Wednesday, May 15, 2024
Homeព័ត៌មានជាតិប្រឆាំងគម្រោងព្រែកជីក នាយករដ្ឋមន្ត្រីកម្ពុជា សួរសម រង្ស៉ី ល្ងង់ឬចេះធ្វើល្ងង់?

ប្រឆាំងគម្រោងព្រែកជីក នាយករដ្ឋមន្ត្រីកម្ពុជា សួរសម រង្ស៉ី ល្ងង់ឬចេះធ្វើល្ងង់?

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី ) ដែលកំពុងរស់និរទេសនៅប្រទេសបារាំង បានបង្ហាញការប្រឆាំងទៅនឹងគម្រោងព្រែកជីកតេជោហ្វូណន របស់រាជរដ្ឋាភិបាលកម្ពុជា  ដោយលោកបានលើកឡើងថា គម្រោងជីកព្រែក ភ្ជាប់រាជធានីភ្នំពេញ ទៅដល់សមុទ្រខេត្តកែប នោះ អាចនាំមកនូវគ្រោះថ្នាក់ធ្ងន់ដល់បរិស្ថាន និងជីវភាពរស់នៅប្រជាពលរដ្ឋខ្មែរ ព្រមទាំងបានចោទសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា)  និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើតាមសំណើចិន មិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ចប្រទេសកម្ពុជា ទេ គឺបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្ត ។

ជាប្រតិកម្មឆ្លើយតបការលើកឡើងរបស់អតីតមេបក្សប្រឆាំង លោកសម រង្ស៊ី ខាងលើនេះ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកជាសំណួរថា តើអ្នកនយោបាយចាស់វស្សាម្នាក់នេះ ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់?

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បានសរសេរនៅលើទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា “គម្រោងជីកព្រែក ភ្ជាប់ទីក្រុងភ្នំពេញ ទៅដល់សមុទ្រខេត្តព្រះសីហនុ អាចនាំមកគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដល់បរិស្ថាន និងជីវភាពរស់នៅប្រជាពលរដ្ឋខ្មែរ។ របបហ៊ុន សែន បានសម្រេចធ្វើតាមសំណើចិនកុម្មុយនីស្ត យ៉ាងតក់ក្រហល់ និងគ្មានស្មារតីទទួលខុសត្រូវ ឲ្យជីកព្រែកបែបនេះ ដោយមិនទាន់បានធ្វើការសិក្សាគ្រប់ជ្រុងជ្រោយនៅឡើយ។ បំណងធំនៃព្រែកនេះ មិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ចប្រទេសកម្ពុជាទេ តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្ត ដែលត្រូវការពង្រឹងឥទ្ធិពលរបស់ខ្លួន ទៅដល់ឈូងសមុទ្រថៃ ដោយឆ្លងកាត់ប្រទេសលាវ និងប្រទេសកម្ពុជា ដែលស្ថិតក្រោមឥទ្ធិពលប្រទេសចិន រួចទៅហើយ។ មូលដ្ឋានសឹករបស់ចិន នៅរាម ក៏ជាឈ្នាន់ដើម្បីបម្រើនយោបាយវាតទីនិយមរបស់ចិន។ របបហ៊ុន សែន និងហ៊ុន ម៉ាណែត អាចនាំមកគ្រោះថ្នាក់ឲ្យប្រទេសកម្ពុជា ដូចកាលពីសម័យប៉ុល ពត ដែលបានទៅអែបប្រទេសចិន ដើម្បីឲ្យចិន ជួយការពារអំណាចផ្តាច់ការរបស់ខ្លួន“ ។

ឆ្លើយតបការលើកឡើងរបស់អតីតមេបក្សប្រឆាំង សម រង្ស៊ី ខាងលើនេះ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ថា «តើអ្នកនយោបាយចាស់វស្សាម្នាក់នេះ ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់!

