Monday, May 20, 2024
Homeសង្គម និងជីវិតកូនរៀនពូកែ ម៉ែឪក្រ ដើររើសអេតចាយ

កូនរៀនពូកែ ម៉ែឪក្រ ដើររើសអេតចាយ

ខេត្តស្វាយរៀង ៖ ក្រុមគ្រួសារក្រីក្រទុរគតមួយ បានចាប់យករបរដើររើសអេតចាយ ដើម្បីចិញ្ចឹមជីវិត តែទោះជាទីទ័លលំបាកយ៉ាងណាក៏ប្រឹងប្រែងបញ្ជូនកូនស្រីទាំង២នាក់ ទៅសាលា បានរៀនសូត្រនឹងគេ ក្នុងនោះកូនស្រីម្នាក់ គឺជាសិស្សពូកែ រៀនជាប់លេខ១ ជារៀងរាល់ឆ្នាំ លុះឃើញឪពុកម្តាយលំបាករកប្រាក់ខ្លាំងពេក កូនស្រីទាំង២ ឆ្លៀតពេលទំនេរពីការសិក្សា ដើររើសអេតចាយជាមួយឪពុកម្តាយ ដើម្បីជួយសម្រាលបន្ទុកគ្រួសារ និងសន្សំប្រាក់ទិញសម្លៀកបំពាក់និងសម្ភារសិក្សា។

ក្រុមគ្រួសារទុរគតនេះ មានស្រុកកំណើតនៅភូមិឈូក ឃុំក្រសាំង ស្រុករមាសហែក តែសព្វថ្ងៃស្នាក់នៅផ្ទះជួល ក្នុងភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង និងចាប់មុខរបរដើររើសអេតចាយចិញ្ចឹមជីវិត។ ក្រុមគ្រួសារនេះ មានសមាជិក៤នាក់ ក្នុងនោះបុរសជាឪពុក មានឈ្មោះយ៉ង់ ចន្ធី អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ ម្តាយឈ្មោះអ៊ុយ សាខុម អាយុ៣៦ឆ្នាំ ដើររើសអេតចាយ។ ចំណែកកូនស្រីបង មានឈ្មោះអ៊ុយ ស្រីរ័ត្ន អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សា ២ធ្នូ ជាសិស្សពូកែររៀនជាប់លេខ១ រាល់ឆ្នាំ រីឯប្អូនស្រីឈ្មោះឆន ភីណា អាយុ១០ឆ្នាំ រៀននៅសាលាបឋមសិក្សា២ធ្នូ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

លោកយ៉ង់ ចន្ធី ជាឪពុក បានរៀបរាប់ប្រាប់ថា ពីមុនគ្រួសារគាត់មានលំនៅ ភូមិឈូកឃុំក្រសាំង ស្រុករមាសហែក ប៉ុន្តែដោយសារជីវភាពក្រីក្រលំបាកខ្លាំងពេក ទើបសម្រេចចិត្តនាំប្រពន្ធនិងកូនស្រីទាំង២នាក់ មករស់នៅក្រុងស្វាយរៀង ដោយគាត់ប្រកបរបរជាកម្មករសំណង់ ចំណែកប្រពន្ធ ដើររើសអេតចាយ ជួយគ្នារកប្រាក់ទិញអង្ករហូបប្រចាំថ្ងៃ។

លោកយ៉ង់ ចន្ធី បានបន្តថា កាលពី៧ឆ្នាំមុន គាត់រស់នៅតាមតង់ កន្លែងធ្វើសំណង់ ដោយមានភ្លៀងខ្យល់ ពិ បាកដល់កូនៗតូច ក៏សម្រេចចិត្តទៅជួលផ្ទះគេ រស់នៅឯជាយក្រុងស្វាយរៀង ដើម្បីឱ្យកូនស្រីច្បងបានចូល រៀនផង ដោយម្ចាស់ផ្ទះគ្រាន់តែធ្វើខ្ទមតូចឱ្យរស់នៅ ហើយចាំដីឱ្យគេផង គេយកថ្លៃផ្ទះ ១ខែ ៨ម៉ឺនរៀល ក្រោយមក គេក៏លែងជួលឱ្យនៅ ក៏ដើររកផ្ទះនៅបាន១ខែ២ខែ កន្លែងខ្លះនៅបាន១ឆ្នាំ ក៏គេឈប់ជួល ត្រូវដើររកផ្ទះជួលនៅទៀត។ លុះដល់ឆ្នាំ២០២៤ ម្ចាស់ផ្ទះគេទៅរស់នៅក្រុងស្វាយរៀង គេទុកផ្ទះចោល ពេលគេឃើញគាត់អត់ផ្ទះនៅក៏អាណិត បានជួលផ្ទះឈើ ១ខ្នង ឱ្យរស់នៅ និងចាំផ្ទះឱ្យគេផង និងថែដំណាំឱ្យគេផង ដោយគេយកថ្លៃផ្ទះ ១ខែ ១៥ម៉ឺនរៀល ដូច្នេះបើគិតទាំងថ្លៃភ្លើង ថ្លៃទឹក និងថ្លៃផ្ទះ ក្នុង១ខែ ត្រូវចំណាយប្រាក់ ២០ម៉ឺនរៀល។

