Friday, May 17, 2024
Homeព័ត៌មានជាតិនារីរងគ្រោះ អ្នកលក់អនឡាញជេរប្រមាថ មិនទទួលយកការសុំទោស ប្រកាន់ជំហរប្តឹង

នារីរងគ្រោះ អ្នកលក់អនឡាញជេរប្រមាថ មិនទទួលយកការសុំទោស ប្រកាន់ជំហរប្តឹង

ខេត្តសៀមរាប ៖ នារីរងគ្រោះម្នាក់ ដែលត្រូវអ្នកលក់អនឡាញ ២នាក់ប្តីប្រពន្ធ ជេរប្រមាថ ផ្អើលពេញបណ្តាញសង្គម រហូតមានប្រតិកម្មពីមហាជន និងមន្ត្រីពាក់ព័ន្ធ កោះហៅប្តីប្រពន្ធអ្នកលក់អនឡាញ ទៅអប់រំណែនាំ សុំទោស និងធ្វើកិច្ចសន្យានោះ បានប្រកាសមិនទទួលយកការសុំទោសពីអ្នកលក់អនឡាញនោះឡើយ ដោយនៅតែប្រកាន់ជំហរប្ដឹងទៅសមត្ថកិច្ចនិងតុលាការ ចាត់ការតាមច្បាប់ បើទោះបីបុរសស្រ្តីពីរនាក់ប្ដីប្រពន្ធដែលជាអ្នកលក់អនឡាញនោះ បានធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចនគរបាល ព្រមទទួលស្គាល់កំហុស សុំទោស និងសន្យាបញ្ឈប់នូវការប្រើពាក្យសម្ដីមិនសមរម្យ ឬជេរប្រមាថទៅលើអ្នកដទៃ ទោះបីតាមរូបភាពបែបណាក៏ដោយ ។

អ្នកស្រី វ៉ាន់ ភ័ក្រ្ត ជាអ្នកចម្រៀងភ្លេងការ រស់នៅខេត្តប៉ៃលិន បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ថា “នាងខ្ញុំសូមអរគុណដល់បងៗសមត្ថកិច្ច ដែលមានចំណាត់ការចំពោះបុគ្គលទាំងពីរនាក់នេះ តែនាងខ្ញុំជាជនរងគ្រោះ សូមមិនទទួលយកការសុំទោសនេះទេ នាងខ្ញុំនៅតែប្រកាន់ជំហរដដែល សូមបងប្អូនកុំយល់ច្រឡំ“ ។

ក្រៅពីមិនទទួលយកការសុំទោស នារីរងគ្រោះខាងលើ ក៏បានបញ្ជាក់ថា មិនទទួលយក លុយដែលអ្នកលក់ខោអាវអនឡាញ ពីរនាក់ប្ដីប្រពន្ធ ដែលជេរប្រមាថអ្នកស្រី ហើយបានបង្វិលលុយមកឲ្យអ្នកស្រីវិញនោះទេ គឺអ្នកស្រីនៅតែរក្សាជំហរប្ដឹងដដែល ។

អ្នកស្រី វ៉ាន់ ភ័ក្រ្ត បានសរសេរបន្ថែម នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ថា “ ល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឈ្មោះ ហ័ង ហ័ង បានបង្វិលលុយ ចំនួន 65.500៛ មកឲ្យនាងខ្ញុំវិញ ។ កាលដែលនាងខ្ញុំទិញអីវ់ាន់គាត់ ខ្ញុំវេរលុយឲ្យគាត់ហើយ គាត់មិនដាក់អីវ៉ាន់ឲ្យហើយ ថែមទាំងជេរប្រមាថ និងប្លុកហ្វេសប៊ុកខ្ញុំទៀត អ៊ីចឹងចំពោះលុយនេះ នាងខ្ញុំសុំមិនទទួលយកវិញទេ នាងខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ អ្នកស្រី វ៉ាន់ ភ័ក្រ្ត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ថា អ្នកស្រីពិតជាមិនអាចទទួលយកបានទេ នូវការសុំទោសរបស់អ្នកលក់អនឡាញ ២នាក់ប្តីប្រពន្ធ ដែលជេរប្រមាថអ្នកស្រីនោះ ព្រោះជាការប្រមាថធ្ងន់ពេក ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកស្រីយ៉ាងខ្លាំង។

