Monday, May 20, 2024
Homeសង្គម និងជីវិតប្រធានពេទ្យខេត្ត ប្រពន្ធប្តឹងលែង ចោទវ៉ៃ...បោ...ច...ស...ក់ អូ...សទ...ម្លា...ក់ពីលើផ្ទះ

ប្រធានពេទ្យខេត្ត ប្រពន្ធប្តឹងលែង ចោទវ៉ៃ…បោ…ច…ស…ក់ អូ…សទ…ម្លា…ក់ពីលើផ្ទះ

ខេត្តស្វាយរៀង ៖ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត មួយរូប ត្រូវបានប្រពន្ធចោទប្រកាន់ថា ជាមនុស្សចូលចិត្តដើរផឹកស៊ីស្រវឹងរាល់ថ្ងៃ ហើយពេលត្រឡប់ចូលដល់ផ្ទះ ចេះតែបង្ករឿងឈ្លោះប្រកែក វាយតប់ប្រពន្ធ របួសជាំពេញខ្លួន រហូតដល់ប្រពន្ធទ្រាំលែងបាន សម្រេចដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ដើម្បីចាត់ វិធានការតាមផ្លូវច្បាប់ ចំពោះប្តីនេះ។

យោងតាមពាក្យបណ្តឹង របស់ស្ត្រីឈ្មោះរ៉ារី វណ្ណិច រស់នៅភូមិព្រៃរំដួល ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង គោរពចូលមកលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានប្តឹងឈ្មោះសាន់ សុធាវុធ ដែលត្រូវជាប្តី ពីបទប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ។

នៅក្នុងពាក្យបណ្តឹង ស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ថា បុរសជាប្តី (សាន់ សុធាវុធ) តែងតែរករឿងវាយដំច្រំធាក់មកលើខ្លួន ជាច្រើនលើកច្រើនសាមកហើយ។ មិនតែប៉ុណ្ណោះ បុរសជាប្តី ក្រោយពីប្រើហិង្សារួចហើយ តែងតែដេញប្រពន្ធឱ្យទៅប្តឹងដល់ណាក៏ប្តឹងទៅ រូបគាត់មិនខ្លាច ឡើយ។ ដោយទ្រាំនឹងទង្វើរបស់ប្តីឈ្មោះសាន់ សុធាវុធ តទៅទៀតលែងបាន ទើបគាត់ (ស្ត្រីជាប្រពន្ធ) បានស្វែងរកអន្តរាគមន៍ពីសំណាក់សមត្ថកិច្ច តែមើលទៅហាក់បីដូចជាសមត្ថកិច្ចញញើត មិនហ៊ានចាត់ការមកលើចុងចម្លើយដែលជាប្តីរបស់គាត់នោះទេ គាត់មិន ដឹងថា បណ្តាលមកពីមូលហេតុអ្វីដែរ បើទោះជាគាត់សុំឱ្យមានអន្តរាគមន៍ពីសមត្ថកិច្ច រាល់ពេលប្រើអំពើហិង្សាយ៉ាងណាក៏ដោយ។

ស្ត្រីជាប្រពន្ធ និងជាដើមបណ្តឹងខាងលើ បានបញ្ជាក់ថា ជាក់ស្តែង កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ប្តីរបស់គាត់ ក្រោយពីត្រឡប់មកពីផឹកស៊ី បានជេរ និងវាយដំមកលើរូបគាត់ យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ដោយបានចាប់បោចសក់ បោកក្បាល អុកទៅនឹងគ្រែ ហើយអូសចុះពីលើផ្ទះ មកក្រោមទៀតផង។ ក្នុងពេលនោះដែរ បើកុំតែបានប្អូនជីដូនមួយរបស់គាត់ ជួយឃាត់ទាន់ ម៉្លេះសមប្តីវាយគាត់រហូតដល់ស្លាប់ផងក៏មិនដឹង។

ស្ត្រីជាប្រពន្ធ បន្តថា ក្រោយពីប្រើហិង្សាមកលើរូបគាត់ជាប្រពន្ធហើយ បុរសជាប្តី ឈ្មោះសាន់ សុធាវុធ នេះបានបោះពាក្យសម្តីគំរាមកំហែងមកលើគាត់ថា បើទោះជាគាត់ទៅប្តឹងដល់ណា ក៏គេមិនខ្លាចដែរ នៅខេត្ត ស្វាយរៀង នេះ គ្មានអ្នកណាហ៊ានធ្វើអ្វីគាត់ទេ ព្រោះគាត់គឺជាគ្រូពេទ្យមួយរូបដែលរៀនមកពីក្រៅប្រទេស ហើយត្រូវបានថ្នាក់ដឹកនាំតែងតាំងឱ្យធ្វើជាប្រធានមន្ទីរពេទ្យបង្អែក។

ស្ត្រីជាប្រពន្ធ ខាងលើ បានបញ្ជាក់ថា គាត់មិនមែនទើបតែរងនូវអំពើហិង្សាម្តងនេះទេ គឺច្រើនដងណាស់មកហើយ ដែលប្តីរបស់គាត់ ធ្វើទង្វើបែបនេះមកលើគាត់ លើកនេះដោយអស់ការអត់ទ្រាំ ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹង និងស្នើសុំឱ្យថ្នាក់ដឹកនាំមេត្តាជួយអន្តរាគមន៍ និង មានវិធានការតាមផ្លូវច្បាប់ ទៅលើឈ្មោះសាន់ សុធាវុធ ដែលជាចុងចម្លើយនេះផង។ មិនតែប៉ុណ្ណោះ គាត់ស្នើសុំឱ្យស្ថាប័នមានសមត្ថកិច្ច ព្រមទាំងថ្នាក់ដឹកនាំ អន្តរាគមន៍ចំពោះករណី របស់គាត់នេះផង ទោះនៅពេលដែលគាត់ទៅដាក់ពាក្យបណ្តឹងហៅប្តីរបស់គាត់ ប្តីរបស់គាត់បាននិយាយថា នៅខេត្តនេះ ទាំងប៉េអឹម ប៉ូលិស និងតុលាការ សុទ្ធតែជាគ្នារបស់គាត់។ ក្នុងនាមគាត់ជាស្ត្រីទន់ខ្សោយ គ្មានអ្វីក្រៅពីលើកម្រាមដៃដប់ សំពះសំណូមពរឱ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ឡើយ ។

ស្ត្រីដដែល បានអះអាងថា ពេលនេះសំណុំរឿងរបស់គាត់ បានបញ្ជូនដល់ស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង ហើយគាត់កំពុងរង់ចាំមើលចំណាត់ការរបស់នគរបាលខេត្តស្វាយរៀង តើមានវិធានការបែបណា? ហើយក្នុងពេលទៅបំភ្លឺពាក្យបណ្តឹង គាត់បានបញ្ជាក់ថា សូមឱ្យសមត្ថកិច្ច និងតុលាការ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុរសជាប្តីកំណាចនេះ និងសុំលែងលះ ព្រមទាំងស្នើសុំសិទ្ធិមេបាលើកូនៗ និងបែងចែកទ្រព្យសម្បត្តិ ជា២ ព្រោះគាត់អស់ចិត្ត និងលែងទ្រាំរស់នៅជាមួយមនុស្សបែបនេះទៀតហើយ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកសាន់ សុធាវុធ ត្រូវជាប្តីស្ត្រីខាងលើបានទេ កាលពីម្សិលមិញ។ យ៉ាងណាយើង រង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅពេលក្រោយ៕

RELATED ARTICLES