ការផ្គត់​ផ្គង់​អាផាត​ម៉ិន​ មាន​កំណើន​១៣​ភាគ​រយ​ នា​ឆ្នាំ​នេះ

ភ្នំពេញ ៖ ការផ្គត់ផ្គង់អាផាតម៉ិននៅតែមិនទាន់ឆ្អែតទេនៅក្នុងទីផ្សារនេះ ដោយនៅឆ្នាំនេះ ចំនួនអាផាតម៉ិនផ្គត់ផ្គង់ចូលទីផ្សារតែមានកំណើនខ្ពស់នាឆ្នាំនេះ ស្មើនឹងកំនើនប្រមាណ១៣ភាគរយគិតរហូតដល់ដំណាច់ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកនាងអាន សុធីតានាយិកាក្រុមហ៊ុនCBRE Cambodiaបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី១៤ កក្កដានេះថា យោងតាមការសិក្សារបស់CBRE Cambodiaបានរកឃើញថា អាផាតម៉ិនចំនួន១៧គំរោង ស្មើនឹងផ្ទះចំនួន៨៥០ យូនីតបន្ថែមទៀត នឹងផ្គត់ផ្គង់ចូលទីផ្សារនៅដំណាច់ឆ្នាំនេះ ស្មើនឹងកំណើន១៣ភាគរយ ធៀបនឹងដំណាច់ឆ្នាំ២០១៥កន្លងមកនេះ។អ្នកនាងបន្តថា បច្ចុប្បន្នចំនួនអាផាតម៉ិនសរុបនៅទីក្រុងភ្នំពេញមានចំនួនសរុប៦៥០០យូនីត ស្មើនឹង២៥០អាគារ។

រហូតមកទល់ពេលនេះ អត្រាគ្របដណ្តប់ការប្រើប្រាស់អាផាតម៉ិននៅតែមានកម្រិតខ្ពស់ ក្នុងនោះខ័ណ្ឌដូនពេញមានអត្រាប្រើប្រាស់៨៥ភាគរយ និងខ័ណ្ឌចំការមនមានអត្រាគ្របដណ្តប់ការប្រើប្រាស់៨៣ភាគរយ ដោយសារខ័ណ្ឌចំការមនមានអាផាតម៉ិនរហូតដល់ជាង៤០០០យូនីតតែឯង។

អ្នកនាងបន្តថា “ទីផ្សារអាផាតម៉ិនមិនមានសញ្ញានៃហានិភ័យណាមួយទេ វានៅតែមានសក្តានុពលសម្រាប់ការវិនិយោគ ដោយសារមានជនបរទេសមកធ្វើការនៅកម្ពុជា និងលំហូរវិនិយោគិនមកកាន់ប្រទេសនេះកាន់តែច្រើន”។អ្នកនាងបន្តថា “បើទោះជាការផ្គង់ផ្គង់កើនឡើងក្តី ប៉ុន្តែវាមិនបានទាញតំលៃជួលអាផាតម៉ិនធ្លាក់ចុះនោះទេធៀបនឹងឆ្នាំមុន”។

អាផាតម៉ិនដែលដាក់ជួលនៅទីក្រុងភ្នំពេញមានបីកម្រិត គឺកម្រិតAមានតំលៃ២២ដុល្លារ អាផាតម៉ិនកម្រិតBមានតំលៃ១៥ដុល្លារ និងអាផាតម៉ិនលំដាប់Cមានតំលៃប្រមាណ១០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនKhmer foundation Appraisalបានថ្លែងថា ទីផ្សារអាផាតម៉ិនពិតជានៅតែមានភាពល្អប្រសើរ ហើយតំលៃក៏ពិតជាមិនបានធ្លាក់ចុះនោះទេ បើទោះជាជាក់ស្តែងតំលៃដាក់ជួលទាបជាងមុនក្តី ប៉ុន្តែអ្នកវិនិយោគអាផាតម៉ិន បានបង្រួមទំហំបន្ទប់អាផាតម៉ិនរបស់ពួកគេ ដូច្នេះប្រសិនជាគិតពីទំហំបន្ទប់ និងតំលៃដាក់ជួល គឺតំលៃអាផាតម៉ិនមិនមានការប្រែប្រួលច្រើននោះទេ។

លោកបន្តថា “ទីផ្សារនេះនៅតែមានសក្តានុពល ដោយសារការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ដែលធ្វើឲ្យមានលំហូរអ្នកវិនិយោគកាន់តែច្រើនមកកម្ពុជា”។

ទោះជាយ៉ាងណាលោកប៉ូ អ៊ាវគង់ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនFocus Propertyបានយល់ឃើញផ្ទុយពីនេះ ដោយលោកបានថ្លែងថា តំលៃអាផាតម៉ិនបានចាប់ផ្តើមប្រែប្រួលក្នុងចន្លោះពី៥ ទៅ១០ភាគរយនៅក្នុងឆ្នាំនេះ ជាក់ស្តែងការប្រើប្រាស់អាផាតម៉ិននៅតំបន់បឹងកេងកង១ ក៏មានការធ្លាក់ចុះក្នុងចន្លោះពី១០ទៅ១៥ភាគរយផងដែរ ដោយសារមានការប្រកួតប្រជែងកើនឡើង ពិសេសខុនដូថ្មីៗបានចូលមកកាន់ទីផ្សារនេះ ដែលបានទាញចំណែករបស់អាផាតម៉ិនមួយចំនួនធ្លាក់ចុះ។

ទោះជាយ៉ាងណាលោកប៉ូ អ៊ាវគង់បានទទួលស្គាល់ថា តម្រូវការអាផាតម៉ិនបានកើនឡើងយឺតៗផងដែរនាឆ្នាំនេះ ដោយសារកំនើនសេដ្ឋកិច្ច លំហូរអ្នកវិនិយោគកាន់តែច្រើនមកកម្ពុជា៕

គង់ លាងហួរ

12