Monday, May 20, 2024
Homeព័ត៌មានជាតិអ្នកទិញ ប្តឹងអ្នកលក់ទៅតុលាការ ពីបទជេរប្រមាថ និងបរិហារកេរ្តិ៍

អ្នកទិញ ប្តឹងអ្នកលក់ទៅតុលាការ ពីបទជេរប្រមាថ និងបរិហារកេរ្តិ៍

ខេត្តសៀមរាប ៖ បើទោះបីបានធ្វើការសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចរួចហើយក៏ដោយ ក៏មកទល់ពេលនេះ បុរសស្រ្តីពីរនាក់ប្ដីប្រពន្ធដែលជាអ្នកលក់សម្លៀកបំពាក់អនឡាញ ប្រហែលជាមិនអាចរួចខ្លួននោះទេ ព្រោះអតិថិជនជាច្រើននាក់ ដែលរងគ្រោះដោយការជេរប្រមាថពី ប្តីប្រពន្ធមាត់អាកក្រក់ទាំង២នាក់ បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តសៀមរាប  ប្ដឹងពីបទជេរប្រមាថ និងបរិហារកេរ្តិ៍សាធារណៈ និងទាមទារសំណងការខូចខាត រាប់ម៉ឺនដុល្លារអាមេរិកទៀតផង ។

អ្នកស្រី វ៉ាន់ ភ័ក្រ្ត ប្រើគណនីហ្វេសប៊ុក ឈ្មោះ “អូន តូច” ដែលជាជនរងគ្រោះម្នាក់ ត្រូវអ្នកលក់អនឡាញ ២នាក់ប្តីប្រពន្ធ ជេរប្រមាថ ផ្អើលបណ្តាញសង្គមនោះ បានបញ្ជាក់នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ថា ករណីឈ្មោះហ៊ុយ ស៊ឹងហ័ង អ្នកលក់អនឡាញ ប្រើទំព័រហ្វេសប៊ុកឈ្មោះ «ហ័ង ហ័ង» និងប្តីឈ្មោះណាក់ ពិសិដ្ឋ ជេរប្រមាថអ្នកស្រីនោះ អ្នកស្រីបានដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប រួចហើយ ក្រោមការជួយរៀបចំឯកសារនិងសម្របសម្រួលពីលោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ហើយអ្នកស្រីសង្ឃឹមថា តុលាការ នឹងមានចំណាត់ការផ្តល់យុត្តិធម៌ដល់អ្នកស្រី។

អ្នកស្រី វ៉ាន់ ភ័ក្ត្រ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ថា “ចំពោះករណីឈ្មោះ ហ័ង ហ័ង ជេប្រមាថនាងខ្ញុំៗបានដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ហើយ ក្រោមការជួយរៀបចំឯកសារនិងសម្របសម្រួលពីលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ។ សង្ឃឹមថា តុលាការ នឹងមានចំណាត់ការផ្តល់យុត្តិធម៌ដល់រូបខ្ញុំ ក៏ដូចជាជនរងគ្រោះផ្សេងទៀតដែលរងគ្រោះដូចនាងខ្ញុំដែរ“ ។

ពាក្យបណ្ដឹង របស់នារីរងគ្រោះ ឈ្មោះវ៉ាន់ ភ័ក្រ័្ ចុះថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា “នាងខ្ញុំឈ្មោះ វ៉ាន់ ភ័ក្រ្ត ភេទស្រី កើតថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩៨ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានលំនៅសព្វថ្ងៃ ភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន សូមគោរពចូលមកឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប កម្មវត្ថុ ៖ សុំប្ដឹងឈ្មោះណាក់ ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ និងប្រពន្ធឈ្មោះហ៊ុយ ស៊ឹងហ័ង ភេទស្រី អាយុ២៦ឆ្នាំ មានមុខរបរលក់សម្លៀកបំពាក់អនឡាញ និងជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ (ហ័ង ហ័ង) មានលំនៅបច្ចុប្បន្ន ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ពីបទជេរប្រមាថ និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅខេត្តសៀមរាប ។ នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៤“ ។

