Friday, May 17, 2024
Homeព័ត៌មានជាតិព្រែកជីក ១៧០០លានដុល្លារ អ្នកវិភាគផ្តល់គំនិត៧ កៀរគរថវិកាខ្មែរបាន មិនបាច់ខ្ចីចិន

ព្រែកជីក ១៧០០លានដុល្លារ អ្នកវិភាគផ្តល់គំនិត៧ កៀរគរថវិកាខ្មែរបាន មិនបាច់ខ្ចីចិន

ភ្នំពេញ ៖ លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម បានលើកឡើងថា កម្ពុជា ត្រូវតែសាងសង់ព្រែកជីកហ្វូណនតេជោ ឲ្យបានសម្រេចតាមគម្រោង មិនត្រូវដកថយ តាមវៀតណាម ក្រឡុកនោះទេ ហើយចាំពេលជីករួចរាល់ សឹមដូរឈ្មោះជា «ព្រែកជីកហ្វូណនអង្គរ» វិញ ។ ចំពោះថវិកា ១៧០០លានដុល្លារ សម្រាប់សាងសង់ព្រែកជីកនេះ អ្នកវិភាគរូបនេះ បានផ្តល់គំនិត ៧ចំណុច ដែលលោកជឿជាក់ថា អាចកៀរគរថវិកាបានលើសនេះ រហូតដល់ ២៥០០លានដុល្លារ ដោយមិនបាច់ខ្ចីលុយចិន បន្ថែម នាំឲ្យជំពាក់បំណុលគេវ័ណ្ឌកនោះទេ គឺលោកបានស្នើសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិចារណាសាងសង់ព្រែកជីកហ្វូណន ដោយលុយវិភាគទានរបស់ខ្មែរ។

លោកគឹម សុខ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ថា «សម្ដេចហ៊ុន សែន និងរដ្ឋាភិបាលសម្ដេចហ៊ុន ម៉ាណែត គួរពិចារណា សាងសង់ព្រែកជីកហ្វូណន ដោយលុយវិភាគទានរបស់ខ្មែរ។ សូមពិនិត្យលទ្ធភាពដូចខាងក្រោម ដែលអាចប្រមូលលុយបានដល់ទៅប្រមាណ ២៥០០លានដុល្លារ ($២៥០០ ០០០ ០០០) នៅពេលគម្រោងព្រែកជីក អស់តែ​ ១៧០០លានដុល្លារ។

អ្នកពាក់ព័ន្ធខាងក្រោម ស្ទើរតែទាំងអស់ បានធ្វើសេដ្ឋី លើភាពហិនហោចខ្ទេចខ្ទាំទ្រព្យសម្បត្តិជាតិទៅហើយ ហេតុដូច្នេះ គឺសមទំនងបំផុតដែលពេលនេះ ពួកគេត្រូវនាំគ្នាចេញចំណាយជីកព្រែកហ្វូណន ទុកជាមរតកជាតិ ៖ ម្យ៉ាងដើម្បីលួងលោមកំហឹងរាស្ត្រ និងម្យ៉ាងទៀត កុំឲ្យរាស្ត្រត្រូវលង់ក្នុងបំណុលបរទេសវ័ណ្ឌកបន្ថែមទៀត។

១. សមាជិកគ្រួសារហ៊ុន នៃសម្ដេច យ៉ាងតិច ១០០គ្រួសារ ជាកំពូលអ្នកមានលុយ។ ជាមធ្យម ១គ្រួសារ ចេញលុយ ៥លានដុល្លារ នោះអាចប្រមូលបានលុយ ៥០០លានដុល្លារ ($ ៥០០ ០០០ ០០០)។

២. ឧកញ៉ា ១៣០០នាក់

– ឧកញ៉ាកម្រិត១ ចំនួនខ្ទង់ ២០នាក់ ៖ ១នាក់ ចេញលុយ ១០លានដុល្លារ ប្រមូលបានលុយ ២០០លានដុល្លារ ($២០០ ០០០ ០០០)

– ឧកញ៉ាកម្រិត២ ចំនួនខ្ទង់ ៨០នាក់ ៖ ១នាក់ ចេញលុយ ៥លានដុល្លារ ប្រមូលបានលុយ ៤០០លានដុល្លារ ($ ៤០០ ០០០ ០០០)

– ឧកញ៉ាកម្រិត៣ ចំនួន ១២០០នាក់ ៖ ១នាក់ ចេញលុយ ១លានដុល្លារ ប្រមូលបានលុយ ១២០០លានដុល្លារ ($ ១២០០ ០០០ ០០០)

