Saturday, May 4, 2024
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រី ស្វាគមន៍ជំនិតសម រង្ស៊ី សុំលើកលែងទោស បានចូលស្រុក

នាយករដ្ឋមន្ត្រី ស្វាគមន៍ជំនិតសម រង្ស៊ី សុំលើកលែងទោស បានចូលស្រុក

ភ្នំពេញ ៖ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបស្វាគមន៍ចំពោះលោក គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលកំពុងរស់និរទេសនៅប្រទេសកាណាដា និងជាមនុស្សជំនិតរបស់លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) ដែលបានធ្វើលិខិតសុំទោសសម្តេចហ៊ុន សែន និងសម្តេចហ៊ុន ម៉ាណែត បន្ទាប់ពីបានភ្ញាក់រលឹកដឹងខ្លួន ដោយអស់សង្ឃឹមនឹងដើរតាមលោកសម រង្ស៉ី តទៅទៀត ។

សម្តេចហ៊ុន ម៉ាណែត បានបញ្ជាក់ថា នឹងចាត់ចែងតាមនីតិវិធី ដើម្បីឲ្យលោកគង់ សភា អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដោយគ្មានទោសពៃរ៍ ហើយសង្ឃឹមថា នឹងមានឱកាសជួបសន្ទនាជាមួយគ្នា នៅពេលខាងមុខ។

សូមបញ្ជាក់ថា លោក គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់និរទេសខ្លួននៅប្រទេសកាណាដា បានសម្រេចចិត្តឈប់ដើរតាមលោកសម រង្ស៉ី ដោយបានធ្វើលិខិតសុំទោស និងស្នើសុំសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អន្តរាគមន៍លើកលែងទោសឲ្យលោក ដើម្បីលោកអាចវិលមកប្រទេសកម្ពុជា ជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា។

នៅក្នុងលិខិតស្នើសុំអន្តរាគមន៍លើកលែងទោស ចុះថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល “នគរធំ” ទើបទទួលបានថ្មីៗនេះ លោក គង់ សភា បានគោរពជូនសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងដូច្នេះថា ”ខ្ញុំបាទ គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង ពិតជាមានការសោកស្តាយ ដែលរាល់ទង្វើនិងសកម្មភាពមួយចំនួនកន្លងទៅ បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំបាទសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

 អាស្រ័យហេតុនេះ ខ្ញុំបាទសូមគោរពស្នើសុំសម្តេចធិបតី នាយករដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ថ្វាយអង្គព្រះមហាក្សត្រ ដើម្បីទ្រង់ផ្តល់សេចក្តីសន្តោសនិងប្រោសប្រទានការលើកលែងទោសឲ្យរូបខ្ញុំបាទ បានរួចផុតពីទោសដែលតុលាការបានផ្តន្ទានាពេលកន្លងមក ព្រមទាំងទម្លាក់ចោលនូវបទចោទប្រកាន់ទាំងឡាយដែលមានជាធរមានចំពោះរូបខ្ញុំ។ ខ្ញុំបាទមានសង្ឃឹមជឿជាក់ថា សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងជួយអន្តរាគមន៍ឲ្យខ្ញុំបានរួចផុតពីទោសទណ្ឌទាំងឡាយ ដើម្បីអាចវិលត្រឡប់ចូលទៅកាន់មាតុប្រទេសវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា ដោយក្តីមេត្តាបំផុត“ ។

ឆ្លើយតបលិខិតស្នើសុំអន្តរាគមន៍របស់លោក គង់ សភា ខាងលើនេះ សម្ដេចហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ ដោយសម្ដេចបញ្ជាក់ថា នឹងចាត់ចែងតាមនីតិវិធី ដើម្បីឲ្យលោកគង់ សភា អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។

សម្ដេចហ៊ុន ម៉ាណែត បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ថា “ជូនចំពោះលោក គង់ សភា ។ ខ្ញុំបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោក ដែលផ្ញើមកឲ្យខ្ញុំ។ ខ្ញុំសូមស្វាគមន៍លោក។ ខ្ញុំនឹងចាត់ចែងតាមនីតិវិធី ដើម្បីឲ្យលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សង្ឃឹមថា យើងនឹងមានឱកាសជួបសន្ទនាជាមួយគ្នា នៅពេលខាងមុខ” ។