ពាក្យបណ្ដឹងខាងលើ បន្តថា “តបតាមកម្មវត្ថុ នាងខ្ញុំមានកិត្តិយសសូមជម្រាបជូនឯកឧត្ដមព្រះរាជអាជ្ញា មេត្តាជ្រាបថា ៖  កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នាងខ្ញុំកុម្មង់អីវ៉ាន់ចំនួន៧អាវ តម្លៃសរុប ១៤ដុល្លារអាមេរិក និងសេវាដឹកជញ្ជូន ចំនួន២ដុល្លារអាមេរិក សរុបចំនួន១៦ដុល្លារអាមេរិក ស្មើនឹង ៦៥ ៥០០រ (ប្រាំមួយម៉ឺនប្រាំពាន់ប្រាំរយរៀល) បន្ទាប់មកគាត់បានឆ្លើយតបមកនាងខ្ញុំវិញថា ស៊ីស ជួយវេរលុយមកខ្ញុំ មុនម៉ោងប្រាំបីមក នាងខ្ញុំ (ម្ចាស់ផេក ហ័ង ហ័ង) រៀបចំអីវ៉ាន់ជូន ។ បន្ទាប់មក នាងខ្ញុំបានផ្ញើលុយទៅគាត់គ្រប់ចំនួន នៅម៉ោង ៦ជាងពេលល្ងាច ដោយនាងខ្ញុំសូមឲ្យគាត់ផ្ញើអីវ៉ាន់មកល្ងាចហ្នឹងមក ហើយរូបគាត់បានសំណូមពរនាងខ្ញុំជួយផ្ញើវិក្កយបត្រផ្ញើប្រាក់ទៅគាត់ ដើម្បីងាយស្រួលក្នុងការពិនិត្យមើលឈ្មោះ ព្រមទាំងឆ្លើយតបថា ស្អែកម៉ោង២ (ពីរ) ឡាយ បងអាចមើលថែមបាន ។ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នាងខ្ញុំបានឆាតទៅគាត់ថា បងបានដាក់អីវ៉ាន់មកអត់បង? ហើយគាត់បានឆាតតបថា ដាក់ល្ងាចហ្នឹង អីវ៉ាន់ដល់ស្អែក ។ បន្ទាប់មក នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នាងខ្ញុំបានឆាតសួរគាត់ទៀតថា បងបានដាក់អីវ៉ាន់មកនៅបង? គាត់តបថា ដាក់ល្ងាចហ្នឹង អីវ៉ាន់ដល់ស្អែក រួចហើយនាងខ្ញុំបានសួរគាត់ថា អីវ៉ាន់យូរម៉្លេះបង ម្សិលមិញបងថាល្ងាច ថ្ងៃនេះបងថាល្ងាចទៀត តើអីវ៉ាន់បងបានដាក់មកឬនៅ? បងជួយប្រាប់ឲ្យច្បាស់ផង បើយូរពេក បងជួយវេរលុយមកឲ្យប្អូនវិញមកបង។ ក្រោយមក គាត់បែរជាមានកំហឹងមកលើនាងខ្ញុំ ហើយបានជេរប្រមាថនាងខ្ញុំ នូវពាកអសុរោះ ពិបាកស្ដាប់និងទទួលយក ព្រមទាំងប្រមាថលើម្ដាយនាងខ្ញុំផងដែរ។ ចំពោះឈ្មោះណាក់ ពិសិដ្ឋ វិញ បានជេរប្រមាថ និងបរិហារកេរ្តិ៍នាងខ្ញុំថា ជាមនុស្សបែកថ្នាំ ជក់ថ្នាំ ទៅវិញ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ កេរ្តិ៍ឈ្មោះ កិត្តិយស តម្លៃនៃស្រ្តីខ្មែរ ជាពិសេសថែមទាំងបង្ហោះសារថា ជាល្បិចរកស៊ីរបស់គេ និងឥឡូវនេះ ការរកស៊ីមានការរីកចម្រើនជាងមុន មានន័យថា គាត់បានយកកិត្តិយស កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូររបស់នាងខ្ញុំ យកទៅប្រើប្រាស់ក្នុងចេតនាអាក្រក់ ដើម្បីតែមុខរបររបស់ពួកគេទៅវិញ ទោះបីជាពួកគេបានសូមទោស និងបានបាញ់លុយមកនាងខ្ញុំវិញក៏ដោយ ប៉ុន្តែកិត្តិយស កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូររបស់នាងខ្ញុំនិងម្ដាយ ត្រូវបានពួកគាត់ជាន់ឈ្លី និងប្រមាថយ៉ាងធ្ងន់ធ្ងររួចទៅហើយ ។

