Monday, May 20, 2024
Homeសង្គម និងជីវិតប្តីស្រឡាញ់ឡាន ប្រពន្ធស្រឡាញ់ផ្ទះ សម្រេចសង់ផ្ទះម៉ូដរថយន្ត

ប្តីស្រឡាញ់ឡាន ប្រពន្ធស្រឡាញ់ផ្ទះ សម្រេចសង់ផ្ទះម៉ូដរថយន្ត

ខេត្តកែប ៖ ផ្ទះ១កន្លែង កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារម្ចាស់ផ្ទះមាន គំនិតប្លែក បានឲ្យក្រុមជាងសាងសង់ផ្ទះ ជាម៉ូដរថយន្ត ស្របពេលមានការលើកឡើងពីមហាជនមួយចំនួនថា ប្តីស្រឡាញ់ឡាន ប្រពន្ធស្រឡាញ់ផ្ទះ ទើបសម្រេចសង់ផ្ទះម៉ូដរថយន្តនេះតែម្តង។

ផ្ទះម៉ូដឡាននេះ មានទីតាំងនៅក្បែរភ្នំវល្លិ ខាងត្បូងវត្តភ្នំរាប ចម្ងាយប្រមាណ ១គីឡូម៉ែត្រ ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ផ្ទះនេះ ទើបនឹងសាងសង់បានប្រមាណជាង៣០ភាគរយ តែពន្លេចរូបរាងជារថយន្តប្រភេទគ្រួសារ SUV ប៉ុន្តែសាងសង់ឡើងពីឥដ្ឋ និងស៊ីម៉ងត៍ មានសសរចំនួន ៦ដើម សង់ខ្ពស់ពីដី ជាប់ ចិញ្ចើមផ្លូវជាតិ ដែលមើលពីចម្ងាយទៅ ដូចរថយន្ត ១គ្រឿង បម្រុងហោះកាត់ផ្លូវ។

តាមប្រភពក្រុមជាងដែលកំពុងសាងសង់ផ្ទះម៉ូដឡានខាងលើ បានរៀបរាប់ប្រាប់ថា ផ្ទះនេះ ត្រូវបានម្ចាស់ទី តាំងជួលគាត់ឱ្យមកសាងសង់ ដោយមានគំរូប្លង់ឱ្យគាត់មើលជាស្រេច ដោយក្រុមជាងរបស់គាត់ ចាប់ផ្តើមសាងសង់ផ្ទះ១ខ្នងនេះ បានរយៈពេល ១ខែកន្លះមកហើយ និងសម្រេចបានប្រមាណជាង៣០ភាគរយ។ ផ្ទះនេះ មានកម្ពស់ ៨ម៉ែត្រ ទទឹង ៦ម៉ែត្រ បណ្តោយ១១ម៉ែត្រ សង់ពីឥដ្ឋនិងស៊ីម៉ងត៍ ដូចផ្ទះថ្មដទៃទៀតដែរ គ្រាន់តែសង់លើធ្នើបេតុង មានសសរទ្រ ចំនួន៦ដើម និងបានបុកគ្រឹះយ៉ាងមាំទៀតផង។ ផ្ទះម៉ូដឡាននេះ ទាំងកង់ ដំបូល ជញ្ជាំង ទ្វារ សង់ឡើងពីថ្មទាំងអស់ ចំណែកបង្អួច ដាក់កញ្ចក់ តែទ្វារបើកមិនបានដូចរថយន្តពិតប្រាកដទេ គឺមានទ្វារចេញចូល តែ១ប៉ុណ្ណោះ ដូចផ្ទះធម្មតា។ ដោយឡែកនៅផ្នែកខាងក្នុងផ្ទះឡាននេះ នឹងសាងសង់ម៉ាស៊ីនរថយន្ត កៅអី និងចង្កូត ផងដែរ គ្រាន់តែសង់ឡើងពីថ្ម។

ក្រុមជាងសាងសង់ផ្ទះកូនកាត់ខាងលើ បានបន្តថា តាមពិត ម្ចាស់ទីតាំងខាងលើនេះ មានគម្រោងសាងសង់ផ្ទះ ដើម្បីបើកលក់កាហ្វេ និងភេសជ្ជៈ តែដើម្បីទាក់ទាញភ្ញៀវ ឱ្យចាប់អារម្មណ៍ ទើបសម្រេចសង់ផ្ទះដែលមានរូបរាងជារថយន្តបែបនេះ គឺពុំមែនសម្រាបរស់នៅនោះទេ។ ចំណែកការលើកឡើងថា ប្តីស្រឡាញ់ឡាន ប្រពន្ធស្រឡាញ់ផ្ទះ ទើបសម្រេចសង់ផ្ទះម៉ូដឡាននេះឡើង ក៏ជារឿងពិតដែរ ពោលគឺម្ចាស់ផ្ទះ ពិតជាមានគំនិតនិងការស្រឡាញ់បែបនេះមែន។

តាមការបញ្ជាក់ពីក្រុមជាងសងសង់ផ្ទះខាងលើ បានឱ្យដឹងថា តាមការគ្រោងទុក ផ្ទះម៉ូដឡាននេះ អាចនឹងបញ្ចប់ការសាងសង់ ក្នុងរង្វង់រយៈពេលប្រមាណ ២ខែទៀត យ៉ាងយូរ។ ចំណែកទីតាំងខាងលើ នៅពេលនោះ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរឆ្លងកាត់នឹងបានឃើញអគារម៉ូដរថយន្តនេះ ក្លាយជាភោជនីយដ្ឋាន និងហាងកាហ្វេ ភេសជ្ជៈ ដ៏ទាក់ទាញមិនខាន៕

RELATED ARTICLES