ជុំវិញការធ្វើលិខិតសុំទោស និងស្នើសុំលើកលែងទោសរបស់លោក គង់ សភា អតីតតំណាងរាស្រ្ត នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលជាមនុស្សជំនិតរបស់លោកសម រង្ស៊ី ខាងលើនេះ អតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានចំអកថា  លោក គង់ សភា ធ្លាប់ដៀមដាមឲ្យលោកកឹម សុខា ទីបំផុតបែរជាសរសេរលិខិតសុំទោសសម្តេចហ៊ុន សែន និងសម្តេចហ៊ុន ម៉ាណែត ដើម្បីបានចូលស្រុក។

លោកបោយ រើយ អតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ថា “លោក គង់ សាភា ធ្លាប់ដៀមដាមឲ្យលោកប្រធាន កឹម សុខា ជាមួយលោក សោ ចាន់ដេត និងលោក វ៉ាន់ ណារិទ្ធិ សរសេរលិខិតសុំទោសលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ដើម្បីចូលស្រុក ហើយក៏ទទួលបានសញ្ជាតិកាណាដា ដែរហើយ ។ លោក គង់ សភា កូនលោកតា គង់ គាំ បងរបស់ គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទ:ខ្មែរ“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកបោយ រើយ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ថា កន្លងមក ក្រុមសម រង្ស៊ី ពិតជាដៀមដាមឲ្យលោកកឹម សុខា ថាលក់ឧត្ដមគតិ ក្បត់ឆន្ទៈ មនសិការ ជាប់គុកសិប្បនិម្មិត ជាប់គុកចង់ល្បី ជាដើម តែដល់ទីបំផុត លោកកឹម សុខា មិនមែនជាអ្នកក្បត់ ទៅជាក្រុមសម រង្ស៊ី ផ្លាស់ប្ដូរឧត្ដមគតិទៅវិញ ។ ប៉ុន្តែក្នុងន័យនេះ លោកមិនបានចោទក្រុមសម រង្ស៊ី លក់ឧត្តមគតិ លក់មនសិការ ឲ្យបក្សកាន់អំណាចទេ លោកគោរពការសម្រេចចិត្តរបស់ពួកគេ ។

លោកបោយ រើយ បានមានប្រសាសន៍ថា “បាទ! អ្វីដែលខ្ញុំសរសេរហ្នឹង ចង់បញ្ជាក់ថា កន្លងមកហ្នឹង សុទ្ធដៀមដាមឲ្យលោកកឹម សុខា ថាលក់ឧត្ដមគតិ ក្បត់ឆន្ទៈ មនសិការអីហ្នឹង ហើយដល់ទីបំផុត លោកកឹម សុខា មិនមែនជាអ្នកក្បត់ ទៅជាក្រុមគាត់ហ្នឹង ផ្លាស់ប្ដូរឧត្ដមគតិវិញ ក្រុមលោកសម រង្ស៊ី ហ្នឹង ។ នេះជាការសម្រេចចិត្តរបស់គេទេ យើងមិនទៅហាមឃាត់គេយ៉ាងម៉េចទេ យើងគ្រាន់តែរំលឹកអារឿងចាស់ពីដើមមក ដែលគាត់ធ្លាប់វាយប្រហារ ចោទប្រកាន់អីអ៊ីចឹង តែដល់គាត់ធ្វើអ៊ីចឹងវិញទៅ អាហ្នឹងរឿងរបស់គាត់ គេសើចចំអកឡកឡឺយអី អ្នកគាំទ្រគាត់អី រឿងធម្មតាទេ នយោបាយ គេពេញចិត្តខាងណា គេទៅខាងហ្នឹងទៅ រឿងរបស់គេ តែយើងគ្រាន់តែចង់រំលឹកថា ពីដើមមក គាត់ដូចជាម៉ឺងម៉ាត់ ស្វាហាប់ណាស់ ដល់តែពេលនេះ បានសញ្ជាតិ បានអីនៅក្រៅប្រទេសទៅ គាត់បែកផ្សេង គាត់យល់ឃើញផ្សេង ជារឿងរបស់គាត់“ ។