សរុប ២ ៖ ប្រមាណ ១៨០០លានដុល្លារ ($១៨០០ ០០០ ០០០)។

៣. សមាជិកសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ១២៥+៦២+៩ = ១៩៦នាក់

– ១នាក់ ចេញលុយប្រាក់ខែ ៥០% ក្នុងមួយអាណត្តិ (៥០% = $២៥០០) ប្រមូលបានលុយ ប្រមាណ ១៥លានដុល្លារ (១៥ ០០០ ០០០ ០០០)

– កាត់ចំណាយរដ្ឋបាលមិនចាំបាច់នៅរដ្ឋសភា និងព្រឹទ្ធសភា ១អាណត្តិ អាចប្រមូលបានលុយ ១០លានដុល្លារ ($ ១០ ០០០ ០០០)។

សរុប៣ ៖ ប្រមាណ ២៥លានដុល្លារ ($២៥ ០០០ ០០០)។

៤. ចៅក្រម និងព្រះរាជអាជ្ញា ប្រមាណ ៥០០នាក់

– តម្រូវឲ្យ ១នាក់ ចេញលុយ ១០ម៉ឺនដុល្លារ មិនហួសហេតុទេ អាចប្រមូលបាន ៥០លានដុល្លារ ($ ៥០ ០០០ ០០០)។

៥. មន្ត្រីជាន់ខ្ពស់ និងសមាជិករដ្ឋាភិបាល ប្រមាណ ៣០០០នាក់

– ១នាក់ ចេញប្រាក់ខែ ៥០% សម្រាប់ ១អាណត្តិ, អាចប្រមូលបានលុយ យ៉ាងតិច ៥០លានដុល្លារ ($៥០ ០០០ ០០០)។

៦. មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ជាប្រធាននាយកដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋាន និងមេធំៗ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ

– អភិបាលរាជធានីភ្នំពេញ អគ្គគយ/រដ្ឋាករ អគ្គពន្ធដារ មេកំពង់ផែស្វយ័តព្រះសីហនុ/ភ្នំពេញ មេអាកាសចរណ៍ស៊ីវិល មេច្រកព្រំដែនធំៗ ដូចជា បាវិត ស្វាយរៀង ប៉ោយប៉ែត បន្ទាយមានជ័យ … ១នាក់ ចេញលុយ ៥លានដុល្លារ មិនច្រើនហួសហេតុទេ នោះអាចប្រមូលលុយបាន ប្រមាណ ៥០លានដុល្លារ ($ ៥០ ០០០ ០០០)។

– អភិបាលខេត្ត ចំនួន ១៩ ដែលមានព្រំដែនជាប់ប្រទេសជិតខាង, ១នាក់ ចេញលុយជាមធ្យម ១លានដុល្លារ នោះអាចប្រមូលបាន ១៩លានដុល្លារ ($១៩ ០០០ ០០០)

– អភិបាលខេត្ត ចំនួន ៥ មិនជាប់ព្រំដែន + មេប៉ូលិស និងប៉េអឹម ខេត្ត/រាជធានី ៥០នាក់ + មេខណ្ឌ នៅភ្នំពេញ ១៤នាក់ = ចំនួន ៦៩នាក់, ១នាក់ ជាមធ្យម ចេញលុយ ២៥ម៉ឺនដុល្លារ សមល្មមហើយ  អាចប្រមូលបាន ១៧លានដុល្លារ ($១៧ ០០០ ០០០០)។

សរុប៦ យ៉ាងតិច បាន ៨៦លានដុល្លារ ($៨៦ ០០០ ០០០)។

៧. ខាងលើនេះ នៅមិនទាន់រាប់ក្រុមមន្ត្រីការទូតខ្មែរ ព្រមទាំងអភិបាល មេប៉ូលិស និងមេប៉េអឹម នៃក្រុង/ស្រុក/ខណ្ឌ + មេច្រកព្រំដែនមធ្យមៗ សរុបទាំងអស់ មិនតិចជាង ១០០០នាក់ទេ ដែលក៏មានលទ្ធភាព … ចូលរួមវិភាគទានដែរ។

ចំនួនប៉ាន់ប្រមាណសរុបរួម គឺយ៉ាងតិច អាចប្រមូលលុយបាន ២៥០០លានដុល្លារ ($២ ៥០០ ០០០ ០០០) ដើម្បីសាងសង់ព្រែកជីកហ្វូណន។ ធ្វើក្នុងស្មារតីជាតិ និងធ្វើក្នុងបុព្វហេតុជាតិ ដោយស្មោះត្រង់ ប្រាកដជាអាចធ្វើបាន។

រដ្ឋាភិបាល អាចបំប្លែងវិភាគទានទាំងនេះ ទៅជាភាគហ៊ុនវិនិយោគផ្ទៃក្នុងជាតិ ដោយ ១ភាគហ៊ុន = $១០០ ហើយផ្ដល់កម្រៃទាបជានិមិត្តរូប ដល់អ្នករួមវិភាគទានវិញ។ រដ្ឋាភិបាល ក៏អាចប្រកាសលក់ភាគហ៊ុន ឲ្យពលរដ្ឋខ្មែរ ដែលចង់ចូលហ៊ុនវិនិយោគក្នុងកុងត្រាវិនិយោគ ប៉ុន្តែ មិនគួរផ្ដល់ឱកាសឲ្យជនបរទេសឡើយ។

ប៉ុន្តែបើមិនអនុវត្តវិធីខាងលើនេះ ហើយចង់ខ្ចីលុយបរទេសវិញ ជាយោបល់របស់ខ្ញុំ ពួកមេដឹកនាំនយោបាយ ត្រូវស្វែងរកការចរចាផ្សះផ្សាបង្រួបបង្រួមជាតិ បង្ហាញតម្លាហិរញ្ញវត្ថុលើចំណាយគម្រោង។

យ៉ាងណា បើអនុវត្តយុទ្ធវិធីទាំងពីរខាងលើព្រមគ្នា គឺការចរចាផ្សះផ្សាបង្រួបបង្រួមជាតិផង + ប្រមូលវិភាគទានផ្ទៃក្នុង ដូចបង្ហាញពីចំណុច ១ ដល់ ៧ផង គឺកាន់តែពិសេស។

ជាតិគឺទាំងអស់គ្នា រួមគ្នាធ្វើដើម្បីជាតិ ទើបជាតិខ្លាំង និងរឹងមាំ»។

លោកគឹម សុខ បានសរសេរបន្ថែមក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “កម្ពុជា ត្រូវតែសាងសង់ព្រែកជីកហ្វូណន កុំជ្រួលច្របល់ដកថយតាមវៀតណាម ក្រឡុក។ រឿងភ្ជាប់ងារ «តេជោ» ចាំយើងដូរចេញពេលក្រោយ។ ដូរជា «ហ្វូណនអង្គរ» វិញ“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកគឹម សុខ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ថា ការដែលលោកដាក់ឈ្មោះព្រែកជីក «ហ្វូណនអង្គរ» គឺដើម្បីរំលេចសក្តានុពលរបស់ខ្មែរ ឲ្យពិភពលោកស្គាល់ខ្មែរ ឲ្យនឹកឃើញសម័យខ្មែរអង្គរ ឡើងវិញ ពីសម័យចក្រភពខ្មែរសម័យអង្គរ ដែលជាកិត្តិយសជាតិខ្មែរ ដ៏មហាសាលទាំងមូល ហើយបានទទួលការអបអរសាទរពីពលរដ្ឋខ្មែរទូទៅ ។

លោកគឹម សុខ បានមានប្រសាសន៍ថា  «ហ្វូណនតេជោ» ជាឈ្មោះ ក្នុងគោលដៅប្រយោជន៍ និងមុខមាត់បុគ្គល គឺយករឿងបុព្វហេតុជាតិ ទៅបំប្លែងជាប្រយោជន៍បុគ្គល។ ឈ្មោះបែបនេះ ប្រាកដជារងការរិះគន់ពេញប្រទេស។ រីឯឈ្មោះ «ហ្វូណនអង្គរ» គឺជាឈ្មោះក្នុងស្មារតីជាតិរួម។ ហេតុផលសំខាន់ គឺ «អង្គរ» ជាសម័យកាលដ៏រីកលូតលាស់នៃចក្រភពខ្មែរ (ចក្រភពខ្មែរអង្គរ) ជាពិសេសការរីកចម្រើនខាងវិស័យនាវាចរណ៍អន្តរជាតិ។ យើងគួរដឹងថា ឈូងសមុទ្រសៀម ឬថៃបច្ចុប្បន្ន កាលសម័យចក្រភពខ្មែរអង្គរ ត្រូវអ្នកជំនួញអន្តរជាតិ ដូចជា ពួកពាណិជ្ជករអារ៉ាប់ ជាដើម ស្គាល់ថា ជាឈូងសមុទ្រខ្មែរ។ ដូច្នេះការដាក់ឈ្មោះ «ហ្វូណនអង្គរ» គឺដើម្បីរំលេចសក្តានុពលរបស់ខ្មែរ ឲ្យពិភពលោកស្គាល់ខ្មែរ ឲ្យនឹកឃើញសម័យខ្មែរអង្គរឡើងវិញ ពីសម័យចក្រភពខ្មែរ សម័យអង្គរ ដែលជាកិត្តិយសជាតិខ្មែរ ដ៏មហាសាលទាំងមូល ហើយបានការអបអរសាទរពីពលរដ្ឋខ្មែរទូទៅ“ ។

