Sunday, May 19, 2024
Homeព័ត៌មានជាតិគាំទ្រគម្រោងព្រែកជីក សហការីសម រង្ស៊ី ជំរុញសម្តេចហ៊ុន សែន ដាច់ខាតធ្វើឲ្យបាន

គាំទ្រគម្រោងព្រែកជីក សហការីសម រង្ស៊ី ជំរុញសម្តេចហ៊ុន សែន ដាច់ខាតធ្វើឲ្យបាន

ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ)  ដែលជាសហការីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានបង្ហាញការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណន និងជំរុញឲ្យសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដាច់ខាតធ្វើឲ្យបានសម្រេច ខណៈដែលមុននេះ លោកសម រង្ស៊ី បានប្រឆាំងនឹងគម្រោងព្រែកជីកនេះ ដោយចោទសម្តេចហ៊ន សែន ថាធ្វើតាមសំណើចិន ។

លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ថា “ខ្ញុំលើកទឹកចិត្តនិងគាំទ្រលោកហ៊ុន សែន ឲ្យដោះដៃពីមិត្តម៉ឺនឆ្នាំ (វៀតណាម) ដែលជាអតីតចៅហ្វាយរបស់លោកហ៊ុន សែន ហើយទៅចាប់យកមិត្តដែកថែប (ចិន) ដើម្បីទប់ទល់ពីការលេបត្របាក់របស់វៀតណាម យកកម្ពុជា ទាំងមូល និងទប់មិនឲ្យកម្ពុជា ក្លាយជាកម្ពុជាក្រោម ទី២ នាពេលអនាគត។ នៅនាទីចុងក្រោយនៃជីវិតលោកហ៊ុន សែន គាត់អាចដោះដៃពីវៀតណាម ដើម្បីការពារទឹកដីកម្ពុជា ហើយក្លាយខ្លួនជាអ្នកស្នេហាជាតិ។ យ៉ាងណាក៏ដោយ លោកហ៊ុន សែន មិនត្រូវធ្វើនយោបាយប្រជាភិថុតិ ដូចប្រឆាំងថៃ រឿងប្រាសាទព្រះវិហារ ឆ្នាំ២០០៨ នោះទេ។ ដើម្បីជាតេស្តមួយ បញ្ជាក់ថា លោកហ៊ុន សែន ហ៊ានប្រឆាំងវៀតណាម លោកហ៊ុន សែន ត្រូវតែជីកព្រែកជីកហ្វូណនតេជោ ឲ្យបានជាដាច់ខាត និងបោះមួយជំហានទៀត ទៅការការពារកម្ពុជា មិនឲ្យវៀតណាម លេបត្របាក់ នាពេលអនាគត ហើយខ្ញុំគាំទ្រការជីកព្រែកជីកហ្វូណនតេជោ នេះ។ យើងដឹងថា លោកហ៊ុន សែន អែបចិន ដើម្បីការពារអំណាចត្រកូលហ៊ុន ប៉ុន្តែនេះចាត់ទុករឿងនយោបាយផ្ទាល់ខ្លួនមួយឡែក ហើយងាកមកគិតគំនិតជាតិនិយម។ គួរមិនគួរ សូមអភ័យទោស នេះគ្រាន់ជាគំនិតផ្ទាល់ខ្លួន“ ។