ប្រជាជនកម្ពុជា មួយប្រទេស បានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រែកជីកហ្វូណនតេជោ និងផ្ដល់ឲ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។ ប៉ុន្តែបែរជា សម រង្ស៊ី ដែលជាអ្នកនយោបាយចាស់វស្សា ដែលតែងតែតាំងខ្លួនជាអ្នកស្រលាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ។ តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះ ប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។  ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ។

(សូម្បីតែភូមិសាស្ត្រពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង…លោកម្ចាស់អើយ។)»។

ដោយឡែកសម្រាប់អ្នកនយោបាយ មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា និងសហភាពអង្គការសង្គមស៊ីវិលនានា ក្រោយពីបានឃើញការលើកឡើងរបស់លោកសម រង្ស៊ី ប្រឆាំងទៅនឹងគម្រោងព្រែកជីកតេជោហ្វូណន ខាងលើនេះ ក៏បានបញ្ចេញប្រតិកម្ម និងមតិឆ្លើយតបទៅលោកសម រង្ស៊ី ស្រដៀងគ្នា ដោយគាំទ្រឲ្យមានការអនុវត្តគម្រោងព្រែកជីកតេជោហ្វូណននេះ ព្រោះមើលឃើញពីសារសំខាន់់នៃព្រែកជីកមួយនេះ ដែលនឹងជួយលើកស្ទួយវិស័យដឹកជញ្ជូនផ្លូវទឹក និងលើកកម្ពស់សេដ្ឋកិច្ចជាតិកម្ពុជា ទៅអនាគត ។

គណបក្សខ្មែរតែមួយ បានចេញលិខិតគាំទ្រការអនុវត្តគម្រោងព្រែកជីកនេះ ដោយប្រកាសប្រឆាំងដាច់ខាតជាមួយក្រុមជ្រុលនិយម ដឹកនាំដោយលោកសម រង្ស៊ី ដែលកំពុងលេងល្បែងនយោបាយ ដើម្បីបង្កើតគំនិតញុះញង់ប្រឆាំងទៅនឹងផលប្រយោជន៍ជាតិជាធំ និងប្រជាជាតិខ្មែរ ក្នុងការអនុវត្តគម្រោងព្រែកជីកតេជោហ្វូណននេះ ។

លិខិតគាំទ្ររបស់គណបក្សខ្មែរតែមួយ ចុះថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ មានខ្លឹមសារថា “គណបក្សខ្មែរតែមួយ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ជុំវិញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្ត្រកម្ពុជា ក្នុងសម័យសម្តេចពុក។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់តាំងពីអាណត្តិទី៦ រហូតមកដល់អាណត្តិទី៧ ក្នុងការបន្តស្នាដៃក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យកាន់តែរីកចម្រើនរុងរឿង នាថ្ងៃដ៍ខ្លីខាងមុខនេះ។

គណបក្សខ្មែរតែមួយ បានកត់សម្គាល់ឃើញថា ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលសម្រាប់ប្រទេសកម្ពុជា ជាពិសេសចំណេញលើតម្លៃដឹកជញ្ជូន ជួយកាត់បន្ថយនីតិវិធីសម្រាប់នាវាដឹកទំនិញចេញចូល ធ្វើឱ្យចំណេញនិងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ នឹងអាចជួយពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត។

គណបក្សខ្មែរតែមួយ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ចូលរួមការពារគម្រោងព្រែកជីកហ្វូណនតេជោ និងប្តេជ្ញាចិត្តចូលរួមចំណែកយ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ។ ជាមួយគ្នានេះ គណបក្ស សូមប្រកាសប្រឆាំងដាច់ខាត ជាមួយបរទេសណាមានចេតនាមិនល្អ ដែលប៉ុនប៉ងរារាំងលើការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ និងជាពិសេសគណបក្ស សូមប្រកាសប្រឆាំងដាច់ខាតជាមួយក្រុមជ្រុលនិយម ដឹកនាំដោយសម រង្ស៊ី កំពុងលេងល្បែងនយោបាយ ដើម្បីបង្កើតគំនិតញុះញង់ប្រឆាំងទៅនឹងផលប្រយោជន៍ជាតិជាធំ និងប្រជាជាតិខ្មែរ ក្នុងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ“ ។

បន្ថែមលើលិខិតគាំទ្រខាងលើនេះ លោកគុជ លី ប្រធានគណបក្សខ្មែរតែមួយ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ថា អ្វីដែលសម រង្ស៊ី ថា គម្រោងព្រែកហ្វូណន អាចនាំមកគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅប្រជាពលរដ្ឋខ្មែរ ហើយថាសម្ដេចហ៊ុន សែន ធ្វើតាមសំណើចិននោះ គឺជាគំនិតជ្រុលនិយម ញុះញង់ការធ្វើនយោបាយច្រណែនឈ្នានីសជាមួយនឹងគ្រួសារសម្ដេចហ៊ុន សែន តែម្ដង ។ ជាពិសេសចង់ធ្វើជាអាវុធមុខពីរ ក្នុងការគាំទ្រវៀតណាម និងសហរដ្ឋអាមេរិក ដែលមិនចង់ឲ្យគម្រោងព្រែកជីកហ្វូណន នេះ ។

លោកគុជ លី បានមានប្រសាសន៍ថា “ខ្ញុំយល់ឃើញថា លោកសម រង្ស៊ី ជាអ្នកនយោបាយម្នាក់ មិនគួរណាធ្លាក់ខ្លួនដល់ការបំផ្លាញការកសាងប្រទេសជាតិរបស់យើងរបៀបនេះទេ ។ ឧទាហរណ៍គម្រោងព្រែកជីកហ្វូណន ភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តកំពត យើងមើលឃើញថា គម្រោងនេះ គឺជាគម្រោងមួយ ដែលជាផលប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ជំរុញផ្នែកសេដ្ឋកិច្ចមួយមានការរីកចម្រើន ចំពោះការវិនិយោគបរទេស ចំពោះការដឹកទំនិញនានា ។ មិនត្រឹមប៉ុណ្ណឹង យើងគិតមើលថា ព្រែកជីកហ្វូណននេះ វាមានចម្ងាយរហូត១៨០គីឡូម៉ែត្រ អ៊ីចឹងយើងមើលថា តាមបណ្ដោយព្រែកជីកហ្នឹង វាអាចបង្កឲ្យផលកសិកម្ម ។ មិនត្រឹមតែបានដឹកទំនិញប៉ុណ្ណឹងទេ គឺផលកសិកម្មព្រែកហ្វូណននេះ វាមានពីរយ៉ាង មិនមែនដឹកតែទំនិញកុងតឺន័រមួយមុខហ្នឹងទេ គេហៅដឹកនាំទំនិញផលិតផលមួយទៀត គឺផលិតផលផ្សេងៗដែលបានការប្រកបរបរកសិកម្មនៅតាមដងព្រែកហ្នឹងតែម្ដង ។ អ៊ីចឹងយើងមើលឃើញថា ព្រែកជីកហ្វូណននេះ មានសារសំខាន់ណាស់ សម្រាប់ដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ មិនដូចការចោទរបស់លោកសម រង្ស៊ី ដែលថា ឲ្យខូចបរិស្ថាន ឬក៏ប្រជាពលរដ្ឋខ្មែររស់នៅទីនោះ ធ្វើឲ្យមានប៉ះពាល់ធ្ងន់ធ្ងរ ។ នេះគឺជាគំនិតមួយដែលហៅថា គំនិតជ្រុលនិយម ញុះញង់ការធ្វើនយោបាយច្រណែនឈ្នានីសជាមួយនឹងគ្រួសារសម្ដេចតេជោ ហ៊ុន សែន តែម្ដង ។ អ៊ីចឹងមនុស្សដែលក្លាយខ្លួនជាវិកលចរិត ហើយឈ្នានីនយោបាយរបៀបនេះ គឺអត់មើលឃើញជ្រុងមួយនៃការចូលរួមចំណែកក្នុងការកសាងប្រទេសជាតិនោះទេ ។ ថ្វីត្បិតតែខ្លួនគាត់ជាអ្នកនយោបាយមួយធ្លាប់កុហកប្រជាពលរដ្ឋឲ្យយល់ ធ្លាប់កុហកប្រជាពលរដ្ឋឲ្យដើរតាម ធ្លាប់កុហកប្រជាពលរដ្ឋឲ្យញុះញង់នៅពេលមានព្រឹត្តិការណ៍នីមួយៗ ។ យើងមើលឃើញថា មកដល់ពេលនេះ គឺលោកសម រង្ស៊ី ធ្វើជាអាវុធមុខពីរ ក្នុងការរិះគន់ ដើម្បីបង្រៀនថយទៅតាមសេណារីយ៉ូរបស់បរទេស ។ យើងមើលឃើញថា ប្រទេសយួន កំពុងតែរិះគន់ព្រែកជីកហ្វូណន ហើយនិងសហរដ្ឋអាមេរិក“ ។

