Sunday, May 5, 2024
Homeព័ត៌មានជាតិស្តារអូរ ឃើញវត្ថុបុរាណ ព្រះសិរទេវរូប

ស្តារអូរ ឃើញវត្ថុបុរាណ ព្រះសិរទេវរូប

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ រួមនិងអាជ្ញាធរមូលដ្ឋាន បាននាំគ្នាស្តារអូរមួយកន្លែង ដើម្បីយកទឹកប្រើ ប្រាស់ ស្រាប់តែប្រទះឃើញព្រះសិរទេវរូប រចនាបទបាខែង ក្នុងសម័យអង្គរ១អង្គ ទម្ងន់ជិត ៦គីឡូក្រាម ដែលជាវត្ថុបុរាណ កប់នៅក្នុងភក់បាតអូរ រួចក៏យកមកលាងសម្អាត និងប្រគល់ជូនមន្ត្រីជំនាញ ដើម្បីនាំយកទៅរក្សាទុកនៅសារមន្ទីរ។

ការប្រទះឃើញវត្ថុបុរាណនេះ កើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបុរី។ លុះមកដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោកយ៉ង តាំងកួយ ប្រធានមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ និងក្រុមការងារ រួមជាមួយមន្ត្រីមានសមត្ថកិច្ច បានចុះទៅទទួលយកពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅរក្សាទុកនៅសារមន្ទីរខេត្តបន្ទាយមានជ័យ។

តាមការរៀបរាប់ពីប្រជាពលរដ្ឋ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរឃុំបន្ទាយនាង បានស្តារអូរ ដើម្បីស្តុកទឹកឱ្យប្រជាពលរដ្ឋប្រើប្រាស់ ស្រាប់តែបានប្រទះឃើញព្រះសិរ (ក្បាល) ទេវរូប ១អង្គ ដែលជាប្រភេទថ្មភក់ មានទម្ងន់ ៥,៧គីឡូក្រាម ជាវត្ថុបុរាណ បន្សល់មករាប់រយពាន់ឆ្នាំមកហើយ លុះពេលដែលពួកគាត់យកមកលាងសម្អាត ស្រាប់តែ ព្រះភក្រ្តទេវរូប បញ្ចេញនូវស្នាមញញឹម រួចក៏មានអព្ភូតហេតុបានកើត ឡើង ដោយមេឃចាប់ផ្តើមងងឹត និងមានខ្យល់បោកបក់មកយ៉ាងខ្លាំង ហើយពេលនោះក៏មានភ្លៀងរលឹមស្រិចៗទៀតផង ជាហេតុធ្វើឱ្យអ្នកស្រុក មានជំនឿថា ព្រះសិរទេវរូបនេះ ពិតជាមានឫទ្ធីបារមីពូកែទើបនាំគ្នាមកអុជធូបទៀន សុំសេចក្តីសុខ ខ្លះយកម្សៅលាបលើព្រះភក្ត្រទេវរូប។

ដោយជឿជាក់ថា ទេវរូបមានបារមី និងមិនចង់ឱ្យជនខិលខូចបន្លំលួចយកទៅលក់ ទើបអ្នកស្រុក សម្រេចចិត្តយកទៅដាក់នៅប៉ុស្តិ៍នគរបាលឃុំបន្ទាយនាង ឱ្យជួយការពារ និងបានរាយការណ៍ទៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ដើម្បីយកទៅរក្សាទុកនៅសារមន្ទីរ។

លោកយ៉ង តាំងកួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ថា ព្រះសិរទេវរូបដែលប្រជាពលរដ្ឋប្រទះឃើញនេះ ពិតជាវត្ថុបុរាណដ៏មានតម្លៃ ស្ថិតក្នុងរចនាបទបាខែង ក្នុងសម័យអង្គរ ដែលអាចនឹងកសាងឡើងក្នុងសតវត្សទី១០ ហើយលោកក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលស្រឡាញ់វប្បធម៌ និងចង់ថែរក្សាកេរដំណែលពីដូនតា ហើយបានរាយការណ៍មកកាន់មន្ទីរវប្បធម៌និងសិល្បៈ ដើម្បីយកមករក្សាទុកនៅសារមន្ទីរ កុំឱ្យបាត់បង់ និងទុកឱ្យក្មេងៗជំនាន់ក្រោយ ពិសេសភ្ញៀវជាតិនិងអន្តរជាតិបានឃើញ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា បច្ចុប្បន្ននេះ សារមន្ទីរខេត្តបន្ទាយមានជ័យ បានទទួលរូបសំណាកនិងវត្ថុបុរាណផ្សេងៗ ចំនួនជាង ២៤០០ដុំ-រូប ដែលបានមកពីគយ ប៉ូលិស កងរាជអាវុធហត្ថ និងបងប្អូនប្រជាពលរដ្ឋ បានយកមកប្រគល់ជូន។

ជាមួយនេះ លោកយ៉ង់ តាំងកួយ ក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តបន្ទាយមានជ័យ បើបានប្រទះឃើញវត្ថុបុរាណ សូមរាយការណ៍មកមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ដើម្បីយកមករក្សាទុកនៅសារមន្ទីរខេត្ត ទុកជាកេរមរតក សម្រាប់ក្មេងៗជំនាន់ក្រោយ ពិសេសភ្ញៀវជាតិ អន្តរជាតិ បានទស្សនាពីស្នាដៃរបស់បុព្វបុរសយើង៕

RELATED ARTICLES