អ្នកស្រី វ៉ាន់ ភ័ក្រ្ត បាននិយាយថា “និយាយទៅ ខ្ញុំឆ្ងល់រឿងថា គាត់ឆាតមកជេរយើងហើយ គាត់ឲ្យយើងហ្នឹងវេរលុយឲ្យគាត់ទៀត វាឆ្ងល់ត្រង់ចំណុចហ្នឹង ។ ហ្នឹងហើយឥឡូវមើលឃើញទេ យើងមិនបានតបគាត់ទេ ស្រាប់តែគាត់ឆាតមកជេរយើងហើយ ឲ្យយើងហ្នឹងវេរលុយឲ្យគាត់ទៀត ។ និយាយទៅ ខ្ញុំអត់ដែលជួបទេ ទើបលើកទី១ សាហាវណាស់ ។ ពោលគឺវាធ្ងន់ណាស់ ពាក្យដែលគាត់ជេរ មិនអាចទទួលយកបានត្រឹមការសុំទោសហ្នឹងទេ វាធ្វើឲ្យប៉ះពាល់កិត្តិយសខ្ញុំ មិនអាចទទួលយកបានទេ ត្រឹមការសុំទោសបែបហ្នឹង“ ។

សូមបញ្ជាក់ថា ការប្រកាសមិនទទួលការសុំទោស និងប្តឹងតាមផ្លូវច្បាប់ របស់ស្ត្រីរងគ្រោះ ខាងលើនេះ បានធ្វើឡើងក្រោយពេលបុរសស្រ្តីពីរនាក់ប្ដីប្រពន្ធ ដែលជាអ្នកលក់សម្លៀកបំពាក់អនឡាញ នៅក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចហៅទៅអប់រំណែនាំ ធ្វើកិច្ចសន្យា ដោយបានទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គងដែលបានប្រើសម្តីជេរប្រមាថទៅលើស្ត្រីរងគ្រោះ ដែលជាអតិថិជន។

នៅក្នុងកិច្ចសន្យា ចុះថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅចំពោះមុខសមត្ថកិច្ចនគរបាលប៉ុស្ដិ៍សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បុរសស្រ្តីអ្នកលក់អនឡាញ ពីរនាក់ប្ដីប្រពន្ធនោះ បានបញ្ជាក់ថា “ខ្ញុំបាទឈ្មោះចាន់ ពិសិដ្ឋ កើតថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៦ មុខរបរលក់សម្លៀកបំពាក់អនឡាញ និងប្រពន្ធឈ្មោះ ហ៊ុយ ស៊ឹងហ៊ង់ កើតថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៩៨ មុខរបរលក់សម្លៀកបំពាក់អនឡាញ ជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ (ហ័ង ហ័ង) មានលំនៅបច្ចុប្បន្ន ក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ សូមធ្វើកិច្ចសន្យាដូចខាងក្រោម ៖

១. ខ្ញុំបាទ និងភរិយា សូមទទួលស្គាល់ថា កាលពីម៉ោងប្រហែល ១០ៈ០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ពួកខ្ញុំពិតជាបានប្រើពាក្យសម្ដីមិនសមរម្យ ជេរប្រមាថទៅលើម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ (អូន តូច) ប្រាកដមែន ។

២. ខ្ញុំបាទ និងភរិយា សូមធ្វើការស្នើសុំការអភ័យទោសចំពោះមជ្ឈដ្ឋានបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក ទូទៅក្នុងស្រុក ក្រៅស្រុក ជាពិសេសចំពោះបងប្អូនអតិថិជនរបស់ពួកខ្ញុំ ដែលពួកខ្ញុំបាទទាំង២នាក់ បានប្រព្រឹត្តលើសលស់ នាពេលកន្លងមក ។

