Sunday, May 19, 2024
Homeសង្គម និងជីវិតពលរដ្ឋទិញដីផ្ទះ បានខ្យល់ តវ៉ាឱ្យម្ចាស់បុរីម៉ន ដានី ដោះស្រាយ

ពលរដ្ឋទិញដីផ្ទះ បានខ្យល់ តវ៉ាឱ្យម្ចាស់បុរីម៉ន ដានី ដោះស្រាយ

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋដែលជាអតិថិជនបុរីម៉ន ដានី គម្រោងលំនៅឋានទី២៩ ខេត្តកំពង់ស្ពឺ បានផ្ទុះការតវ៉ាសាជាថ្មី កាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ រហូតឈានដល់ការយករូបថតប្តីប្រពន្ធ ម្ចាស់បុរី ម៉ន ដានី មកជាន់ ដើម្បីទទូចទាមទារឱ្យម្ចាស់បុរីម៉ន ដានី ចេញមុខដោះស្រាយ ជុំវិញករណីទិញផ្ទះបង់លុយអស់រួចហើយ តែមិនបានដីផ្ទះ បានតែខ្យល់ ។

ប្រជាពលរដ្ឋជាអតិថិជនបុរី ម៉ន ដានី បានរៀបរាប់ទាំងកំហឹងថា ពេលនេះ ពួកគាត់លែងខ្លាចអ្វីទាំងអស់ និងទាមទារឱ្យលោកស្រី ម៉ន ដានី និងប្តីរបស់គាត់ ចូលមកប្រទេសកម្ពុជា ដើម្បីដោះស្រាយជាមួយនឹងអតិថិជនទាំងអស់គ្នា។ ជាក់ស្តែង អតិថិជនម្នាក់ៗ ត្រូវខាតបង់ប្រាក់ ម្នាក់ៗ មិនតិចជាង ៣ម៉ឺនដុល្លារនោះទេ ដែលយកមកទិញផ្ទះបុរី បែរជាបានតែខ្យល់ អស់រយៈពេលជាង ៣ឆ្នាំមកហើយ នៅតែស្ងាត់សូន្យឈឹង គ្មានទាំងដីទាំងផ្ទះ លុយក៏បាត់ស្ងាត់សូន្យ ចំណែកដំណោះស្រាយ មិនឃើញមានអ្វីជាដុំកំភួនទាល់តែសោះ។

លោកប៊ុនលី ដែលជាអតិថិជនមួយរូបរបស់បុរីម៉ន ដានី តំណាងប្រជាពលរដ្ឋតវ៉ា បានបញ្ជាក់ប្រាប់ថា គាត់ជាអតិថិជនម្នាក់ ក្នុងចំណោមអតិថិជនប្រមាណជាង ៦ពាន់នាក់ ដែលរងគ្រោះដោយការទិញផ្ទះបុរីម៉នដានី គម្រោងលំនៅឋានទី២៩ ផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ ដោយគាត់បានចំណាយប្រាក់អស់ ចំនួន៣ម៉ឺនដុល្លារ ទិញផ្ទះនៅបុរីម៉ន ដានី អស់រយៈពេល៣ឆ្នាំមកហើយ កុំថាឡើយ បានផ្ទះមកស្នាក់នៅ ឬបានប្លង់ផ្ទះមកកាន់ជាប់ដៃ សូម្បីតែដី ក៏មិនដឹងថា នៅទីកន្លែងណាដែរ។ កាលពេលបង់ប្រាក់ (បង់លុយសុទ្ធ) ខាងបុរី បានសន្យាថា ក្នុងរយៈពេល២ឆ្នាំ និងប្រគល់ផ្ទះ ប្រគល់ប្លង់ឱ្យទាំងអស់ ប៉ុន្តែ មកដល់ពេលនេះ រយៈពេល៣ឆ្នាំមកហើយ អ្វីៗគឺគ្មានទាំងអស់ សូម្បីតែប្លង់ សូម្បីតែបុកគ្រឹះ។

លោកប៊ុនលី បានបន្តថា ពួកគាត់អស់ទ្រាំហើយពេលនេះ ដោយសារខាងបុរី ចេះតែសន្យាខ្យល់ ម្តងហើយម្តងទៀត ពោលគឺលោកស្រី ម៉ន ដានី បានបោកប្រាស់ទឹកចិត្តប្រជាជនដែលជាជនរងគ្រោះទាំងអស់ ដោយគាត់បាននិយាយថា ម្តងខែនេះ ម្តងខែនោះ តែមកដល់ឥឡូវ មិនឃើញសាងសង់អ្វីបានសោះ។

លោកប៊ុនលី បានលើកជាចម្ងល់ឡើងថា ពួកគាត់ជាជនរងគ្រោះ មានចំនួនប្រមាណ៦ពាន់នាក់ ហើយម្នាក់ៗ (ភាគច្រើន) សុទ្ធតែ បង់ប្រាក់ផ្តាច់ យ៉ាងតិចក៏ ២ម៉ឺនដុល្លារដែរ ហេតុនេះ ម្ចាស់បុរី លោកស្រីម៉ន ដានី បានទទួលប្រាក់ប្រមាណ១០០លានដុល្លារ ចុះតើយកប្រាក់ទាំងនោះ ទៅណា? ហើយតាមអ្វីដែលកំណត់នៅក្នុងកិច្ចសន្យា (កុងត្រា) គឺហួសរយៈពេលជាង១ឆ្នាំមកហើយ នៅតែមិនមានដំណោះស្រាយឱ្យអតិថិជនសោះ។

លោកប៊ុន លី បានបញ្ជាក់ជាចុងក្រោយថា លោកពិតជាមានមោទនភាពណាស់ ដែលបានរស់នៅក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន និងសម្តេចហ៊ុន ម៉ាណែត តែលោកពិតជាឈឺចាប់ណាស់ ដែលមានជនរួមជាតិដូចលោកស្រីម៉ន ដានី មកបោកប្រាស់ជនជាតិខ្មែរគ្នាឯង។

ជុំវិញករណីខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺ ឆ្លើយតប ពីលោកស្រី ម៉ន ដានី បានទេ កាលពីល្ងាចម្សិលមិញ ប៉ុន្តែកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ លោកស្រី ម៉ន ដានី ម្ចាស់បុរី ម៉ន ដានី បានចេញសេចក្តីប្រកាសព័ត៌មានមួយ ឆ្លើយតបទៅនឹងការតវ៉ារបស់ប្រជាពលរដ្ឋដែលជាអតិថិជនបុរីម៉ន ដានី គំរោងទី២៩ ផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ ដោយអះអាងថា ក្រុមហ៊ុន កំពុងរកដំណោះស្រាយ ដើម្បីឈានដល់ការកាត់បំបែកប្លង់ក្បាលដីជូនអតិថិជន នាពេលឆាប់ៗខាងមុខ៕

RELATED ARTICLES