លោកបោយ រើយ បានមានប្រសាសន៍បន្តថា “ខ្ញុំចង់និយាយអ៊ីចឹង គង់ សភា គាត់ផុសទៅ មានសោ ចាន់ដេត វ៉ាន់ ណារិទ្ធ ចូលខម្មិនដៀមដាមឲ្យលោកប្រធាន មានគីមសួរ ភីរិទ្ធ មួយទៀត ចូលដៀមមកឲ្យលោកប្រធាន កឹម សុខា ហ្នឹង ថាស្ងៀម តាំងសមាធិអី ។ តាមពិតគាត់ជាប់ចំណងតុលាការ ទៅធ្វើអីកើត គាត់នៅក្នុងស្រុក ។ ទោះបីយើងមិនពេញចិត្តច្បាប់អី យើងនៅក្នុងប្រទេស យើងត្រូវតែគោរព ដូចខ្មែរក្រហម ក៏ដោយ យើងត្រូវតែគោរព ហើយក្រុមគាត់ហ្នឹងចេះតែថា លោកកឹម សុខា ហ្នឹងជាប់គុកសិប្បនិម្មិត ជាប់គុកចង់ល្បី លក់ខ្លួន លក់ប្រាណអីហ្នឹង ហើយមានអាក្រុមគាត់ផ្សេងទៀតហ្នឹង ជេរប្រមាថកូនស្រីគាត់ ហើយនិងមន្រ្តីដែលស្មោះត្រង់ជាមួយគាត់ហ្នឹង គឺចេះតែជេរ ចេះតែលាបពណ៌ លក់ខ្លួនអីហ្នឹង ។ ដល់ឥឡូវនេះ គេរក្សាជំហរមាំដដែល ទៅជាគាត់ហ្នឹងផ្លាស់ប្ដូរគំនិត ផ្លាស់ប្ដូរការតាំងចិត្តរបស់គាត់ពីកន្លងមកវិញ ។ ពេលហ្នឹងហើយ ម្ចាស់សន្លឹកឆ្នោត គាត់មើលតាមហ្នឹងទៅ គាត់យល់ដោយខ្លួនឯងទៅ ហើយយើងក៏មិនខឹងគេ បន្ទោសគេ ចោទថាគេលក់ឧត្ដមគតិ លក់មនសិការអីទេ ខ្ញុំគ្រាន់តែចង់និយាយថា ក្រុមគាត់ហ្នឹងធ្លាប់តែចោទគេ ដល់ទីបំផុតហ្នឹង គាត់ទៅជាទន់ភ្លន់អីវិញ…” ។

ជុំវិញករណីខាងលើនេះ សម្រាប់អ្នកនយោបាយ និងអ្នកវិភាគ បានចាត់ទុកជាបរិបទនយោបាយថ្មីមួយ គួរឲ្យកត់សម្គាល់ ដែលបង្ហាញថា នយោបាយរបស់លោកសម រង្ស៊ី កាន់តែអស់ផ្លូវដើរ ទើបកូនចៅរត់ចោលជាបន្តបន្ទាប់ ។

លោកគុជ លី ប្រធានគណបក្សខ្មែរតែមួយ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ថា ការចាប់អារម្មណ៍របស់លោក ដែលសំខាន់បំផុត ការដែលលោក គង់ សភា បានមកចូលរួមជាមួយនឹងរាជរដ្ឋាភិបាល សម្រាប់អាណត្តិនេះ គឺដោយសារគ្រួសាររបស់គាត់ បានយល់ពីតម្លៃនៃសន្តិភាព ។ បានន័យថា មិនមែនសុខៗ គង់ សភា អាចសរសេរលិខិតសុំទោស តាមរយៈសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នោះទេ គឺច្បាស់ណាស់ មានការគាំទ្រពីគ្រួសារ ជាពិសេស មានការសម្របសម្រួលពី គង់ មុនីកា សមាជិកព្រឹទ្ធសភា ដែលត្រូវជាប្អូនប្រុសរបស់លោក គង់ សភា និងជាកូនបង្កើតរបស់លោក គង់ គាំ ។ ម្យ៉ាងទៀត ជាការភ្ញាក់ខ្លួនទាន់ពេលវេលា ដែលយល់ឃើញដូចយុវជនមួយចំនួនថា ការដើរតាមលោកសម រង្ស៊ី គ្មានឱកាសក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិទេ ។