អាស័យហេតុនេះ ដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្ដមព្រះរាជអាជ្ញា មេត្តាទទួលពាក្យបណ្ដឹងរបស់នាងខ្ញុំ និងជួយចាត់វិធានការតាមច្បាប់ឆាប់រហ័សជាទីបំផុត ដើម្បីការពារនូវកិត្តិយស កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូររបស់នាងខ្ញុំ រួមទាំងរក្សាការពារសណ្ដាប់ធ្នាប់សាធារណៈ កុំឲ្យមានការច្របូកច្របល់ដែលបណ្ដាលមកពីបទល្មើសនេះ ហើយនាងខ្ញុំសូមធ្វើការទាមទារសំណងការខូចខាតពីចារីខាងលើនេះ សរុបចំនួន ៥០​ ០០០USD (ប្រាំម៉ឺនដុល្លារអាមេរិក)»។

គួរបញ្ជាក់ថា ក្រៅពីបណ្ដឹងរបស់នារីរងគ្រោះឈ្មោះវ៉ាន់ ភ័ក្រ្ត ខាងលើនេះ ក៏មានបណ្ដឹងរបស់ជនរងគ្រោះ ២នាក់ទៀត បានយកទៅដាក់នៅសាលាដំបូងខេត្តសៀមរាប តាមរយៈលោកស្រីញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ផងដែរ ។

ពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះស៊ាន ស៊ីឡេន ចុះថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា “ នាងខ្ញុំឈ្មោះស៊ាន ស៊ីឡេន ភេទស្រី កើតថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៨៩ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានលំនៅសព្វថ្ងៃ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមគោរពចូលមកឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប កម្មវត្ថុ ៖ សុំប្ដឹងលើឈ្មោះហ៊ុយ ស៊ឹងហ័ង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានមុខរបរលក់សម្លៀកបំពាក់អនឡាញ និងជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ (ហ័ង ហ័ង) មានលំនៅបច្ចុប្បន្ន ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ពីបទជេរប្រមាថ និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅខេត្តសៀមរាប ។ នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៤“ ។

ពាក្យបណ្ដឹងដដែល បន្តថា “ តបតាមកម្មវត្ថុ នាងខ្ញុំមានកិត្តិយសសូមជម្រាបជូនឯកឧត្ដមព្រះរាជអាជ្ញា មេត្តាជ្រាបថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នាងខ្ញុំបានទិញសម្លៀកបំពាក់ពីម្ចាស់គណនីខាងលើ ពីរដងរួចមកហើយ មិនដែលមានបញ្ហាអ្វីនោះទេ ។ នាងខ្ញុំក៏បន្តទិញលើកទីបី រួចក៏បានផ្ញើលុយឲ្យរួចដែរ ។ ប៉ុន្តែលើកទីបួន ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នាងខ្ញុំទម្លាក់លេខកូដច្រឡំ ដោយលេខកូដសម្លៀកបំពាក់នោះ គឺលេខ១០១ ប៉ុន្តែនាងខ្ញុំទម្លាក់លេខ ១០២ ហើយក៏នាងខ្ញុំប្រាប់គាត់ពីការច្រឡំនោះភ្លាម នៅពេលដែលកំពុងឡាយលក់សម្លៀកបំពាក់ ។ គាត់មិនព្រមដូរឲ្យទេ នាងខ្ញុំក៏មិនបន្តខម្មិននៅក្នុងការឡាយនោះទៀតទេ ។ នាងខ្ញុំនិយាយនៅក្នុងមិសិនជើររបស់គាត់ ដោយប្រាប់ថា ខ្ញុំលែងហ៊ានទិញទៀតហើយ ដោយសារគាត់អត់មានការយោគយល់ ។ បន្ទាប់មក ម្ចាស់ហ្វេសប៊ុក ឈ្មោះ (ហ័ង ហ័ង) ចាប់ផ្ដើមប្រើពាក្យសម្ដីជេរប្រមាថខ្ញុំតែម្ដង ហើយគំរាមខ្ញុំថា បើមិនផ្ញើលុយឲ្យសម្រាប់ការទិញលើកទីបួននោះទេ គាត់មិនផ្ញើអីវ៉ាន់ទិញលើកទីបីឲ្យទេ ។ ដូច្នេះការទិញអីវ៉ាន់លើកទីបីដែលខ្ញុំបានផ្ញើលុយរួចហើយ គឺគាត់មិនបានផ្ញើអីវ៉ាន់ឲ្យខ្ញុំទេ ។ សេចក្ដីលម្អិតនៃការឆ្លើយឆ្លងគ្នា និងការជេរប្រមាថ នាងខ្ញុំបានថតទុកអស់ហើយ នាងខ្ញុំសូមផ្ដល់ជូនឯកឧត្ដម ។ ការជេរប្រមាថនេះ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ កេរ្តិ៍ឈ្មោះ កិត្តិយស តម្លៃនៃស្រ្តីខ្មែរ និងផ្លូវចិត្តរបស់នាងខ្ញុំយ៉ាងខ្លាំង ។

