ភ្នំពេញ ៖ ទាក់ទងដល់សំណើរឿងលោកបណ្ឌិតកែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គម ដើម្បី ការអភិវឌ្ឃ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ ប្រហារ អស់ជាច្រើនខែមកហើយនោះ តុលាការ បានប្រកាសថា នឹងបើកសវនាការកាត់ទោស ជនសង្ស័យឈ្មោះអឿត អាង ហៅជួប សម្លាប់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧។
ចំពោះសមាសភាពមន្ត្រីតុលាការ សាលា ដំបូងរាជធានីភ្នំពេញ សម្រាប់អង្គសវនាការ ខាងលើនេះ រួមមានចៅក្រម លោកលាង សំណាត់ តំណាងអយ្យការ លោកលី សុផាន់ណា និង ក្រឡាបញ្ជីលោកសុន សេន សវនការនេះ នឹង ធ្វើនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ វេលា ម៉ោង០៨និង០០នាទីព្រឹក បន្ទប់សវនាការលេខ១ សំណុំរឿងលេខ៣២៨១ ជំនុំជម្រះលើជនជាប់ ចោទឈ្មោះអឿត អាង ហៅជួប សម្លាប់ ភេទ ប្រុស បទល្មើស “ឃាតកម្មគិតទុកជាមុន” និង កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត។ ចំណែក ដើមបណ្តឹងជនរងគ្រោះ ឈ្មោះប៊ូ រចនា ភេទ ស្រី (ភរិយាលោកបណ្ឌិត កែម ឡី)។
គួរបញ្ជាក់ថា លោកបណ្ឌិតកែម ឡី ត្រូវ បានឃាតករបាញ់សម្លាប់នៅក្នុងស្តារម៉ាត នៃ ស្ថានីយប្រេងឥន្ធនៈកាល់តិច ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅ។ ក្រោយពេលកើតហេតុ អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះអឿត អាង ហៅជួប សម្លាប់ និងបន្តឃុំ ខ្លួន ក្រោមបទចោទប្រកាន់ “ឃាតកម្មគិតទុក ជាមុន និងកាន់កាប់អាវុធខុសច្បាប់៕ កុលបុត្រ