លោកគុជ លី បានមានប្រសាសន៍ថា “ចំពោះខ្ញុំ ខ្ញុំចាប់អារម្មណ៍ឃើញថា ការវិវត្តន៍នយោបាយថ្មី នៅក្នុងបរិបទនយោបាយថ្មី ។ យើងមើលឃើញថា គង់ សភា ជាកូនប្រុសរបស់លោកគង់ គាំ ហើយក៏ជាបងប្រុសបង្កើតរបស់គង់ មុនីកា ផងដែរ ។ យើងមើលឃើញថា ក្រោយពីបោះឆ្នោតព្រឹទ្ធសភា រួច យើងឃើញថា បរិបទថ្មី អាចនឹងមានការវិវត្តន៍ ដោយសារតែគង់ មុនីកា ដែលជាអតីតប្រធានគណបក្សឆន្ទៈខ្មែរ ហើយគណបក្សឆន្ទៈខ្មែរ បានប្រមូលកម្លាំងប្រជាធិបតេយ្យ តាមរយៈគណបក្សភ្លើងទៀន ដែលជាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ បានបោះឲ្យឆ្នោតឲ្យលោកសុខ ហាច និងគង់ មុនីកា ហើយនិងសេង ម៉ារឌី ក្លាយទៅជាសមាជិកព្រឹទ្ធសភា ។ អ៊ីចឹងមើលឃើញថា បរិបទថ្មីនៅក្នុងប្រទេសកម្ពុជា វាមិនមានអីថ្មីសម្រាប់អ្នកនយោបាយទេ តែថ្មីសម្រាប់ប្រជាពលរដ្ឋទៅវិញ ។ សម្រាប់ការគាំទ្រ យើងមើលឃើញថា សម្ដេចតេជោ នៅក្នុងនាមជាប្រធានព្រឹទ្ធសភា ក៏បានអនុញាតឲ្យលោកសេង ម៉ារឌី ហើយនិងគង់ មុនីកា ហើយនិងលោកសុខ ហាច ជួបគ្នាសំណេះសំណាល ដើម្បីជជែកគ្នាអំពីលទ្ធិប្រជាធិបតេយ្យបែបកម្ពុជា ការជជែកគ្នា ការពិភាក្សា ការឈ្លោះគ្នាក្នុងក្របខ័ណ្ឌព្រឹទ្ធសភា ហ្នឹងតែម្ដង ។ គាប់ជួនជាមួយគ្នានោះ យើងមើលឃើញថា លោក គង់ សភា ក៏បានធ្វើលិខិតសុំទោស តាមរយៈសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីឲ្យសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើអន្តរាគមន៍ទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោស ហើយនិងសុំទោសសម្ដេចហ៊ុន សែន ដែលខ្លួនធ្លាប់បានរិះគន់កន្លងមក ទៅលើរាជរដ្ឋាភិបាល ហើយក៏ជាមនុស្សរបស់លោកសម រង្ស៊ី ដែលជាបុគ្គលមួយដែលជ្រុលនិយមខ្លាំង» ។