អាស្រ័យហេតុនេះ ដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្ដមព្រះរាជអាជ្ញា មេត្តាទទួលពាក្យបណ្ដឹងរបស់នាងខ្ញុំ និងជួយចាត់វិធានការតាមច្បាប់ឆាប់រហ័សជាទីបំផុត ដើម្បីការពារនូវកិត្តិយស កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូររបស់នាងខ្ញុំ រួមទាំងរក្សាការពារសណ្ដាប់ធ្នាប់សាធារណៈ កុំឲ្យមានការច្របូកច្របល់ដែលបណ្ដាលមកពីបទល្មើសនេះ ហើយនាងខ្ញុំសូមធ្វើការទាមទារសំណងការខូចខាតពីចារីខាងលើនេះ សរុបចំនួន ៥០០០USD  (ប្រាំពាន់ដុល្លារអាមេរិក)“ ។

ចំណែកពាក្យបណ្ដឹង របស់ជនរងគ្រោះម្នាក់ទៀត ឈ្មោះប៊ី សូយ ចុះថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា “ នាងខ្ញុំឈ្មោះ ប៊ី សូយ ភេទស្រី កើតថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០១ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានលំនៅសព្វថ្ងៃ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមគោរពជូន ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប កម្មវត្ថុ ៖ សុំប្ដឹងលើឈ្មោះប្ដឹងលើឈ្មោះហ៊ុយ ស៊ឹងហ័ង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានមុខរបរលក់សម្លៀកបំពាក់អនឡាញ និងជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ (ហ័ង ហ័ង) មានលំនៅបច្ចុប្បន្ន ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ពីបទជេរប្រមាថ និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅខេត្តសៀមរាប ។ នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ “ ។

បណ្ដឹងដដែល បន្តថា “តបតាមកម្មវត្ថុ នាងខ្ញុំមានកិត្តិយសសូមជម្រាបជូនឯកឧត្ដមព្រះរាជអាជ្ញា មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាងខ្ញុំបានទិញសម្លៀកបំពាក់ពីម្ចាស់គណនីខាងលើចំនួនមួយបេ ក្នុងតម្លៃ ២០០USD (ពីររយដុល្លារអាមេរិក) ដោយព្រមព្រៀងគ្នាថា អីវ៉ាន់គឺដូចក្នុងការឡាយលក់ ។ អីវ៉ាន់នៅក្នុងការឡាយលក់នោះ គឺអាវសាច់ចាក់ដៃវែង ថប់ក្រប់ ក៏ប៉ុន្តែនៅពេលអីវ៉ាន់មកដល់ ហើយខ្ញុំចាក់មើល ស្រាប់តែមិនមែនជាអីវ៉ាន់ដូចដែលគាត់បានព្រមព្រៀងខាងលើទេ ។ គាត់បែរជាដាក់ប្រភេទអាវហ៊ូដឌី មកឲ្យខ្ញុំវិញ ហើយគាត់បាននិយាយថា នៅសល់អាវហ្នឹងក៏គាត់ដាក់ឲ្យខ្ញុំ ទាំងដែលខ្ញុំមិនបានបញ្ជាទិញនោះទេ ។ ម្យ៉ាងទៀត ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានជេរប្រមាថបងស្រីខ្ញុំដែរ ។ សេចក្ដីលម្អិតនៃការឆ្លើយឆ្លងគ្នា និងការជេរប្រមាថ នាងខ្ញុំបានថតទុករួចអស់ហើយ នាងខ្ញុំសូមផ្ដល់ជូនឯកឧត្ដម ។ ការរំលោភទំនុកចិត្តនេះ ធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់នាងខ្ញុំយ៉ាងខ្លាំង ព្រោះទឹកប្រាក់ ២០០USD ខ្ញុំរកបានដោយលំបាក ។ ការជេរប្រមាថនេះ ធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ ឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ កេរ្តិ៍ឈ្មោះ កិត្តិយស តម្លៃនៃស្រ្តីខ្មែរ ។

