Monday, May 6, 2024
Homeសង្គម និងជីវិត ប្រទះឃើញហ្វូងដំរីព្រៃ២០ក្បាល នៅស្រុកកែវសីមា

 ប្រទះឃើញហ្វូងដំរីព្រៃ២០ក្បាល នៅស្រុកកែវសីមា

ខេត្តមណ្ឌលគិរី ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ថ្មីៗកន្លងមកនេះ ហ្វូងដំរីព្រៃ ឬដំរីអាស៊ី បានបង្ហាញខ្លួននៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលមានចំនួនច្រើនជាងការមើលឃើញជាងបណ្តាឆ្នាំកន្លងទៅ។

លោកខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ថា បើតាមមន្ត្រីឧទ្យានុរក្ស បានសង្កេតលើវត្តមានដំរីព្រៃ ដែលធ្វើដំណើរក្នុងតំបន់ព្រៃ ហើយពេលខ្លះបានចូលមកក្នុងសហ គមន៍តំបន់ការពារធម្មជាតិ ជាហ្វូងៗចន្លោះពី២០ ទៅ៣០ក្បាល ដែលចំនួននេះ មានការកើនឡើងពីចំនួន ៣ទៅ៥ក្បាល ដែលបានបង្ហាញខ្លួន កាលពីពេលកន្លងទៅ។

អ្នកនាំពាក្យបានបញ្ជាក់ថា នេះជាសញ្ញាបញ្ជាក់ថា ពួកវារស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់ បានធានាការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះបានល្អ ធានាបាននូវប្រព័ន្ធអេកូឡូស៊ីបរិស្ថានបានល្អប្រសើរ នៅតាមប្រព័ន្ធការពារធម្មជាតី ជាពិសេសនៅខេត្តមណ្ឌលគិរី ដែលមានប្រប័ន្ធការពារធម្មជាតិ ដូចជាដែនជម្រកសត្វព្រៃ ស្រែពក ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃ ភ្នំព្រេច និងដែនជម្រកសត្វព្រៃ កែវ សីម៉ាជាដើម។

អ្នកនាំពាក្យដដែល បានឲ្យដឹងថា យោងតាមការសិក្សាវិភាគលើចំនួនសត្វដំរីព្រៃ របស់មន្ត្រីជំនាញក្រសួង បរិស្ថាន និងដៃគូសហការ នាពេលកន្លងមក ដំរីអាស៊ី មានចំនួនប្រមាណ៣៥០ក្បាល នៅក្នុងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា ដំរីព្រៃ ឬដំរីអាស៊ី កំពុងរងការគំរាមកំហែងលើដែនជម្រករបស់វាធ្ងន់ធ្ងរ នៅទូទាំងសកលលោក។ ដំរីព្រៃ ត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។ នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ីមានចំនួនប្រមាណពី ៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី។

ម៉្យាងទៀត ក្រសួងបរិស្ថាន បានបង្កើតផែនការសកម្មភាពអភិរក្សដំរីព្រៃ ២០២០-២០២៩ នេះឡើង ដែលកំណត់នូវបញ្ហាអាទិភាព ចំនួន៦ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហាទាំងនោះ ពិសេសការបន្តសិក្សាស្រាវជ្រាវនិងតាមដានវត្តមាន និងរបាយ របស់វា តាមរយៈម៉ាស៊ីថតស្វ័យប្រវត្តិ និងការវិភាគ DNA លាមកជាដើម។

កន្លងមកនេះ ចំនួនដំរីអាស៊ីនេះ ហាក់ដូចជាមានចំនួនកើនឡើង ដោយពេលថ្មីៗ បានរកឃើញដំរីដើរជាហ្វូង ចាប់ពី១០ រហូតដល់ជាង ២០ក្បាល ហើយក្នុងមួយហ្វូង ក៏ឃើញមានវត្តមានកូនដំរី ដែលទើបនឹងកើត និងមានវ័យជំទង់ មានចំនួនច្រើននៅក្នុងហ្វូងរបស់វា។

អ្នកនាំពាក្យដដែល បានបន្តទៀតថា ដើម្បីធានាថា ដំរីអាស៊ី ទទួលបានការការពារហ្មត់ចត់ និងអាចមានឱកាសបង្កើនចំនួនរបស់វា នៅក្នុងធម្មជាតិឡើងវិញបន្ថែមទៀត សម្រាប់បន្សល់ទុកជាកេរមរតកដល់មនុស្សជំនាន់ក្រោយ ស្របតាមការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលសង្កត់ធ្ងន់លើមុំយុទ្ធសាស្ត្រអាទិភាព៣ គឺស្អាត បៃតង និងចីរភាព ក្រសួងបរិស្ថាន ស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមទប់ស្កាត់ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់ និងការកាប់រុករានដីព្រៃក្នុងតំបន់ការពារធម្មជាតិ និងបង្កើនការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ដាំឈើឱ្យបានច្រើននៅតាមមូលដ្ឋាន និងដាំស្តារព្រៃរេចរឹល បង្កើនភាពបៃតង និងឈានទៅសម្រេចគម្របព្រៃកើនឡើងឱ្យបាន ៦០ភាគរយ នៃផ្ទៃប្រទេស ត្រឹមឆ្នាំ២០៥០៕

RELATED ARTICLES