Monday, May 20, 2024
Homeព័ត៌មានជាតិព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ឆ្នាំនេះនឹងធ្វើនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ឆ្នាំនេះនឹងធ្វើនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ តាមប្រភពគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឲ្យដឹងថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ឆ្នាំ២០២៤ នេះ នឹងត្រូវរៀបចំធ្វើនៅក្នុងបរិវេណ មន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ខាងមុខ។

សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏មានសារៈសំខាន់ ក្នុងបណ្តាព្រះរាជពិធីបុណ្យទ្វាទសមាស ប្រចាំឆ្នាំ ដោយចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជារាស្ត្រខ្មែរ ដែលព្រះមហាក្សត្រគ្រប់ព្រះអង្គ តែងដឹកនាំប្រារព្ធធ្វើ ពុំដែលខកខាន តាំងពីបុរាណកាលរៀងមក។ ជាក់ស្តែងកាលពីសម័យសង្គម រាស្ត្រនិយម ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” កាលព្រះអង្គមានព្រះជន្មគង់នៅ និងសម្តេចព្រះម ហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គសព្វព្រះរាជហឫទ័យយាងច្រត់ព្រះនង្គ័ល ដោយផ្ទាល់ព្រះអង្គ នៅតាមបណ្តារាជធានី ខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ជាដើម។

ចំណេរកាលក្រោយមក ព្រះមហាក្សត្រ ស្តេចពុំបានយាងច្រត់ព្រះនង្គ័ល ដោយផ្ទាល់ព្រះអង្គឡើយ ព្រះអង្គតែងចាត់ព្រះរាជតំណាង យាងច្រត់ជំនួស តែព្រះអង្គ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីនេះ។ ព្រះរាជពិធីនេះ ប្រព្រឹត្តឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្ហូរទឹកភ្លៀងបរិបូណ៌ តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបានភោគផលខ្ពស់។ ទន្ទឹមនេះដែរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្ម ជាចម្បង ឱ្យបានដឹងថា រដូវធ្វើស្រែចម្ការ បានចូលមកដល់ហើយ។

គួររម្លឹកថា កាលពីឆ្នាំ២០២៣ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល បានប្រារព្ធធ្វើនៅកីឡដ្ឋានខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុ ណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ក្នុងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋា ភិបាល ព្រមទាំងមានការចូលរួមពីសំណាក់អង្គទូត នៃបណ្ដាប្រទេសជាមិត្ត ប្រចាំនៅកម្ពុជា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនពាន់នាក់ផងដែរ៕ ខៀវទុំ

RELATED ARTICLES