អាស្រ័យហេតុនេះ ដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្ដមព្រះរាជអាជ្ញា មេត្តាទទួលពាក្យបណ្ដឹង របស់នាងខ្ញុំ និងជួយចាត់វិធានការតាមច្បាប់ឆាប់រហ័សជាទីបំផុត ដើម្បីផ្សះផ្សាជំងឺចិត្ត សងការខាតបង់ រួមទាំងរក្សាការពារសណ្ដាប់ធ្នាប់សាធារណៈ កុំឲ្យមានការច្របូកច្របល់ដែលបណ្ដាលមកពីបទល្មើសនេះ ហើយនាងខ្ញុំសូមធ្វើការទាមទារសំណងការខូចខាតពីចារីខាងលើនេះ សរុបចំនួន ៥០០០USD (ប្រាំពាន់ដុល្លារអាមេរិក)“ ។

លោកស្រី ញ៉ែម មរកត ដែលជាអ្នកសម្របសម្រួលនិងយកបណ្ដឹងរបស់នារីរងគ្រោះទាំង៣នាក់ខាងលើនេះ ទៅដាក់នៅសាលាដំបូងខេត្តសៀមរាប ដោយផ្ទាល់ដៃ បានបញ្ជាក់ថា ក្រៅពីបណ្ដឹងរបស់នារីរងគ្រោះទាំង៣នាក់ខាងលើនេះ នៅមានជនរងគ្រោះជាច្រើននាក់ទៀត ដែលមិនទាន់បានធ្វើពាក្យពាក្យបណ្ដឹង តែអាចនឹងធ្វើពាក្យបណ្ដឹងនៅពេលក្រោយ ព្រោះពួកគាត់ពិតជាចង់បានយុត្តិធម៌តាមផ្លូវច្បាប់ ពីការជេរប្រមាថ របស់អ្នកលក់អនឡាញនោះ ។

លោកស្រីញ៉ែម មរកត បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ថា “ជនរងគ្រោះ ៣រូប ដែលត្រូវ ហ័ង ហ័ង  លក់អនឡាញ ជេរប្រមាថយ៉ាងចាស់ដៃ បានដាក់ពាក្យបណ្តឹងទៅឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប។ តាមសំណូមពរ ដោយពួកគាត់នៅខេត្តផ្សេងៗគ្នា ខ្ញុំបានជួយសម្រួលយកពាក្យបណ្តឹងទៅដាក់នៅតុលាការរួចរាល់ អ្នកចង់ប្តឹង បន្តដាក់តាមក្រោយទៀត” ។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកស្រីញ៉ែម មរកត បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ថា “ចាស! យោងតាមសំណូមពររបស់ជនរងគ្រោះ ចំនួន៣រូប ។ តាមពិតទៅ មានច្រើនជាងហ្នឹងទៀត តែប្រហែលជាគាត់ពិបាកនៅក្នុងការដាក់ពាក្យបណ្ដឹង ហើយគាត់ជាប់កូនតូច កូនអីអ៊ីចឹងទៅ ។ អ៊ីចឹងសម្រាប់ ៣នាក់នេះ គឺខ្ញុំបានយកឯកសារគាត់ទៅដាក់នៅខេត្តសៀមរាប ហើយ គាត់ផ្ញើពីប៉ៃលិន ផ្ញើពីបន្ទាយមានជ័យ ផ្ញើពីភ្នំពេញ ។ ខ្ញុំឡើងពីភ្នំពេញ ខ្ញុំឡើងមកប្រជុំ ឡើងមកធ្វើការហ្នឹង គឺខ្ញុំឆ្លៀតយកទៅដាក់ជូនគាត់ ដាក់ដោយផ្ទាល់ខ្លួនឯង ដូចមាននៅក្នុងរូបភាពនេះអ៊ីចឹង ។ អ៊ីចឹងការងារហ្នឹងរួចរាល់ហើយ នៅរង់ចាំតុលាការ លោកកោះអញ្ជើញសាមីខ្លួនទៅបំភ្លឺតែប៉ុណ្ណោះទេ ហើយបើមានបងប្អូនយើងលោកចង់ប្ដឹងអីទៀត អាហ្នឹងលោកអាចទំនាក់ទំនងមកតាមក្រោយទៀត“ ។

