Sunday, May 5, 2024
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រីកម្ពុជា ជំរុញរួមគ្នាសម្រេចគោលដៅ កម្ពុជា គ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥

នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញរួមគ្នាសម្រេចគោលដៅ កម្ពុជា គ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥

ភ្នំពេញ ៖ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញនិងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូអនុវត្ត និងដៃគូអភិវឌ្ឍន៍ រួមគ្នាពន្លឿនការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ ទៅតាមផែនការយុទ្ធសាស្ត្រជាតិ ឱ្យសម្រេចបានជោគជ័យសម្រាប់ប្រទេសកម្ពុជា គ្មានជំងឺគ្រុនm ចាញ់ នៅឆ្នាំ២០២៥។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់”។

សារលិខិតរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុង ថា «ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានសេចក្តីសោមនស្សរីករាយ និងសូមសម្តែងនូវការអបអរសាទរជាមួយប្រជាជាតិ និងពិភពលោកទាំងមូល ដែលប្រារព្ធទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ “លើកកម្ពស់សមធម៌ សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រ យុទ្ធនឹងជំងឺគ្រុនចាញ់” ដើម្បីជំរុញនិងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូអនុវត្តនិងដៃគូអភិវឌ្ឍន៍ រួមគ្នាពន្លឿនការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ ទៅតាមផែនការយុទ្ធសាស្ត្រជាតិ ឱ្យសម្រេចបានជោគជ័យសម្រាប់ប្រទេសកម្ពុជា គ្មាន ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ និងបណ្តាប្រទេសនៅក្នុងមហាអនុតំបន់មេគង្គ គ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០៣០។

បើទោះបីជាជំងឺគ្រុនចាញ់ នៅតែយាយីដល់អាយុជីវិតមនុស្សគ្រប់ពេល និងបានធ្វើឱ្យខាតបង់ផលិតភាពយ៉ាងធ្ងន់ធ្ងរ បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងសង្គម-សេដ្ឋកិច្ចរបស់ពិភពលោក និងប្រទេសកម្ពុជា ក៏ដោយ ក៏ប្រទេសកម្ពុជា បាននិងកំពុងតែដើរលើផ្លូវត្រូវ ដោយបានចូលរួមយ៉ាងសកម្មជាមួយពិភពលោកគាំទ្រ ការសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់ តាមរយៈការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តផែន ការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាប្រកបដោយបញ្ញា ញាណរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងបរិបទសុខសន្តិភាព ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពទូទាំងប្រទេស កម្ពុជា បានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់ គ្រប់ទម្រង់ ត្រឹមឆ្នាំ២០២៥ តាមរយៈសមិទ្ធផលសំខាន់ៗ មានជាអាទិ៍ ការទប់ស្កាត់មិនឱ្យមានភាពស៊ាំនឹងថ្នាំសម្លាប់មេរោគគ្រុនចាញ់ ចាប់តាំងពីឆ្នាំ២០១៦ និងការបន្តថយចុះនៃចំនួនករណីជំងឺគ្រុនចាញ់ ដោយនៅឆ្នាំ២០២៣ មានត្រឹមតែ ១៣៨៤ករណី ប៉ុណ្ណោះ ព្រមទាំងគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។

ទន្ទឹមនឹងវឌ្ឍនភាពនិងសមិទ្ធផលជោគជ័យទាំងនេះ យើងមិនត្រូវភ្លេចខ្លួនទេថា យើងពុំទាន់សម្រេចគោលដៅផែនការលុបបំបាត់ជំងឺគ្រុនចាញ់ ទាំងស្រុងនៅឡើយ ដោយនៅមានបញ្ហាប្រឈមចម្បងៗដែលយើងត្រូវតែខិតខំរួមគ្នាដោះស្រាយ និងបង្កើនល្បឿនអនុវត្តផែនការ សកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ ដំណាក់ កាលទី២ ឆ្នាំ២០២១-២០២៥ ជាពិសេសត្រូវផ្តោតលើការផ្តល់សេវាធ្វើរោគវិនិច្ឆ័យ និងការព្យាបាលករណីជំងឺគ្រុនចាញ់ ដែលនៅសេសសល់ក្នុងតំបន់ឆ្ងាយដាច់ស្រយាល ពិបាកទៅដល់ និងប្រជាជនចល័ត ប្រជាជនក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារតូចៗ ព្រមទាំងជនជាតិដើមភាគតិច ដែលប្រឈមនឹងហានិភ័យខ្ពស់ ដោយមិនប្រកាន់ពណ៌សម្បុរ ភេទ ពូជសាសន៍ សាសនា ស្ថានភាព សង្គម-សេដ្ឋកិច្ច ឬស្ថានភាពផ្សេងៗទៀត ប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព សមធម៌ និងបរិយាបន្ន។ បន្ថែមពីលើនេះ ត្រូវបន្តសកម្មភាពលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ តាមរយៈការធ្វើឱ្យសហគមន៍មានអនាម័យល្អ បរិស្ថានស្អាត ការពារកុំឱ្យមូសខាំ ដែលមិនត្រឹមតែជាវិធានការបង្ការជំងឺដ៏មានប្រសិទ្ធភាពនោះទេ ប៉ុន្តែក៏ជាសិទ្ធិរបស់ប្រជាជនគ្រប់រូបដែលត្រូវទទួលបានផងដែរ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល និងមានអត្ថន័យនេះ ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវការកោតសរសើរនិងគាំទ្រយ៉ាងពេញទំហឹងដល់គ្រប់សកម្មភាពទាំងអស់ ដែលបាននិងកំពុងអនុវត្តក្នុងដំណើរឆ្ពោះទៅរកកម្ពុជា គ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ និងពិភពលោកគ្មានជំងឺគ្រុនចាញ់ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការលើក កម្ពស់សិទ្ធិមនុស្សនិងសមភាពយេនឌ័រ ដែលបានរំលេចក្នុងយុទ្ធសាស្ត្របញ្ចកាណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនឹងនេះដែរ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណជាអនេកប្បការ ដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ដែលជាដៃគូអភិវឌ្ឍន៍ និងដៃគូវិនិយោគ រួមទាំងក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មន្ត្រី បុគ្គលិកសុខាភិបាល ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងប្រជាជនគ្រប់រូប ដែលបានរួមគ្នាធ្វើឱ្យសម្រេចបាននូវជោគជ័យគួរជាទីមោទនៈ លើសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់នេះ។

ខ្ញុំព្រះករុណាខ្ញុំ សូមឧទ្ទិសឱ្យខ្លឹមសារនិងអត្ថន័យនៃទិវាគ្រុនចាញ់ពិភពលោក ២៥ មេសា ២០២៤ ក្រោមប្រធានបទ “លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់” ទៅជាការអនុវត្តជាក់ស្តែងកាន់តែស៊ីជម្រៅ ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងប្រតិបត្តិការសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ ហើយខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ដៃគូអនុវត្ត សប្បុរសជន ព្រះសង្ឃ មន្ត្រីសុខាភិបាលគ្រប់កម្រិត អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត ប្រជាពលរដ្ឋទាំងអស់ នឹងបន្តគាំទ្រនិងចូលរួមសហការអនុវត្តឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីសម្រេចគោលដៅកម្ពុជា គ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ ក្នុងបុព្វហេតុ រួមចំណែកជំរុញកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន ឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០។

ជាទីបញ្ចប់ ក្នុងឱកាសនៃការប្រារព្ធទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

RELATED ARTICLES