Sunday, December 22, 2024
Homeព័ត៌មានជាតិផ្តើមពីគម្រោងព្រែកជីក អ្នកវិភាគថា អ្នកនយោបាយ គួរចាប់ឱកាសផ្សះផ្សានយោបាយ

ផ្តើមពីគម្រោងព្រែកជីក អ្នកវិភាគថា អ្នកនយោបាយ គួរចាប់ឱកាសផ្សះផ្សានយោបាយ

ភ្នំពេញ ៖  បន្ទាប់ពីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានចេញមុខប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ខណៈដែលគណបក្សនយោបាយផ្សេងៗ និងមជ្ឈដ្ឋានមហាជនគ្រប់និន្នាការ បានគាំទ្រគ្រប់គ្នា ដោយចាត់ទុកគម្រោងព្រែកជីកហ្វូណនតេជោ ពិតជាមានសារប្រយោជន៍ចំពោះជាតិនោះ អ្នកវិភាគនយោបាយនិងសង្គម បានលើកឡើងថា អ្នកនយោបាយ គួរចាប់ឱកាសការផ្សះផ្សានយោបាយ ពីគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីពង្រឹងសាមគ្គីភាព និងឯកភាពជាតិ ដើម្បីប្រយោជន៍វែងឆ្ងាយរបស់ជាតិ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “រឿងគម្រោងព្រែកជីកហ្វូណនតេជោ អាចជាកាតាលីករសម្រាប់ការផ្សះផ្សានយោបាយ នាពេលបច្ចុប្បន្ន។ អ្នកនយោបាយ គួរចេះចាប់ឱកាស ដើម្បីពង្រឹងសាមគ្គីភាព និងឯកភាពជាតិ ដើម្បីប្រយោជន៍វែងឆ្ងាយរបស់ជាតិ។ នៅក្នុងសង្គមប្រជាធិបតេយ្យសេរី គណបក្សប្រឆាំង មានតួនាទីសំខាន់ ដើម្បីធ្វើឱ្យមានការត្រួតពិនិត្យនិងតុល្យភាពនៃអំណាច។ ប៉ុន្តែគេមិនមែនប្រឆាំងបែបអវិជ្ជមានឡើយ។ អ្នកនយោបាយនៅក្នុងសង្គមប្រជាធិបតេយ្យសេរីជឿនលឿន ចេះបែងចែករឿងត្រូវឈ្លោះ និងបញ្ហាត្រូវស្រុះស្រួលគ្នា ដើម្បីប្រយោជន៍រួមរបស់ជាតិ។ ឧទាហរណ៍ គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ នៅអាមេរិក ក៏ទាស់គ្នាស្រួចស្រាល់ដែរ ប៉ុន្តែគេឯកភាពគ្នា និងគាំទ្រគ្នាលើបញ្ហាដែលទាក់ទងនឹងសន្តិសុខនិងប្រយោជន៍រួមរបស់អាមេរិក“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកបណ្ឌិត ប៉ា ចន្ទរឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ថា បើពិនិត្យមើលជាក់ស្ដែង អ្នកនយោបាយនៅប៉ូលប្រឆាំង បានបោះបង់ឱកាស ខកខានមិនបានចាប់ឱកាសនៅក្នុងកិច្ចការជួយតម្រែតម្រង់គម្រោងព្រែកជីកហ្វូណន ឲ្យប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវ និងគណនេយ្យភាព