Saturday, May 18, 2024
Homeសង្គម និងជីវិតឃើញដំរីញី ១ក្បាល ជាប់ផុងក្នុងទឹកអូរ

ឃើញដំរីញី ១ក្បាល ជាប់ផុងក្នុងទឹកអូរ

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ក្រុមមន្ត្រីបរិស្ថាន បានរាយការណ៍ពីការប្រទះឃើញដំរីព្រៃញី មួយក្បាល ជាប់ភក់នៅចំណុចអូរក្រាក់ ក្នុងដែនជម្រកសត្វព្រៃ ភ្នំព្រេច ស្ថិតក្នុងបរិវេណក្រុមហ៊ុនដីសម្ប ទានសេដ្ឋកិច្ច លឹម រ៉ូយ៉ាល់ ស្ថិតក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ក្រុមមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃ ភ្នំព្រេច បានសហការជាមួយមន្ត្រីអង្គការ WWF ខេត្តមណ្ឌលគិរី ជួយសង្គ្រោះសត្វដំរីញី ១ក្បាលនោះ ដោយយកគ្រឿងចក្រ ស្ទួចលើកដំរីចេញពីភក់។

លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ថា ក្រោយប្រទះ ឃើញដំរីជាប់ផុងក្នុងភក់អូរក្រាក់ មន្ដ្រីជំនាញបរិស្ថាន ឧទ្យានុរក្ស, អង្គការ WWF, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងអាជ្ញាធរស្រុក បានសហការគ្នាអូសដំរីរងគ្រោះចេញពីភក់។

លោកអភិបាលខេត្ត បានអះអាងថា បន្ទាប់ពីអូសចេញពីភក់ដែលជាប់ផុងនោះ មន្ដ្រីជំនាញមើលឃើញថា ដំរីខាងលើនេះ រងរបួសបាក់ជើងខាងឆ្វេងធ្ងន់ ហើយនៅពេលនេះ កំពុងតែធ្វើការសង្គ្រោះព្យាបាល។ មន្ដ្រីជំនាញ ដាក់ការសង្ស័យថា ដំរីមួយក្បាលនេះ ទំនងជាដំរីដែលបាត់ចេញពីតំបន់កែវសីម៉ា កាលពីប៉ុន្មានថ្ងៃមុននេះ។សេចក្តីរាយការណ៍ បន្តថា ក្នុងពេលចុះប្រតិបត្តិការដឹកជញ្ជូនសត្វដំរី ១ក្បាល លើកចេញពីភក់ ទៅដាក់កន្លែងមានសុវត្ថិភាព ក្រុមការងារបានដាក់ចំណី និងទឹកឲ្យដំរីស៊ី និងផឹក។ ក្រុមការងារ ក៏បានពិនិត្យឃើញថា ដំរីញីនេះ មានស្នាមរបួសជើងមុខធ្ងន់ បច្ចុប្បន្នគ្រូពេទ្យមកពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កំពុងព្យាបាល៕

RELATED ARTICLES