លោកអ៊ុំ សំអាន បានសរសេរបន្ថែមថា “ខ្ញុំសូមគាំទ្រលោកបណ្ឌិត សុខ ទូច ដែលគំរាមដេញជនអន្តោប្រវេសន៍យួនខុសច្បាប់ ឲ្យត្រលប់ទៅស្រុកវិញ។ កុំបានតែនិយាយតែមាត់! លោកបណ្ឌិត សុខ ទូច ត្រូវតែស្នើទៅលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ឲ្យបណ្តេញជនអន្តោប្រវេសន៍យួនខុសច្បាប់ ឲ្យត្រលប់ទៅស្រុកវិញឆាប់ៗ។ លោកបណ្ឌិត សុខ ទូច ក៏ត្រូវស្នើឲ្យលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ៖ ១. ដាក់សំណើទៅរដ្ឋសភា លុបចោលសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ សម័យវៀតណាម ត្រួតត្រាកម្ពុជា។ ២. លុបចោលតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ។ ៣. ប្តឹងវៀតណាម ទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ (Permanent Court of Arbitration “PCA”) នៅទីក្រុងឡាអេ ដើម្បីទាមទារកោះត្រល់ និងចង្កោមកោះក្រចកសេះ មកវិញ។ ៤. វាយចោលស្តូបយួន ទាំង២៥រាជធានី-ខេត្ត ។ លោកបណ្ឌិត សុខ ទូច និយាយថា ជនជាតិយួន នៅកម្ពុជា មានដល់លាននាក់“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ថា គំនិតជាតិនិយម សំខាន់ណាស់ ដែលខ្មែរយើងត្រូវតែស្រុះស្រួលគ្នា ដើម្បីជីកព្រែកនេះឲ្យបានសម្រេច ហើយក្រោយមក ពេលប្រឆាំងយួន រឿងព្រែកជីក បានហើយ យើងអាចប្រឆាំងយួន រឿងទឹកដី និងរឿងអន្តោប្រវេសន៍ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ការដែលគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដោយសារព្រែកនេះ យើងជីកបាន គឺយើងមិនត្រូវពឹងពាក់ក្នុងការដឹកទំនិញឆ្លងកាត់ប្រទេសវៀតណាម ទៀតនោះទេ អាហ្នឹងទី១ ។ ទី២ វាបានទឹកសម្រាប់ប្រជាពលរដ្ឋនៅជុំវិញព្រែកហ្នឹង ធ្វើកសិកម្ម។ ទី៣ ដើម្បីឲ្យលោកហ៊ុន សែន ហ្នឹងហ៊ានប្រឈមមុខនឹងយួន ។ កាលណាយួន នៅតែប្រឆាំងរឿងហ្នឹង លោកហ៊ុន សែន នៅតែហ៊ានធ្វើ មានន័យថា ជំរុញឲ្យលោកហ៊ុន សែន ហ្នឹងហ៊ានប្រឆាំងនឹងយូន ដែលជាអតីតចៅហ្វាយនាយរបស់គាត់ ។ អ៊ីចឹងចង់ឲ្យគាត់ហ្នឹង ដកខ្លួនពីមិត្តម៉ឺនឆ្នាំ យួនហ្នឹង ទៅអែបចិនវិញ ហើយកាលណាគាត់អាចដកខ្លួនពីយួនបាន ដោះដៃពីយួនបាន គាត់អាចការពារទឹកដីបាន ហើយអាចដោះស្រាយបញ្ហាអន្តោប្រវេសន៍អីអ៊ីចឹងទៅ ជំហានបន្ទាប់ ។ ដូច្នេះយើងចង់ឲ្យលោកហ៊ុន សែន ហ្នឹង ដោះដៃពីយួន ហ៊ានប្រឈមមុខជាមួយយួន ។ អាហ្នឹងយើងលើកទឹកចិត្តខ្មែរណាក៏ដោយ ដែលហ៊ានប្រឆាំងជាមួយយួន យើងលើកទឹកចិត្ត ។ ហើយមានតែចិន នោះទេ ដែលអាចការពារដីខ្មែរយើង ការពារប្រទេសខ្មែរយើង កុំឲ្យយួន​ លេបត្របាក់នៅពេលអនាគត ហើយប្រសិនជាយួន ហ៊ានប្រឈមមុខជាមួយចិន ចិន ជាមហាអំណាចមួយដែរ អ៊ីចឹងអាចទប់ស្កាត់កុំឲ្យយួន យកប្រទេសខ្មែរយើង ក្លាយទៅជាប្រទេសចម្ប៉ា ឬកម្ពុជាក្រោម ទី២ ចិន អាចទប់ឥទ្ធិពលយួន កុំឲ្យលេបត្របាក់កម្ពុជា បាន អាហ្នឹងជារឿងល្អ ដើម្បីការពារទឹកដីរបស់យើង“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “ប្រសិនជាលោកហ៊ុន សែន ធ្វើព្រែកជីកហ្នឹងបានសម្រេច មានន័យថា ជាតេស្តមួយដែលលោកហ៊ុន សែន ហ៊ានប្រឆាំងយួន ដែលជាអតីតចៅហ្វាយនាយរបស់គាត់ ហើយមានន័យថា គាត់ដោះដៃពីយួន ដើម្បីទៅអែបចិន នោះ ។ កាលណាគាត់ទៅអែបចិន គាត់អាចការពារកុំឲ្យយួន លេបត្របាក់ខ្មែរយើងបាន នៅពេលអនាគត ។ ពោលគឺបើសិនជាជីកព្រែកហ្វូណន នេះបាន គឺកម្ពុជា អាចដោះដៃពីយួន បានហើយ ព្រោះយួន ប្រាកដជាខឹងលោកហ៊ុន សែន ហើយ ។ ដូច្នេះលោកហ៊ុន សែន គ្មានជម្រើសទេ តែយួន ខឹងហើយ មានតែដោះដៃពីយួន ទៅចាប់ចិន ហើយ ។ អ៊ីចឹងវាអាចចិន ហ្នឹងទប់កុំឲ្យយួន លេបត្របាក់កម្ពុជា បាន នាពេលអនាគត កុំឲ្យក្លាយជាកម្ពុជាក្រោម ទី២ ។ គោលបំណងរបស់លោកហ៊ុន សែន មិនមែនដើម្បីប្រទេសជាតិ ដើម្បីទឹកដីអីទេ គឺគោលបំណងរបស់គាត់ហ្នឹង អែបចិន ដើម្បីការពារត្រកូលហ៊ុន របស់គាត់ហ្នឹងឯង ។ ចំណុចដែលថា គាត់អែបចិន ដើម្បីការពារអំណាចរបស់គាត់ហ្នឹង គឺគាត់អែបចិន ទៅ គាត់ទទួលបាននូវជំនួយកម្ចីពីចិន ដើម្បីអី? ដើម្បីឲ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហ្នឹង រស់តទៅទៀត ឲ្យចិនហ្នឹងជួយការពារអំណាចផ្ដាច់ការតពូជរបស់ត្រកូលហ៊ុន ។ ក៏ប៉ុន្តែសម្រាប់ជាតិ គឺកាលណាគាត់អែប គាត់ប្រឆាំងយួន វាចំណេញដល់ជាតិយើង ដល់ដីយើង កុំឲ្យយួន យកតទៅទៀត កុំឲ្យយួន លេបត្របាក់កម្ពុជាយើងតទៅទៀត ។ អាហ្នឹងវាចំណេញប្រទេសជាតិយើងត្រង់ចំណុចហ្នឹង លោកហ៊ុន សែន ក៏ចំណេញ បានកាន់អំណាចតទៀត ប៉ុន្តែបើយើងគិតរឿងទឹកដី គិតពីជាតិនិយម ស្នេហាជាតិ គឺយើងចំណេញដល់ប្រទេសជាតិយើង អ្នកណាក៏ដោយ ឲ្យតែការពារជាតិ ការពារទឹកដី ការពារព្រំដែន ខ្ញុំគាំទ្រហើយអាហ្នឹង មិនថាអ្នកណាទេ ឲ្យតែស្នេហាជាតិ តែបើអត់ស្នេហាជាតិ លក់ដី កាត់ដីឲ្យបរទេស អាហ្នឹងខ្ញុំត្រូវតែរិះគន់ហើយ“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តទៀតថា “ អាហ្នឹងគំនិតជាតិនិយម នៅប្រទេសណាក៏ដោយ កាលណាមានសត្រូវមួយឈ្លានពានទឹកដី យើងត្រូវតែរួមគ្នា មិនគិតថា បក្សប្រឆាំង បក្សកាន់អំណាចអីទេ អាហ្នឹងយើងត្រូវហ៊ានរួមគ្នា ដូចយើងរួមគ្នាដើម្បីប្រឆាំងយួនលេបទឹកដីអ៊ីចឹងឯង យើងមិនត្រូវទៅឈរខាងសត្រូវ ខាងយួន ដែលលេបត្របាក់កម្ពុជាយើងនោះទេ យើងត្រូវតែស្រុះស្រួលគ្នា ដើម្បីមានគំនិតជាតិនិយម ឲ្យជីកព្រែកហ្នឹងបាន ដើម្បីជាការប្រឆាំងនឹងយួន ឲ្យខ្មែរយើងហ្នឹង ហ៊ានដោះដៃពីយួន ឲ្យទៅចាប់ចិន ឲ្យចិន ការពារទឹកដីរបស់យើង ។ អាហ្នឹងជាគំនិតរួម ដែលយើងការពារទឹកដីរបស់យើងកុំឲ្យបាត់បង់ និងកុំឲ្យកម្ពុជា ក្លាយទៅជាកម្ពុជាក្រោម ទី២ ហើយយ៉ាងណាក៏ដោយ បន្ទាប់ពីជីកព្រែកនេះបានហើយ យើងនឹងជំរុញឲ្យលោកហ៊ុន សែន ដេញជនអន្តោប្រវេសន៍យួនខុសច្បាប់ ទៅយួនវិញ ហើយនិងធ្វើម៉េចការពារព្រំដែន កុំឲ្យយួន ឈ្លានពានអីអ៊ីចឹងទៅ ។ អាហ្នឹងជាជំហានបន្តបន្ទាប់ទៀត ។ ដូច្នេះគំនិតជាតិនិយមហ្នឹង គឺសំខាន់ណាស់ ដែលខ្មែរយើង ត្រូវតែស្រុះស្រួលគ្នា ដើម្បីជីកព្រែកនេះ ជាការប្រឆាំងទៅនឹងយួន អាហ្នឹងខ្មែរយើងរួមគ្នាប្រឆាំងយួន ហើយក្រោយមក ពេលយើងប្រឆាំងយួន រឿងព្រែកជីកហ្នឹងបានហើយ យើងអាចប្រឆាំងយួន រឿងទឹកដី រឿងអន្តោប្រវេសន៍ ។ អាហ្នឹងជាជំហានបន្តបន្ទាប់ទៀត ហើយយើងសង្ឃឹមថា លោកហ៊ុន សែន មិនធ្វើនយោបាយប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយ ដូចប្រជាភិថុតិ រឿងប្រឆាំងថៃ ជុំវិញរឿងប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ រហូតដល់គណបក្សប្រជាជន ទទួលបាន ៩០កៅអីនោះទេ សង្ឃឹមថា គាត់នឹងមានគំនិតជាតិនិយមពិតប្រាកដ ក្នុងការប្រឆាំងទៅនឹងវៀតណាម ហើយអែបចិន ដើម្បីឲ្យការពារទឹកដីរបស់យើង ពីការឈ្លានពានរបស់យួន“ ។