ហើយក៏បាត់ឱកាសនៅក្នុងការសម្របសម្រួលនយោបាយ ថែមទាំងបង្កើតនូវបរិយាកាសនយោបាយកាន់តែក្ដៅ និងស្រួចស្រាល់ជាងមុន ហើយក៏បង្ហាញអំពីជំហរនៃការខ្វែងគំនិត បែកបាក់ និងការយល់ឃើញខុសគ្នា អំពីគម្រោងព្រែកជីកមួយ ដែលជារបស់ជាតិផងដែរ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! តាមពិតទៅ បើក្រឡេកមើលទៅប៉ុន្មានឆ្នាំ ប៉ុន្មានទសវត្សរ៍កន្លងមក នៅពេលដែលមានជម្លោះនយោបាយ រាប់តាំងពីការទើសទាល់ ទំនាស់រវាងសម្ដេចក្រុមព្រះ និងសម្ដេចហ៊ុន សែន ពីមុន ក៏ដូចជាទំនាស់រវាងឯកឧត្ដមសម រង្ស៊ី និងសម្ដេចហ៊ុន សែន កាលពីមុនព្រឹត្តិការណ៍ឆ្នាំ២០១៧ ឃើញអ្នកនយោបាយខ្មែរយើងហ្នឹង តែងតែយកឱកាសនៅពេលដែលសង្គមមានស្ថានភាពវឹកវរ ឬក៏មានអាសន្ន ឬក៏មានបញ្ហាអីមួយ ដែលជាបញ្ហាស្នូលរបស់ជាតិហ្នឹង អ្នកនយោបាយគ្រប់និន្នាការ មិនថាពេលមានទំនាស់ ឬក៏នៅសុខដុមរមនាជាមួយគ្នា ច្រើនតែបានបង្ហាញនូវស្មារតីឯកភាពជាតិ សាមគ្គីជាតិ ដោយឈរទៅលើផលប្រយោជន៍ជាតិរួម មានន័យថា រួមគ្នាគិត រួមគ្នាពិនិត្យមើល រួមគ្នាគូសវាស និងអនុវត្តនូវគម្រោងសកម្មភាពខ្លះ ដើម្បីជាប្រយោជន៍របស់ជាតិ ហើយទាត់ចោល ទម្លាក់ចោលនូវទំនាស់ ក៏ដូចជាការអាក់អន់ស្រពន់ចិត្តដែលមានពីមុនមក ។ ឱកាសនោះ ក៏ជាពេលវេលាដ៏សមស្របដើម្បីផ្សះផ្សាសម្របសម្រួលនយោបាយ ទាំងការចរចានយោបាយ ក៏ដូចជាការធ្វើសម្បទាននយោបាយឲ្យគ្នាទៅវិញទៅមក ដោយអ្នកនយោបាយដែលបានភៀសខ្លូនទៅស្រុកក្រៅហ្នឹង ក៏បានវិលត្រលប់មកចូលក្នុងស្រុកវិញ អ្នកនយោបាយដែលត្រូវបានចាប់ខ្លួន ឃុំខ្លួនហ្នឹង ក៏ត្រូវបានដោះលែង ។ អានេះដែលខ្ញុំមើលឃើញថាជាបញ្ហារបស់ជាតិហ្នឹងរួម ជាកាតាលីករដែលនាំឲ្យអ្នកនយោបាយហ្នឹង មានការសម្រុះសម្រួល ផ្សះផ្សាវិវាទនយោបាយ ហើយចំពោះករណីគម្រោងព្រែកជីកហ្វូណនតេជោ នេះ សម្រាប់ខ្ញុំៗមើលឃើញថា ក៏ជាឱកាសសម្រាប់អ្នកនយោបាយ ជាពិសេសអ្នកនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចបច្ចុប្បន្ន ក៏ដូចជាអ្នកនយោបាយ អ្នកដឹកនាំរបស់គណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧ ពីព្រោះគម្រោងព្រែកជីកហ្វូណននេះ វាជាគម្រោងជាតិមួយ ដែលបើពិនិត្យមើល ក្រឡេកមើលក្រោយបន្តិចទៅ តាមពិតគំនិតផ្ដួចផ្ដើមឲ្យមានការជីកព្រែកពីទន្លេមេគង្គ ទៅសមុទ្រ ដើម្បីធ្វើជាផ្លូវទឹក សម្រាប់ការដឹកជញ្ជូនរបស់កម្ពុជា ហ្នឹង វាមិនមែនទើបតែមានថ្មីៗហ្នឹងទេ មានយូរហើយ បើតាមប្រភពខ្លះហ្នឹង ក៏បានបង្ហាញថា ស្ដេចខ្មែរ តាំងពីសម័យបារាំងនោះ ក៏ធ្លាប់បានលើកឡើង អ្នកនយោបាយខ្មែរ ជំនាន់ក្រោយ កម្ពុជា ទទួលបានឯករាជ្យពីបារាំង ក៏មានក្ដីសុបិន ចង់ធ្វើវាឲ្យក្លាយទៅជាច្រកសម្រាប់ការធ្វើនាវាចរណ៍ដឹកជញ្ជូនសម្រាប់កម្ពុជា ហើយទន្ទឹមគ្នានឹងកម្ពុជាយើង បានផ្សព្វផ្សាយបង្ហាញអំពីគម្រោងរបស់ព្រែកជីកហ្វូណនហ្នឹង ក៏មានប្រតិកម្មពីប្រទេសវៀតណាម មានការលើកឡើងពីមហាអំណាចសហរដ្ឋអាមេរិកខ្លះ ហើយនៅក្នុងបរិយាកាសនូវសារនយោបាយនេះ ខ្ញុំជឿថា កម្ពុជាយើង ដើម្បីប្រឈមមុខទៅនឹងប្រតិកម្មរបស់ប្រទេសវៀតណាម ជាពិសេស វាជាសម្ពាធនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងចិន និងអាមេរិក នៅពេលបច្ចុប្បន្ន ដោយសារតែគម្រោងព្រែកជីកហ្វូណននេះ តាមអ្វីដែលមន្រ្តីជាន់ខ្ពស់របស់កម្ពុជាយើង បានបញ្ជាក់ គឺបានផ្ដល់ទៅឲ្យក្រុមហ៊ុនចិននៅក្នុងការកសាង នៅក្នុងទម្រង់ជាការកសាងយកមកដំណើរការ ហើយពេលដែលគេទទួលបានចំណូលគ្រប់ទៅតាមអ្វីដែលបានចរចាគ្នាហ្នឹងហើយ បានគេផ្ទេរសិទ្ធិគ្រប់គ្រងមកឲ្យរដ្ឋាភិបាលវិញ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “ដូច្នេះតិចឬក៏ច្រើន គម្រោងនេះ វាជាប់ទាក់ទងនឹងឥទ្ធិពលភូមិសាស្រ្តនយោបាយ រួមទាំងនយោបាយជាមួយនឹងប្រទេសជិតខាងខ្មែរយើងផង ឬប្រទេសវៀតណាម ។ ដូច្នេះដើម្បីឲ្យកម្ពុជា ជាពិសេសរដ្ឋាភិបាលបច្ចុប្បន្នហ្នឹង មានសំឡេងគ្រប់គ្រាន់ និយាយភាសាសាមញ្ញថា មានគីឡូគ្រប់គ្រាន់ដើម្បីសម្រេចចិត្តអនុវត្តគម្រោងហ្នឹង និងបញ្ចៀស ក៏ដូចជាកាត់បន្ថយនូវសម្ពាធភូមិសាស្រ្តនយោបាយ ក៏ដូចឆ្លើយតបទប់ទល់នឹងប្រតិកម្មរបស់វៀតណាម ចំពោះគម្រោងហ្នឹង ការពង្រឹងសាមគ្គីជាតិផ្ទៃក្នុង ជាពិសេសនៅក្នុងចំណោមរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ក៏ដូចជាគណបក្សដទៃៗទៀត យើងឃើញជារឿងចាំបាច់ ដើម្បីធានាថា កម្ពុជាយើងហ្នឹង មានសាមគ្គីភាព មានឯកភាពជាតិ មូលមាត់ មូលគំនិត មូលទស្សនៈ និងចក្ខិវិស័យគ្នា