Saturday, May 4, 2024
Homeព័ត៌មានជាតិប្រុសស្រឡាញ់ប្រុស រៀបការផ្អើលភូមិ

ប្រុសស្រឡាញ់ប្រុស រៀបការផ្អើលភូមិ

ខេត្តសៀមរាប ៖ គូស្នេហ៍ភេទដូចគ្នា (ប្រុសស្រឡាញ់ប្រុស) មួយគូ បានដឹកដៃគ្នារៀបការ យ៉ាងគគ្រឹកគគ្រេង ផ្អើលភូមិ ដោយបានប្ដេជ្ញាថែរក្សាចំណងអាពាហ៍ពិពាហ៍នេះ ឲ្យបានគង់វង្សទៅមុខជារៀងរហូត និងសុំចិត្តមនុស្សទាំងឡាយ កុំសើចចំអក រើសអើងពួកគេ ព្រោះពួកគេស្រឡាញ់គ្នាពិតប្រាកដ និងមានការទទួលស្គាល់ពីញាតិមិត្តទាំងសងខាង រហូតមានពិធីរៀបការតាមប្រពៃណីដូចគូស្នេហ៍ធម្មតា​ (ប្រុសនិងស្រី) ដែរ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ មានពិធីរៀបការមួយ បង្កការភ្ញាក់ផ្អើលពេញភូមិប្រាសាទ ឃុំសំរោងយារ ស្រុកពួក ខេត្តសៀមរាប ដោយសារក្នុងពិធីរៀបការនោះ មិនមានកូនស្រី ឬកូនក្រមុំទេ គឺមានតែកូនប្រុស ឬកូនកំលោះទាំងពីរ ពោលគឺជាគូស្នេហ៍ភេទដូចគ្នា​ (ប្រុសស្រឡាញ់ប្រុស) ។ ពិធីរៀបការនេះ បានអញ្ជើញភ្ញៀវកិត្តិយសពិសាភោជនាហារ ដល់ទៅ ១០០តុ (១០០០នាក់) ដោយបានប្រព្រឹត្តទៅតាមកម្មវិធីជាបន្តបន្ទាប់ ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដូចពិធីរៀបការទូទៅដែរ ដូចជា ពិធីហែជំនូន ពិធីសំពះផ្ទឹម ចងដៃ កាត់សក់ ពិធីទទួលភ្ញៀវពិសាភោជនាហារ ជាដើម ។

គូស្នេហ៍ភេទដូចគ្នា ដែលរៀបការផ្អើលភូមិនោះ ភាគីតាំងខ្លួនជាកូនប្រុស (កូនកំលោះ) មានឈ្មោះលឿម តុលា អាយុ២៨ឆ្នាំ កំព្រាឪពុកម្ដាយ មុខរបរជាអ្នកផាត់មុខ (make up) តាមពិធីមង្គលការ ។ ចំណែកភាគីតាំងខ្លួនជាកូនស្រី (កូនក្រមុំ) មានឈ្មោះ ជរ សុឃីម អាយុ២១ឆ្នាំ ជាកូនកំព្រាឪពុក និងមានប្អូន ៣នាក់ មានមុខរបរជាអ្នកតែងផ្កា (ដេគ័រ) តាមពិធីមង្គលការ និងពិធីជប់លៀងផ្សេងៗ ។ គូស្នេហ៍ភេទដូចគ្នានេះ រស់នៅភូមិប្រាសាទ ឃុំសំរោងយារ ស្រុកពួក ខេត្តសៀមរាប ។

បើតាមភាគីម្ខាង ឈ្មោះ ជរ សុឃីម បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ថា មុនឈានដល់រៀបការយ៉ាងអធិកអធម គគ្រឹកគគ្រេង ផ្អើលភូមិ ដោយមានភ្ញៀវកិត្តិយសអញ្ជើញមកចូលរួមច្រើនលើសចំនួនកំណត់ ស្ទើរតែរកតុអង្គុយមិនចង់បាននោះ លោកនិងគូស្នេហ៍ ឈ្មោះលឿម តុលា បានស្រលាញ់គ្នា អស់រយៈពេល ២ឆ្នាំកន្លះមកហើយ ដោយគ្មានអ្នកណាបង្ខិតបង្ខំទេ គឺដោយសារនិស្ស័យដែលតម្រូវឲ្យស្រឡាញ់ភេទដូចគ្នាតាំងពីកំណើត ហើយដោយសារបានជួបគ្នាញឹកញាប់នៅក្នុងអាជីពអ្នកដេគ័រ និងអ្នកផាត់មុខ នៅក្នុងពិធីមង្គលការ ដូចគ្នា និងណាមួយមានការគាំទ្រពីមិត្តភក្ដិ ព្រមទាំងគ្មានការជំទាស់ពីសាច់ញាតិទាំងសងខាងផង ។ ដូច្នេះហើយ ទាំងនៅក្នុងពេលរៀបការ និងក្រោយរៀបការ បានប៉ុន្មានថ្ងៃមកនេះ ពួកខ្លួនពិតជាមានក្ដីរំភើបរីករាយក្នុងចិត្តខ្លាំងណាស់ ដោយមិននឹកស្មានថា ស្នេហារបស់ពួកខ្លួន មានការគាំទ្រពីមនុស្សនៅជុំវិញខ្លួនដល់ម្ល៉ឹង ។

