Friday, May 3, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ថាជំនួយ១០ម៉ឺនដុល្លារ មិនអាចជួយជីវិតសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា

សម្តេចហ៊ុន សែន ថាជំនួយ១០ម៉ឺនដុល្លារ មិនអាចជួយជីវិតសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា

ភ្នំពេញ ៖ សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ជំនួយរបស់សម្តេច និងភរិយា ចំនួន ១០ម៉ឺនដុល្លារ មិនអាចជួយជីវិតសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បាន ប្រហែលមកពីយឺតពេល។ សម្តេចមានប្រសាសន៍បែបនេះ បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំនិងសោកស្តាយស្តីពីលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដែលបានទទួលមរណភាពដោយរោគាពាធ នៅវេលាម៉ោង ៥និង៤០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មយុ ៦៧ឆ្នាំ។  

ជាមួយនេះ សម្ដេចអតីតនាយករដ្ឋមន្រ្តី បានលើកឡើងថា មុនពេលចែកឋាន លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានឆ្លៀតផ្តែផ្តាំកូនចៅខ្មែរជំនាន់ក្រោយ ឲ្យចូលរួមថែរក្សា ការពារ និងលើកតម្កើងវប្បធម៌ជាតិ ឱ្យគង់វង្សជានិរន្តរ៍ ដែលសារនេះ មានសារៈសំខាន់ខ្លាំងណាស់។

សម្ដេចហ៊ុន សែន បានបង្ហោះវីដេអូនៃការថ្លែងរបស់លោកសាស្រ្តាចារ្យសំបូរ មាណ្ណារ៉ា កាលនៅមានជីវិត នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ជាមួយសំណេរថា “លោកសាស្ត្រាចារ្យ មុនពេលចែកឋាន លោកបានឆ្លៀតផ្តែផ្តាំកូនចៅជំនាន់ក្រោយ ដែលសារនេះមានសារៈសំខាន់ខ្លាំងណាស់។ យប់មិញ ខ្ញុំនៅតាមដានជំងឺរបស់លោក រហូតម៉ោង ៣ទៀបភ្លឺ ពេលភ្ញាក់ពីដំណេក ខ្ញុំទទួលបាននូវដំណឹងដ៏សែនអាក្រក់ គឺមរណភាពរបស់លោក“ ។

សម្ដេចហ៊ុន សែន បន្តថា “សារផ្ដាំផ្ញើចុងក្រោយរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដាស់តឿនកុលបុត្រ កុលធីតាខ្មែរគ្រប់រូប ក្នុងការថែរក្សា ការពារ និងលើកតម្កើងមរតកវប្បធម៌ជាតិ ឱ្យគង់វង្សជានិរន្តរ៍តទៅ។ ទោះបីពេលនេះ លោកសាស្ត្រាចារ្យ បានឃ្លាតកាយឆ្ងាយពីពួកយើងហើយក្ដី ប៉ុន្តែពាក្យអប់រំ ទូន្មាន ប្រៀនប្រដៅ ពុទ្ធិ គំរូវីរភាព និងពលិកម្មដ៏ធំធេងពេញមួយជីវិតរបស់លោកសាស្ត្រាចារ្យ ក្នុងបុព្វហេតុជាតិមាតុភូមិ គឺនៅតែដក់ជាប់ក្នុងបេះដូង និងការចងចាំរបស់យុវជនខ្មែរ គ្រប់រូប ជាដរាប“ ។

សម្ដេចហ៊ុន សែន បានបន្តទៀតថា “ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ជូនចំពោះក្រុមគ្រួសារសពលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ ។ ការបាត់បង់លោកសាស្ត្រាចារ្យ មិនត្រឹមតែជាការបាត់បង់នូវស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌សម្រាប់ភរិយា កូនៗ និងចៅៗតែប៉ុណ្ណោះទេ គឺជាការបាត់បង់ដ៏ធំធេងនូវធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់សង្គមជាតិកម្ពុជា ទាំងមូល។ សូមអរគុណលោកសាស្ត្រាចារ្យ ដែលបានជួយខ្ញុំ និងកូនប្រុសខ្ញុំ ក្នុងនាមជាទីប្រឹក្សានាយករដ្ឋមន្ត្រី ។ ជំនួយរបស់ខ្ញុំ និងភរិយា ១០ម៉ឹនដុល្លារ ដើម្បីព្យាបាល កាលពី ២ខែមុន មិនអាចជួយជីវិតលោកសាស្ត្រាចារ្យបានទេ ប្រហែលមកពីយឺតពេល។ ខ្ញុំសូមជូនដំណើរលោកសាស្ត្រាចារ្យត្រឹមនេះ និងសូមជម្រាបលាដោយគ្មានពេលជួបវិញ“ ។

គួរបញ្ជាក់ថា នៅក្នុងវីដេអូចុងក្រោយរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មានរយៈពេលជាង២នាទី ដែលសម្ដេចហ៊ុន សែន យកមកបង្ហោះនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច ហើយសម្ដេច ចាត់ទុកជាបណ្ដាំចុងក្រោយដ៏មានមានសារៈសំខាន់ខ្លាំងនោះ គឺលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បាននិយាយដាស់តឿនយុវជនខ្មែរ ឲ្យចូលរួមថែរក្សាការពារ លើកស្ទួយតម្លៃប្រទេសជាតិ សីលធម៌ គុណធម៌ ជាពិសេសវប្បធម៌ជាតិ ។

លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានប្រសាសន៍នៅក្នុងវីដេអូនោះថា “រឿងសំខាន់បំផុតរបស់មនុស្ស គឺការឲ្យតម្លៃទៅលើប្រទេសជាតិ វប្បធម៌យើង សង្គមជាតិយើង ។ យើងជាយុវជនជំនាន់ក្រោយ គប្បីសិក្សារៀនសូត្រអំពីទិសដៅយើង ។ ឥឡូវពេលចូលឆ្នាំអ៊ីចឹង ការបើកទូលាយនូវសេរីភាពឲ្យកូនៗខំប្រឹងលេងសប្បាយ ប៉ុន្តែមានគុណធម៌ និងសីលធម៌ ។ សូមកូនៗដែលជាយុវវ័យ កូនគិតមើល តើអ្នកណាអ្នកបន្តវេនសម្រាប់បន្តពូជវប្បធម៌ដ៏រុងរឿងរបស់ខ្មែរ? មានតែយើង ហើយចុះបើយើងនាំគ្នាយកវប្បធម៌បរទេស ហើយកូនជំនាន់ក្រោយ ចេះតែភ្លេចទៅៗ ។ អ៊ីចឹងសូមកូននាំគ្នា បើស្រលាញ់ជាតិ ឲ្យគោរពច្បាប់ បើស្រលាញ់ជាតិសាសន៍យើង ឲ្យមានចិត្តមេត្តា បើស្រលាញ់វប្បធម៌ សាសនា ឲ្យប្រតិបត្តិ មិនមែននាំគ្នាគិតតែស្រលាញ់ៗ ភ័យខ្លាចគេយករបស់យើង ។ យើងមិនដែលថែ ហើយពេលដែលបាត់ យើងថាបាត់ តែមិនដឹងបាត់ពេលណាទេ ហើយដល់ពេលឃើញគេកែ ថាគេយករបស់យើង តែយើងមិនដែលថែទេណាកូនណា ។ សូមកូនថែឡើង ត្រូវខំប្រឹងថែនូវវប្បធម៌ តម្លៃនៃសីលធម៌ គុណធម៌របស់ជាតិ តាមរយៈល្បែងរបាំប្រជាប្រិយខ្មែរ ។ ខ្ញុំសុំនិយាយឡើងវិញ រាជរដ្ឋាភិបាលអាណត្តិទី៦ ទី៧ បានប្រឹងប្រែងខ្លាំងណាស់ សូមអរគុណសម្ដេចតេជោ ហើយក៏អរគុណសម្ដេចធិបតី ដែរ ដែលប្រឹងប្រែងធ្វើកិច្ចការទាំងអស់ហ្នឹង ដើម្បីឲ្យផុសឡើងវិញ ។ យើងជូនពរឲ្យកិត្តិយសជាតិ វប្បធម៌ជាតិ រុងរឿងឡើងវិញ តាមរយៈកុលបុត្រ កុលធីតាសម័យថ្មីរបស់យើង“ ។

សូមបញ្ជាក់ថា លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ដែលជាសាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្ត្រខ្មែរ បានទទួលមរណភាព នៅម៉ោង ៥៖៤០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងជុន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ សពលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវ៥A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្ដេចហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខ ជូនចំពោះលោកស្រី អ៊ុំ ផារ៉ាន់ ភរិយាលោកសាស្រ្ដាចារ្យ សំបូរ មាណ្ណារ៉ា នៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា “លោកជំទាវជាទីរាប់អាន! ខ្ញុំនិងភរិយាមានសេចក្ដីក្រៀមក្រំ និងសោកស្ដាយ ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្ដមសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមីលោកជំទាវ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ៥ៈ៤០នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយា សូមចូលរួមសោកស្ដាយជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ។

មរណភាពរបស់ឯកឧត្ដមសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ក្នុងគោលដៅបម្រើដល់ឧត្ដមប្រយោជន៍ជាតិមាតុភូមិ នាពេលកន្លងមក ។ ទោះបីរូបកាយរបស់ឯកឧត្ដម បានបាត់ទៅក៏ពិតមែន ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរ នឹងនៅស្ថិតស្ថេរក្នុងសន្ដានចិត្តភរិយា កូនចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិរន្តរ៍ ។

ខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធឯកឧត្ដមសាស្រ្តាចារ្យ ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមលោកជំទាវ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំ ពីខ្ញុំ និងភរិយា“ ។

គួររំលឹកថា លោក សំបូរ មាណ្ណារ៉ា ជាអ្នកប្រវត្តិសាស្រ្តខ្មែរដ៏ល្បីល្បាញ ជាអតីតសាស្ត្រាចារ្យប្រវត្តិសាស្ត្រ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោកក៏ជាសាស្រ្ដាចារ្យប្រវត្តិសាស្រ្ដ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា ផងដែរ។ លោកសាស្ត្រាចារ្យ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ដែលមានឋានៈស្មើរដ្ឋមន្ដ្រី កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្រាប់អាណត្តិរាជរដ្ឋាភិបាលទី៧ នេះ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ជាទីប្រឹក្សាផ្ទាល់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានឋានៈស្មើរដ្ឋមន្រ្តី ដដែល ។

មរណភាពរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានធ្វើឱ្យមានការសោកស្ដាយពីសំណាក់ព្រះសង្ឃ និស្សិត សាធារណជន មន្រ្តីរាជការ និងអ្នកនយោបាយទូទៅ ដោយចាត់ទុកជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើមនិងកម្រម្នាក់របស់កម្ពុជា ៕ កុលបុត្រ 

RELATED ARTICLES