ដើម្បីអនុវត្តគម្រោងព្រែកជីកហ្វូណនហ្នឹង ។ ការពិតទៅ វាជាកាតាលីករពិតប្រាកដ ដើម្បីអាចផ្ដល់ឱកាសឲ្យអ្នកនយោបាយនៅបក្សប្រឆាំង ជាពិសេសឯកឧត្ដម សម រង្ស៊ី ឬក៏តួអង្គនយោបាយ អ្នកដឹកនាំជាន់ខ្ពស់ដទៃទៀតរបស់អតីតគណបក្សសង្រ្គោះជាតិហ្នឹង អាចជជែកជាមួយនឹងថ្នាក់ដឹកនាំនយោបាយរបស់គណបក្សប្រជាជន ដែលជាគណបក្សកាន់អំណាចបច្ចុប្បន្ន ដើម្បីបង្ហាញនូវការគាំទ្រ សាមគ្គីភាព ហើយក៏អាចស្នើសុំឲ្យមានការសម្របសម្រួលនយោបាយ កាត់បន្ថយនូវអរិភាព និងឈានទៅដល់ការស្រុះស្រួលគ្នាឡើងវិញផងដែរ ។ ប៉ុន្តែគួរស្ដាយ ខ្ញុំអត់បានមើលឃើញថា ថ្នាក់ដឹកនាំ អ្នកនយោបាយជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិហ្នឹង បានចាប់យកឱកាសហ្នឹង ហើយប្រើប្រាស់ឱកាសហ្នឹង ទី១ ដើម្បីតម្រែតម្រង់ ជួយតម្រឹមគម្រោងនៃការអភិវឌ្ឍបង្កើតព្រែកជីកហ្វូណនតេជោហ្នឹង ឲ្យប្រព្រឹត្តទៅដោយរលូន ហើយនិងមានការគិតគូរខ្ពស់ ទាក់ទងនឹងការដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាន និងសង្គម ហើយក៏អាចទាញយកប្រយោជន៍នៅក្នុងការសម្របសម្រួលនយោបាយ សម្រាប់ប៉ូលនយោបាយ អ្នកដឹកនាំនយោបាយ និងក្រុមនយោបាយរបស់គាត់ ។ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំឃើញឯកឧត្ដម សម រង្ស៊ី គាត់បន្តផុសនូវសារតាមហ្វេសប៊ុកផេករបស់គាត់ ក៏ដូចជាការចូលរួមនៅក្នុងកម្មវិធីពិភាក្សារបស់កម្មវិធីវិទ្យុក្រៅប្រទេស ជាពិសេសតាមកម្មវិធីផ្សព្វផ្សាយរបស់ ឌឹ ខេមបូឌា ដេលី និងអាស៊ីសេរី អីជាដើម សុទ្ធតែវាបង្ហាញពីការជំទាស់ ។ ជំទាស់ហ្នឹង លើកគាស់កកាយអំពីបញ្ហាប្រឈម ទាក់ទងនឹងគម្រោងព្រែកជីកហ្នឹង ។ ដូច្នេះបើយើងពិនិត្យមើលជាក់ស្ដែង អ្នកនយោបាយនៅប៉ូលប្រឆាំងហ្នឹង បានបោះបង់ឱកាស ខកខានមិនបានចាប់ឱកាសនៅក្នុងកិច្ចការជួយតម្រែតម្រង់គម្រោងហ្នឹង ឲ្យប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវ និងគណនេយ្យភាព ហើយក៏បាត់ឱកាសនៅក្នុងការសម្របសម្រួលនយោបាយ ហើយបន្ថែមពីហ្នឹងទៀត ក៏បង្កើតនូវបរិយាកាសនយោបាយហ្នឹង វាកាន់តែក្ដៅ កាន់តែស្រួចស្រាល់ជាងមុន ហើយក៏បង្ហាញអំពីជំហរនៃការខ្វែងគំនិតគ្នា នៃការបែកបាក់គ្នា និងការយល់ឃើញខុសគ្នាអំពីគម្រោងព្រែកជីកមួយ ដែលជារបស់ជាតិផងដែរ»។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “តាមពិតទៅ សម្រាប់ខ្ញុំចង់ត្រលប់ទៅក្រោយបន្តិចថា តួនាទីរបស់គណបក្សប្រឆាំងហ្នឹង វាចាំបាច់ណាស់នៅក្នុងសង្គមប្រជាធិបតេយ្យសេរី ដើម្បីពិនិត្យតាមដាន ក៏ដូចជាធ្វើឲ្យមានតុល្យភាពអំណាចនៅក្នុងការដឹកនាំ នៅក្នុងដំណើរប្រព្រឹត្តទៅរបស់សង្គមមួយ ។ ប៉ុន្តែគណបក្សប្រឆាំងនៅក្នុងសង្គមប្រជាធិបតេយ្យទំនើបហ្នឹង គេមិនមែនចេះតែប្រឆាំងដោយអត់បានមើលឃើញអំពីប្រយោជន៍វែងឆ្ងាយ ឬក៏ប្រយោជន៍រួមទេ ហើយក៏គេមិនប្រឆាំងបែបលក្ខណៈវាយប្រហារបុគ្គលដែរ ។ គេតែងតែគិត និងពិនិត្យមើលថា រឿងណាដែលត្រូវប្រឆាំង រឿងណាដែលត្រូវសហការជជែកពិភាក្សា រកវិធីដើម្បីកែខៃដោះស្រាយបញ្ហា និងរកផលប្រយោជន៍សម្រាប់ជាតិ ។ នៅក្នុងសង្គមប្រជាធិបតេយ្យទំនើប ទាំងប៉ូលគណបក្សកាន់អំណាច ទាំងប៉ូលគណបក្សប្រឆាំង គឺសឹងតែមានកិច្ចព្រមព្រៀងជាមួយគ្នាថា បញ្ហាខ្លះមិនគួរយកមកធ្វើជាប្រធានបទនៃការប្រកួតប្រជែងនយោបាយទេ ប៉ុន្តែត្រូវតែនាំគ្នាអង្គុយជុំគ្នាជជែក រកវិធីដោះស្រាយ និងយុទ្ធសាស្រ្តនៅក្នុងការធ្វើ ។ យើងមិនបាច់ទៅមើលឯណាឆ្ងាយទេ ខ្ញុំលើកឧទាហរណ៍ទាក់ទងនឹងគណបក្សនយោបាយនៅអាមេរិក រវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ហ្នឹង គឺប្រកួតប្រជែងគ្នាដោយស្រួចស្រាល់ ប៉ុន្តែគេផ្ដោតទៅលើគោលជំហរនយោបាយ គេផ្ដោតទៅលើដំដោះស្រាយបញ្ហារបស់ជាតិ ។ ប៉ុន្តែនៅពេលដែលបញ្ហាមួយចំនួន ដែលជាបញ្ហាស្លាប់រស់ពាក់ព័ន្ធនឹងផលប្រយោជន៍ ក៏ដូចជាសន្តិសុខរបស់អាមេរិកហ្នឹង គឺគណបក្សទាំងពីរហ្នឹង គេអត់យករឿងហ្នឹងធ្វើជាប្រធានបទនៅក្នុងការវាយប្រហារគ្នាទេ គេពិនិត្យមើលទៅលើលក្ខណៈបច្ចេកទេស គេជួយវាយតម្លៃអំពីប្រយោជន៍ ។ មិនត្រឹមតែប៉ុណ្ណឹង គេស្រុះស្រួលគ្នានៅក្នុងការសម្រេចចិត្ត ។ ឧទាហរណ៍ទាក់ទងថ្មីៗនេះ គណបក្សទាំងពីរ នៃព្រឹទ្ធសភាអាមេរិកបានព្រមព្រៀងគ្នាបោះឆ្នោតគាំទ្រកញ្ចប់ថវិកាដើម្បីបន្តជួយអ៊ុយក្រែន និងសង្រ្គាមរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សា អីជាដើម ។ អានោះគឺជាឧទាហរណ៍ជាក់ស្ដែង ហើយយើងមើលនៅស្រុកថៃ នៅក្បែរយើង ក៏ដូចគ្នាដែរ នៅពេលដែលសង្គមគេប្រឈមមុខទៅនឹងបញ្ហាអីមួយ គឺមេដឹកនាំគណបក្សទាំងពីរហ្នឹង គេមកអង្គុយជុំគ្នា ជជែករកមើលដំណោះស្រាយដើម្បីជួយជាតិរបស់គេ ។ ប៉ុន្តែខ្មែរយើង អត់ទាន់បានបណ្ដុះវប្បធម៌ និងបង្កើតទម្លាប់ ក៏ដូចរបៀបធ្វើការដែលអ្នកនយោបាយនៅគណបក្សពីរផ្សេងគ្នា ឬក៏ប្រកាន់និន្នាការផ្សេងគ្នាហ្នឹង ឧស្សាហ៍អង្គុយជជែកគ្នា ជុំគ្នាឲ្យបានច្រើន ហើយជាពិសេសនៅពេលដែលសង្គមហ្នឹងប្រឈមទៅនឹងបញ្ហាស្រួចស្រាល់ គួរតែទម្លាក់នូវទំនាស់ ឬក៏ការខ្វែងគំនិតគ្នា ដោយផ្ដោតទៅលើអ្វីដែលអាចជួយជាតិ ដើម្បីឲ្យទៅមុខបាន ។ អានោះគឺជាអ្វីដែលអ្នកនយោបាយនៅក្នុងស្រុកយើងអត់ទាន់ធ្វើបាន ហើយនៅក្នុងសង្គមប្រជាធិបតេយ្យសេរី វាទាល់តែអ្នកនយោបាយហ្នឹងជជែកពិភាក្សាគ្នា ធ្វើការជាមួយគ្នា និងរស់នៅជាមួយគ្នា ។ ទោះបីជាវាប៉ះគ្នាយ៉ាងម៉េច វាជារឿងធម្មតានៅក្នុងសង្គម ដូចខ្មែរយើងថា ចាននៅក្នុងរាវ វាតែងតែរណ្ដំ វាគ្រាន់តែរណ្ដំ វាមិនអីទេ ឲ្យតែវាធ្លាក់ទៅ ធ្វើឲ្យវាបែកបាក់ ខូចខាត អាហ្នឹងបានជាបញ្ហា ។ ដូច្នេះនៅក្នុងសង្គមខ្មែរយើង វាទាល់តែអ្នកនយោបាយគ្រប់ប៉ូលហ្នឹង នាំគ្នាបណ្ដុះទម្លាប់នៃការធ្វើការ ជជែកគ្នា រួមគ្នាបានច្រើន ជាជាងគ្រាន់តែផ្លោងសារដាក់គ្នាទៅវិញទៅមក“ ។

ជាមួយគ្នានោះដែរ លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានយល់ស្របចំពោះគំនិតរបស់លោកបណ្ឌិត ប៉ា ចន្ទរឿន ខាងលើនេះ ដោយលោកបានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ថា អ្នកនយោបាយ គួរពិចារណានៅក្នុងការចាប់យកឱកាសផ្សះផ្សាជាតិ ដោយផ្តើមចេញពីគម្រោងព្រែកជីកហ្វូណនតេជោ នេះ ដើម្បីផលប្រយោជន៍យូរអង្វែងរបស់កម្ពុជា ទោះបីជាការជីកព្រែកនេះ មានការមិនសប្បាយចិត្តពីភាគីខ្លះក៏ដោយ ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “ជាទូទៅ សម្រាប់ខ្ញុំយល់ថា អ្នកនយោបាយ គួរពិចារណាដែរនៅក្នុងការចាប់យកឱកាសផ្សះផ្សាជាតិ ពីព្រោះយើងឃើញហើយ ការបែកបាក់ជិត ១ទសវត្សរ៍កន្លងមកនេះ គឺវាមានបញ្ហាច្រើនមែនទែននៅក្នុងសង្គមរបស់យើង សេដ្ឋកិច្ចរបស់យើង ហើយនិងអ្នកនយោបាយរបស់យើង ហើយកត្តាទាំងអស់នេះ វាជារឿងមួយដែលខ្ញុំគិតថា អ្នកប្រជាធិបតេយ្យក្ដី