៣. ខ្ញុំបាទ និងភរិយា សូមសន្យាថា ពីថ្ងៃនេះតទៅមុខ ខ្ញុំបាទនិងភរិយា បញ្ឈប់នូវការប្រើពាក្យសម្ដីមិនសមរម្យ ឬជេរប្រមាថទៅលើអ្នកដទៃ ទោះបីតាមរូបភាពបែបណាក៏ដោយ ។

៤. ខ្ញុំបាទ និងភរិយា សូមចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រាល់ពេលវេលា និងគ្រប់កាលៈទេសៈណាដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវការពួកខ្ញុំ ។

ខ្ញុំបាទ-នាងខ្ញុំ សួមធានាអះអាងចំពោះមុខអាជ្ញាធរមានសមត្ថកិច្ចថា ទទួលខុសត្រូវ ព្រមទាំងគោរពប្រតិបត្តិតាមកិច្ចសន្យាដែលបានសរសេរលាយលក្ខណ៍អក្សរខាងលើ ឲ្យខាងតែបាន ។

ដើម្បីទុកជាសំអាងទៅថ្ងៃក្រោយ ខ្ញុំបាទ-នាងខ្ញុំ យល់ព្រមផ្ដិតមេដៃស្ដាំ ទុកជាភ័ស្តុតាងដូចខាងក្រោម“ ។

គួរបញ្ជាក់ថា កាលពីទី២៩ ខែមេសា ឆ្នាំ២០២៤  មហាជនទូទៅ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក បានសម្ដែងការភ្ញាក់ផ្អើល ហួសចិត្តយ៉ាងខ្លាំង និងរិះគន់គ្រប់គ្នា ចំពោះប្តីប្រពន្ធមួយគូ ដែលជាអ្នកលក់ផលិតផលអនឡាញ (ខោអាវ) នៅខេត្តសៀមរាប ដែលបានជេរបញ្ចោរអតិថិជនម្នាក់ ដែលបានកុម្មង់ទិញអីវ៉ាន់តាមអនឡាញ ហើយគា្រន់តែសួរថា តើអីវ៉ាន់ ពេលណាទើបទទួលបាន? ពាក្យសម្ដីរបស់ប្ដីប្រពន្ធលក់អនឡាញនោះ បានធ្វើមហាជនខឹងសម្បា និងបង្ហាញអារម្មណ៍ស្អប់ខ្ពើម រហូតដល់មានអ្នកខ្លះសំណូមពរមហាជន បញ្ឃប់ទិញអីវ៉ាន់របស់ប្តីប្រពន្ធមួយគូនេះ ។

តាមការបញ្ជាក់របស់ស្រ្តីជាអតិថិជន ដែលត្រូវបានគេចែកចាយព្រោងព្រាតតាមបណ្តាញសង្គម បានឲ្យដឹងថា គាត់បានបាញ់លុយដែលកម្មង់ទិញខោអាវរួចហើយ តែ៣ថ្ងៃក្រោយមិនទាន់ទទួលអីវ៉ាន់ ទើបគាត់សួរនាំ ប៉ុន្តែត្រូវបានអ្នកលក់ ២នាក់ប្តីប្រពន្ធ ដែលប្រើគណនី និងទំព័រហ្វេសប៊ុក ឈ្មោះ «ហ័ង ហ័ង» បានជេរប្រមាថគាត់យ៉ាងខ្លាំងទៅវិញ។