បុរសខាងលើ បន្តថា បច្ចុប្បន្នផ្នែកសំណង់ គេមិនសូវមានសាងសង់ គាត់ក៏មិនបានធ្វើសំណង់ទេ ជួនកាលទៅលីស៊ីម៉ងត៍ ឬលើកអីវ៉ាន់ឱ្យគេ ជួនក៏គ្មានអ្វីធ្វើ ដើរទៅចាំរកការងារធ្វើរអត់មាន។ ចំណែកប្រពន្ធគាត់ ដើររើសអេតចាយ ចាប់ពីព្រឹកម៉ោង៧ ដល់ម៉ោង១១ព្រឹក ត្រឡប់មកផ្ទះវិញ ដើម្បីដាំបាយធ្វើម្ហូបឱ្យកូនហូប ពេលកូនៗត្រឡប់មកពីររៀនវិញ។ កូនស្រីទាំងរពីនាក់ រៀនតែពេលព្រឹកទេ ដូច្នេះពេលរសៀលម៉ោង២ តែងចេញទៅរើសអេតចាយជាមួយម្តាយ រហូតម៉ោង ៧យប់ ទើបត្រឡប់មកផ្ទះវិញ ជួនកាលដើររើសមិនសូវបាន ក៏ទិញកំប៉ុងគេ តាមផ្ទះ និងតាមតូបគេលក់ដូរគ្រឿងកំប៉ុង។ ក្នុង១ថ្ងៃ ទាំងអស់គ្នា រើសអេតចាយលក់បាន ១៥០០០ រៀល ទៅ២ម៉ឺនរៀលប៉ុណ្ណោះ។ ដបទឹកសុទ្ធ ក្នុង១គីឡូ ៥០០រៀល បើរើស បានសំបកកំប៉ុង បានថ្លៃគួរសម ១គីឡូ តម្លៃ៥០០០រៀល។

សព្វថ្ងៃគាត់អាណិតកូនៗណាស់ ចង់រៀនសូត្រ ម្តាយឪពុកគ្មានលទ្ធភាព បើនាំប្រពន្ធកូនទៅស្រុកវិញ ក៏មិនដឹងថារកស៊ីអី មករស់នៅទីក្រុង ថាងាយស្រួលរកការងារធ្វើ គឺមិនស្រួលទេ បើគ្មានជំនាញ ដូច្នេះមានតែតស៊ូ ទោះ បីរកមួយថ្ងៃ បានហូបមួយថ្ងៃក៏ដោយ។ ពេលនេះកូនៗនៅរៀនថ្នាក់បឋម ដល់ពេលរៀនដល់អនុវិទ្យាល័យ គេរៀនព្រឹក-ល្ងាច មិនដឹងថាអាចទៅរួច ឬយ៉ាងណាទេ ក៏ប៉ុន្តែកូនៗនិយាយថា ត្រូវតែតស៊ូរៀនរហូតចប់ថ្នាក់ទី១២។

ក្មេងស្រី ឆន ភីណា បានរៀបរាប់ប្រាប់ទាំងមុខក្រៀមក្រំថា ដោយជីវភាពគ្រួសារក្រីក្រ ក្រៅម៉ោងសិក្សា នាងនិងបងស្រី តែងតែដើររើសអេតចាយ ដើម្បីលក់យកប្រាក់ឱ្យឪពុកម្តាយផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ និងសម្រាប់ទិញសម្លៀកបំពាក់ និងសម្ភារសិក្សា។ ជាមួយនេះ ក្មេងស្រីខាងលើ បានអំពាវនាវដល់សប្បុរសជន មេត្តាជួយផ្តល់ថវិកា សម្រាប់ទិញសម្លៀកបំពាក់ និងផ្តល់សម្ភារសិក្សាដល់ពួកនាងផង៕

RELATED ARTICLES