គួរបញ្ជាក់ថា ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា កាលពីល្ងាចថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា មូលហេតុដែលសម្ដេច ប្រតិកម្មចំពោះការលើកឡើងរបស់វៀតណាម ជាចំហ គឺមកពីមេដឹកនាំវៀតណាម មិនព្រមប្រាប់ទៅថ្នាក់ក្រោមរបស់ខ្លួន ដែលប្រតិកម្មច្រើនចំពោះកម្ពុជា លើករណីព្រែកជីកហ្វូណនតេជោ ។ សម្ដេចហ៊ុន សែន បានប្រាប់ទៅវិទ្យាស្ថានសិក្សាស្រាវជ្រាវរដ្ឋវៀតណាមមួយថា កម្ពុជា មិនល្ងង់ដល់ថ្នាក់ឲ្យទឹកសាប ហូរចូលសមុទ្រ ឬទឹកប្រៃ ចូលមកទឹកសាបនោះឡើយ ខណៈគម្រោងព្រែកជីកហ្វូណនតេជោ នេះ នឹងបង្កើនសេដ្ឋកិច្ចដល់កម្ពុជា ឲ្យកាន់តែរីកចម្រើន ហើយជាងនេះទៅទៀតនោះ គម្រោងនេះ នឹងកាត់បន្ថយការបង់ពន្ធទៅឲ្យវៀតណាម តាមរយៈការដឹកជញ្ជូនកាន់តែច្រើនផងដែរនោះ ។

