Friday, July 18, 2025
Homeព័ត៌មានជាតិតាយាយ​អុជ​ធូប​រួច​ចេញទៅ​ចម្ការ ភ្លើង​ឆេះ​ផ្ទះ​ហ្មត់

តាយាយ​អុជ​ធូប​រួច​ចេញទៅ​ចម្ការ ភ្លើង​ឆេះ​ផ្ទះ​ហ្មត់

ខេត្តពោធិ៍សាត់ ៖ ប្តីប្រពន្ធវ័យចំណាស់២នាក់ បានដុតធូបនៅលើហ៊ឹង រួចក៏នាំគ្នាចាក ចេញទៅធ្វើចម្ការបាត់អស់ ធ្វើឱ្យកំទេចភ្លើង ធូបធ្លាក់លើក្តារហ៊ឹង បង្កឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញផ្ទះមួយខ្នងគ្មានសល់ ទើបមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ។

ជនរងគ្រោះជាម្ចាស់ផ្ទះ ដែលទទួលរង ការឆាបឆេះ មានឈ្មោះអ៊ិញ លី អាយុ៧២ឆ្នាំ មានប្រពន្ធឈ្មោះវ៉ែន សារ៉ាន់ អាយុ៦៦ឆ្នាំ មាន លំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីបុរសចំណាស់ជាម្ចាស់ផ្ទះ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្រពន្ធ របស់គាត់ បានដុតទៀនធូបនៅលើហ៊ឹង ដើម្បី បន់ស្រន់សុំសេចក្តីសុខ។ លុះក្រោយពីអុជធូប ទៀនតាមទម្លាប់ ហើយពួកគាត់ទាំង២នាក់ប្តីប្រពន្ធ ក៏នាំគ្នាចាកចេញទៅចម្ការអស់ ដោយ មិននៅចាំមើលភ្លើងធូប ឱ្យវារលត់អស់សិន នោះទេ។ ស្រាប់តែពេលដែលគាត់ទៅ​ដល់ ចម្ការបានមួយសន្ទុះ ក៏មានក្មេងរត់មកប្រាប់ ពួកគាត់ថា ភ្លើងឆេះផ្ទះរបស់គាត់ ភ្លាមនោះ ប្តីប្រពន្ធគាត់ក៏ប្រញាប់នាំគ្នាទៅមើលវិញ លុះ ទៅដល់ក៏ឃើញភ្លើងកំពុងឆាបឆេះផ្ទះរបស់ គាត់យ៉ាងសន្ធោសន្ធៅពេញបន្ទុកទៅហើយ បើ ទោះជាអ្នកជិតខាងនាំគ្នាជួយជះទឹកពន្លត់យ៉ាង ណា ក៏មិនអាចស្រោចស្រង់បានដែរ ទីបំផុតផ្ទះ របស់គាត់ទាំងមូលត្រូវភ្លើងលេបត្របាក់អស់ គ្មានសល់។

តាមការអះអាងរបស់ម្ចាស់ផ្ទះរងគ្រោះ អគ្គិភ័យខាងលើបានឆេះបំផ្លាញលំនៅឋាន របស់គាត់មួយខ្នង ប្រាក់៣៨ដុល្លារ ប្រាក់រៀល ចំនួន១លាន២សែនរៀល ស្រូវចំនួន៧០០ គីឡូក្រាម អង្ករ៥០គីឡូក្រាម ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានបញ្ជាក់ ថា ករណីគ្រោះអគ្គិភ័យខាងលើនេះ បង្កឡើង ដោយសារតែម្ចាស់ផ្ទះមានការធ្វេសប្រហែស ដុតទៀនធូបទុកលើហ៊ឹងចោល។ ទោះជាយ៉ាង ណា អគ្គិភ័យនេះ មិនបង្កឱ្យមនុស្សណាម្នាក់ ទទួលរងគ្រោះថ្នាក់នោះទេ៕ សាមឿន

RELATED ARTICLES