ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការថែរក្សាសុខភាពនិងការបង្ការជំងឺនានា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង នៅតាមគ្រឹះស្ថានសិក្សា ដោយបានណែនាំដល់បុគ្គលិកអប់រំ និងអ្នកសិក្សានៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនអនុវត្ត នូវវិធានការមួយចំនួនដើម្បីថែរក្សាសុខភាព និងបង្ការជំងឺនានា អំឡុងពេលអាកាសធាតុក្តៅខ្លាំង ខណៈកម្ពុជា មានសីតុណ្ហភាពកើនឡើងដល់ជាង ៤០អង្សាសេ ។

សេចក្ដីណែនាំ របស់ក្រសួងអប់រំ យុវជននិងកីឡា ចុះថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោកហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ស្ដីពីការថែរក្សាសុខភាពនិងការបង្កាជំងឺនានាដែលបណ្ដាលមកពីអាកាសធាតុ ក្ដៅខ្លាំង នៅតាមគ្រឹះស្ថានសិក្សា មានខ្លឹមសារទាំងស្រុងថា “ការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យមានការកើនឡើងកម្ដៅខ្លាំង អាចបង្កហានិភ័យដល់សុខភាពដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម និងអាចបង្កជាជំងឺផ្សេងៗដូចជា ជំងឺរាក និងជំងឺខ្វះអាហារូបត្ថម្ភ ឬក៏អាចមានបញ្ហាសុខភាពផ្លូវចិត្តជាដើម ។
ដើម្បីថែរក្សាសុខភាព និងនិងបង្ការជំងឺនានាអំឡុងពេលអាកាសធាតុក្តៅខ្លាំង ក្រសួងអប់រំ យុវជននិងកីឡា សូមធ្វើការណែនាំដល់បុគ្គលិកអប់រំ និងអ្នកសិក្សានៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នូវវិធានការដូចខាងក្រោម ៖
១. ប្រការគួរអនុវត្តជាប្រចាំសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស
– ត្រូវទទួលទានទឹកដាំពុះ ដោយទុកឲ្យត្រជាក់ (ចៀសវាងញ៉ាំទឹកក្ដៅ) ទឹកបរិសុទ្ធ ទឹកចម្រោះ ទឹកស្អាត ឱ្យបានច្រើន និងញឹកញាប់ លើសពី ២លីត្រ ក្នុងមួយថ្ងៃ ចំពោះមនុស្សពេញវ័យ បើទោះបីជាមិនមានអារម្មណ៍ស្រេកទឹកក៏ដោយ ពិសេស ត្រូវតាមដានទឹកនោមដោយមិនត្រូវឱ្យទឹកនោមឡើងពណ៌លឿងចាស់នោះទេ។
-ត្រូវទទួលទានបន្លែ ផ្លែឈើ ដែលសម្បូរជាតិសរសៃ និងជាតិទឹក ឲ្យបានញឹកញាប់។
-ត្រូវស្លៀកសម្លៀកបំពាក់ការពារកម្ដៅនិងការពារការរលាកស្បែក ដោយពន្លឺព្រះអាទិត្យ ដូចជាសម្លៀកបំពាក់រលុង ស្រាល មានពណ៌ស្រាល ពាក់វ៉ែនតាការពារពន្លឺថ្ងៃ ពាក់មួកដែលមានគែមធំទូលាយ ឬប្រើឆត្រជារបាំងការពារកម្ដៅថ្ងៃ ពេលចេញក្រៅ ឬពេលធ្វើដំណើរ និងផ្លាស់ប្ដូរសម្លៀកបំពាក់ ប្រសិនបើវាសើមខ្លាំង។
-ត្រូវប្រកាន់ខ្ជាប់នូវក្បួនអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាតជាប់ជាប្រចាំ ។
-ប្រើកន្សែងសើមជូតមុខ ដាក់ព័ទ្ធជុំវិញក ប្រសិនបើមានអារម្មណ៍ថា ក្ដៅខ្លាំងពេក ហើយអំឡុងពេលមានកម្ដៅខ្លាំង ត្រូវប្រើមធ្យោបាយផ្សេងៗ ដើម្បីបន្ថយកម្ដៅ ដូចជា ផ្លិតជាដើម។
-ត្រូវតាមដានព័ត៌មានអំពីអាកាសធាតុ ដើម្បីរៀបចំសកម្មភាពប្រចាំថ្ងៃ ឲ្យបានត្រឹមត្រូវសម្របទៅនឹងការប្រែប្រួលអាកាសធាតុ។
-ត្រូវរក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងគ្របឲ្យជិត ដើម្បីបង្ការមូសខ្លាពងដាក់ដែលអាចអាចបង្កជំងឺគ្រុនឈាម។

-តាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ៖
+ប្រសិនបើមានសញ្ញាដូចជាវិលមុខ ចង្អោរ ឬក្អួត ឈឺក្បាល មាត់ស្ងួត រមួលសាច់ដុំ ជារោគសញ្ញាដំបូងនៃផលប៉ះពាល់នៃកម្ដៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ ត្រូវសម្រាកពី ២ ទៅ៥នាទី ហើយពិសាទឹកត្រជាក់ យឺតៗ កុំបន្តសកម្មភាព ព្រោះអាចមានហានិភ័យខ្ពស់ ។ ប្រសិនបើអ្នកមិនមានអារម្មណ៍ធូរស្រាលនិងមានអាការដូចជា ក្ដៅខ្លួនខ្លាំង វិលមុខ ដកដង្ហើមញាប់ រាក រលាកស្បែក ក្អក រលាកឈឺបំពង់ក ត្រូវស្វែងរកការព្យាបាលភ្លាម នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត។
+ក្នុងករណីមានជំងឺរាតត្បាត ឬហានិភ័យសុខភាព ដែលបណ្ដាលមកពីការឡើងកម្ដៅ សូមរាយការណ៍និងស្វែងរកសេវាសុខភាពនៅជិតបំផុត តាមរយៈសមត្ថកិច្ចពាក់ព័ន្ធ នៅតាមមូលដ្ឋានរបស់ខ្លួន ឬទំនាក់ទំនងទៅលេខ១១៥ ដើម្បីមានវិធានការដោះស្រាយជាបន្ទាន់ ។
២. ប្រការគួរចៀសវាង អំឡុងពេលអាការធាតុក្ដៅខ្លាំង
-ត្រូវចៀសវាងពិសាភេសជ្ជៈដែលបណ្ដាលឲ្យជាតិទឹកនៅក្នុងរាងកាយថយចុះ មានដូចជា ពិសាគ្រឿងស្រវឹង ជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងជាតិស្ករច្រើន ជាតិអំបិលច្រើន។
-ត្រូវចៀសវាងនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់យូរពេក ត្រូវស្វែងរកម្លប់ជ្រក ឬប្រើរបាំងការពារកម្ដៅព្រះអាទិត្យ និងកាត់បន្ថយការឲ្យពន្លឺព្រះអាទិត្យ ចូលក្នុងថ្នាក់រៀនច្រើនពេក និងយូរពេក។
-ចៀសវាងការធ្វើសកម្មភាពហាត់ប្រាណ ឬការលេងកីឡានៅក្រោមកម្ដៅថ្ងៃខ្លាំង។
-ត្រូវកាត់បន្ថយការទទួលទានម្ហូបអាហារដែលប្រៃពេក ផ្អែមពេក និងខ្លាញ់ច្រើនពេក ផ្ទុយមកវិញ ត្រូវទទួលទានម្ហូបអាហារដែលមានអំបិលតិច ផ្អែមតិច និងខ្លាញ់តិច ។
៣. វិធានការអនុវត្តនៅតាមគ្រឹះស្ថានសិក្សា
-ត្រូវបើកទ្វារ បង្អួចនៃបន្ទប់រៀន ឱ្យបានស្រឡះល្អ
– ត្រូវណែនាំឱ្យសិស្សលេងនៅក្នុងម្លប់ ឬនៅក្នុងបន្ទប់រៀន នៅពេលចេញលេង
-ត្រូវណែនាំសិស្សឲ្យយកទឹកមកពីផ្ទះ ដូចជាទឹកដាំពុះ ទឹកសុទ្ធ ទឹកចម្រោះ និងទឹកស្អាតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនៅគ្រឹះស្ថានសិក្សា
-ត្រូវបាញ់ទឹកដាក់ទីធ្លាគ្រឹះស្ថានសិក្សា ឬដំបូលអគារសិក្សា តាមលទ្ធភាពនិងស្ថានភាពជាក់ស្តែង ដើម្បីបន្ថយកម្ដៅ ឬអាចពិភាក្សាជាមួយអ្នកអាណាព្យាបាលសិស្ស ដើម្បីរកលទ្ធភាពបំពាក់កង្ហារនៅតាមបន្ទប់រៀនជាដើម
-ត្រូវសហការជាមួយអ្នកពាក់ព័ន្ធក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ទទួលទាន និងទឹកសម្រាប់ប្រើប្រាស់នៅតាមគ្រឹះស្ថានឧត្ដមសិក្សាឲ្យបានសមស្របតាមតម្រូវការ
-ត្រូវបន្តដាំនិងថែរក្សាដើម្បឈើដែលមានស្រាប់នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ដើម្បីយកម្លប់ និងកាត់បន្ថយកម្ដៅ
– ត្រូវពិនិត្យតាមដានឲ្យបានញឹកញាប់ និងជាប្រចាំលើសុខភាពរបស់សិស្សានុស្សិស ដែលបង្កដោយអាកាសធាតុក្ដៅខ្លាំង ជាពិសេសកុមារតូចៗ
– ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវសេចក្ដីណែនាំស្ដីពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាពនិងសុខុមាលភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន តាមលិខិតលេខ១៨ អយក.សណន ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ក៏ដូចជាសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ស្ដីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្ដៅ ។

ទទួលបានសេចក្ដីណែនាំនេះ សូមលោក លោកស្រីប្រធានមន្ទីរអប់រំ យុវជននិងកីឡារាជធានី ខេត្ត ការិយា ល័យអប់រំ យុវជននិងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីអនុវត្តឲ្យបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់“ ។
គួរបញ្ជាក់ថា បើតាមក្រសួងធនធានទឹក និងឧតុនិយម អាកាសធាតុនៅប្រទេសកម្ពុជា ខណៈនេះមានកម្ដៅកើនឡើងដល់ ៣៨-៣៩ អង្សាសេ។ អាកាសធាតុក្តៅខ្លាំងនេះ អាចធ្វើឲ្យសិស្សានុសិស្សនៅគ្រឹះស្ថានសិក្សាមួយចំនួន តាមបណ្តាខេត្ត ពុលអាហារ មានអាការទន់ដៃទន់ជើង និងថប់អារម្មណ៍ ករណីខ្លះឈានទៅដល់ការដួលសន្លប់ ជាពិសេសសិស្សស្រី។
ទាក់ទិននឹងករណីនេះ មន្ត្រីជំនាញសុខាភិបាល បានរកឃើញថា បណ្តាលមកពីការបរិភោគអាហារមិនមានសុវត្ថិភាព និងសុខុមាលភាព កង្វះអាហារូបត្ថម្ភ ការសម្រាកមិនគ្រប់គ្រាន់ ការទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើនពេក ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងកង្វះអនាម័យជាដើម ៕