លោកគុជ លី បានមានប្រសាសន៍បន្តថា “អ៊ីចឹងសម រង្ស៊ី ចង់មិនចង់ ក៏គាត់ធ្វើនយោបាយបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋខ្លួនឯង ហើយតម្រូវចិត្តឲ្យវៀតណាម ហើយនិងសហរដ្ឋអាមេរិក គឺក្នុងគោលដៅដើម្បីចាប់ឱកាសប្រទេសវៀតណាម ឬក៏សហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល ។ នេះគឺជាគំនិតដែលគាត់កំពុងតែយកព្រែកជីកហ្វូណន ធ្វើជាចលនានយោបាយ ធ្វើជាសកម្មភាពនយោបាយ ធ្វើជាប្រជាភិថុតិប្រជាពលរដ្ឋ កុំឲ្យព្រែកជីកហ្វូណនហ្នឹង មានដំណើរការទៅបានល្អ ។ តាមពិតទៅ គម្រោងព្រែកជីកហ្វូណននេះ មិនអាចអ្នករារាំងបានទេ ពីព្រោះគម្រោងព្រែកជីក នៅក្នុងប្រទេសកម្ពុជា មិនប៉ះពាល់អ្នកណាទេ គឺក្នុងការវិនិយោគ តាមរយៈវិនិយោគ BOT ជាមួយចិន យើងឃើញដូចជាផ្លូវហាយវេយ៍ ភ្នំពេញ-កំពង់សោម គឺជាជំនួយរបស់ BOT នោះដូចគ្នា ។ អ៊ីចឹងត្រលប់មកវិញ គឺលោកសម រង្ស៊ី ហាក់ដូចជាបានលេងល្បែងនយោបាយអន្តរជាតិមួយ គឺកំពុងតែយកចិត្តជាមួយនឹងប្រទេសវៀតណាម ហើយនិងសហរដ្ឋអាមេរិក ក្នុងការតស៊ូមតិជាមួយនឹងព្រែកជីកហ្វូណន ដែលគាត់បានចោទថា ប្រទេសកម្ពុជា នឹងឲ្យចិន មកដាក់ទ័ព យើងមើលឃើញថា ដាក់នៅរាម ឥឡូវមកដាក់នៅព្រែកជីកហ្វូណន អាចហូរចូលមកដល់រាជធានីភ្នំពេញ ដើម្បីធ្វើជាភូមិសាស្រ្តនយោបាយទៅវិញ ។ អ៊ីចឹងនេះគឺជានយោបាយអាវុធមុខពីរ គឺដើម្បីសម្លាប់ខ្មែរគ្នាឯង គឺយើងមើលឃើញកាន់តែច្បាស់ថា លោកសម រង្ស៊ី មិនខុសពីមេដឹកនាំខ្មែរក្រហមនោះទេ គឺគិតតែពីនយោបាយមនោគមន៍វិជ្ជាខ្លួនឯង អ្នកណាងាប់ក៏ងាប់ទៅ ។ អ៊ីចឹងត្រលប់មកវិញ សម រង្ស៊ី គឺជាអ្នកនយោបាយធ្យូងតែម្ដង ។ ធ្យូង យើងឃើញហើយ ពេលដែលត្រជាក់ គឺប៉ះប្រឡាក់ដៃ ហើយនៅពេលដែលក្ដៅ គឺរលាកដៃ ។ អ៊ីចឹងអ្នកនយោបាយរបៀបនេះ គឺជាអ្នកនយោបាយមិនបានបន្សល់កេរ្តិ៍ឈ្មោះអីសម្រាប់ប្រទេសកម្ពុជាទេ គឺជាអ្នកនយោបាយបំផ្លាញប្រទេសកម្ពុជាទៅវិញ“ ។