ទោះបីយ៉ាងណា យុវជន ជរ សុឃីម បញ្ជាក់ថា ទោះបីមានមនុស្សជាច្រើនគាំទ្រ ក៏នៅមានមនុស្សមួយចំនួន ទិតៀន សើចចំអក ពេបជ្រាយ និងបង្ហាញការមិនចូលចិត្តដែរ ។ ដូច្នេះលោកក៏សូមផ្ដាំផ្ញើទៅមជ្ឈដ្ឋានខាងក្រៅថា សូមមេត្តាកុំរើសអើងអ្នកស្រលាញ់ភេទដូចគ្នា ដូចពួកគេអី ព្រោះធ្វើម៉េចនិស្ស័យធម្មជាតិផ្ដល់មកឲ្យពួកគេយ៉ាងនេះទៅហើយ ។ ម្យ៉ាងទៀត បើទោះបីស្រលាញ់ភេទដូចគ្នា ក៏ប្ដីប្រពន្ធភេទដូចគ្នារបស់ពួកគេ អាចមានក្ដីស្មោះចំពោះគ្នាជាងគូសេ្នហ៍ឬប្ដីប្រពន្ធភេទផ្ទុយគ្នាផង ។

ជរ សុឃីម បានសំណូមពរយ៉ាងដូច្នេះថា “បាទ! ចង់ឲ្យអ្នកដែលមិនបានចូលរួមមង្គលការពួកខ្ញុំ កុំមានការរើសអើងពួកខ្ញុំ ឬរើសអើងភេទទី៣ ព្រោះពួកខ្ញុំបានស្រលាញ់គ្នាពិត ហើយខ្ញុំយកឪពុកម្ដាយខ្ញុំជាគំរូ ដែលគាត់ទទួលយកពួកខ្ញុំបាន“ ។

ឆ្លើយតបសំណួរថា តើទៅថ្ងៃមុខ បើចង់បានកូន តើធ្វើយ៉ាងណា? ជរ សុឃីម ឆ្លើយថា ពួកគេមិនចង់បានកូនទេ ព្រោះរាល់ថ្ងៃ ពួកគេទទួលបន្ទុកចិញ្ចឹមគ្រួសារ ចាត់ទុកដូចជាការមានកូន មានគ្រួសារដ៏ធំមួយ ដែលត្រូវទំនុកបម្រុងជាប្រចាំរួចហើយ ។ ពោលគឺខ្លួនត្រូវមើលថែម្ដាយ និងចិញ្ចឹមប្អូនៗដែលនៅរៀន រីឯប្ដីរបស់ខ្លួន ទទួលបន្ទុកមើលថែនិងចិញ្ចឹមជីដូនចាស់ ។ ដូច្នេះជាកាតព្វកិច្ចមួយដ៏ធំសម្រាប់គ្រួសារទៅហើយ មិនចាំបាច់មានកូនទៀត ក៏បានដែរ ។ អ្វីដែលសំខាន់ដែលប្ដីប្រពន្ធខ្លួនត្រូវធ្វើ គឺត្រូវខំរកលុយឲ្យបានច្រើន ទុកទំនុកបម្រុងជីវភាព និងជាទ្រព្យទៅថ្ងៃមុខ ព្រោះតែខ្ជិលច្រអូស មិនខំប្រឹងប្រែងធ្វើការងាររកស៊ី តែធ្លាក់ខ្លួនក្រ គេមើលងាយហើយ ។

ក្នុងន័យនេះដែរ ជរ សុឃីម ក៏សូមផ្ដាំផ្ញើទៅអ្នកដែលស្រលាញ់ភេទដូចគ្នាទាំងអស់ថា ត្រូវប្រកាន់គោលជំហរ៣ ឲ្យបាន គឺទី១ ត្រូវចិត្តធ្ងន់ ទទួលយកពាក្យសម្ដីរិះគន់របស់អ្នកនៅជុំវិញខ្លួនឲ្យបាន ព្រោះកន្លងមក ខ្លួនធ្លាប់ជួបប្រទះច្រើនហើយ ខ្លះជេរដៀលនៅនឹងមុខក៏មានដែរ តែខ្លួនមិនដែលតបតទេ សុខចិត្តនៅស្ងៀម ។ ទី២ ត្រូវចេះស្មោះត្រង់ជាមួយគ្នា យោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក កុំប្រចណ្ឌហួងហែងគ្នាពេក ។ ទី៣ ត្រូវចេះចាប់ដៃគ្នារកស៊ី និងចេះសន្សំសំចៃប្រាក់កាស ព្រោះក្នុងឆាកជីវិតយើងនេះ បើសិនជាយើងក្រ គឺនឹងត្រូវគេមើលងាយមិនខាន ៕ កុលបុត្រ

RELATED ARTICLES