ទោះបីយ៉ាងណា លោកគុជ លី ប្រធានគណបក្សខ្មែរតែមួយ និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ព្រែកជីកហ្វូណនតេជោ ប្ដូរឈ្មោះទៅហ្វូណនអង្គរ វិញ វាមិនមែនជារឿងមួយសម្រាប់លោកគឹម សុខ ត្រូវការផ្លាស់ប្ដូរប្រវត្តិនៅក្នុងប្រទេសកម្ពុជា នោះទេ ។ បានន័យថា អ្នកសិក្សាប្រវត្តិសាស្រ្ត គេបានឃើញថា ការដាក់ឈ្មោះព្រែកជីកហ្វូណនតេជោ ឬព្រែកជីកតេជោហ្វូណន នេះ គឺជាពាក់ព័ន្ធទៅនឹងប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា ។ ម្យ៉ាងទៀត លោកយល់ឃើញថា តេជោ (សម្ដេចហ៊ុន សែន) ចាប់ផ្ដើមបណ្ដុះគំនិតជាតិនិយមមួយ តាមរយៈព្រែកជីក រំលេចឲ្យឃើញថា ទឹកដីកម្ពុជាក្រោម មិនទាន់បាត់បង់ទៅណាឡើយ ដែលផ្សារភ្ជាប់នឹងព្រែកជីកនេះតែម្ដង ។

លោកគុជ លី បានមានប្រសាសន៍ថា “ខ្ញុំយល់ឃើញថា លោកគឹម សុខ គឺជាអ្នកវិភាគនយោបាយមួយឆ្វេងនិយម គឺវិភាគនយោបាយ ដើម្បីដោះដូរបាយតែប៉ុណ្ណោះ គឺមានន័យថា បច្ចុប្បន្នភាពគាត់កំពុងតែរកចំណូលតាមវិទ្យុផ្សាយ តាមខេមបូឌាដេលី ឬក៏អាស៊ីសេរី តែប៉ុណ្ណឹង ដែលគាត់បានកម្រៃតាមហ្នឹង នៅពេលដែលគាត់វិភាគម្ដងៗ ហើយគេឲ្យកម្រៃដល់ ។ អ៊ីចឹងគាត់និយាយផ្ដេសផ្ដាសច្រើនចំពោះប្រទេសកម្ពុជា ហើយអាចក្លាយទៅជាអ្នកជំងឺវិភាគម្នាក់ ដោយសារការចង់សងសឹក នៅពេលដែលសម្ដេចតេជោ ហ៊ុន សែន បានចាប់គាត់ដាក់ពន្ធនាគារតែម្ដង ។ យើងមើលឃើញថា រាល់ការវិភាគរបស់គាត់ គឺជាការវិភាគមួយ ដើម្បីបន្តុះបង្អាប់ប្រទេសកម្ពុជា គឺប្រជាពលរដ្ឋខ្មែរ គាត់យកប្រជាពលរដ្ឋម្នាក់ មកធ្វើការវាយតម្លៃសម្រាប់ប្រទេសកម្ពុជា ។ អ្វីដែលគាត់លើកឡើងថា ព្រែកជីកហ្វូណន ហើយប្ដូរឈ្មោះទៅហ្វូណនអង្គរ វិញ វាមិនមែនជារឿងមួយសម្រាប់គាត់ត្រូវការផ្លាស់ប្ដូរប្រវត្តិនៅក្នុងប្រទេសកម្ពុជា ទេ ។ អ៊ីចឹងយើងត្រូវឆ្លើយត្រលប់ទៅវិញថា ប្រទេសកម្ពុជា របស់យើង កាលពីប្រវត្តិសាស្រ្ត នៅក្នុងអូរកែវ គឺនៅទឹកដីកម្ពុជាក្រោម របស់យើង ក៏មានព្រែករបស់យើង ជិត១ពាន់គីឡូដែរ បើតាមប្រវត្តិសាស្រ្ត យើងមើលឃើញថា មានតាំងពីសម័យហ្វូណន ម្ល៉េះ“ ។