លោកយឹម ស៊ីណន អតីតសហការីលោកសម រង្ស៊ី និងជាអតីតប្រធានចលនាយុវជននៃអតីតគណបក្សសង្គ្រោះជាតិ នៅកូរ៉េខាងត្បូង ដែលបានចុះចូលបក្សកាន់អំណាច ហើយសព្វថ្ងៃជារដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៦ ឃែមេសា ឆ្នាំ២០២៤ ថា «កន្លែងណាដែលជាការផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិ តែងតែមានមុខសម រង្ស៉ី ប្រឆាំងជានិច្ច។ ជីវិតសម រង្ស៉ី កើតមកដើម្បីប្រឆាំង បំផ្លាញផលប្រយោជន៍របស់ខ្មែរ»។

ស្រដៀងគ្នានោះដែរ លោកម៉ៃ ហុងស្រៀង អតីតមន្រ្តីបក្សប្រឆាំង បច្ចុប្បន្នជាមន្រ្តីគណបក្សកាន់អំណាច ប្រចាំខេត្តព្រះសីហនុ បានលើកថា កម្ពុជា នឹងទទួលបានផលប្រយោជន៍បីធំៗ ពីព្រែកជីកតេជោហ្វូណន គឺ១. រាល់ការដឹកជញ្ជូនពីសមុទ្រមកភ្នំពេញ លែងត្រូវបង់ពន្ធឱ្យប្រទេសជិតខាងដូចកាលកន្លងមកទេ ធ្វើឱ្យអ្នកជិតខាងមិនសប្បាយចិត្ត។ ២. ដីធ្លី និងសំណង់ កាន់តែរីកដូចផ្សិតអមដងព្រែកជីក នឹងបណ្តាលឱ្យវិស័យអចលនទ្រព្យរីកចម្រើន។ ៣. ព្រែកជីកដែលមានកំពង់ផែរណប បូករួមវិស័យអចលនទ្រព្យនេះ ក៏នឹងបង្កើនការងារដ៏ច្រើនលើសលប់ជូនប្រជាពលរដ្ឋកម្ពុជា។ ដូច្នេះព្រែកជីកតេជោហ្វូណន ជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពល និងជាផ្នែកមួយសម្រាប់ទ្រទង់ចិញ្ចឹមឆ្នាំងបាយកម្ពុជា មិនដូចអ្វីដែលជាការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី បានផ្សាយចេញនោះទេ ។

ជុំវិញករណីនេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា  បានចាត់ទុកសាររបស់លោកសម រង្ស៊ី ប្រឆាំងនឹងគម្រោងព្រែកជីកតេជោហ្វូណននេះ គឺជារឿងដ៏ល្ងឹតល្ងង់បំផុត ហើយក៏ជាសារបង្ហាញពីការគប់គិតជាមួយបរទេស បំផ្លាញការអភិវឌ្ឍ និងប្រយោជន៍ជាតិកម្ពុជា។