មហាជនដែលបានចែករំលែករឿងនេះ បានអំពាវនាវដល់ថ្នាក់ដឹកនាំពាក់ព័ន្ធ និងក្រសួង ស្ថាប័នជំនាញ មានចំណាត់ការយ៉ាងម៉ឺងម៉ាត់ចំពោះ ២នាក់ប្តីប្រពន្ធនេះ ដើម្បីរួមគ្នាជួយលើកម្ពស់សីលធម៌សង្គម ។ ហើយឆ្លើយតបនឹងការអំពាវនាវរបស់មហាជន សមត្ថកិច្ចប៉ុស្ដិ៍នគរបាលសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានកោះហៅបុរសស្រ្តីពីរនាក់ប្ដីប្រពន្ធនោះ មកទៅធ្វើកិច្ចសន្យាដូចខាងលើ ។ ប៉ុន្តែក្រោយពីបានឃើញកិច្ចសន្យា របស់បុរសស្រ្តីពីរនាក់ប្ដីប្រពន្ធនោះហើយ ក្រៅស្រី្តរងគ្រោះខាងលើ និងអ្នករងការជេរប្រមាថដទៃទៀត មិនអាចទទួលយកបាន សម្រាប់មជ្ឈដ្ឋានមហាជនជាច្រើនទៀត ដែលក្នុងនោះ មានទាំងលោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ផង ក៏បានបញ្ជាក់ថា មិនអាចទទួលយកបានដូចគ្នា ដោយបានជំរុញឲ្យជនរងគ្រោះ ដាក់ពាក្យបណ្ដឹងទៅតាមផ្លូវច្បាប់ ព្រោះការជេរប្រមាថ ឬធ្វើខុសហើយសុំទោស ជាវប្បធម៌មិនល្អ និងនៅតែកើតឡើងដដែលៗ ។

លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ម្ដាយមីងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជាប្អូនស្រីរបស់សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ថា “ កុំមានអាវប្បធម៌ម្រាមដៃដប់សែនជ័យបារមីសុំទោសរួចខ្លួនឲ្យសោះ ពិន័យវាឲ្យដើររើសសំរាមជុំវិញក្រុងសៀមរាប ១ខែ ឬ២ខែ ចាំឲ្យទៅផ្ទះ។ សុំសួរអ្នកសៀមរាប ថាប្ដីនាងពូកែជេរហ្នឹង ខ្មែរ ឬយួន មុខដូចយួន ឬក៏កឺកឺ?“ ។

ជាមួយគ្នានេះ លោកស្រីហ៊ុន ស៊ីណាត បានចែករំលែក (Share) សំណេររបស់នារីរងគ្រោះ ដែលប្រកាសមិនទទួលយកកាសុំទោសរបស់អ្នកលក់អនឡាញ ២នាក់ប្តីប្រពន្ធនោះ ជាមួយសំណេរក្នុងគណនីហ្វេសប៊ុកដដែលថា “យីអើ! លោកប៉ូលិសខេត្តសៀមរាប ហេតុអីបានជាឲ្យបុគ្គលពីរនាក់ប្ដីប្រពន្ធនេះ រួចខ្លួនយ៉ាងរំភើយបែបនេះ? រឿងជេរមធ្យម ងំចោទគេថាជក់ថ្នាំញៀនទៀត លោកប៉ូលិស ត្រូវតែរកយុតិ្តធម៌ឲ្យជនរងគ្រោះផងណា” ។

ជាមួយគ្នានោះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាសកម្ពុជា បានលើកឡើងថា បើបណ្តោយឲ្យពួករកស៊ីអនឡាញ នៅតែបន្តសកម្មភាពបែបនេះតទៅទៀត សង្គមយើង នឹងមានបញ្ហាធ្ងន់ធ្ងរទៅថ្ងៃក្រោយ ដូច្នេះត្រូវតែមានវិធានការផ្លូវច្បាប់ចំពោះពួកនោះ ។

លោកបណ្ឌិត គិន ភា បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ថា “សង្គមខ្មែរ កំពុងត្រូវបានបំពុលយ៉ាងធ្ងន់ធ្ងរដោយពួកអ្នកលក់អនឡាញ និងអ្នករកស៊ីអនឡាញ (MMO) មួយចំនួន ដោយប្រើពាក្យពេចន៍អសុរោះ ជេរបញ្ចោរ ឬជេរប្រមាថអ្នកដទៃ ហែកហួរជម្លោះក្នុងគ្រួសារ ផលិតមាតិកាផ្តេសផ្តាស អសីលធម៌ បំផ្លើស ប្រឌិត បង្កចលាចលសង្គម និងធ្វើទង្វើស្មោកគ្រោកនិងអសីលធម៌ជាច្រើនទៀត។ ភាគច្រើននៃពួកអ្នកលក់អនឡាញ និងអ្នករកស៊ីអនឡាញ (MMO) ទាំងនោះ មើលទៅមុខមាត់ អត្តចរិត សម្ដីសម្ដៅ អាកប្បកិរិយា មារយាទ និងឫកពា ដូចជាមិនមែនមនុស្សខ្មែរ ហាក់ដូចជាក្រុមមនុស្សមកពីស្រុកណាមួយ គេប្រើមកឱ្យបំផ្លិចបំផ្លាញសង្គមខ្មែរយើង។ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ពួកនេះគ្មានខ្វល់ប៉ះពាល់ដល់សង្គមខ្មែរយើងបន្តិចណាសោះឡើយ។ បើអនុញ្ញាតឱ្យពួកនោះនៅតែបន្តសកម្មភាពបែបហ្នឹងតទៅទៀត សង្គមយើងនឹងមានបញ្ហាធ្ងន់ធ្ងរទៅថ្ងៃក្រោយ។ ដូច្នេះត្រូវតែមានវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរចំពោះពួកនោះ បើគ្មានច្បាប់ចែង ត្រូវតែធ្វើច្បាប់ ដើម្បីគ្រប់គ្រងសង្គម មិនអាចបណ្ដែតបណ្ដោយឱ្យពួកនោះបន្តបំផ្លិចបំផ្លាញសង្គមយើងតទៅទៀតនោះទេ“ ។

ដោយឡែក លោកស្រី ញ៉ែម មរកត មន្ត្រីជាន់ខ្ពស់មួយរូប ដែលតែងជួយឈឺឆ្អាលរកយុត្តិធម៌ជូនដល់ស្ត្រីនិងកុមាររងគ្រោះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ថា ស្រ្តីលក់អនឡាញនោះ ពិតជាជេរសាហាវមែន ហើយមិនមែនជេរតែនារីម្នាក់ នៅខេត្តប៉ៃលិន នោះទេ គឺច្រើនគ្នាណាស់ ឲ្យតែបានកុម្មង់ទិញអីវ៉ាន់របស់នាង តាមអនឡាញ ដែលធ្វើឲ្យគេមិនអាចអនុគ្រោះឲ្យបាន ។ ពោលគឺជនរងគ្រោះ បន្តបញ្ជូនសារសំឡេងជេរបញ្ចោររបស់ស្រ្តីលក់អនឡាញនោះ មកលោកស្រី ជាបន្តបន្ទាប់ ។ ដូច្នេះរឿងនេះ មិនអាចចប់បានទេ ពីព្រោះជនរងគ្រោះមិនសុខចិត្ត និងបន្តការដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ឬតុលាការ ហើយលោកស្រី ក៏បានជ្រាបដែរ ពីរឿងដែលស្រី្តលក់អនឡាញនោះ បានបង្វិលលុយ៦៥៥០០រៀល ឲ្យនារីរងគ្រោះវិញ ក្រោយសមត្ថកិច្ចហៅនាងនិងប្ដី ទៅធ្វើកិច្ចសន្យា ។