លោកគុជ លី បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ គឺអ្នកសិក្សាប្រវត្តិសាស្រ្ត គេបានឃើញថា ការដាក់ឈ្មោះព្រែកហ្វូណនតេជោ ពីតេជោហ្វូណន នេះ គឺជាពាក់ព័ន្ធទៅនឹងប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា ។ បើសម្រាប់ខ្ញុំៗយល់ឃើញថា តេជោ ចាប់ផ្ដើមបណ្ដុះគំនិតជាតិនិយមមួយ តាមរយៈព្រែកជីក រំលេចឲ្យឃើញថា ទឹកដីកម្ពុជាក្រោម របស់យើង មិនទាន់បាត់បង់ទៅណាឡើយ ដែលផ្សារភ្ជាប់នឹងព្រែកជីកនេះតែម្ដង ។ អ៊ីចឹងយើងត្រលប់មកវិញ មើលឃើញថា អ្នកវិភាគបុគ្គលរូបនេះ គឺមិនបានសិក្សាពីប្រវត្តិសាស្រ្តឲ្យបានច្បាស់លាស់នោះទេ គឺវិភាគដោះដូរបាយ វិភាគទៅតាមព្រឹត្តិការណ៍ដែលខ្លួនចង់និយាយ វិភាគនូវអ្វីដែលមើលឃើញមិនឆ្លុះបញ្ចាំងពីផលប្រយោជន៍ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ។ ម្យ៉ាងវិញទៀត គឹម សុខ ការវិភាគនេះ គឺដើម្បីធ្វើម៉េចឲ្យមានការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំ ឬក៏ចាប់អារម្មណ៍ពីមហាជនថា លោកគឹម សុខ នេះ វិភាគពិតជាត្រឹមត្រូវ ។ តាមពិតទៅ គឺបុគ្គលនេះវិភាគខុសស្រឡះពីប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា គឺវិភាគដើម្បីដោះដូរបាយខ្លួនឯងតែប៉ុណ្ណឹង“ ។