សម្ដេចហ៊ុន សែន បានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជា គ្មានការរាថយឡើយចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ហើយសម្ដេច ក៏បានប្រកាសផងដែរថា កម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចរចានិងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរ ទាក់ទងនឹងគម្រោងនេះ ។ សម្ដេចហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់ជនរួមជាតិទាំងអស់ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត និងថែមទាំងកាត់បន្ថយការបង់ពន្ធទៅឲ្យវៀតណាមផងដែរ តាមរយៈនៃការដឹកជញ្ជូនតាមផ្លូវទឹក ។

ដោយឡែក កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅក្នុងកិច្ចពិភាក្សាដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា ក្រោមប្រធានបទ «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» ផ្ដាំទៅកាន់ប្រទេសវៀតណាម សូមកុំផ្លុំផ្សែងដាក់ប្រទេសកម្ពុជា ព្រោះកម្ពុជា ក៏មានលទ្ធភាពធ្វើត្រឡប់វិញដែរ ហើយមានរហូតដល់ទៅ ៥ចំណុចឯណោះ ក្នុងនោះមានដូចជា រឿងខ្មែរកម្ពុជាក្រោម និងបញ្ហាជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា ជាដើម ។ ជាពិសេសលោកបណ្ឌិតសុខ ទូច ព្រមានបណ្ដេញជនជាតិវៀតណាម ចេញពីកម្ពុជា ប្រសិនបើវៀតណាម ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ។

លោកបណ្ឌិតសុខ ទូច បានមានប្រសាសន៍នៅពេលនោះថា «វៀតណាម កុំផ្លុំផ្សែងដាក់កម្ពុជា។ អ្នកឯងផ្លុំផ្សែងបានតិចណាស់។ បើកម្ពុជា ធ្វើវិញ គឺមាន ៥ចំណុច ឱ្យអ្នកឯងត្រូវចាំប្រវត្តិសាស្ត្រ អ្នកឯងបានរួបរួមគ្នា ក៏ខ្មែរឱ្យដែរ។ ប៉ុន្តែ៥ចំណុចនេះ ទី១ ខ្មែរកម្ពុជាក្រោម អត់ចង់រំលឹកប្រវត្តិសាស្ត្រ។ ទី២ ប្រជាជនរបស់អ្នកឯង ជុះអាចម៍នៅលើទឹកខ្មែរច្រើនណាស់ ដេញទៅវិញ អ្នកឯងត្រូវចាំណា ខ្មែរយើងមានតែ ៦ម៉ឺននាក់ទេ នៅកូរ៉េ ឬនៅថៃ គេឲ្យមកវិញ ក៏ពិបាកដែរ អានេះលានណា…” ៕ កុលបុត្រ

RELATED ARTICLES