ជុំវិញការដាក់ពាក្យបណ្ដឹងស្រ្តី ៣នាក់ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការឆ្លើយតបពីលោកណាក់ ពិសិដ្ឋ និងអ្នកស្រីហ៊ុយ ស៊ឹងហ័ង អ្នកលក់សម្លៀកបំពាក់តាមអនឡាញ ដែលរងការប្តឹងពីអតិថិជនរបស់ខ្លួននោះបានទេ កាលពីម្សិលមិញ ។ ប៉ុន្តែមុនទទូលរងការប្ដឹងពីអតិថជន បុរសស្រ្តីពីរនាក់ប្ដីប្រពន្ធនេះ ត្រូវបានសមត្ថកិច្ចហៅទៅអប់រំណែនាំ ធ្វើកិច្ចសន្យា ដោយបានទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គងដែលបានប្រើសម្តីជេរប្រមាថទៅលើស្ត្រីរងគ្រោះ ដែលជាអតិថិជនរួចហើយ។

នៅក្នុងកិច្ចសន្យា ចុះថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅចំពោះមុខសមត្ថកិច្ចនគរបាលប៉ុស្ដិ៍សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បុរសស្រ្តីអ្នកលក់អនឡាញ ពីរនាក់ប្ដីប្រពន្ធនោះ បានបញ្ជាក់ថា “ខ្ញុំបាទឈ្មោះចាន់ ពិសិដ្ឋ កើតថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៦ មុខរបរលក់សម្លៀកបំពាក់អនឡាញ និងប្រពន្ធឈ្មោះ ហ៊ុយ ស៊ឹងហ័ង កើតថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៩៨ មុខរបរលក់សម្លៀកបំពាក់អនឡាញ ជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ (ហ័ង ហ័ង) មានលំនៅបច្ចុប្បន្ន ក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ សូមធ្វើកិច្ចសន្យាថា ៖ ១. ខ្ញុំបាទ និងភរិយា សូមទទួលស្គាល់ថា កាលពីម៉ោងប្រហែល ១០ៈ០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ពួកខ្ញុំពិតជាបានប្រើពាក្យសម្ដីមិនសមរម្យ ជេរប្រមាថទៅលើម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ (អូន តូច) ប្រាកដមែន ។ ២. ខ្ញុំបាទ និងភរិយា សូមធ្វើការស្នើសុំការអភ័យទោសចំពោះមជ្ឈដ្ឋានបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក ទូទៅក្នុងស្រុក ក្រៅស្រុក ជាពិសេសចំពោះបងប្អូនអតិថិជនរបស់ពួកខ្ញុំ ដែលពួកខ្ញុំបាទទាំង២នាក់ បានប្រព្រឹត្តលើសលស់ នាពេលកន្លងមក ។ ៣. ខ្ញុំបាទ និងភរិយា សូមសន្យាថា ពីថ្ងៃនេះតទៅមុខ ខ្ញុំបាទនិងភរិយា បញ្ឈប់នូវការប្រើពាក្យសម្ដីមិនសមរម្យ ឬជេរប្រមាថទៅលើអ្នកដទៃ ទោះបីតាមរូបភាពបែបណាក៏ដោយ ។ ៤. ខ្ញុំបាទ និងភរិយា សូមចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រាល់ពេលវេលានិងគ្រប់កាលៈទេសៈណាដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវការពួកខ្ញុំ ។ ខ្ញុំបាទ-នាងខ្ញុំ សួមធានាអះអាងចំពោះមុខអាជ្ញាធរមានសមត្ថកិច្ចថា ទទួលខុសត្រូវ ព្រមទាំងគោរពប្រតិបត្តិតាមកិច្ចសន្យាដែលបានសរសេរលាយលក្ខណ៍អក្សរខាងលើ ឲ្យខាងតែបាន“ ។

ទោះបីយ៉ាងណា អ្នកស្រីវ៉ាន់ ភ័ក្រ្ត ជាជនរងគ្រោះម្នាក់ ដែលរងការជេរប្រមាថពីបុរសស្ត្រីអ្នកលក់អនឡាញ ២នាក់ប្តីប្រពន្ធខាងលើ បានបញ្ជាក់ជំហរតាំងពីដំបូងថា អ្នកស្រីមិនអាចទទួលយកពាក្យសុំទោសពីបុរសស្រ្តីពីរនាក់ប្ដីប្រពន្ធខាងលើនេះបានទេ ហើយបើសិនជាអ្នកធ្វើខុស អាងលើកដៃសុំទោសចប់ ថ្ងៃក្រោយនឹងមានអ្នកធ្វើខុសបែបហ្នឹងកាន់តែច្រើន។ អ៊ីចឹងហើយ ទើបអ្នកស្រីធ្វើទៅតាមផ្លូវច្បាប់ គឺការដាក់ពាក្យបណ្ដឹងទៅតុលាការ ៕  កុលបុត្រ

RELATED ARTICLES