ខេត្តកណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំក៏ស្រែកឡូឡា ជេរបញ្ចោរដៀមដាមអ្នកជិតខាង រហូតដល់ បុរសចំណាស់ជាអ្នកជិតខាងអត់ទ្រាំលែងបាន ក៏ទាញដំបងឈើជ្រុងវាយសំពង បណ្តាលឱ្យ ស្ត្រីស្រវឹងរយះក្បាលរងរបួសធ្ងន់ កាលពីវេលា ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ។
ស្ត្រីរងគ្រោះដែលត្រូវបុរសអ្នកជិតខាង វាយ១ឈើជ្រុងរយះក្បាលនោះ មានឈ្មោះ ទ្រី ស៊្រាន អាយុ៦៤ឆ្នាំ មុខរបរកសិករ មាន លំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនបង្កហេតុ មានឈ្មោះនួន នាង អាយុ៦៤ឆ្នាំ មុខ- របរកសិករ មានលំនៅជាប់ផ្ទះគ្នាជាមួយស្ត្រីរងគ្រោះ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ស្ត្រីរងគ្រាះ និងជនសង្ស័យបានកើតមាន ជម្លោះរឿងព្រំដីជាមួយគ្នាអស់រយៈពេលជា យូរឆ្នាំណាស់មកហើយ រហូតដល់តមមាត់តម សម្តីមើលមុខគ្នាមិនចំទៀតផង។ រហូតមក ដល់ល្ងាចថ្ងៃកើតហេតុ គេឃើញស្ត្រីរងគ្រោះ បានផឹកស្រាស្រវឹងជោក លុះត្រឡប់មកដល់ ផ្ទះវិញ ក៏ចាប់ផ្តើមស្រែកឡូឡា ជេរដៀមដាម ដាក់ក្រុមគ្រួសារជនសង្ស័យ ហើយដំបូងឡើយ គេឃើញភាគីជនសង្ស័យមិនបានតបតមកវិញ នោះទេ ប៉ុន្តែក្រោយពីស្តាប់ស្ត្រីរងគ្រោះជេរ ដៀមដាមដដែលៗខ្លាំងពេក ស្រាប់តែធ្វើឱ្យ ជនសង្ស័យផ្ទុះកំហឹង អត់ទ្រាំលែងបាន ក៏ស្ទុះ ទៅទាញដំបងឈើជ្រុងមួយដើម ប្រវែង០,៧៤ ម៉ែត្រ វាយសំពងទៅលើស្ត្រីរងគ្រោះចំក្បាល បណ្តាលឱ្យស្ត្រីរងគ្រោះបែកក្បាលហូរឈាម ស្រោចខ្លួន ហើយភ្លាមនោះ សាច់ញាតិ និង អ្នកជិតខាង ក៏នាំគ្នាចូលជួយបំបែកចេញពីគ្នា។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបាន ក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យប្រតិបត្តិស្រុកកោះធំ ដើម្បីព្យាបាល និងត្រូវក្រុម គ្រូពេទ្យដេរមុខរបួសចំនួន៨ថ្នេរ។
ដោយឡែក ជនសង្ស័យត្រូវបានសមត្ថកិច្ច មូលដ្ឋានចុះចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្ត តាមនីតិវិធី៕ សិលា