លោកគុជ លី បន្តថា​ «អ៊ីចឹងយើងមើលឃើញថា អ្នកនៅជុំវិញខ្លួនរបស់លោកសម រង្ស៊ី បានមើលឃើញទង្វើរបស់សម រង្ស៊ី មិនមែនជាអ្នកស្នេហាជាតិពិតប្រាកដទេ គឺជាអ្នកនយោបាយសងសឹកនិយម ពីត្រកូលឪ សម សារី រហូតដល់កូន ជាអ្នកនយោបាយជ្រុលនិយម គឺគំនិតខ្លួនឯង គឺតាំងខ្លួនឯង ថាខ្លួនឯងជាអ្នកបញ្ញជន ខ្លួនឯងជាគ្រួសារអភិជន ខ្លួនឯងធ្វើអ្វីៗតាមតែអំពើចិត្ត មិនបានឆ្លុះបញ្ចាំងពីផលប្រយោជន៍ប្រទេសជាតិនោះទេ ។ យើងមើលឃើញថា យុវជន ពីមួយឆ្នាំទៅមួយឆ្នាំ មានការរៀនសូត្រពីចំណេះដឹង ពីប្រទេសបារាំង អឺរ៉ុប ឬក៏ប្រទេសអូស្រ្តាលី អាមេរិក ឬក៏ប្រទេសនៅក្នុងតំបន់អាស៊ាន ។ អ៊ីចឹងលំហនៃលទ្ធិប្រជាធិបតេយ្យ លំហនៃចលនាកូនខ្មែរដែលបានទៅរៀននៅក្រៅស្រុកនោះ គាត់បានជ្រៀតចូលអំពីមនោគមន៍វិជ្ជានៅក្នុងការសិក្សារៀនសូត្រ ។ អ៊ីចឹងត្រលប់មកវិញ យើងមើលឃើញថា ការយល់ដឹងអំពីយុវជនជំនាន់ក្រោយមានការចេះដឹងកាន់តែច្រើន ធ្វើឲ្យយល់ឃើញថា ដើរតាមលោកសម រង្ស៊ី គ្មានឱកាសក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិទេ ។ ជាពិសេសលោកគង់ សភា នេះតែម្ដង គាត់បានភ្ញាក់ខ្លួនទាន់ពេលវេលា នៅពេលដែលឃើញប្អូនប្រុសរបស់ខ្លួន គង់ មុនីកា បានអភិវឌ្ឍខ្លួន ធ្វើនយោបាយមិនសងសឹកនិយម ធ្វើនយោបាយក្នុងសន្តិវិធីបំផុត ទោះបីយើងមើលឃើញថា កន្លងមក គឺសម្ដេចតេជោ ហ៊ុន សែន ហាក់ដូចជាដាក់សម្ពាធទៅលើលោកគង់ គាំ ក្នុងការអូសទ្រព្យសម្បត្តិ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ជាផ្ទះរបស់គាត់នៅតាំងពីយូរឆ្នាំមកហើយ អូសយកមកឲ្យ គ.ជ.ប សម្រាប់ធ្វើទីស្នាក់ការ ។ អ៊ីចឹងយើងមើលឃើញថា គង់ មុនីកា ទាំងគង់ គាំ បានធ្វើនយោបាយចិត្តត្រជាក់ មានន័យថា មិនយកគំនុំគុំកួន អាចបង្ហាញជាគំរូមួយ សម្រាប់អ្នកនយោបាយផ្សេងៗទៀត អាចមើលឃើញថា គំរូនយោបាយសន្តិវិធីនេះ គឺជាមធ្យោបាយក្នុងការដោះស្រាយល្អ“ ។

