន២ក្បាល ងាប់នៅក្បែរចម្ការ ស្ថិតក្នុងភូមិកេរ ឃុំរតនៈ ស្រុករវៀង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌស្រុករវៀង ក្រោមការចង្អុលបង្ហា ញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារ បានបើការស៊ើបអង្កេតនិងស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា នាំយកទៅសាកសួរ ព្រមទាំងដកហូតបានវត្ថុតាង អាវុធ AK47 ចំនួន១ដើម បង់២ និងក្បាលគ្រាប់ ចំនួន២ ដែលពាក់ព័ន្ធករណីបាញ់សម្លាប់សត្វក្របី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់អាវុធអាកា បាញ់សម្លាប់សត្វក្របី របស់ប្រជាពលរដ្ឋ ប្រាកដមែន មូលហេតុ ខឹងសត្វក្របីទាំងនោះ ចូលស៊ីដំណាំក្នុងចម្ការរបស់ខ្លួន ជារៀងរាល់ថ្ងៃ។

ដោយយោងតាមពាក្យបណ្តឹង និងចម្លើយសារភាពរបស់ជនសង្ស័យពាក់ព័ន្ធបទល្មើសជាក់ស្តែង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES