Monday, May 20, 2024
Homeព័ត៌មានជាតិចោទលក់ក្បាល គង់ សភា ថាប្រើយុទ្ធសាស្ត្រទន់ភ្លន់ ដើម្បីសម្រេចគោលដៅ

ចោទលក់ក្បាល គង់ សភា ថាប្រើយុទ្ធសាស្ត្រទន់ភ្លន់ ដើម្បីសម្រេចគោលដៅ

ភ្នំពេញ ៖ ក្រោយទទួលរងការចោទប្រកាន់ពីអតីតមន្រ្តី នៃអតីតគណបក្សប្រឆាំង (ក្រុមកឹម សុខា) ថាលក់ក្បាលឲ្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) តាមរយៈការប្រកាសផ្ដាច់ខ្លួនពីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ហើយសុំទោសសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្យប្រជាជនកម្ពុជា ព្រមទាំងសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបានវិលចូលស្រុកវិញនោះ លោកគង់ សភា អតីតតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង នៃអតីតគណបក្សប្រឆាំង ដែលកំពុងរស់និរទេសនៅប្រទេសកាណាដា បានឆ្លើយតបថា ជាការប្រើយុទ្ធសាស្រ្តទន់ភ្លន់ ដើម្បីសម្រេចគោលដៅ ទើបទទួលបានលទ្ធផលល្អ ។

លោក គង់ សភា បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ប្រើយុទ្ធសាស្ត្រទន់ភ្លន់ ដើម្បីសម្រេចគោលដៅ ទើបទទួលបានលទ្ធផលល្អ  និងវិវត្តន៍ទៅមុខដោយយុទ្ធវិធីបត់បែន មិនអាចវាយសម្រុកដោយយកកំហឹងនិងគំនុំ មកសងសឹក ដែលមិនបម្រើឲ្យចំគោលដៅនោះទេ“ ។

ជុំវិញសំណេរខាងលើនេះ លោក គង់ សភា សុំមិនធ្វើការបកស្រាយបន្ថែមទេ ដោយលោកបានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ថា “ខ្ញុំសុំមិនឆ្លើយឆ្លងទេ សុំនៅស្ងៀមស្ងាត់មួយរយៈ អរគុណច្រើន!“ ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោក គង់ សភា ខាងលើនេះ បានធ្វើឡើងក្រោយពីលោកមុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាជំនួយការលោកកឹម សុខា បានលើកឡើងក្នុងន័យរិះគន់ចំអកឲ្យលោកគង់ សភា ថា មនុស្សស្មោះត្រង់របស់លោកសម រង្ស៊ី ចោទគេសុទ្ធតែលក់ក្បាល ប៉ុន្តែទីបំផុតខ្លួនឯង ទោះបីគេវាយស្ទើរងាប់ ក៏ឥឡូវនៅតែត្បុលក្បាលទៅរក ។

លោកមុត ចន្ថា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “មនុស្សស្មោះត្រង់របស់លោកសម រង្ស៊ី! ចោទគេសុទ្ធែលក់ក្បាល ចុះឥឡូវ! បើតាំងខ្លួនជាមនុស្សស្មោះត្រង់ ក្លាក្លំសម្ដីដូចលោកប្រធាន សម រង្ស៊ី ហើយ ម្តេចឡើយមកលុតជង្គង់នៅពេលនេះ។ មាក់ងាយគេឯងសុទ្ធតែមិនស្មោះត្រង់ដល់ខ្លួន លក់ក្បាលឱ្យលោកហ៊ុន សែន ប៉ុន្តែឥឡូវលុតជង្គង់ក្រាបសំពះសុំក្តីមេត្តាឱ្យជួយលើកលែងទោសដល់ខ្លួន។ កៅអីព្រឹទ្ធសភាបី ដែលបក្សប្អូនពៅខ្លួនទទួលបាន នឹងក្លាយជាអាយ៉ង ដើម្បីដោះដូរការលើកលែងទោស និងថ្នូរខ្លះនៃផ្ទះផ្លូវសម្តេចសុធារស។ គេវាយស្ទើរងាប់ ឥឡូវត្បុលក្បាលទៅរក!“ ។

គួរបញ្ជាក់ថា ថ្មីៗនេះ លោក គង់ សភា បានសម្រេចចិត្តឈប់ដើរតាមលោកសម រង្ស៊ី ដោយបានធ្វើលិខិតប្រកាសផ្តាច់ខ្លួនពីលោកសម រង្ស៊ី សុំទោសនិងស្នើសុំសម្តេចហ៊ុន សែន និងសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អន្តរាគមន៍លើកលែងទោសឲ្យលោក ដើម្បីលោកអាចវិលមកប្រទេសកម្ពុជា ជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា។

នៅក្នុងលិខិតស្នើសុំអន្តរាគមន៍លើកលែងទោស ចុះថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គង់ សភា បានគោរពជូនសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថា ”ខ្ញុំបាទ គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង ពិតជាមានការសោកស្តាយដែលរាល់ទង្វើនិងសកម្មភាពមួយចំនួនកន្លងទៅ បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំបាទសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ អាស្រ័យហេតុនេះ ខ្ញុំបាទសូមគោរពស្នើសុំសម្តេចធិបតី នាយករដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ថ្វាយអង្គព្រះមហាក្សត្រ ដើម្បីទ្រង់ផ្តល់សេចក្តីសន្តោសនិងប្រោសប្រទានការលើកលែងទោសឲ្យរូបខ្ញុំបាទ បានរួចផុតពីទោសដែលតុលាការបានផ្តន្ទានាពេលកន្លងមក ព្រមទាំងទម្លាក់ចោលនូវបទចោទប្រកាន់ទាំងឡាយដែលមានជាធរមានចំពោះរូបខ្ញុំ។ ខ្ញុំបាទមានសង្ឃឹមជឿជាក់ថា សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងជួយអន្តរាគមន៍ឲ្យខ្ញុំបានរួចផុតពីទោសទណ្ឌទាំងឡាយ ដើម្បីអាចវិលត្រឡប់ចូលទៅកាន់មាតុប្រទេសវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា ដោយក្តីមេត្តាបំផុត“ ។

ឆ្លើយតបលិខិតស្នើសុំអន្តរាគមន៍របស់លោក គង់ សភា ខាងលើនេះ សម្ដេចហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ ដោយបានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ថា “ជូនចំពោះលោក គង់ សភា ។ ខ្ញុំបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោក ដែលផ្ញើមកឲ្យខ្ញុំ។ ខ្ញុំសូមស្វាគមន៍លោក។ ខ្ញុំនឹងចាត់ចែងតាមនីតិវិធី ដើម្បីឲ្យលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សង្ឃឹមថា យើងនឹងមានឱកាសជួបសន្ទនាជាមួយគ្នា នៅពេលខាងមុខ” ។

បន្ទាប់មក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោក គង់ សភា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លើកលែងទោស តាមសំណើរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ៕ កុលបុត្រ 

RELATED ARTICLES