លោកបណ្ឌិត គិន ភា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ថា “ខ្ញុំពិតជាមានការភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំង ដោយបានឃើញមេដឹកនាំអតីតបក្សប្រឆាំងម្នាក់ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបង្ហោះសារដ៏ល្ងឹតល្ងង់នៅក្នុងបណ្តាញសង្គមរបស់ខ្លួន ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា។ ខ្លឹមសារនៃសារនោះ ក្បត់ទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។ ខ្ញុំមិននឹកស្មានថា មកដល់សតវត្សរ៍ទី២១ ទៅហើយ ក្នុងនាមជាអ្នកនយោបាយលេចធ្លោមួយរូបដែរ បែរជាមិនយល់ពីភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។ បើទោះបីជាសារនេះ ត្រូវសរសេរឡើងដើម្បីបំផ្លិចបំផ្លាញគម្រោងអភិវឌ្ឍន៍ជាតិរបស់គណបក្សកាន់អំណាច ដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ឬត្រូវបានប្រើប្រាស់ដោយអ្នកជិតខាង ឬមហាអំណាចណាមួយក៏ដោយ តែការលើកឡើងបែបនេះ ជាអំពើដ៏ល្ងឹតល្ងង់និងក្បត់ទៅនឹងផលប្រយោជន៍ជាតិទាំងស្រុង ។ បរទេសជិតខាងខ្លះធ្លាប់បានប្រើប្រាស់រួចហើយ នូវយុទ្ធសាស្ត្រខ្ចីដែកកេះរបស់កូនយើង ឱ្យយកមកដុតផ្ទះយើង ហើយប្រទេសយើងក៏ធ្លាប់រងគ្រោះដោយយុទ្ធសាស្ត្រនេះយ៉ាងធ្ងន់ធ្ងរពីអតីតកាលមកហើយដែរ។ មកដល់ពេលនេះ ខ្មែរគ្រប់រូបល្មមយល់ហើយពីយុទ្ធសាស្ត្ររបស់បរទេស និងត្រូវឈ្វេងយល់ពីភាពបត់បែននៃភូមិសាស្ត្រនយោបាយ មិនត្រូវឆោតល្ងង់ឱ្យគេខ្ចីដៃប្រើប្រាស់ ហើយក្បត់នឹងផលប្រយោជន៍ជាតិខ្លួននោះទេ។ ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាល ត្រូវតែសាងសង់ព្រែកជីកនេះ ឱ្យបាន ដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិយើង។ ពេលនេះជាងពេលណាៗទាំងអស់ ដែលខ្មែរយើងរួបរួមគ្នាយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល ជុំវិញគម្រោងព្រែកជីកដ៏មានសក្តានុពលនេះ“ ។

ដោយឡែក សហភាពអង្គការសង្គមស៊ីវិល ចេញសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដោយបញ្ជាក់ថា សហភាពអង្គការសង្គមស៊ីវិល តំណាងអង្គការសមាគម និងសហគមន៍ទាំង៥០ស្ថាប័ន សូមថ្កោលទោសនិងសម្ដែងការសោកស្ដាយ ដែលជាច្រើនដង លោកសម រង្ស៊ី តែងតែធ្វើនយោបាយប្រឆាំងប្រយោជន៍ជាតិ សន្តិភាព និងការអភិវឌ្ឍ ។ ដូចបងប្អូនជនរួមជាតិបានជ្រាបហើយថា គម្រោងព្រែកជីកហ្វូណន មានសារសំខាន់សម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ដឹកជញ្ជូន ដែលជាប្រយោជន៍ប្រទេសកម្ពុជា ។

