Friday, March 28, 2025
Homeព័ត៌មានជាតិប្អូន​​​ថ្លៃស្រវឹង ទាញ​កាំបិត​ចាក់បង​របួស​ធ្ងន់

ប្អូន​​​ថ្លៃស្រវឹង ទាញ​កាំបិត​ចាក់បង​របួស​ធ្ងន់

ខេត្តកំពង់ចាម ៖ បុរសម្នាក់ ក្រោយផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏ស្រាប់តែទៅរករឿង ឈ្លោះប្រកែកជាមួយនឹងបងថ្លៃរបស់ខ្លួន រួចក៏ ទាញកាំបិតចាក់ប្រហារបងថ្លៃ បណ្តាលឱ្យរង របួសធ្ងន់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៦ ខែ​កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចត្រពាំងជ្រៃ ស្ថិត ក្នុងភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។

ជនបង្កហេតុដែលផឹកស្រាស្រវឹងចាក់បង ថ្លៃ បណ្តាលឱ្យរងរបួសធ្ងន់នោះ មានឈ្មោះ អៃ សំណាង អាយុ៤១​ឆ្នាំ មុខរបរកសិករ មាន លំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះសឿន ថា អាយុ​៥២​ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុង ស្នាក់នៅរោងចាំចម្ការរបស់ខ្លួននៅចំណុចកើតហេតុខាងលើ លុះដល់វេលាម៉ោងកើតហេតុ ខាងលើ ក៏ស្រាប់តែលេចមុខជនបង្កហេតុជា ប្អូនថ្លៃ ស្ថិតក្នុងស្ថានភាពស្រវឹងជោក បានចូល មកដល់ និងបានរករឿងឈ្លោះប្រកែកជាមួយ នឹងជនរងគ្រោះ តែជនរងគ្រោះមិនបានតបត អ្វីនោះទេ ស្រាប់តែបន្តិចក្រោយមក ជនបង្កហេតុក៏ទាញកាំបិតចាក់ប្រហារ​ជនរងគ្រោះ ទាំងកំរោល បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុង នៅរោងចាំចម្ការ ស្រាប់តែប្អូនថ្លៃមិនដឹងជា ផឹកស្រាស្រវឹងមកពីណាមិនដឹង ដើរផ្លូវមួយតែឯង បានមកបង្ករឿងជាមួយគាត់ តែគាត់ធ្វើមិន ដឹងមិនឮ និងមិនបានតបតអ្វីទាំងអស់ ព្រោះ យល់ថា ប្អូនថ្លៃរូបនេះ ស្រវឹងលែងចង់ដឹងអី ប្រៀបបាននឹងមនុស្សបាត់សតិស្មារតីទៅហើយ ទើបខ្ជិលឈ្លោះ នាំឱ្យកើតមានរឿងវែងឆ្ងាយ។

ជនរងគ្រោះបន្តថា លុះទ្រាំនឹងប្អូនថ្លៃ និយាយដដែលៗស្តាប់គ្នាមិនបាន ទើបគាត់បាន និយាយប្រាប់ប្អូនថ្លៃរូបនេះថា បើផឹកស្រវឹង ហើយត្រឡប់ទៅរកកន្លែងដេកវិញទៅ ស្រាប់តែភ្លាមនោះ ប្អូនថ្លៃផ្ទុះកំហឹង ក៏ទាញកាំបិតចាក់ ប្រហារគាត់ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនបង្កហេតុបានរត់គេច ខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

លោកប៉ាក ចាតិ អធិការនគរបាលស្រុក ស្ទឹងត្រង់ បានឱ្យដឹថា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ ដែរ តែជនដៃដល់បានរត់គេចខ្លួនបាត់ទៅហើយ។ យ៉ាងណាពេលនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់ ចាប់ខ្លួនជនដៃដល់ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕​ សុភ័ណ្ឌ

RELATED ARTICLES