ដោយឡែក លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ថា តាំងពីដើមមក លោកយល់ស្របថា ឲ្យបន្តគម្រោងជីកព្រែកជីកហ្វូណន តទៅទៀត កុំច្របូកច្របល់ជាមួយនឹងវៀតណាម ព្រោះវៀតណាម យកលេសព្រែកជីកហ្វូណន ដើម្បីបន្តគ្រប់គ្រងកម្ពុជា មិនចង់ឲ្យកម្ពុជា របូតចេញពីដៃរបស់ខ្លួន ។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែអនុវត្តគម្រោងព្រែកជីកនេះ ឲ្យចេញជាលទ្ធផលសិន ឯការដាក់ឈ្មោះ ចាំសម្រេចតាមក្រោយ សំខាន់លើការឯកភាពគ្នា ចង់ដាក់យ៉ាងម៉េចក៏ដាក់ទៅ ប៉ុន្តែតាមគំនិតរបស់លោក បើដាក់ឈ្មោះ “ព្រែកជីកហ្វូនតេជោ” អាចមានភាពចម្រូងចម្រាសនៅក្នុងនយោបាយ តែបើដាក់ឈ្មោះ “ព្រែកជីកហ្វូណនអង្គរ” អាចជាការល្អជាង ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “ខ្ញុំតាំងពីដើមមក យល់ស្របថា ឲ្យបន្តគម្រោងជីកព្រែកជីកហ្វូណន តទៅទៀត កុំច្របូកច្របល់ជាមួយនឹងវៀតណាម ព្រោះវៀតណាម យកលេសព្រែកជីកហ្វូណន ដើម្បីបន្តគ្រប់គ្រងកម្ពុជា មិនចង់ឲ្យកម្ពុជា របូតចេញពីដៃរបស់ខ្លួន ពីព្រោះតាំងខ្លួនជាបងធំរបស់កម្ពុជា​ យូរហើយ ហើយបង្គាប់បញ្ជាឲ្យរដ្ឋាភិបាលលោកហ៊ុន សែន ធ្វើនេះ ធ្វើនោះ ស្រេចតែខ្លួនចង់បាន ដូចជាបង្គាប់បញ្ជាឲ្យលោកហ៊ុន សែន ចុះកិច្ចព្រមព្រៀងរឿងព្រំដែនទឹក ព្រំដែនគោកអីកន្លងទៅ ហើយលោកហ៊ុន សែន ក៏បានផ្ដល់សម្បទានច្រើនហើយ ទៅឲ្យវៀតណាម ហ្នឹង រួមទាំងជនអន្តោប្រវេសន៍ខុសច្បាប់ ឲ្យមករស់នៅស្រុកខ្មែរ ពេញទឹកពេញដីថែមទៀត ។ ដូច្នេះវាច្រើនពេក ហើយដោយសាររឿងគម្រោងព្រែកជីកហ្វូណន ហ្នឹង វៀតណាម ប្រើលេសហ្នឹង ដើម្បីមកចោទប្រកាន់កម្ពុជា រឿងនេះ រឿងនោះអ៊ីចឹងទៅ ។ ប៉ុន្តែជំហរយើងៗជំរុញឲ្យថា យើងបន្តជីកទៅ គ្រាន់តែថា រដ្ឋាភិបាលកម្ពុជា ត្រូវរកដំណោះស្រាយការទូតដែលសមរម្យ ហើយនិងទន់ភ្លន់ ប៉ុន្តែរឹងមាំ ហើយត្រូវតែបន្តយន្តការនយោបាយការទូតយើង ដើម្បីបំភ្លឺចំពោះអ្នកទាំងអស់គ្នាហ្នឹង កុំឲ្យមានការសង្ស័យ“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “ចំពោះការដូរឈ្មោះ ខ្ញុំមិនជាទាស់ទេ ចង់ដាក់ឈ្មោះអី ដាក់ទៅ ចង់ដាក់ឈ្មោះព្រែកជីកហ្វូណន ទទេក៏បាន ចង់ដាក់តេជោ ឬក៏ចង់ដាក់ព្រែកជីកហ្វូណនអង្គរ ដាក់អី ដាក់ទៅ រឿងឈ្មោះនេះ វាមិនទាស់ទេ សំខាន់ព្រែកជីកហ្នឹង​ត្រូវជីកឲ្យបានសិន ហើយការផ្លាស់ប្ដូរឈ្មោះហ្នឹង វាអាស្រ័យលើមេដឹកនាំទេ មេដឹកនាំចង់ដូរឈ្មោះទៅណាក៏បានដែរ វាអត់បញ្ហា សំខាន់ឲ្យបានលទ្ធផលសិន ។ ប៉ុន្តែវាជាចំណុចល្អដែរ យើងដកពាក្យឈ្មោះលោកហ៊ុន សែន ចេញក៏បានដែរ កុំឲ្យមានចម្រូងចម្រាសអារឿងឈ្មោះអ៊ីចឹង ព្រែកជីកហ្វូណនតេជោ អ៊ីចឹង ថ្ងៃអនាគតទៅដកពាក្យតេជោ ចេញ ដាក់ឈ្មោះអីផ្សេង ដើម្បីកុំឲ្យភាគីនយោបាយណាផ្សេងហ្នឹង គេមិនបានសប្បាយចិត្តអ៊ីចឹងទៅ គេថានេះ ថានោះទៅ ប៉ុន្តែគំនិតយើងៗចង់ឲ្យមានការរួបរួមគំនិតគ្នាជាប្រយោជន៍ជាតិ កុំទាស់គ្នារឿងផ្ទៃក្នុងជាតិខ្លួនឯង ហើយភ័យខ្លាចជនបរទេសហ្នឹង គេកកូរកកាយ កុំភ័យខ្លាចប្រទេសជិតខាងកកូរកកាយយើងមិនត្រូវទេ ចំណុចខ្លះយើងត្រូវតែរួមគ្នា ឲ្យតែជាប្រយោជន៍ជាតិ យើងការពារគ្នាទៅ អត់ជាទាស់ខុសអីទេ ជំហរខ្ញុំៗយល់ឃើញអ៊ីចឹង ។ ជារួម ត្រលប់មកវិញ រឿងដាក់ឈ្មោះ ដូចខ្ញុំបញ្ជាក់ ដាក់ព្រែកជីកហ្វូណន ទទេ ដូចជាឈ្មោះពីដើម ដែលតាំងពីសម្ដេចសីហនុ រហូតដល់សម្ដេចក្រុមព្រះ ធ្លាប់ជជែកគ្នាកន្លងទៅហ្នឹងក៏ដាក់ទៅ ហើយមកសម័យហ៊ុន សែន ហ្នឹង ចង់ដាក់តេជោ ដាក់ទៅ ប៉ុន្តែបើដាក់តេជោ ហ្នឹង វាមានឈ្មោះចម្រូងចម្រាសបន្តិច តាមខ្ញុំគិតក្នុងនយោបាយ ។ អ៊ីចឹងបើចង់ដាក់ប្ដូរទៅព្រែកជីកអង្គរហ្វូណនអី អាហ្នឹងសំខាន់លើការឯកភាពជាតិ ។ បើឯកភាព ដាក់ទៅ យើងនាំគ្នាដាក់ នាំគ្នាហៅទៅ មិនជាទាស់ខុសទេ ។ អ្វីដែលខ្ញុំចង់ផ្ដល់យោបល់ជាសំខាន់ហ្នឹង គ្រាន់តែថា កុំឲ្យច្របូកច្របល់ដោយការជ្រៀតជ្រែករបស់វៀតណាម កុំឲ្យច្របូកច្របល់រឿងទាំងអស់ យើងបន្តគម្រោងទៅ ហើយជីកព្រែកហ្នឹងឲ្យបានជាលទ្ធផលសិន ចង់ដាក់ឈ្មោះយ៉ាងណា ចាំជជែកគ្នាតាមក្រោយទៅ អាហ្នឹងគ្មានអីពិបាកដោះស្រាយ យើងមិនចង់ឲ្យយកឈ្មោះហ្នឹង មកជាការចម្រូងចម្រាសទៅលើការជីកទេ អាហ្នឹងគំនិតខ្ញុំ…” ។