លោកគុជ លី បានមានប្រសាសន៍បន្តថា “អ៊ីចឹងដោយសារតែហេតុផលត្រជាក់ហ្នឹងឯង ធ្វើឲ្យបងប្រុសរបស់ខ្លួន គឺគង់ សភា ហ្នឹង អាចនឹងវិលចូលស្រុកវិញឆាប់ៗ ហើយខ្ញុំជឿជាក់ថា លោកគង់ សភា នឹងអាចវិលត្រលប់មកស្រុកវិញ ។ មិនតែប៉ុណ្ណោះ គង់ សភា មានតួនាទីដ៏សំខាន់មួយទៀត គឺគង់ សភា អាចប្រមែប្រមូលអ្នកនៅជុំវិញសម រង្ស៊ី ទាំងអស់នៅក្រៅស្រុក ចូលមកស្រុកវិញ ពីព្រោះយើងយោងទៅតាមប្រសាសន៍របស់សម្ដេចជោ ហ៊ុន សែន យើងមើលឃើញថា សម្ដេចតេជោ ហ៊ុន សែន ប្រឆាំងតែមនុស្សម្នាក់គត់ គឺបុគ្គលជ្រុលនិយម ក្បត់ជាតិ៣ជំនាន់ គឺសម រង្ស៊ី តែម្ដង ។ អ៊ីចឹងក្រៅពីហ្នឹងផ្សេងទៀត យើងមើលឃើញថា ថ្មីៗនេះ សុទ្ធ សារេត នៅអូស្រ្តាលី មុំ អស្សនី ឬក៏អ្នកផ្សេងទៀតដែលនៅបរទេស កំពុងតែសុំទោសសម្ដេចតេជោ ហ៊ុន សែន ដើម្បីវិលត្រលប់មកស្រុកវិញ ។ អ៊ីចឹងយើងត្រលប់មកវិញ យើងមើលឃើញថា នយោបាយសន្តិវិធី ប្រកបដោយសនិ្តភាពនិយមនៅក្នុងប្រទេសកម្ពុជា អាចជាថ្នាំបន្សាបដ៏ល្អ សម្រាប់ក្រុមជ្រុលនិយម ព្រោះក្រុមជុ្រលនិយម ដឹកនាំដោយសម រង្ស៊ី គឺសម រង្ស៊ី ធ្វើនយោបាយមិនគិតផលប្រយោជន៍ប្រជាពលរដ្ឋប៉ុន្មានទេ គឺធ្វើនយោបាយបណ្ដុះមនោគមន៍វិជ្ជា ញុះញង់ឲ្យប្រជាជនខ្លួនឯងប្រឆាំងជាមួយរាជរដ្ឋាភិបាល ហើយបំផ្លាញសេដ្ឋកិច្ចគ្រួសារតែម្ដង ។ យើងមើលឃើញថា សម រង្ស៊ី មិនបានគិតគូរដល់សកម្មជនរបស់ខ្លួនកំពុងអត់ កំពុងឃ្លាន វេទនាយ៉ាងម៉េច គឺសម រង្ស៊ី មិនយល់ពីបញ្ហាហ្នឹងទេ ពីព្រោះគំនិតរបស់គាត់ គឺជាគំនិតគ្រួសារអភិជនជ្រុលនិយម មិនឲ្យតម្លៃទៅលើគ្រួសារក្រីក្រទេ ខុសពីសម្ដេចតេជោ ហ៊ុន សែន គឺជាគ្រួសារមួយកើតចេញពីកសិករ កម្មករ អាចយល់ដឹងអំពីលទ្ធភាពនៃគ្រួសារមួយនៅក្នុងប្រទេស ។ អ៊ីចឹងហើយបានលោកធ្វើនយោបាយប្រកាន់នូវសន្តិវិធី សន្តិភាពនិយមនៅក្នុងប្រទេសកម្ពុជាហ្នឹងតែម្ដង ។ អ៊ីចឹងយើងត្រលប់មកវិញ ការចាប់អារម្មណ៍របស់ខ្ញុំ ដែលសំខាន់បំផុត គឺគង់ សភា បានមកចូលរួមជាមួយនឹងរាជរដ្ឋាភិបាល សម្រាប់អាណត្តិនេះ គឺយើងមើលឃើញថា គ្រួសាររបស់គាត់បានយល់ពីតម្លៃនៃសន្តិភាព ។ អ៊ីចឹងមិនមែនសុខៗ គង់ សភា អាចសរសេរលិខិតតាមរយៈសម្ដេចបវរធិបតី នោះទេ គឺច្បាស់ណាស់ គឺមានការគាំទ្រពីគ្រួសារ ជាពិសេសគឺមានការសម្របសម្រួលពីគង់ មុនីកា ហ្នឹងតែម្ដង“ ។

