Sunday, May 5, 2024
Homeព័ត៌មានជាតិសម្តែងគុនល្បុក្កតោ-សៅលិញ នៅអង្គរ កម្ពុជា-ចិន រួមគ្នាទាក់ទាញទេសចរ

សម្តែងគុនល្បុក្កតោ-សៅលិញ នៅអង្គរ កម្ពុជា-ចិន រួមគ្នាទាក់ទាញទេសចរ

ខេត្តសៀមរាប ៖ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន (Henan) ប្រទេសចិន និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍សម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញ នៅរមណីយដ្ឋានអង្គរ (ខាងជើងប្រាសាទបាយ័ន) កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមពីស្ថាប័នពាក់ព័ន្ធ ជាង ៥០០នាក់។

ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនល្បុក្កតោខ្មែរ និងក្បាច់គុនសៅលិញចិន ដើម្បីទាក់ទាញអ្នកទេសចរ មកកម្ពុជា កាន់តែច្រើន ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ផងដែរ ។

អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោក អ៊ួ តារ៉ា បានបញ្ជាក់ថា នេះគឺជាឱកាសល្អសម្រាប់ផ្សព្វផ្សាយគុនល្បុក្កតោ ទៅកាន់ប្រទេសចិន និងពិភពលោក។ ពោលគឺយើងអាចបង្ហាញពីអ្វីដែលយើងមាន និងអ្វីដែលជារបស់ខ្មែរ តាមរយៈការបង្ហាញក្បាច់គុនរួមគ្នា។ ក្បាច់គុនសៅលិញ និងគុនល្បុក្កតោ សុទ្ធតែមានប្រវត្តិដ៏យូរលង់។

លោកវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានគូសបញ្ជាក់ថា ការសម្ដែងនេះ ធ្វើឡើងដើម្បីអបអរសាទរ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ និងជាការរឹតចំណងមិត្តភាពរវាងក្បាច់គុនប្រពៃណីរបស់ប្រទេសទាំងពីរ ។

ការសម្ដែងរួមគ្នាលក្ខណៈទ្វេភាគីនេះ ជាជំហានដំបូងមួយ និងបន្តនៅក្នុងជំហានបន្តបន្ទាប់ទៀត ខណៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏កំពុងគ្រោងរៀបចំទិវាគុនចម្រុះ ( World Martial Arts) នៅមុខប្រាសាទអង្គរវត្ត ស្របពេលដែលសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជាគោលការណ៍រៀបចំនៅឆ្នាំក្រោយ។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងជំរុញដល់ទេសចរណ៍ និងសេដ្ឋកិច្ច ក៏ដូចជាលើកតម្លៃក្បាច់គុនខ្មែរ ព្រលឹងជាតិខ្មែរ គុនល្បុក្កតោនេះ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ អ្វីដែលពិសេស គឺបានបង្ហាញក្បាច់គុនដ៏ចំណាស់ នៅទឹកដីអច្ឆរិយ តំបន់អង្គរ ហើយក៏បានបង្ហាញពីប្រវត្តិ ទស្សនវិជ្ជា ឱ្យក្បាច់គុនផ្សេងៗបានឃើញ។ តំណាងអង្គការយូណេស្កូ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមទស្សនានូវសកម្មភាពសម្តែងទស្សនីយភាពទាំងនេះផងដែរ។

ទាក់ទងនឹងព្រឹត្តិការណ៍ខាងលើនេះ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ថា “ដើម្បីជំរុញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ក៏ដូចជាអបអរសាទរ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងការសម្ដែងក្បាច់គុនសៅលិញ និងគុនល្បុក្កតោ នៅអង្គរ (When Shaolin Meets Bokator At Angkor) ដ៏អស្ចារ្យ នៅបរិវេណខាងជើងប្រាសាទបាយ័ន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយសម្តែងរួមគ្នារវាងក្បាច់គុនសៅលិញ និងក្បាច់គុនល្បុក្កតោ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរ មកកាន់កម្ពុជា កាន់តែច្រើន ដោយស្វែងយល់អំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជា ផងដែរ“ ។

សម្ដេចនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តនិងវាយតម្លៃខ្ពស់ក្នុងកិច្ចការរៀបចំការផ្លាស់ប្តូរវប្បធម៌ និងផ្សព្វផ្សាយវប្បធម៌ទាំងទ្វេភាគី និងពហុភាគី ដើម្បីជាការផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា និងទាក់ទាញអ្នកទេសចរអន្តរជាតិ ឱ្យបានកាន់តែច្រើនជាអតិបរមា ។

សូមបញ្ជាក់ថា ក្បាច់គុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ជាច្រើនសតវត្សរ៍មកហើយ និងបន្តរស់រានក្នុងសង្គមខ្មែរ រហូតដល់បច្ចុប្បន្ននេះ។ ចម្លាក់លើជញ្ជាំងប្រាសាទ សម័យអង្គរ ជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។

ចំណែកសៅលិញ គឺជាក្បាច់ដ៏ចំណាស់ និងល្បីបំផុត ដែលជាផ្នែកមួយនៃក្បាច់គុនកុងហ៊្វូរបស់ចិន។ បើតាមឯកសារចិន សៅលិញ មានប្រភពដើម និងត្រូវបានបង្កើតឡើងនៅក្នុងប្រាសាទសៅលីង ក្នុងខេត្តហឺណាន នៃប្រទេសចិន ក្នុងអំឡុងប្រមាណ ១៥០០ឆ្នាំមុន ៕

RELATED ARTICLES