ពាក់ព័ន្ធរឿងនេះដែរ លោកយ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នៃអតីតគណបក្សសង្រ្គោះជាតិ បច្ចុប្បន្នជាប្រធានគណបក្សកម្ពុជានិយម បានលើកឡើងថា ព្រែកជីកនេះ មានសារៈសំខាន់ជាទីបំផុត ជានយោបាយទឹក យកមកស្រោចស្រពដំណាំ កសិកម្មផង និងជាការតភ្ជាប់ផ្លូវទឹក រហូតទៅដល់សមុទ្ររបស់យើង គឺជាផ្លូវទឹកមួយដែលអាចដឹកជញ្ជូនផលិតផល កសិផល ទេសចរណ៍ ឬក៏ទំនិញផ្សេងៗបានយ៉ាងច្រើនជាទីបំផុត ។

លោកយ៉ែម បុញ្ញឫទ្ធិ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ពាក់ព័ន្ធជាមួយនឹងរឿងព្រែកជីកហ្វូណន យើងសង្កេតឃើញថា គម្រោងនេះ មានតាំងពីយូរលង់ណាស់មកហើយ ក៏ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខានទៅវិញ ដោយពុំដឹងពីមូលហេតុពិតប្រាកដ ។ ដូច្នេះយើងជាខ្មែរ ដែលជាប្រទេសមួយមានឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ពិតជាមានសិទ្ធិសេរីភាព និងលទ្ធភាពពេញលេញក្នុងការសម្រេចធ្វើការរៀបចំគម្រោងអភិវឌ្ឍប្រទេសជាតិ ។ ព្រែកជីកនេះ មានសារៈសំខាន់ជាទីបំផុត ជានយោបាយទឹក យកមកស្រោចស្រពដំណាំកសិកម្មផង និងជាការតភ្ជាប់ផ្លូវទឹក រហូតទៅដល់សមុទ្ររបស់យើង គឺជាផ្លូវទឹកមួយដែលអាចដឹកជញ្ជូនផលិតផល កសិផល ទេសចរណ៍ ឬក៏ទំនិញផ្សេងៗបានយ៉ាងច្រើនជាទីបំផុត។ ការធ្វើដំណើរដឹកជញ្ជូនតាមផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក ផ្លូវដែក  គឺជារឿងមួយដ៏សំខាន់ ហើយបច្ចុប្បន្ននេះនៅមានតម្លៃខ្ពស់ ក៏ប៉ុន្តែនៅពេលដែលមានព្រែកជីក ការធ្វើដំណើរដឹកជញ្ជូន អាចកាត់បន្ថយតម្លៃនៃការផលិត នៃការដឹកជញ្ជូន គឺជារឿងមួយដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋខ្មែរទាំងមូល“ ។