ដោយឡែក លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ថា មានសេណារីយ៉ូថ្មីពីរ ដែលនឹងកើតឡើង នៃបរិបទនយោបាយថ្មី ជុំវិញការចាកចេញពីលោកសម រង្ស៊ី របស់លោកគង់ សភា កូនប្រុសលោកគង់ គាំ ជាអ្នកនយោបាយផ្ការីកគ្រប់រដូវ ដែលវាអត់មានអីប្លែកទេ ។ ទី២ នយោបាយរបស់លោកសម រង្ស៊ី ដើរដល់ចំណុចមួយរកច្រកចេញលែងឃើញហើយ មានន័យថា គាត់ចូលនិវត្តន៍នយោបាយហើយ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ពាក់ព័ន្ធជាមួយនឹងបរិបទនយោបាយថ្មី កើតឡើងដោយលោកគង់ សភា កូនលោកគង់ គាំ នេះ ខ្ញុំយល់ឃើញថា មានសេណារីយ៉ូថ្មីពីរ ដែលវានឹងកើតឡើង ។ ទី១ លោកគង់ គាំ គឺជាអតីតថ្នាក់ដឹកនាំគណបក្សប្រជាជន ដែរ ជាមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជន ពីមុន ជារដ្ឋមន្រ្តីស្ដីទីក្រសួងការបរទេសដែរ ។ ដូច្នេះនយោបាយលោក គង់ គាំ ជានយោបាយផ្ការីកគ្រប់រដូវ ដូច្នេះគាត់មិនអាចដើរឆ្ងាយពីខ្សែបន្ទាត់របស់គណបក្សប្រជាជនទេ ។ អ៊ីចឹងរឿងក្រុមកូនចៅរបស់លោកគង់ គាំ នេះ គឺវាជារឿងធម្មតាទេ ប៉ុន្តែគ្រាន់តែថា នយោបាយ យើងមិនអាចហាមគេមិនឲ្យដើរផ្លូវណាទេ គ្រាន់តែផ្លូវណាបានការគាំទ្រពីប្រជាពលរដ្ឋ ហើយផ្លូវណាដែលអស់តម្លៃខ្លួនឯងហ្នឹង គឺជាការទទួលខុសត្រូវរបស់អ្នកនយោបាយ ។ អ៊ីចឹងរឿងលោកគង់ សភា នេះ ចំណុចទី១ ខ្ញុំចាប់អារម្មណ៍លើកត្តាលោកគង់ គាំ គាត់ជាអ្នកនយោបាយផ្ការីកគ្រប់រដូវ អ៊ីចឹងវាអត់មានអីប្លែកទេ ។ ចំណុចទី២ ដែលខ្ញុំផ្ដោតសំខាន់ គឺនយោបាយរបស់លោកសម រង្ស៊ី គាត់ដើរដល់ចំណុចមួយរកច្រកចេញលែងឃើញហើយ មានន័យថា គាត់ចូលនិវត្តន៍នយោបាយហើយ ។ អ៊ីចឹងករណីលោកសម រង្ស៊ី គាត់ប្រឹងធ្វើចលនាអីផ្សេងនៅខាងក្រៅនោះ ខ្ញុំមើលឃើញថា មិនអាចទទួលបានការគាំទ្រទេ គាត់គ្រាន់តែធ្វើនយោបាយដេកចាំស៊ីឡាកទេ គាត់អត់អាចធ្វើនយោបាយឆ្ពោះទៅដឹកនាំប្រទេសទេ ។ អ៊ីចឹងគាត់រង់ចាំស៊ីឡាក មានន័យថា ក្ដីសង្ឃឹមរបស់គាត់ គឺអត់រហូត ។ អ៊ីចឹងគណបក្សប្រជាជន ដែលមានសម្ដេចតេជោ ជាប្រធានបក្ស មិនមែនមើលមិនយល់អំពីតិចនិក ឬមួយក៏យុទ្ធសាស្រ្តរបស់លោកសម រង្ស៊ី ទេ អ៊ីចឹងនយោបាយផ្ដាច់ផ្លូវរបស់លោកសម រង្ស៊ី គឺគណបក្សប្រជាជនបានអនុវត្តរួចទៅហើយ មិនឲ្យគណបក្សភ្លើងទៀន ដែលជាអតីតគណបក្សសម រង្ស៊ី នេះ រួបរួមជាមួយគណបក្សកម្លាំងជាតិ នៅក្នុងការបោះឆ្នោតនៅពេលខាងមុខបានទេ ។ អ៊ីចឹងខ្ញុំគ្រាន់តែចង់ជម្រាបសារមួយទៅកាន់លោកសម រង្ស៊ី ថានយោបាយដែលគាត់ប្រឹងប្រែងកន្លងទៅនេះ មនុស្សដែលគាត់អាចកសាងបាននោះ គឺមនុស្សរបស់គណបក្សប្រជាជន នៅជុំវិញសម រង្ស៊ី ហ្នឹង វាមានច្រើនជាងមនុស្សរបស់សម រង្ស៊ី ទៅទៀត ។ អ៊ីចឹងនយោបាយផាត់អាចាស់ ប្រមូលអាថ្មី ដើម្បីគ្រាន់តែកំដរនយោបាយរបស់លោកសម រង្ស៊ី ហ្នឹង គឺខ្ញុំមើលទៅឃើញថា ចប់ហើយ ទៅមុខលែងរួចហើយ ។ អ៊ីចឹងចលនាអីផ្សេងៗដែលបង្កើតថ្មីៗនេះ គ្រាន់តែជាចលនាមួយចិញ្ចឹមឆ្នាំងបាយទេ វាមិនមែនជាចលនាមួយទៅផ្លាស់ប្ដូរប្រទេសជាតិទេ“ ៕ កុលបុត្រ

RELATED ARTICLES