លោកស្រីញ៉ែម មរកត បានមានប្រសាសន៍ថា “នេះជាឃ្លីបមួយទៀត ដែលគេផ្ញើមកឲ្យខ្ញុំ ឲ្យខ្ញុំជួយ ហើយគេឃើញថា គាត់គ្រាន់តែទៅថតរូប ហើយធ្វើកិច្ចសន្យាហ្នឹង គឺគេអត់សុខចិត្តទេ ព្រោះពេលដែលចេញមកវិញ គឺគាត់ឌឺដងទៀត គាត់ឌឺដងថា ការដែលផ្ទុះ ការដែលគេជេរ ការដែលគេខឹងគាត់ វាធ្វើឲ្យអាជីវកម្មគាត់កាន់តែកើនឡើងថែមទៀត គាត់យកទៅផុស ឈ្មោះហ័ង ហ័ង ហ្នឹង ។ អ៊ីចឹងបងប្អូន គាត់មិនសុខចិត្តទេ អ៊ីចឹងគាត់មានសិទ្ធិនៅក្នុងការប្ដឹងជាបន្ត ដោយសារតែស្នងការ គឺលោកធ្វើបានល្អហើយ សមត្ថកិច្ចធ្វើបានល្អ គឺធ្វើបានប៉ុណ្ណឹង ព្រោះយើងអត់ទាន់បានដាក់ពាក្យបណ្ដឹង ។ បើយើងអត់ទាន់ដាក់ពាក្យបណ្ដឹង ស្នងការម៉េចទៅចាប់រឹបអូសអីបាន ព្រោះអានេះវាមិនមែនបទល្មើសសម្លាប់មនុស្ស ឬក៏បទល្មើសធ្ងន់ធ្ងរអីធំដុំ គ្រោះថ្នាក់ចរាចរណ៍ រហូតដល់ស្លាប់ ដល់អីនោះ ត្រូវឃុំខ្លួនទេ ។ អ៊ីចឹងបងប្អូនដែលរងគ្រោះ ត្រូវដាក់នូវឯកសាររបស់ខ្លួនឯង ពាក់ព័ន្ធទៅនឹងការជេរបញ្ចោរហ្នឹង បញ្ជូនទៅលោកស្នងការ ឬក៏ទៅតុលាការ តាមដែលគាត់ចង់ដាក់។ ប៉ុន្តែខ្ញុំៗមានមេធាវីសម្រាប់ជួយពួកគាត់ហើយ ឲ្យតែគាត់ព្រមប្ដឹង អាហ្នឹងមេធាវី គេធ្វើឯកសារឲ្យគាត់ ទម្រង់ឲ្យគាត់ ព្រោះគាត់អត់ចេះសរសេរទេ គាត់អត់ដឹងធ្វើយ៉ាងម៉េចទេ ។ អ៊ីចឹងឃ្លីបខាងក្រោមនេះ គឺឃ្លីបមួយទៀត ដែលអ្នកទិញផលិតផលហ្នឹង នៅក្នុងខេត្តសៀមរាប យើងមិនបាច់បញ្ចេញឈ្មោះគាត់អីទេ គាត់ឃើញហៅទៅប៉ុស្ដិ៍អ៊ីចឹង គាត់អត់សុខចិត្ត ហើយជេរនេះ ជេរសាហាវទៀត ជេរសាហាវជាងប្អូនស្រីមួយនៅប៉ៃលិន ទៅទៀត ជេរសាហាវតែម្ដង ។ អ៊ីចឹងបានថា នាងនេះ គេអនុគ្រោះឲ្យ វាអត់បាន ហើយករណីប្អូនស្រីនៅប៉ៃលិន នោះ ក្រោយសមត្ថកិច្ចអញ្ជើញទៅប៉ុស្ដិ៍ ក្រោយផ្ទុះរឿងហើយ នាងជេរសាហាវនោះ គាត់បាញ់លុយ ប្រាំមួយម៉ឺនប្រាំពាន់ប្រាំរយរៀល មកឲ្យស្រ្តីរងគ្រោះ ឈ្មោះភ័ក្រ្ត ដែលនៅប៉ៃលិន ហ្នឹង ដែលបង្ហាញថា ស្អីក៏គាត់ធ្វើបានដែរនាងនេះ“ ។

ជុំវិញការប្រកាសមិនទទួលយកការសុំទោស និងបន្តប្តឹងតាមផ្លូវច្បាប់ ពីស្ត្រីរងគ្រោះខាងលើនេះ «នគរធំ» មិនអាចសុំយោបល់ឆ្លើយតបពីបុរសស្ត្រី២នាក់ប្តីប្រពន្ធ ជាអ្នកលក់អនឡាញនោះបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធទាំអអស់ នៅពេលក្រោយ៕  កុលបុត្រ

RELATED ARTICLES