លោកយ៉ែម បុញ្ញឫទ្ធិ បន្តថា “យើងតែងតែសង្កេតឃើញថា ប្រទេសនីមួយៗត្រូវតែមានឯករាជ្យភាពពិតប្រាកដក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ចំពោះប្រទេសជិតខាងដែលយើងស្គាល់ដឹងប្រវត្តិសាស្រ្ត តាំងពីយូរលង់មកហើយ ពីមហិច្ឆតារបស់គេ មកលើប្រទេសយើង ហើយការធ្វើប្រតិកម្មដោយថា មានផលប៉ះពាល់ដល់លំហូរទឹក ដីសណ្ដទន្លេមេគង្គ ។ ទាំងនេះ យើងយល់ឃើញថា គ្រាន់តែជាលេសមួយតែប៉ុណ្ណោះ ។ ព្រែកជីកនេះ ជាដង្ហើមសេដ្ឋកិច្ចនៃការដឹកជញ្ជូនផ្លូវទឹកតែប៉ុណ្ណោះ ហើយចំពោះផលប៉ះពាល់យើងជឿថា កម្ពុជា មានឯករាជ្យភាពពិតប្រាកដក្នុងការសិក្សា ក្នុងការសម្រេច។ ដូច្នេះយើងគាំទ្រទាំងស្រុងនូវគម្រោងដែលរៀបចំធ្វើ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋយើងទាំងមូល ។ យើងសង្ឃឹមថា គម្រោងព្រែកជីកហ្វូណនតេជោ នេះ នឹងបានសម្រេចជោគជ័យជាស្ថាពរ ហើយការរៀបចំសិក្សា ដើម្បីឆ្លើយតបទៅនឹងប្រតិកម្មរបស់ប្រទេសនានា គឺជារឿងមួយ ក៏ប៉ុន្តែគោលជំហររបស់យើងជាខ្មែរ គឺត្រូវតែមានឯករាជ្យភាពក្នុងការសម្រេច ។ ដូច្នេះការលើកឡើងពីផលប៉ះពាល់មានតែអ្នកបច្ចេកទេស អ្នកឯកទេសជំនាញពិតប្រាកដ ជាអ្នកសម្រេច មិនមែនអ្នកដទៃគិតសម្រេចជំនួសវាសនាអនាគតខ្មែរនោះទេ។ ការលើកពីផលប៉ះពាល់ ដល់លំហូរទឹក ក៏ដូចជាដីសណ្ដទន្លេមេគង្គ គឺជារឿងមួយ ក៏ប៉ុន្តែរឿងទាំងអស់នោះ យើងសង្ឃឹមថារាជរដ្ឋាភិបាលនឹងសិក្សា ពិនិត្យ ហើយឆ្លើយតបយ៉ាងសមស្របជាទីបំផុត ហើយគម្រោងនេះ នឹងពិតជាអនុវត្តបានជោគជ័យ នាពេលខាងមុខ“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកវិភាគ អ្នកឃ្លាំមើល និងអ្នកនយោបាយ ខាងលើនេះ បានធ្វើឡើងក្រោយពីភាគីវៀតណាម ដែលជាប្រទេសជិតខាងកម្ពុជា ហាក់មិនគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ ដោយបានលើកឡើងថា គម្រោងនេះ នឹងអាចធ្វើឱ្យប៉ះពាល់ដល់ចរន្តទឹកទន្លេមេគង្គ និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងដីល្បាប់នៅតាមដងទន្លេ ។

ទោះបីជាយ៉ាងណា នៅក្នុងជំនួបជាមួយលោកថងលូន ស៊ីសុលីត ប្រធានរដ្ឋឡាវ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ សម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើប្រធានរដ្ឋឡាវ គាំទ្រគម្រោងព្រែកជីក របស់កម្ពុជា នេះ ហើយប្រធានរដ្ឋឡាវ ក៏បានគាំទ្រគម្រោងនេះផងដែរ។

ជាមួយនេះ ថ្លែងក្នុងពិធីអបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារហ្គាដិនស៊ីធី ដែលមានអ្នកចូលរួម ជាង៦០០រូប សម្តេចហ៊ុន សែន បានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជា គ្មានការរាថយឡើយចំពោះគម្រោង «ព្រែកជីកហ្វូណនតេជោ» ហើយសម្តេច ក៏បានប្រកាសផងដែរថា កម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចរចានិងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរ ទាក់ទងនឹងគម្រោងនេះ។ សម្តេចហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់ជនរួមជាតិទាំងអស់ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត និងថែមទាំងកាត់បន្ថយការបង់ពន្ធទៅឲ្យវៀតណាម ផងដែរ តាមរយៈនៃការដឹកជញ្ជូនតាមផ្លូវទឹក៕ កុលបុត្រ

RELATED ARTICLES