គណបក្សកាន់អំណាចក្ដី ដែលធ្វើនយោបាយទាំងអស់ហ្នឹង គួរតែរកវិធីសាស្រ្តយ៉ាងណាដាក់ចេញនូវគោលការណ៍មួយ ដើម្បីគិតទៅដល់ផលប្រយោជន៍ធំរបស់សង្គម និងប្រទេសជាតិ ហើយយើងដឹងហើយថា ការតស៊ូមតិពីប្រទេសជិតខាង មកលើគម្រោងអភិវឌ្ឍព្រែកជីក តភ្ជាប់ពីទន្លេ ទៅសមុទ្ររបស់កម្ពុជាហ្នឹង គឺត្រូវបានប្រទេសជាប់ខាង គឺវៀតណាម ដែលគាត់មានការមិនសប្បាយចិត្ត ហើយគាត់កៀរគរគ្រប់មធ្យោបាយទាំងអស់ ធ្វើយ៉ាងណាដើម្បីឲ្យកម្ពុជាទម្លាក់ចោលនូវការវិនិយោគការជីកព្រែកនេះឡើង ។ អ៊ីចឹងបើសិនជាយើងជាអ្នកនយោបាយជាតិ យើងគួរតែស្វះស្វែងរកការបង្រួបបង្រួម ហើយតស៊ូរួមគ្នាដើម្បីទប់ស្កាត់បញ្ហាប្រឈមទាំងអស់ហ្នឹង ដោយសារយើងដឹងហើយថា អ្នកនយោបាយ គឺធ្វើដើម្បីផលប្រយោជន៍រួមរបស់សង្គមនិងប្រទេសជាតិ ហើយកាលណាអ្នកនយោបាយ មានឱកាសអាចជជែកគ្នា អាចផ្សះផ្សាគ្នាបាន ហើយឈរលើគោលជំហររួមប្រហាក់ប្រហែល ឬក៏ស្រដៀងគ្នា ធ្វើយ៉ាងណាដើម្បីលើកស្ទួយអធិបតេយ្យ ហើយនិងបូរណភាពរបស់កម្ពុជា ក៏ដូចជាចង់ជំរុញឲ្យមានសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើងហ្នឹងឲ្យមានភាពល្អប្រសើរឡើង ។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធគួរតែរកចំណុចកណ្ដាលមួយ ហើយធ្វើការចរចាគ្នា ហើយដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីធានាទៅដល់ការអនុវត្តរួមគ្នា ផ្ដោតទៅលើផលប្រយោជន៍សេដ្ឋកិច្ច បរិស្ថាន ហើយនិងសង្គមរបស់យើង ។ ម្យ៉ាងវិញទៀត យើងដឹងហើយថា វាមានកត្តាជាច្រើន ដែលយើងអាចមើលឃើញពីផលប្រយោជន៍យូរអង្វែងរបស់កម្ពុជា នៅក្នុងការជីកព្រែកហ្នឹង ទោះបីជាការជីកព្រែកនេះ មានការមិនសប្បាយចិត្តពីភាគីខ្លះក៏ដោយ ក៏ប៉ុន្តែម៉ោងខ្លះយើងត្រូវមើលយុទ្ធសាស្រ្តរយៈពេលវែងរបស់កម្ពុជាផងដែរ ជាពិសេសយើងដឹងហើយថា គម្រោង BOT ត្រឹម៥០ឆ្នាំ ហើយបើសិនជាអ្នកនយោបាយធ្វើការរួមគ្នា ក្នុងរយៈពេលហ្នឹង ខ្ញុំគិតថា អាចគ្រប់គ្រងបានរួមគ្នា ធ្វើយ៉ាងណាមិនឲ្យបរទេសគេប្រើប្រាស់ព្រែកជីករបស់យើង នៅក្នុងផ្លូវទី២ ឬក៏ផ្លូវទី៣ផ្សេង“ ។

លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “ដូច្នេះតែកាលណាអ្នកនយោបាយបែកគ្នា វាធ្វើឲ្យភាគីដែលគេរង់ចាំឱកាសហ្នឹង នឹងចាប់យកឱកាសនោះ ហើយនិងប្រែក្លាយឱកាសនោះទៅជាប្រយោជន៍របស់គេហើយ ។ អ៊ីចឹងហើយនៅក្នុងសង្គមរបស់យើង បើសិនជាយើងតាំងចិត្តជាអ្នកប្រជាធិបតេយ្យ យើងចង់បានការរីកចម្រើនសម្រាប់ប្រជាជនរបស់យើង យើងគួរតែពិចារណា ហើយបែងចែកឲ្យដាច់រវាងជម្លោះ ឬក៏បញ្ហាប៉ះពាល់ផ្សេងៗ ជាមួយនឹងផលប្រយោជន៍រួមរបស់សង្គម និងប្រទេសជាតិ ហើយបើកាលណាយើងបែងចែកបានល្អហើយ ខ្ញុំជឿជាក់ថា យើងអាចមើលឃើញថា រាល់ការធ្វើនយោបាយរបស់យើងហ្នឹង គឺធ្វើដើម្បីផលប្រយោជន៍ធំ មិនធ្វើទៅតាមការនឹកឃើញ ឬក៏តាមអារម្មណ៍ទេ គឺយើងធ្វើទៅតាមយុទ្ធសាស្រ្តរយៈពេលវែងមួយ ដើម្បីធានាថា និរន្តរភាពកម្ពុជា នៅលើផែនដីហ្នឹង នៅលើលោកហ្នឹង ហើយម្យ៉ាងវិញទៀត ក៏យើងឃើញដែរថា គណបក្សប្រឆាំង ដើរតួសំខាន់នៅក្នុងការរក្សាតុល្យភាពអំណាច ដើម្បីពិនិត្យមើលរាល់សកម្មភាពទាំងឡាយរបស់រដ្ឋាភិបាល និងត្រៀមនូវគោលនយោបាយជំនួសរដ្ឋាភិបាល នៅពេលដែលខ្លួនទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ដើម្បីទៅដឹកនាំនៅថ្ងៃណាមួយ ។ ដូច្នេះរឿងរ៉ាវទាំងអស់ ខ្ញុំយល់ថា គួរតែស្វះស្វែងរកមធ្យោបាយ ហើយគណបក្សកាន់អំណាច គួរតែមានការបើកផ្លូវមួយដែរ ដើម្បីផ្សះផ្សា ដើម្បីបង្រួបបង្រួមអ្នកនយោបាយ ដើម្បីសម្រេចគោលបំណងធំ រយៈពេលវែង ហើយអ្នកនយោបាយដែលបង្កើតឲ្យមានការឯកភាពគ្នា វាគឺជាមុខមាត់ ហើយវាគឺជាកិត្តិយសថ្លៃថ្នូររបស់អ្នកទាំងអស់គ្នាហ្នឹង ហើយបញ្ហាទាំងអស់ហ្នឹង វានឹងក្លាយទៅជាឥទ្ធិពលមួយដ៏ធំ ជះទៅដល់ប្រទេសជាប់ខាង ដែលរារាំងមិនឲ្យយើងជីកព្រែកនេះជាដើម ហើយលទ្ធផលនៃការទទួលបាននេះទៀតសោត ក៏វានឹងផ្ដល់ផលជះវិជ្ជមានជាច្រើនមកដល់សង្គម មកដល់កម្ពុជា សេដ្ឋកិច្ច ក៏ដូចជាប្រជាពលរដ្ឋរបស់យើង ជាពិសេសគឺធានាទៅដល់រឿងរ៉ាវជាច្រើន ដែលអាចដោះស្រាយនៅក្នុងពេលដែលអ្នកនយោបាយ អាចជជែកគ្នា ហើយបញ្ចប់រឿងរ៉ាវវិវាទទាំងប៉ុន្មានឲ្យអស់ ដើម្បីធានាថា កម្ពុជា រក្សាបាននូវតុល្យភាពអំណាច នយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដើម្បីផលប្រយោជន៍រួម សេដ្ឋកិច្ចរួម ហើយនិងអធិបតេយ្យរបស់កម្ពុជា រយៈពេលយូរអង្វែងតទៅរាប់ពាន់ រាប់ម៉ឺនឆ្នាំខាងមុខហ្នឹង“ ៕ កុលបុត្រ

RELATED ARTICLES