ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា និងអង្គការសង្គមស៊ីវិល ចំនួន១៣ស្ថាប័ន បានចាប់ផ្តើមប្រារព្ធកម្មវិធីបរិស្ថានពិភពលោក ឆ្នាំ២០២៤ រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី០៦ ខែឧសភា ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមមូលបទ “សុខុមាលភាពនៃភពផែនដី គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា”។
នៅក្នុងអំឡុងពេលនៃការប្រារព្ធទិវាបរិស្ថានពិភពលោក ឆ្នាំនេះ ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជននៅក្នុងប្រទេសកម្ពុជា នឹងមានការរៀបចំសកម្មភាពព្រឹត្តការណ៍ជិះកង់ ការប្រារព្ធយុទ្ធនាការនៅលើបណ្តាញសង្គម ការជួបជុំប្រារព្ធនៅតាមសហគមន៍ ការដាំកូនឈើនិងដើមកោងកាង និងវេទិកាបរិស្ថាន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
“ព្រឹត្តការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន” ដែលមានអ្នកជិះកង់ចំនួន ២៥នាក់ ជិះកង់ក្នុងរយៈចម្ងាយវែង រហូតដល់ជិត ១០០០គីឡូម៉ែត្រ រយៈពេល២០ថ្ងៃ ដោយចាប់ផ្តើមចេញពីភាគឦសាន ត្រង់ខេត្តរតនគិរី ឆ្ពោះទៅបញ្ចប់នៅភាគនិរតី នៃប្រទេសកម្ពុជា ក្នុងខេត្តកំពត នឹងផ្តើមជាសកម្មភាពដំបូងនៃការប្រារព្ធទិវាបរិស្ថានពិភពលោក ឆ្នាំ២០២៤។
ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា លោកហេង គឹមហុង បានបញ្ជាក់ថា ការជិះកង់ចម្ងាយ១ពាន់ (១០០០) គីឡូម៉ែត្រដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋចូលរួមថែរក្សាបរិស្ថាន បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ បញ្ឈប់ការចែកចាយសាច់សត្វព្រៃ និងចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ ប្រធានសមាគមរូបនេះ ក៏ទទូចដល់រដ្ឋាភិបាល និងអាជ្ញាធរ បើកលំហសេរីភាពដល់ពលរដ្ឋ យុវជន និងអង្គការសង្គមស៊ីវិល ចូលរួមសកម្មភាពការពារបរិស្ថាន។
ក្រុមអង្គការសង្គមស៊ីវិល ស្នើដល់អាជ្ញាធរ និងពលរដ្ឋ សហការគ្នាលើកកម្ពស់កិច្ចការពារបរិស្ថាន និងទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ដើម្បីទទួលបានបរិស្ថានស្អាតសម្រាប់មនុស្សទាំងអស់គ្នា និងអ្នកជំនាន់ក្រោយ៕