សេចក្ដីថ្លែងការណ៍របស់សហភាពអង្គការសង្គមស៊ីវិល បន្តថា ជាការពិត បើយោងតាមគម្រោងនិងផលប្រយោជន៍ដែលកម្ពុជា ទទួលបានពីគម្រោងព្រែកជីកតេជោហ្វូណននេះ កម្ពុជា នឹងទទួលបាននូវប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកទៅដល់សមុទ្រ ដែលប្រព័ន្ធនេះមានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយចម្ងាយ តម្លៃ និងនីតិវិធីបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជា ទៅសមុទ្រ។ ភូមិសាស្ត្រខេត្តកែប ជាច្រកសម្រាប់តភ្ជាប់ទៅកាន់ទន្លេ ហើយខេត្តកែប នឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ។ កម្ពុជា ពិតជាអាចទទួលនូវប្រយោជន៍ជាច្រើន ដូចជា ការកាត់បន្ថយរយៈចម្ងាយ ការកាត់បន្ថយតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈដ្ឋានមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗ ការពង្រីកតំបន់អភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងការចិញ្ចឹមសត្វជាដើម។ ក្នុងការចំណេញពីលើបាតុភូតគ្រោះមហន្តរាយទៀតនោះ គឺជួយរំដោះទឹកជំនន់ដែលសព្វថ្ងៃនេះលិចលង់ច្រើននៅក្នុងខេត្តតាកែវ ដូច្នេះទឹកអាចហូរចូលក្នុងទ្វារទឹក ដែលក្នុងនោះ គ្រោងនឹងធ្វើទ្វារទឹកចំនួន ១៥ បន្ថែមទៀត។ ការចំណេញលើការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋ គម្រោងព្រែកជីកហ្វូណនតេជោ នៅក្នុងរដូវប្រាំង មានទឹកប្រើប្រាស់ជាប្រចាំសម្រាប់ប្រជាកសិករ ដែលនៅក្នុងនោះអាចបម្រើទៅដល់ប្រជាជន ចំនួនជាង ១,៦លានដែលនៅអមទៅនឹងព្រែកជីក ជាង១៨០គីឡូម៉ែត្រ។ ជាពិសេសចំណេញទៅលើទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកសម្រាប់តំបន់ពាណិជ្ជកម្ម ភោជនីយដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស ។

សេចក្ដីថ្លែងការណ៍ខាងលើ បញ្ជាក់សង្កត់ធ្ងន់ថា “ទាំងនេះសុទ្ធសឹងជាផលចំណេញក្នុងគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីជាមាតុភូមិកម្ពុជា ប៉ុន្តែមួយរយៈនេះ ក៏មានវៀតណាម បានចេញមុខរិះគន់ដូចលោកសម រង្ស៊ី រហូតដល់ដៃជើងខ្លះរបស់រដ្ឋាភិបាលវៀតណាម ថាគម្រោងនេះធ្វើឡើងដើម្បីប្រយោជន៍យោធាទៅវិញ ។ តាមការពិត វៀតណាម ខ្លាចបាត់បង់ប្រយោជន៍ខ្លួនទៅវិញទេ ហើយមិនចង់ឃើញកម្ពុជា មានសេដ្ឋកិច្ចរីកចម្រើន ទើបខិតខំប្រឆាំងគម្រោងព្រែកជីកហ្វូណននេះ ។ ដោយឡែក លោកសម រង្ស៊ី តែងតែរិះគន់រាជរដ្ឋាភិបាលថា អាយ៉ងយួន នៅពេលដែលរាជរដ្ឋាភិបាល ខិតខំធ្វើជម្នះវៀតណាម ក្នុងគម្រោងព្រែកជីកហ្វូណន បែរជាលោកសម រង្ស៊ី គាំទ្រវៀតណាម ទៅវិញ ហើយប្រឆាំងគម្រោងព្រែកជីកហ្វូណន ។ នេះឆ្លុះបញ្ចាំងថា លោកសម រង្ស៊ី ពិតជាអ្នកនយោបាយបោកប្រាស់ មិនគិតពីប្រយោជន៍ជាតិ ខ្លួនមិនស្មោះត្រង់នឹងជាតិ ចោទគេថាក្បត់ជាតិទៅវិញ ។ ក្នុងនាមយើងខ្ញុំជាសង្គមស៊ីវិល តំណាងអង្គការសមាគម និងសហគមន៍ទាំង៥០ស្ថាប័ន សូមថ្កោលទោសយ៉ាងខ្លាំងចំពោះសាររបស់លោក សម រង្ស៊ី គ្មានការពិចារណា មានគំនិតទុច្ចរិត ញុះញង់ជាតិសាសន៍ ឲ្យមានការបែកបាក់សាមគ្គីភាពចំពោះប្រជាជនកម្ពុជា និងដើម្បីប្រយោជន៍នយោបាយខ្លួន ព្យាយាមបង្អាក់ដំណើរការអភិវឌ្ឍជាតិកម្ពុជា“ ៕ កុលបុត្រ 

RELATED ARTICLES